សកម្មជន​បក្ស​ប្រឆាំង​ស្នើ​នាយករដ្ឋមន្ត្រី​ជប៉ុន​ឱ្យ​ជួយ​ជំរុញ​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ​ចំនួន ២១រូប

ដោយ ខាន់ លក្ខិណា
2024.06.10
សកម្មជន​បក្ស​ប្រឆាំង​ស្នើ​នាយករដ្ឋមន្ត្រី​ជប៉ុន​ឱ្យ​ជួយ​ជំរុញ​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ​ចំនួន ២១រូប (ពីឆ្វេងទៅស្ដាំ) កញ្ញា ឈឹម ស៊ីថរ ​ប្រធាន​សហជីព​កាស៊ីណូ​ណាហ្គាវើលដ៍​ លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក ថាច់ សេដ្ឋា អនុប្រធាន​ គណបក្ស​ភ្លើង​ទៀន កញ្ញា សេង ធារី មេធាវី​សញ្ជាតិ​អាមេរិកាំង ដើម​កំណើត​ខ្មែរ និង​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ ដែលកំពុង​ពន្ធនាគារ។
រូប៖ ហ្វេសប៊ុក

សកម្មជន​គណបក្ស​កម្លាំង​ជាតិ​នៅ​ប្រទេស​ជប៉ុន ស្នើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (Fumio KISHIDA) ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​ថ្នាក់​ដឹក​នាំ និង​អ្នក​ទោស​មនសិការ​ឱ្យ​មាន​សេរីភាព​វិញ។

សំណើ​នេះ ធ្វើ​ឡើង​តាម​រយៈ​ញត្តិ ដែល​ពួកគេ​បាន​យក​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស​ជប៉ុន​នៅ​ថ្ងៃ​ទី១០ ខែមិថុនា។

អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្តព្រះសីហនុ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ជប៉ុន​លោក គង់ ជិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ ខែមិថុនា ថា ថ្នាក់​ដឹកនាំ និង​អ្នក​ទោស​មនសិការ​ទាំង​នោះ រួមមាន​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា អនុប្រធាន​ គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា មេធាវី​សញ្ជាតិ​អាមេរិកាំង ដើម​កំណើត​ខ្មែរ កញ្ញា សេង ធារី និង​ប្រធាន​សហជីព​កាស៊ីណូ​ណាហ្គាវើលដ៍​កញ្ញា ឈឹម ស៊ីថរ និង​ មនុស្ស​មួយ​ចំនួន​ទៀត។

ក្រៅ​ពី​ស្នើ​ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ លោក​ថា ពួក​គាត់​ក៏​បាន​លើក​ឡើង​អំពី​ទុក្ខ​លំបាក​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។

លោក គង់ ជិ បញ្ជាក់​ថា តំណាង​ក្រសួង​ការ​បទេស​ជប៉ុន​បាន​ទទួល​យក​ញត្តិ ហើយ​សន្យា​ថា នឹង​បញ្ជូន​ទៅ​កាន់​ថ្នាក់​លើ។

លោក គង់ ជិ៖ «ខ្ញុំ​ជឿ​ជាក់​ថា មិន​យូរ​មិន​ឆាប់​គេ​ប្រាកដ​ជា​ដោះលែង ពីព្រោះ​គេ​មិន​អាច​ទុក​យូរ​បាន​ទេ។ កាល​ណា​ទុក​យូរ​ប្រាកដ​ជា​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អន្តរជាតិ»

ជប៉ុន​គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ស្អាតស្អំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី និង​ជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ហើយ​ក៏​ជា​ប្រទេស ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​កម្ពុជា។

បើទោះបី​ជា​កន្លង​ទៅ ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ប្រើ​នយោបាយ​ការ​ទូត​ស្រទន់​ខ្លាំង​ជាមួយ​កម្ពុជា តាម​រយៈ​ការ​បន្ត​ផ្តល់​ជំនួយ​ជា​សម្ភារៈ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ក៏​តែង​ចេញ​មុខ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​តែងតែ​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។