សកម្មជន​បក្ស​ប្រឆាំង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ

ដោយ ច័ន្ទ ដារ៉ូ
2024.02.27
សកម្មជន​បក្ស​ប្រឆាំង​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) ជួបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចេញ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា គោលការណ៍​អាស៊ាន​គឺ​មិន​អនុញ្ញាត​ឱ្យ​រដ្ឋ​សមាជិក​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃ​រដ្ឋ​ជា​សមាជិក​ដូចគ្នា​នោះ​ទេ។

ជនភៀសខ្លួន​ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលករ​ខ្មែរ​ប្រមាណ​២០​នាក់​បាន​ជួបជុំគ្នា​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​។ ជាមួយ​គ្នា​នេះ​ពួកគេ​ក៏បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​បណ្តា​ស្ថានទូត​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មួយចំនួន​មាន​ដូចជា​ស្ថានទូត​អាមេរិក​(US) ជប៉ុន (Japan) និង​ឥណ្ឌូណេស៊ី (Indonesia) ជាដើម។

ខ្លឹមសារ​នៃ​ញត្តិ​របស់​សកម្មជន​ទាំងនោះ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កន្លង​មក គឺ​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ បិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ដែល​ទង្វើ​ទាំងនេះ​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ពួកគេ​ស្នើ​ដល់​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ប្ដេជ្ញាចិត្ត និង​គាំទ្រ​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពិតប្រាកដ ដោយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​មាន​សិទ្ធ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ និង​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ក្រុម​ដាក់​ញត្តិ​ក៏បាន​ស្នើ​ឱ្យ​ប្រទេស​ទាំងនោះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ទាំងអស់ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​លោក អៈម៉ាត់ ចាមាល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ក្រោយ​ដាក់​ញត្តិ​ថា មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​អនុញ្ញាត​ឱ្យ​ចូល​ដាក់​ញត្តិ​ដោយ​រលូន ព្រមទាំង​កោតសរសើរ​ពី​ទឹកចិត្ត​របស់​ពួក​លោក​ចេះ​ឈឺឆ្អាល​រឿង​ជាតិ​។ លោក​ឱ្យ​ដឹង​ថា មន្ត្រី​ម៉ាឡេស៊ី​បាន​សន្យា​ថា នឹង​យក​ញត្តិ​នោះ​ប្រគល់​ជូន​ថ្នាក់ដឹកនាំ ជាពិសេស​នាយករដ្ឋមន្ត្រី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បី​ពិនិត្យ​បន្ត​ទៀត។

លោក អៈម៉ាត់ ចាមាល៖ «យើង​សង្ឃឹម​ថា នាយករដ្ឋមន្ត្រី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម នឹង​ជជែក​រឿង​នេះ​ជាមួយ​នាយករដ្ឋមន្ត្រី​ខ្មែរ ហើយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ផល​ក្រោយ​ជំនួប​នោះ​បាទ»

ស្រដៀង​គ្នា​នេះ​ដែរ អតីត​ក្រុមប្រឹក្សា​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ជនភៀសខ្លួន​នៅ​ម៉ាឡេស៊ី​លោក អ៊ីសា ណាសៀត ប្រាប់​ថា មូលហេតុ​ដែល​លោក​ចេញ​ដាក់​ញត្តិ​ដោយសារ​មិន​ពេញចិត្ត​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​ផ្ដាច់ការ និង​តាម​ធ្វើទុក្ខបុកម្នេញ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ដូច​នឹង​ឪពុក​គឺ​លោក ហ៊ុន សែន ដែរ។ លោក​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត លើកកម្ពស់​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តាមរយៈ​ការ​បើក​លំហ​ប្រជាធិបតេយ្យ និង​បញ្ឈប់​ការ​គំរាមកំហែង​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស​គ្រប់​ទម្រង់។

លោក អ៊ីសា ណាសៀត៖ «ទាក់ទង​ការរំលោភ​សិទ្ធិមនុស្ស​កាន់​តែ​ខ្លាំង​ឡើងៗ លើស​ពី​ឪពុក​របស់​លោក​បន្ថែម​ទៀត ដូច្នេះ​ពួក​ខ្ញុំ​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក ឮ​នឹង​ត្រចៀក​ហើយ ពួក​ខ្ញុំ​ត្រូវ​តស៊ូ​មតិ​ជា​ដាច់ខាត​ជួយ​ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​របប​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន»

ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ាណែត នឹង​ចូល​គាល់​ព្រះមហាក្សត្រ ជួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា​ម៉ាឡេស៊ី។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន ម៉ាណែត ក៏​នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បី​ពិភាក្សា​ចម្រុះ​លើ​កិច្ច​សហប្រតិបត្តិការ ដូចជា​សន្តិសុខ នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ពលកម្ម និង​ឧស្សាហកម្ម​អាហារ​ហាឡាល់(Halal) រួចហើយ​ប្រទេស​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន។

ចំណែក​ការ​ដាក់​ញត្តិ​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​ថា ការ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​អាស៊ាន គឺជា​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​នានា​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​។ លោក​បន្ត​ថា កម្ពុជា និង​ម៉ាឡេស៊ី មិន​ត្រឹម​តែ​មាន​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ប្រទេស​សមាជិក​អាស៊ាន​ដែល​ត្រូវ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​ធម្មនុញ្ញ​អាស៊ាន​ដែរ។

ជុំវិញ​រឿង​នេះ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ដាក់​ចេញ​ញត្តិ​របស់​ជនភៀសខ្លួន​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្របតាម​ច្បាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​បន្ថែម​ថា ទោះបី​ធម្មនុញ្ញ​អាស៊ាន​មិន​ឱ្យ​រដ្ឋ​សមាជិក​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ក្តី តែបើ​សិន​កម្ពុជា​នៅតែ​មាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​នោះ ប្រទេស​ម្ចាស់​ហត្ថលេខី​ឆ្នាំ​១៩៩១ ជាពិសេស​ប្រទេស​ម៉ាឡេស៊ី​នៅតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ​ចំពោះ​ការអនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ផ្អែក​លើ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក អំ សំអាត៖ «ក្រោយពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​កម្ពុជា​បាន​ទទួល​ស្គាល់​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​ផ្តល់​សច្ចាប័ន​ជាច្រើន និង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត ដូច្នេះ​កម្ពុជា​ត្រូវតែ​មាន​កាតព្វកិច្ច​ក្នុងនាម​រដ្ឋ​ជា​ភាគី​ត្រូវ​អនុវត្ត​ឱ្យ​បាន​តាម​បទដ្ឋាន ឬក៏​លិខិតុបករណ៍​អន្តរជាតិ​ដែល​កម្ពុជា​ទទួលស្គាល់​ស្ដីពី​សិទ្ធិមនុស្ស ក៏ដូចជា​រដ្ឋធម្មនុញ្ញ​បាទ»

លោក ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជាង ៦​ខែ​ហើយ ក៏ប៉ុន្តែ​អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ឱ្យ​បាន​ប្រសើរ​នៅ​ឡើយ​ទេ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។