ការតែងតាំងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ «គ្មានប្រយោជន៍សម្រាប់ពលរដ្ឋ»
2023.11.05
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលរិះគន់ការតែងតាំងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា គ្មានប្រយោជន៍។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់រដ្ឋាភិបាលតែងតាំង និងផ្តល់តួនាទីដល់សមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពីគណបក្សរណបនឹងបក្សកាន់អំណាចជិត២រយនាក់សម្រាប់នីតិកាលទី៧។
មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិលលើកឡើងថា ការតែងតាំងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងមិនជួយដោះស្រាយបញ្ហារបស់ពលរដ្ឋ និងរឿងអយុត្តិធម៌ក្នុងសង្គមនោះទេ។ បញ្ហានេះបានក្លាយជាវប្បធម៌យកធនធានជាតិទៅចែកគ្នារស់ និងការពារអំណាចរបស់គណបក្សប្រជាជនកម្ពុជា។
មន្ត្រីគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក លី ម៉េងឃៀង ថ្លែងថាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សនយោបាយដែលរណបរដ្ឋាភិបាលមិនបានជួយប្រយោជន៍ដល់សាធារណជននោះទេ ក្រៅពីពួកគេទទួលបានឋានៈចាំបើកប្រាក់ខែរដ្ឋ ទៅបម្រើនយោបាយឱ្យគណបក្សកាន់អំណាច ហើយវាយប្រហារទៅលើគណបក្សប្រឆាំងនោះ។
លោក លី ម៉េងឃៀង៖ «ក្រុមពិគ្រោះ និងផ្តល់យោបល់គ្មានបានជួយអ្វីដល់ប្រជាពលរដ្ឋទេ គឺជួយតែបំផ្លាញប្រជាពលរដ្ឋថែម ការដំឡើងថ្លៃអីវ៉ាន់ និងពន្ធនានាអ៊ីហ្នឹងដើម្បីយកលុយហ្នឹងមកបំផ្លាញលើក្រុមការងារអត់ប្រយោជន៍ទាំងអស់ហ្នឹង»។
ចំណែក អ្នកសិក្សាផ្នែកច្បាប់លោក លី ចាន់ដារ៉ាវុធ លើកឡើងថា បើសិនរដ្ឋាភិបាលបើកលំហសេរីភាពបញ្ចេញមតិ ស្ដារប្រជាធិបតេយ្យ ទទួលបានមតិយោបល់ពិតពីពលរដ្ឋ និងភាគីពាក់ព័ន្ធទៅពិនិត្យដោះស្រាយប្រសើរជាងការបង្កើតក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែលគ្មានសិទ្ធិអំណាចដោះស្រាយបញ្ហានៅក្នុងសង្គម ហើយចំណាយថវិកាជាតិ និងធនធានរបស់ជាតិខ្ជះខ្ជាយឥតប្រយោជន៍។ លោកមើលឃើញថា យុទ្ធសាស្ត្ររបស់បក្សកាន់អំណាចបង្កើតស្ថាប័ននេះឡើងទំនងចង់គេងចំណេញនយោបាយពីបក្សតូចៗដើម្បីទប់ទល់នឹងឥទ្ធិពលរបស់បក្សប្រឆាំង។
លោក លី ចាន់ដារ៉ាវុធ៖ «ជាក់ស្តែងខ្ញុំមើលឃើញថា ទោះបីគាត់បង្កើតក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក៏ដោយ ប៉ុន្តែបើគាត់រឹតត្បិតលើសិទ្ធិសេរីភាពបញ្ចេញមតិ គាត់ធ្វើគម្រោងអភិវឌ្ឍនីមួយៗអត់មានតម្លាភាពដោយគ្មានការពិគ្រោះយោបល់ជាមួយប្រជាជនមូលដ្ឋានឃើញថាធនធានធម្មជាតិត្រូវបានបំផ្លាញហើយគម្រោងអភិវឌ្ឍមួយចំនួននៅតែរំលោភលើដីធ្លីរបស់ពលរដ្ឋ ហើយបញ្ហានៅតែកើតឡើងមិនចេះចប់នៅក្នុងប្រទេសកម្ពុជា»។
ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី៣១ ខែតុលា បានចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន ១៤៥នាក់ មានឋានៈចាប់ពីអគ្គនាយករហូតដល់ទេសរដ្ឋមន្ត្រីតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មិនតែប៉ុណ្ណោះលោក ហ៊ុន ម៉ាណែត បានតែងតាំងសមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះចំនួន២៩នាក់មានឋានៈជាអគ្គនាយករងបន្ថែមទៀត។
សមាសភាពឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងនោះចូលរួមពីមេដឹកនាំមកពីគណបក្សចំនួន២៧ ដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមមានគណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សរស្មីខេមរា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម។ ទោះយ៉ាងណាកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនទាំង២៧ឱ្យត្រៀមខ្លួនកម្ចាត់អ្នកនយោបាយមួយក្រុមដែលលោកចោទប្រកាន់ថា ជាក្រុមជ្រុលនិយម។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន អះអាងថា ការបង្កើតឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ឆ្លើយតបនឹងតម្រូវការចាំបាច់ ហើយការបំពេញការងារកន្លងទៅបានហុចផលច្រើនដល់ជាតិ និងពលរដ្ឋតាមរយៈយន្តការត្រួតពិនិត្យអភិបាលកិច្ចដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយចំណុចខ្វះខាត។
លោក សុខ ឥសាន៖ «ខ្ញុំយល់ថា វាមានផលចំណេញបានជាធ្វើ បើសិនជាមិនចំណេញទេរដ្ឋាភិបាលមិនធ្វើទេ មិនទៅចំណាយប្រាក់ខែឱ្យអស់លោក ឯកឧត្តមបួនដប់នាក់ហ្នឹងបើមិនទទួលបានផលអាហ្នឹងគេមិនធ្វើទេ ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ធ្វើទូទៅរាល់សកម្មភាពរបស់បណ្តាស្ថាប័នក្រសួងនានាមិនចំពោះក្រសួងណាមួយទេ ធ្វើឱ្យបានត្រឹមត្រូវតាមតួនាទីនិងភារកិច្ចដែលបានកំណត់»។
ជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា ការផ្តល់តួនាទីដល់សមាជិកឧត្ដមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ដើម្បីកាត់បន្ថយសំឡេងប្រឆាំង និងលើកទឹកចិត្តបក្សនយោបាយដើម្បីកាត់បន្ថយសំឡេងរិះគន់លើរដ្ឋាភិបាលមិនចាំបាច់តាំងពីដំបូង ព្រោះស្ថាប័នជាតិមានយន្តការ និងធនធានមនុស្សច្រើនលើសលុបគ្រាន់តែត្រូវការឆន្ទៈដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ។
លោក យង់ គិមអេង៖ «ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានផ្តល់យោបល់ជាប្រយោជន៍អ្វីខ្លះ តើរដ្ឋាភិបាលបានយកយោបល់របស់គាត់ទៅអនុវត្តយ៉ាងម៉េចខ្លះ អាហ្នឹងជារឿងមួយសំខាន់ បើសិនអត់ឃើញមានគោលនយោបាយណាមួយយកទៅអនុវត្តដោយរដ្ឋាភិបាលទេ មិនគួរមានក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ការជជែកកន្លងមកពាក់ព័ន្ធនឹងគោលនយោបាយគ្រឿងស្រវឹងអ៊ីចឹងរដ្ឋាភិបាលមិនយកសំណើរបស់ពួកគាត់ទៅអនុវត្តផងបាទ»។
ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បង្កើតឡើងដោយលោក ហ៊ុន សែន នៅក្នុងអាណត្តិទី៦ បន្ទាប់ពីលោករំលាយគណបក្សសង្គ្រោះជាតិ ហើយក្តោបយកអាសនៈទាំងអស់នៅក្នុងរដ្ឋសភា។ កាលនោះស្ថាប័ននេះ មានគណបក្សចំនួន ១៦ និងមានសមាជិកចំនួន៦៤នាក់ ខណៈអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មានគណបក្សចំនួន២៧ និងមានសមាជិកជិត ២រយនាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។