មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ាណែត គួរ​ធ្វើ​នយោបាយ​ផ្សះផ្សា​ជាតិ មុន​ស្នើ​ឱ្យ​ពលរដ្ឋ​សាមគ្គី​គ្នា

ដោយ សេក បណ្ឌិត
2024.06.21
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ាណែត គួរ​ធ្វើ​នយោបាយ​ផ្សះផ្សា​ជាតិ មុន​ស្នើ​ឱ្យ​ពលរដ្ឋ​សាមគ្គី​គ្នា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុង​កម្មវិធី​នៅ​ប្រទេស​សិង្ហបុរី កាលពីថ្ងៃទី១៩ មិថុនា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​ធ្វើ​នយោបាយ​ផ្សះផ្សា​ជាតិ តាម​រយៈ​ការ​បើក​លំហ​ប្រជាធិបតេយ្យ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាតិ ជាជាង​ស្នើ​ឱ្យ​ពលរដ្ឋ​សាមគ្គី​គ្នា​តែ​មាត់។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ប្រកាស​សាជាថ្មី​ម្ដង​ទៀត​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​មាន​សាមគ្គី​ភាព ដើម្បី​រក្សា​សន្តិភាព។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ដរាបណា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​បើក​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​យុត្តិធម៌ និង​ដោះលែង​អ្នក​ទោស​មនសិការ​ទេ នោះ​ការ​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​មាន​សាមគ្គីភាព គឺ​គ្រាន់​តែ​ជា​ការ​និយាយ​ឱ្យ​ផុត​តែ​ពី​មាត់​ប៉ុណ្ណោះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២០ ខែ មិថុនា ថា លោក ហ៊ុន ម៉ាណែត គួរ​ដោះលែង​​សកម្មជន​នយោបាយ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដើម្បី​បង្ហាញ​ការ​ផ្សះផ្សា​ជាតិ ជាជាង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សាមគ្គីភាព តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។ លោក​បន្ត​ថា ដើម្បី​ធ្វើ​ឱ្យ​មាន​សាមគ្គីភាព​ពិត​ប្រាកដ លោក ហ៊ុន ម៉ាណែត ក៏​គួរ​បើក​លំហ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​យុត្តិធម៌​ដែរ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «រឿង​កន្លង​ផុត​ហើយ​ពី​ដើម យើង​ចាត់​ថា​ចោល​ទៅ ប៉ុន្តែ​ចាប់​ពី​នេះ​ទៅ​យើង​រួបរួម​គ្នា​ជា​ធ្លុង​មួយ រៀបចំ​ប្រព័ន្ធ​តុលាការ​ពិត​ប្រាកដ កាត់​ទោស​អ្នក​ណា​ធ្វើ​ខុស​អី ហើយ​យើង​កុំ​គិត​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក ដាច់​ខាត​កុំ​ឱ្យ​មាន​រឿង​នេះ​ឱ្យ​សោះ អ៊ីចឹង​នរណា​មួយ​ជា​សាក្សី អ៊ីចឹង​គឺ​ខ្មែរ​យើង​នឹង​បាន​ចម្រើន​លូតលាស់​ហើយ ហើយ​យើង​បាន​ទាំង អ៊ី.ប៊ី.អេ (EBA) បាន​ទាំង ជី.អេស.ភី (GSP) យើង​ចង់​បាន​តែ​អ៊ីចឹង ហើយ​ពួកគាត់​បើ​ចាញ់​ក៏​មិន​ចាញ់​ដាច់ ឈ្នះ​ក៏​មិន​ឈ្នះ​ដាច់​ហើយ​រៀបចំ ហើយ​យើង​អាច​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​បាន»

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ប្រកាស​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សាមគ្គីភាព និង​ចិត្ត​តែ​មួយ ដើម្បី​រក្សា​សន្តិភាព ដែល​លោក​អះអាង​ថា បាន​មក​ពី​ពលីកម្ម​របស់​ឪពុក​លោក។ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រារព្ធ​ខួបលើកទី៤៧ ទិវា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​តស៊ូ​រំដោះ​ជាតិ នៅ​ភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាថ្ងៃទី២០ ខែ​មិថុនា។

លោក ហ៊ុន ម៉ាណែត៖ «ការ​នេះ​ហើយ​ដែល​បាន​បង្ហាញ​ថា​សន្តិភាព​មាន​តម្លៃ​ជាទី​បំផុត ការ​បំផ្លាញ​សន្តិភាព​មិន​ពិបាក​ទេ តែ​ការ​បង្កើត​សន្តិភាព​គឺ​ពិបាក​ណាស់ ពុំ​នោះ​សោត​រាប់​តំណ​មនុស្ស​ក៏​ពុំ​អាច​បង្កើត​សន្តិភាព​បាន​ដែរ អាស្រ័យ​ហេតុ​នេះ យើង​ត្រូវ​សាមគ្គី​គ្នា រួម​ចិត្ត​តែ​មួយ​ដើម្បី​ថែ​រក្សា​សន្តិភាព ដែល​បាន​ដោយ​លំបាក​បំផុត ឱ្យ​បាន​គង់វង្ស​ថិតថេរ មិន​ឱ្យ​អានុភាព​ណា​បំផ្លាញ​បាន​ឡើយ ទោះ​បី​ជា​ក្នុង​តម្លៃ​ណា​ក៏ដោយ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា សន្តិភាព​នៅ​កម្ពុជា​មិន​មែន​ជា​សន្តិភាព​វិជ្ជមាន​នោះ​ទេ ប្រសិនបើ​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល។ ជាក់​ស្ដែង ក្រៅ​ពី​បន្ត​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដាក់​ពន្ធនាគារ​ហើយ​នោះ ថ្មីៗនេះ គណបក្ស​កាន់​អំណាច​ដែល​មាន​លោក ហ៊ុន សែន ជា​ឪពុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​នោះ នៅតែ​ប្រកាស​កម្ចាត់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​ចុះចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ចង់​ឱ្យ​មាន​សាមគ្គីភាព។ ទោះជា​យ៉ាងណា លោក​យល់​ថា ដើម្បី​ទទួល​បាន​សាមគ្គីភាព​ជាតិ​ខ្មែរ​ពិត​ប្រាកដ អ្នក​នយោបាយ ជាពិសេស​អ្នក​កាន់​អំណាច​គួរ​បង្ហាញ​គំរូ​ភាព​យោគយល់ អធ្យាស្រ័យ​ឱ្យ​គ្នា និង​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ត​ថា អ្នក​នយោបាយ ជាពិសេស​អ្នក​កាន់អំណាច គួរ​ចាប់​ផ្ដើម​បង្កើត​វប្បធម៌​សន្ទនា​គ្នា​ឡើង​វិញ ជាជាង​បន្ត​ធ្វើ​នយោបាយ​លាប​ពណ៌​គ្នា​ទៅវិញ​ទៅមក។

លោក សេង វណ្ណលី៖ «ការ​លើក​ឡើង​នេះ​វា​មិន​អាច​ចេញ​ជា​ការ​បាន​ទេ បើ​សិន​ជា​ភាព​ជាក់​ស្ដែង​វា​នៅ​តែ​បន្ត​កើត​មាន យើង​ឃើញ​ករណី​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ពិសេស​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​មើល​ឃើញ​ថា សកម្មភាព​របស់​ប្រជាពលរដ្ឋ​នេះ​មាន​ភាព​ផ្ទុយ​ពី​រដ្ឋាភិបាល យើង​ឃើញ​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​ដើម្បី​កម្ចាត់ កម្ទេច ទៅ​លើ​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ហ្នឹង​ច្រើន»

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ ពី​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិ​ប្រជាធិបតេយ្យ លោក ហ៊ុន ម៉ាណែត គួរ​ចាប់​ផ្ដើម​ផ្សះផ្សា​ជាតិ​ឡើង​វិញ​រវាង​អ្នក​នយោបាយ ជាជាង​បន្ត​ចាត់​ទុក​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ជា​សត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។