មន្ត្រីបក្សប្រឆាំងថា ខ្លួនទុកចិត្តអ្នកសង្កេតការណ៍អន្តរជាតិជាងគ.ជ.ប
2023.03.29

មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលថា ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ អាចប្រព្រឹត្តទៅបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងផ្ដល់ជំនឿចិត្តទៅដល់ប្រជាពលរដ្ឋបាន លុះត្រាតែមានការចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ និងអង្គការពាក់ព័ន្ធនានា មកពីប្រទេសប្រជាធិបតេយ្យ។ ពួកគាត់លើកថា ការបោះឆ្នោតកន្លងមក គ.ជ.ប នៅមិនទាន់បំពេញតួនាទីដោយរក្សាភាពឯករាជ្យ និងអព្យាក្រឹត្យរបស់ខ្លួនបាននៅឡើយ។
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កន្លងមក មានភាពលម្អៀងខ្លាំងទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋ និងអន្តរជាតិលែងទុកចិត្តលើស្ថាប័នមួយនេះតទៅទៀត។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ មីនា ថា លោករំពឹង និងជឿជាក់ថា បទពិសោធន៍អាក្រក់ក្នុងការបោះឆ្នោតកន្លងមក នឹងជំរុញឱ្យអង្គការអន្តជាតិ បណ្ដាអង្គទូត និងអ្នកសង្កេតការណ៍មកពីប្រទេសប្រជាធិបតេយ្យ នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាក្នុងអាណត្តិថ្មីនេះ ដើម្បីធានាឱ្យបាននូវការបោះឆ្នោតមានភាពត្រឹមត្រូវ និងយុត្តិធម៌ ជាជាងពឹងផ្អែកតែទៅលើគ.ជ.ប ដែលជាស្ថាប័នគ្មានភាពឯករាជ្យ។
លោក ម៉ន ផល្លា៖ «ហេតុដូច្នេះហើយបានជាសហគមន៍អន្តរជាតិគេចង់ឱ្យគណៈកម្មាធិការជាតិនេះធ្វើការឱ្យឈរលើគោលការណ៍ប្រជាធិបតេយ្យ ឱ្យមានភាពស្មើគ្នារវាងគណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត ក៏ដូចជានៅថ្ងៃបោះឆ្នោត។ គេចង់បញ្ជាក់ជំហររបស់គេថាឱ្យគណៈកម្មាធិការនេះធ្វើរឿងត្រឹមត្រូវ កុំឱ្យមានភាពលម្អៀងទៅលើគណបក្សដែលមានឥទ្ធិពល ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន ដូចកន្លងហើយតទៅទៀត»។
ការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយជំនួបផ្លាស់ប្ដូរយោបល់នានាជុំវិញស្ថានភាពទូទៅនៃដំណើរការបោះឆ្នោតនៅកម្ពុជា រវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E. Mr. UENO Atsushi) កាលពីថ្ងៃទី២៧ មីនា។ ក្នុងជំនួបនោះ ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ អះអាងប្រាប់ទូតជប៉ុនថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ឃុំ-សង្កាត់ ចំនួន១៦លើកនៅកម្ពុជាកន្លងមកធ្វើឡើង ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ថែមទាំងអាចទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ឯកអគ្គរាជទូតជប៉ុននឹងមានគម្រោងអញ្ជើញថ្នាក់ដឹកនាំ គ.ជ.បទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីសង្កេតពីរបៀបនៃការរៀបចំការបោះឆ្នោតនៅជប៉ុនផងដែរ។
នៅមុនការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ នេះ មានអង្គទូតប្រទេសលោកសេរីជាច្រើន បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគ.ជ.ប ជាបន្តបន្ទាប់ ដើម្បីផ្ដល់ជាយោបល់កែលម្អ និងស្នើបញ្ជូនអ្នកសង្កេតការណ៍ឱ្យមកតាមដានស្ថានការណ៍ការបោះឆ្នោតនៅកម្ពុជា។ នៅក្នុងបរិបទនេះ ប្រទេសលោកសេរី និងសហគមន៍អន្តរជាតិ ហាក់គ្មានទំនុកចិត្តលើការបោះឆ្នោតដែលរៀបចំឡើងដោយគ.ជ.ប ឡើយ ព្រោះការបោះឆ្នោតកន្លងទៅ មានភាពមិនប្រក្រតីជាច្រើន ដូចជាមានករណីអាជ្ញាធរអង្គុយចាំកត់ឈ្មោះអ្នកបោះឆ្នោត និងការបិទទ្វាររាប់សន្លឹកឆ្នោតជាដើម។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំស្ថាប័នគ.ជ.ប ជាមនុស្សមានប្រភពចេញពីគណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថា គ្មានភាពអព្យាក្រឹត្យ និងបម្រើប្រយោជន៍ឱ្យបក្សកាន់អំណាច ដោយបានរួមដៃគ្នាជាមួយគណបក្សកាន់អំណាច ប្ដឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងឡើងទៅតុលាការ និងដកហូតអស់ផ្ទះសម្បែងរបស់ពួកគេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៨ មីនា។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និកហ្វិក (NICFEC) លោក សំ គន្ធាមី យល់ឃើញថា វត្តមានបណ្ដាប្រទេសអង្គទូត អាចមានឥទ្ធិពលធ្វើឱ្យគណបក្សនយោបាយជាពិសេសគណបក្សប្រឆាំង និងប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោតខាងមុខ។ ទោះជាយ៉ាងណា លោកលើកឡើងថា កម្ពុជានៅតែត្រូវការអ្នកសង្កេតការណ៍អន្តរជាតិ និងការឃ្លាំមើលពីសហគមន៍អន្តរជាតិបន្ថែមទៀត ដើម្បីធានាបាននៅអព្យាក្រឹត្យភាពរបស់គ.ជ.ប។
លោក សំ គន្ធាមី៖ «រឿងកម្រិតណា ខ្ញុំមិនអាចធ្វើការវាស់វែងបានទេ។ ប៉ុន្តែយើងចង់បាន (អ្នកសង្កេតការណ៍អន្តរជាតិ)មិនថា តែរដ្ឋាភិបាលជប៉ុនទេ គឺតាំងពីសហភាពអឺរ៉ុបទាំងអស់ និងសហរដ្ឋអាមេរិក រួមទាំងអូស្ត្រាលី គឺយើងចង់ឱ្យគាត់មកចូលរួមសង្កេតការណ៍ទៅលើការបោះឆ្នោតនេះ»។
ទោះជាយ៉ាងណា តំណាងរាស្ត្រសភាអឺរ៉ុប និងជាសមាជិកអនុគណៈកម្មាធិការសភាអឺរ៉ុបស្ដីពីបញ្ហាសិទ្ធិមនុស្ស អ្នកស្រី អ៊ីសាប៊ែល សាន់តូស (Isabel Santos) កាលពីថ្ងៃទី២១ ខែមីនា សង្កត់ធ្ងន់ថា អ្នកស្រីមិនជឿថា នឹងមានការបោះឆ្នោតដោយបើកចំហ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនយោបាយនៅកម្ពុជា នាខែកក្កដា ខាងមុខនេះឡើយ។ អ្នកស្រីលើកឡើងយ៉ាងដូច្នេះដោយផ្ដល់អំណះអំណាងថា ការណ៍នេះ គឺដោយសារតែអ្នកនយោបាយបក្សប្រឆាំងជាច្រើនរូបត្រូវបានដកហូតសិទ្ធិធ្វើនយោបាយ ប្រធានគណបក្សប្រឆាំងត្រូវបានកាត់ទោសឱ្យជាប់គុក ២៧ឆ្នាំ និងមានការគាបសង្កត់លើសេរីភាពប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល សកម្មជន និងអ្នកសហជីពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។