ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ហួស​ចិត្ត​នឹង​លោក ហ៊ុន ម៉ាណែត ដែល​មិន​ខ្វល់​ពី​សំឡេង​របស់​ខ្លួន

ដោយ យ៉ង ចាន់តារា
2024.10.20
ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ហួស​ចិត្ត​នឹង​លោក ហ៊ុន ម៉ាណែត ដែល​មិន​ខ្វល់​ពី​សំឡេង​របស់​ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅប្រទេស​ឥណ្ឌូណេស៊ី កាល​ពីថ្ងៃទី១៩ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​រិះគន់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ចាត់​ទុក​មតិ​យោបល់​របស់​អ្នក​រិះគន់​ថា គ្មាន​ប្រយោជន៍ និង​មិន​ចំណេញ​ព្រោះ​លោក​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ។ ពួកគាត់​អះអាង​ថា ទង្វើ​របស់​លោក ហ៊ុន ម៉ាណែត នេះ​មិន​ស័ក្ដិសម​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​ឡើយ ហើយ​គួរតែ​ចុះ​ចេញ​ពី​ដំណែង​ជា​នាយករដ្ឋមន្ត្រី។

ក្រោយ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន រយៈពេល​ជាង ១ឆ្នាំ​មក​នេះ លោក​នៅ​មិន​ទាន់​បង្ហាញ​ស្នាដៃ​លេចធ្លោ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​ឡើយ​ទេ ផ្ទុយ​វិញ លោក​បែរ​ជា​ចាត់​ទុក​ក្រុម​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស​ថា មនុស្ស​គ្មាន​ប្រយោជន៍ និង​មាន​គំនិត​អវិជ្ជមាន​លើ​រដ្ឋាភិបាល​របស់​លោក​ទៅ​វិញ។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន លោកស្រី ខាត សំនៀង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៩ ខែ​តុលា ថា លោកស្រី​ហួស​ចិត្ត​នឹង​ភាព​ក្រអឺតក្រទម​របស់​លោក ហ៊ុន ម៉ាណែត ដែល​ចាត់​ទុក​មតិយោបល់​របស់​អ្នក​រិះគន់​ថា ជា​មនុស្ស​គ្មាន​ប្រយោជន៍​ក្នុង​ក្រសែ​ភ្នែក​របស់​លោក។ លោកស្រី​បន្ត​ថា លោក ហ៊ុន ម៉ាណែត មិន​ស័ក្ដិសម​ធ្វើ​ជា​មេ​ដឹកនាំ​ប្រទេស​នោះ​ទេ ពីព្រោះ​ការ​ដឹកនាំ​របស់​លោក​កន្លងមក​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​កាន់​តែ​ធ្លាក់​ខ្លួន​ក្រីក្រ។

លោកស្រី ខាត សំនៀង៖ «មាន​តែ​ការ​ចាប់ចង​ប្រជាពលរដ្ឋ និង​តាម​កម្ទេច​អ្នក​រិះគន់​តាម​ពិត​គេ​រិះគន់​គេ​មើល​ចំណុច​គាត់​ខ្វះខាត​បាន​គេ​រិះគន់។ ប្រសិនបើ​គាត់​ដឹកនាំ​ល្អ​គ្មាន​ចំណុច​ខ្វះខាត​ទាំង​ឪពុក​ទាំង​កូន​គ្មាន​អ្នកណា​គេ​រិះគន់​ទេ​គ្មាន​អ្នកណា​ទំនេរ​ចាំតែ​រិះគន់​គាត់​ទេ តែ​សំខាន់​ការ​ដឹកនាំ​របស់​គាត់​ទាំង​ឪពុក​ទាំង​កូន​វា​អសមត្ថភាព​មាន​តែ​ចាប់ចង​ប្រជាពលរដ្ឋ​មាន​ការ​តាម​កម្ទេច»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) លោក មាស ពិសាល ចំអក​ឱ្យ​លោក ហ៊ុន ម៉ាណែត ថា លោក ហ៊ុន ម៉ាណែត តាំង​ខ្លួន​ជា​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ឱ្យ​ពលរដ្ឋ ប៉ុន្តែ​ក្រុម​ឈ្មួញ​រកស៊ី​ទុច្ចរិត​ដែល​ស្និទ្ធ​នឹង​ត្រកូល​ហ៊ុន​បែរជា​រក​ស៊ី​បោកប្រាស់​ពលរដ្ឋ​ទៅ​វិញ។ លោក​បន្ត​ថា តាំង​ពី​ឡើង​ដឹក​នាំ​ប្រទេស​មក​លោក ហ៊ុន ម៉ាណែត មិន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ឡើយ។

លោក មាស ពិសាល៖ «បើ​គាត់​រវល់​នឹង​ដោះស្រាយ​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ពួកគាត់​ត្រូវ​មក​ស្ដាប់​សំឡេង​មក​ត្អូញត្អែរ​របស់​ពលរដ្ឋ​ដែល​កំពុង​តែ​តវ៉ា​ទាមទារ​យុត្តិធម៌​នោះ។ តែ​ជាក់ស្ដែង​គាត់​ខ្លួនឯង​បាន​ទទួល​ស្គាល់​ថា មិន​ដែល​ខ្វល់​អំពី​ការ​រិះគន់​អំពី​ការ​តវ៉ា​ទាមទារ​អ៊ីចឹង​បាន​ន័យ​ថា ម៉េច​គាត់​កំពុង​និយាយ​ជាន់​កែង​ខ្លួនឯង អ៊ីចឹង​យើង​មើល​ហើយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​មួយ​ចំនួន​មិន​ទាន់​អាចដោះស្រាយ​បាន​រយៈពេល​អូស​បន្លាយ​ជាង ១០ឆ្នាំ»

ប្រតិកម្ម​របស់​ពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី១៩ ខែ​តុលា បាន​ថ្លែង​ថា លោក​មិន​ដែល​ខ្វល់​នឹង​មតិយោបល់​រិះគន់​របស់​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស​ឡើយ ហើយ​លោក​ក៏​គ្មាន​ពេល​តាមដាន​ក្រុម​អ្នក​អង្គុយ​ចាំតែ​រិះគន់​អ្នក​ទាំង​នោះ​ដែរ ពីព្រោះ​លោក​មាន​ការងារ​ច្រើន​ណាស់​ដែល​ត្រូវ​ដោះស្រាយ។ ក្រៅ​ពី​នេះ​លោក ហ៊ុន ម៉ាណែត ថ្លែង​ជំនួស​ម្ដាយ​របស់​លោក​គឺ អ្នកស្រី ប៊ុន រ៉ានី ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​កន្សែង​យុវជន​កាក​បាទ​ក្រហម​កម្ពុជា​ថា មាន​អ្នក​វិភាគ​មួយ​ចំនួន​ថា ស្ថាប័ន​កាកបាទ​ក្រហម​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ម្ដាយ​គឺជា ស្ថាប័ន​មិន​ឯករាជ្យ ក៏​ប៉ុន្តែ​ម្ដាយ​លោក​មិន​ខ្វល់​នឹង​សំដី​ទាំង​នោះ​ឡើយ គឺ​ស្ថាប័ន​កាក​បាទ​ក្រហម​គឺ​ផ្ដោត​លើ​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ជួប​ទុក្ខ​លំបាក។

លោក ហ៊ុន ម៉ាណែត«មាន​អ្នក​សួរ​ខ្ញុំ​ថា បង​ឯង​ឃើញ​តែ​អ្នក​ក្រៅ​ប្រទេស​មួយ​ថ្ងៃ​តា​នោះ​អី​ផង​តាំង​ពី​អ្នក​អត់​សក់​រហូត​ដល់​អ្នក​មាន​សក់ សក់​វែង​មួយ​ថ្ងៃៗ​ឃើញ​តែ​ជេរ​ហើយ​បង​ឯង​ញញឹម​រហូត​អ៊ីចឹង​ខ្ញុំ​ថា ខ្ញុំ​អត់​ដែល​ខ្វល់​ផង​គេ​ជេរ​រឿង​របស់​គេ បើ​គេ​ងើប​ពី​ដេក​គេ​អង្គុយ​តែ​ពី​រឿង​អវិជ្ជមាន ឱ្យ​គេ​ក្ដៅ​ចិត្ត​ចុះ​តែ​ខ្ញុំ​គិត​តែ​ពី​ខ្ញុំ​ធ្វើ​អី​ខ្លះ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ធ្វើ​អី​ខ្លះ ដក​បាន​អី​ខ្លះ​ដើម្បី​បង្កើន​ផល​ល្អ​ជូន​ជាតិ និង​មាតុភូមិ​គិត​តែ​ធ្វើ​ប៉ុណ្ណឹង​ទៅ​បាន​ហើយ»

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​គឺ​បង្ហាញ​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹកនាំ ពីព្រោះ​មេ​ដឹកនាំ​ដែល​យក​ចិត្ត​ទុក​ដាក់​ពី​ប្រទេសជាតិ​គឺ​ស្ដាប់​មតិយោបល់​ពី​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ លោក​បន្ត​ថា មេ​ដឹកនាំ​ដែល​អសកម្ម​បែប​នេះ​នឹង​ធ្វើ​ឱ្យ​សង្គម​ជួប​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ។

លោក ស៊ឹង សែនករុណា៖ «មាន​វិបត្តិ​សង្គម​អ៊ីចឹង​ជាដើម​អា​ហ្នឹង​ដោយសារតែ​ខ្វះ​ការ​យក​ចិត្ត​ទុក​ខ្វះ​ការ​ចូលរួម​យ៉ាង​សកម្ម​អ៊ីចឹង ហើយ​បាន​ជាមេដឹកនាំ​តែងតែ​បំផ្លើស​បំភ្លៃ​ព័ត៌មាន​បោកបញ្ឆោត​អួតអាង​ហើយ​គ្មាន​អ្វី​ដែល​ជា​រឿង​ពិត​ជាក់ស្ដែង​ដែល​អាច​ទុក​ចិត្ត​បាន​អាច​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​គាត់​អាច​រស់នៅ​ដោយ​សុខដុមរមនា​ដោយសារតែ​ការ​មិន​យក​ចិត្ត​ដាក់​ពី​ពួកគាត់​ឱ្យ​សកម្ម​ដែល​អ្នក​នយោបាយ​ចេះ​តែ​ធ្វើ​អ្វី​បាន​តាម​ចិត្ត»

កន្លង​មក លោក ហ៊ុន ម៉ាណែត ចាត់​ទុក​ពាក្យ​សម្ដី​របស់​អ្នក​រិះគន់​ថា គ្រាន់តែ​ជា​ការ​កម្សាន្ត​សប្បាយ​ដើម្បី​កំដរ​ពេល​អផ្សុក​របស់​លោក​ប៉ុណ្ណោះ។

ពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​យល់​ឃើញ​ថា ការណ៍​ដែល​លោក ហ៊ុន ម៉ាណែត មិន​ស្ដាប់​មតិ​ពលរដ្ឋ​បែប​នេះ នឹង​បណ្ដាល​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ស្រុក បញ្ហា​អំពើពុករលួយ​ចាក់ស្រេះ លំហូរ​ជនជាតិ​ចិន​មក​រក​ស៊ី​ខុស​ច្បាប់​នៅ​កម្ពុជា​តាម​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online) បញ្ហា​សន្តិសុខ​សង្គម និង​បញ្ហា​អយុត្តិធម៌​សង្គម​ជា​ដើម។ ពួកគាត់​ចង់​ឃើញ រដ្ឋាភិបាល​កែ​លម្អ​ចំណុច​ខ្វះខាត​ដោយ​ទទួល​យក​មតិ​ចម្រុះ​ពី​ពលរដ្ឋ​ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច និង​ស្ដារ​លិទ្ធ​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ប្ដេជ្ញា​បន្ត​ប្រកាន់​ជំហរ​គោល​នយោបាយ​ចិន​តែ​មួយ និង​ថា ​ប្រទេសចិន​បាន​ជួយ​នយោបាយ​កម្ពុជា​​ឱ្យ​មាន​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។