ពលរដ្ឋ​ថា មន្ត្រី​រដ្ឋាភិបាល​ភាគច្រើន​មិន​បាន​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​ទេ ​តែ​ផ្គាប់​ចិត្ត​លោក ហ៊ុន ម៉ាណែត ច្រើន​ជាង

ដោយ មាន ឫទ្ធិ
2024.06.11
ពលរដ្ឋ​ថា មន្ត្រី​រដ្ឋាភិបាល​ភាគច្រើន​មិន​បាន​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​ទេ ​តែ​ផ្គាប់​ចិត្ត​លោក ហ៊ុន ម៉ាណែត ច្រើន​ជាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ហែហម​លោក នៅ​ក្នុង​ពិធី​បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និង​បើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃ​សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក បម្រើ​ពលរដ្ឋ និង​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​នៅ​តាម​មូលដ្ឋាន។ ប៉ុន្តែ​ពលរដ្ឋ​ថា មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​ធ្វើ​ការ​បម្រើ​គណបក្ស​កាន់​អំណាច និង​លើក​តម្កើង​មេ​ដឹក​នាំ មិន​បាន​ខ្វល់ខ្វាយ​អំពី​បញ្ហា​ប្រឈម​របស់​ពួកគាត់​ឡើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែ​មិថុនា លើកឡើង​ថា ​មន្ត្រី​ជា​អ្នក​បម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះ​ទេ ហើយ​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ គឺ​ជា​ការ​បម្រើ​ខ្លួន​ឯង។ បើ​ទោះ​ជា​លោក​ឡើង​កាន់​តំណែង និង​ឡើង​អង្គុយ​លើ​កៅអី​នាយករដ្ឋមន្ត្រី តាម​រយៈ​ឪពុក​ផ្ទេរ​ឱ្យ​ក៏​ដោយ ក៏​លោក ហ៊ុន ម៉ាណែត បញ្ជាក់​នៅ​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ២០២៣ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ២០២៤ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ថា ការ​ទទួល​បាន​កៅអី​អង្គុយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​ យើង​ទាំងអស់​គ្នា​ ដែល​អភិក្រម​យើង​ជា​អ្នក​បម្រើ​រាស្ត្រ​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជារាស្ត្រ​ទេ ហើយ​ការ​បម្រើ​ប្រជារាស្ត្រ​ គឺ​បម្រើ​ខ្លួន​យើង យើង​ម្នាក់​ក៏​ជា​ប្រជាពលរដ្ឋ​មួយ​រូប​។ នេះ​ គឺជា​អភិក្រម​ពិត​ប្រាកដ ហើយ​យើង​រួមគ្នា​ ដើម្បី​កសាង​បរិស្ថាន​មួយ ​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​បរិស្ថាន​ ដែល​មាន​លំនឹង​ភាព​ច្បាស់លាស់​ នៅ​ក្នុង​ការ​ទទួល​សេវា​សាធារណៈ​ពី​រដ្ឋបាល​បច្ចុប្បន្ន និង​ទៅ​អនាគត»

ទោះ​ជា​យ៉ាង​ណាក្ដី ព្រះ​សង្ឃ​សកម្ម​ការងារ​សង្គម​ព្រះតេជព្រះគុណ ធូ វ៉ាឃីម ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃទី១០ ខែមិថុនា ថា ព្រះអង្គ​សង្កេត​ឃើញ​​មន្ត្រី​រាជការ​សាធារណៈ​មួយ​ចំនួន​ យក​តួនាទី​របស់​ខ្លួន​ទៅ​បម្រើ​ឱ្យ​ផលប្រយោជន៍​បុគ្គល ឬ​គណបក្ស​កាន់​អំណាច ​ច្រើន​ជាង​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ។ ព្រះអង្គ​បារម្ភ​ថា នៅ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន ​ដើម្បី​បម្រើ​ពលរដ្ឋ​នោះ នោះ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​បញ្ហា​សង្គម​កាន់​តែ​កើន​ឡើង។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖ «ជាក់ស្ដែង​ដូច​ថ្ងៃ​មុន​យុវជន​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ប៉ុន្តែ​ក្រសួង​បរិស្ថាន​តប​មក​វិញ​ថា ក្រុម​យុវជន​ជា​ក្រុម​ប្រឆាំង​ក្រុម​បម្រើ​ផល​ប្រយោជន៍​បរទេស អាត្មា​គិត​ថា ​គាត់​អត់​មាន​ទំនួលខុសត្រូវ។ គាត់​ តួនាទី​របស់​គាត់​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​គាត់ ​គួរ​ណាស់​តែ​ពន្យល់​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ បែរ​ទៅ​ជា​ចោទ​ក្រុម​យុវជន​ថា ជា​ក្រុម​ប្រឆាំង​ក្រុម​កេង​ចំណេញ​នយោបាយ»

ដោយ​ឡែក​ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក លោកស្រី ស៊ា ដាវី សង្កេត​ឃើញ​ថា អាជ្ញាធរ​សព្វថ្ងៃ​ចាត់​ទុក​ពលរដ្ឋ​ ដែល​ទាមទារ​សិទ្ធិ​សេរីភាព​ ជា​សត្រូវ និង​ចោទ​ប្រកាន់​ពួកគាត់​ថា ជា​អ្នក​បង្ក​ចលាចល​នៅ​ក្នុង​សង្គម ព្រម​ទាំង​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​ដោយ​ហិង្សា​ថែម​ទៀត។ លោកស្រី​គ្មាន​ជំនឿ​លើ​មន្ត្រី​រដ្ឋាភិបាល​ថា​ អាច​បម្រើ​ពលរដ្ឋ និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​ទាន់​ពេល​វេលា​ឡើយ។

លោកស្រី ស៊ា ដាវី៖ «ជាក់ស្ដែង ​ដូច​ពួក​ខ្ញុំ​អ៊ីចឹង​ថា​ ជូន​ដំណឹង​ទៅ​ខាង​ប៉ូលិស ថា​ឱ្យ​ប៉ូលិស​ជួយ​សម្រួល​ចរាចរណ៍​ឱ្យ​ប្រជាពលរដ្ឋ​ផង ​ពីព្រោះ​ពួក​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​អភិបាល​ខណ្ឌ។ ប៉ុន្តែ​ជាក់ស្ដែង ​ប្រជាពលរដ្ឋ​ត្រូវ​រង​អំពើ​ហិង្សា​ពី​ក្រុម​ការពារ​ក្រុម​សណ្ដាប់ធ្នាប់ កង​សណ្ដាប់ធ្នាប់​ខណ្ឌ​ព្រែកព្នៅ»

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ​មិនមែន​ជា​រឿង​ថ្មីថ្មោង​នោះ​ទេ ដែល​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​បែប​នេះ​ ពីព្រោះ​កន្លង​ទៅ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏​ធ្លាប់​លើកឡើង​ដែរ។ ប៉ុន្តែ​លោក​កត់សំគាល់​ថា មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ទេ​ តែ​បែរជា​ប្រើ​អំណាច​ចោទ​ប្រកាន់ លាប​ពណ៌​ពលរដ្ឋ​ថែមទៀត។

លោក នី សុខា៖ «យើង​គិត​ថា ​អ្វីៗ​ ទាំងអស់​ គឺ​គួរតែ​រៀបចំ​ឱ្យ​ច្បាស់លាស់​ នៅ​ក្នុង​ការ​អនុវត្ត​សកម្មភាព​របស់​ខ្លួន ក្នុង​នាម​ជា​អាជ្ញាធរ​សាធារណៈ​ គឺ​ត្រូវតែ​បម្រើ​ផលប្រយោជន៍​ឱ្យ​សាធារណជន ហើយ​ត្រូវ​តែ​អព្យាក្រឹត​នៅ​ក្នុង​ការ​អនុវត្ត​នាទី​របស់​ខ្លួន​កុំ​ប្រកាន់​តួនាទី​របស់​ខ្លួន។ អា​ហ្នឹង​ ដើម្បី​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ជា​រួម ​មិនមែន​តែ​ការអភិវឌ្ឍន៍​ទៅ​លើ​តែ​ក្រុម​ណា​មួយ ឬ​ក៏​គណបក្ស​​នយោបាយ​​ណា​​ទេ»

ថ្វីដ្បិត​លោក ហ៊ុន ម៉ាណែត អះអាង​បែប​នេះ​ក្ដី ក៏​កន្លង​ទៅ​ពលរដ្ឋ​ ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​មួយ​ចំនួន តែង​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ ក៏​ប៉ុន្តែ​បែរជា​មាន​អាជ្ញាធរ​រារាំង ប្រើ​អំពើ​ហិង្សា និង​ចាប់ចង​ពួកគាត់​ដាក់​ពន្ធនាគារ ហើយ​អ្នក​ខ្លះ​ទៀត​រង​ការ​ចោទ​ប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ទៀត​ផង។ ប៉ុន្តែ​ គេ​កម្រ​ឃើញ​ប្រមុខ​រដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ចាត់​វិធានការ​ណែនាំ​ទៅ​កាន់​ក្រសួង​ស្ថាប័ន ឬ​មន្ត្រី​ទទួល​ខុស​ត្រូវ​ទាំង​នោះ​ឡើយ។ ចំណែក​ពលរដ្ឋ​រងគ្រោះ​នៅ​តែ​បន្ត​ទទួល​រង​អំពើ​អយុត្តិធម៌ និង​រង់​ចាំ​ដំណោះស្រាយ​បញ្ហា​ពី​មន្ត្រី​ពាក់ព័ន្ធ និង​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។