ពលរដ្ឋ​ថា មន្ត្រី​រដ្ឋាភិបាល​ភាគច្រើន​មិន​បាន​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​ទេ តែ​ផ្គាប់ចិត្ត​លោក ហ៊ុន ម៉ាណែត ច្រើន​ជាង

ដោយ មាន ឫទ្ធិ
2024.06.11
ពលរដ្ឋ​ថា មន្ត្រី​រដ្ឋាភិបាល​ភាគច្រើន​មិន​បាន​អនុវត្ត​តួនាទី​បម្រើ​រាស្ត្រ​ទេ តែ​ផ្គាប់ចិត្ត​លោក ហ៊ុន ម៉ាណែត ច្រើន​ជាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក បម្រើ​ពលរដ្ឋ និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​នៅ​តាម​មូលដ្ឋាន​។ ប៉ុន្តែ​ពលរដ្ឋ​ថា មន្ត្រី​រដ្ឋាភិបាល​ភាគច្រើន​ធ្វើការ​បម្រើ​គណបក្ស​កាន់អំណាច និង​លើក​តម្កើង​មេដឹកនាំ មិន​បាន​ខ្វល់​ខ្វាយ​ពី​បញ្ហា​ប្រឈម​របស់​ពួកគាត់​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១០ ខែ​មិថុនា លើកឡើង​ថា មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​​ជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះ​ទេ ហើយ​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​គឺជា​ការបម្រើ​ខ្លួនឯង​។ បើ​ទោះជា​លោក​ឡើង​កាន់​ដំណែង និង​ឡើង​អង្គុយ​លើ​កៅអី​នាយករដ្ឋមន្ត្រី តាមរយៈ​ឪពុក​ផ្ទេរ​ឱ្យ​ក៏ដោយ ក៏​លោក ហ៊ុន ម៉ាណែត បញ្ជាក់​នៅក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​២០២៣ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​២០២៤ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ថា ការ​ទទួល​បាន​កៅអីអង្គុយ​នៅក្នុង​ស្ថាប័ន​រដ្ឋ គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស។

លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង​យើង​ទាំងអស់គ្នា​ដែល​អភិក្រម​យើង​ជា​អ្នកបម្រើ​រាស្ត្រ​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជារាស្ត្រ​ទេ ហើយ​ការបម្រើ​ប្រជារាស្ត្រ​គឺ​បម្រើ​ខ្លួន​យើង យើង​ម្នាក់​ក៏​ជា​ប្រជាពលរដ្ឋ​មួយ​រូប​នេះ គឺជា​អភិក្រម​ពិតប្រាកដ ហើយ​យើង​រួមគ្នា​ដើម្បី​កសាង​បរិស្ថាន​មួយ​ដែល​កាន់​តែ​មាន​ប្រសិទ្ធភាព​បរិស្ថាន​ដែល​មាន​លំនឹង​ភាព​ច្បាស់លាស់​នៅក្នុង​ការ​ទទួល​សេវា​សាធារណៈ​ពី​រដ្ឋបាល​បច្ចុប្បន្ន និង​ទៅ​អនាគត»

ទោះជា​យ៉ាងណា ព្រះសង្ឃ​សកម្ម​ការងារ​សង្គម​ព្រះតេជព្រះគុណ ធូ វ៉ាឃីម ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែមិថុនា ដោយ​ព្រះអង្គ​សង្កេត​ឃើញ​ថា មន្ត្រីរាជការ​សាធារណៈ​មួយចំនួន​យក​តួនាទី​របស់​ខ្លួន​ទៅ​បម្រើ​ឱ្យ​ផលប្រយោជន៍​បុគ្គល ឬ​គណបក្សកាន់អំណាច​ច្រើនជាង​បម្រើ​ផលប្រយោជន៍​ឱ្យ​ពលរដ្ឋ​។ ព្រះអង្គ​បារម្ភ​ថា នៅ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​ដើម្បី​បម្រើ​ពលរដ្ឋ​នោះ នោះ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​បញ្ហា​សង្គម​កាន់តែ​កើន​ឡើង។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖ «ជាក់ស្ដែង​ដូច​ថ្ងៃមុន​យុវជន​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ប៉ុន្តែ​ក្រសួង​បរិស្ថាន​តប​មក​វិញ​ថា ក្រុម​យុវជន​ជា​ក្រុមប្រឆាំង​ក្រុម​បម្រើ​ផលប្រយោជន៍​បរទេស អាត្មា​គិតថា​គាត់​អត់​មាន​ទំនួល​ខុសត្រូវ​។ គាត់​តួនាទី​របស់​គាត់​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​គាត់​គួរ​ណាស់​តែ​ពន្យល់​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បែរ​ទៅជា​ចោទ​ក្រុម​យុវជន​ថា ជា​ក្រុមប្រឆាំង​ក្រុម​កេង​ចំណេញ​នយោបាយ»

ដោយឡែក​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​តំបន់​បឹងតាមោក លោកស្រី ស៊ា ដាវី សង្កេត​ឃើញ​ថា អាជ្ញាធរ​សព្វថ្ងៃ​ចាត់ទុក​ពលរដ្ឋ​ដែល​ទាមទារ​សិទ្ធិ​សេរីភាព​ជា​សត្រូវ និង​ចោទប្រកាន់​ពួកគាត់​ថា ជា​អ្នក​បង្ក​ចលាចល​នៅក្នុង​សង្គម ព្រមទាំង​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ដោយ​ហិង្សា​ថែមទៀត​។ លោកស្រី​គ្មាន​ជំនឿ​លើ​មន្ត្រី​រដ្ឋាភិបាល ថា អាច​បម្រើ​ពលរដ្ឋ និង​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ពួកគាត់​ទាន់​ពេល​វេលា​ឡើយ។

លោកស្រី ស៊ា ដាវី៖ «​ជាក់ស្ដែង​ដូច​ពួក​ខ្ញុំ​អ៊ីចឹង​ថា ជូនដំណឹង​ទៅ​ខាង​ប៉ូលិស ថាឱ្យ​ប៉ូលិស​ជួយ​សម្រួល​ចរាចរណ៍​ឱ្យ​ប្រជាពលរដ្ឋ​ផង ពីព្រោះ​ពួក​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​អភិបាល​ខណ្ឌ។ ប៉ុន្តែ​ជាក់ស្ដែង​ប្រជាពលរដ្ឋ​ត្រូវ​រង​អំពើ​ហិង្សា​ពី​ក្រុម​ការពារ​ក្រុម​សណ្ដាប់ធ្នាប់ កង​សណ្ដាប់ធ្នាប់​ខណ្ឌ​ព្រែក​ព្នៅ»

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍ ថា មិនមែន​ជា​រឿង​ថ្មីថ្មោង​នោះ​ទេ ដែល​លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​បែបនេះ​ពីព្រោះ​កន្លង​ទៅ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏​ធ្លាប់​លើកឡើង​ដែរ​។ ប៉ុន្តែ​លោក​កត់សំគាល់​ថា មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ទេ តែ​បែរជា​ប្រើ​អំណាច​ចោទប្រកាន់ លាប​ពណ៌​ពលរដ្ឋ​ថែម​ទៀត។

លោក នី សុខា៖ «យើង​គិតថា​អ្វីៗ​ទាំងអស់​គឺ​គួរតែ​រៀបចំ​ឱ្យ​ច្បាស់លាស់​នៅក្នុង​ការអនុវត្ត​សកម្មភាព​របស់​ខ្លួន ក្នុង​នាម​ជា​អាជ្ញាធរ​សាធារណៈ​គឺ​ត្រូវតែ​បម្រើ​ផលប្រយោជន៍​ឱ្យ​សាធារណជន​។ ហើយ​ត្រូវតែ​អព្យាក្រឹត​នៅក្នុង​ការអនុវត្ត​នាទី​របស់​ខ្លួន​កុំ​ប្រកាន់​តួនាទី​របស់​ខ្លួន​។ អាហ្នឹង​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ជា​រួម មិនមែន​តែ​ការអភិវឌ្ឍន៍​ទៅ​លើ​តែ​ក្រុម​ណាមួយ ឬក៏​គណបក្ស​នយោបាយ​ណា​ទេ»

ថ្វី​ត្បិត លោក ហ៊ុន ម៉ាណែត អះអាង​បែបនេះ​ក្ដី ក៏​កន្លងទៅ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​មួយចំនួន តែង​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ក៏ប៉ុន្តែ​បែរជា​មាន​អាជ្ញាធរ​រារាំង ប្រើ​អំពើ​ហិង្សា និង​ចាប់ចង​ពួកគាត់​ដាក់​ពន្ធនាគារ ហើយ​អ្នក​ខ្លះទៀត​រង​ការចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ទៀត​ផង ប៉ុន្តែ​គេ​កម្រ​ឃើញ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ចាត់វិធានការ​ណែនាំ​ទៅកាន់​ក្រសួង​ស្ថាប័ន ឬ​មន្ត្រី​ទទួលខុសត្រូវ​ទាំង​នោះ​ឡើយ​។ ចំណែក ពលរដ្ឋ​រងគ្រោះ​នៅតែ​បន្ត​ទទួលរង​អំពើ​អយុត្តិធម៌ និង​រង់ចាំ​ដំណោះស្រាយ​បញ្ហា​ពី​មន្ត្រី​ពាក់ព័ន្ធ និង​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។