តុលាការដោះលែងសកម្មជនគណបក្សប្រឆាំង និយមលោក កឹម សុខា គឺលោក យឹម ស៊ីណន ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន
2023.03.28

សាលាដំបូងរាជធានីភ្នំពេញ ដោះលែងសកម្មជនគណបក្សប្រឆាំង គឺលោក យឹម ស៊ីណន ដែលនិយមលោក កឹម សុខា ឲ្យក្រៅឃុំបណ្ដោះអាសន្ន នៅល្ងាចថ្ងៃ ទី ២៨ ខែ មិនានេះ។
ការចេញដីកាបង្គាប់ឲ្យដោះលែងលោក យឹម ស៊ីន ណន ក្រោយពីលោកចេញវីដេអូសុំទោសទាំងកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងបទចោទការប្រមាថអង្គព្រះមហាក្សត្រ។
ចៅក្រមសាកសួរ សាលាដំបូងរាជធានីភ្នំពេញ លោក យូ សុខវួច បានបានបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងដែលត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ប្រសិនបើឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀត។
ក្នុងដីកាដដែលនេះ ពុំបានបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែ ការដោះលែងនេះ ធ្វើឡើងក្រោយពី លោកចេញវីដេអូសុំទោសទាំងកំពុងជាប់ឃុំ សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសូមទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងសំណេរប្រមាថព្រះមហាក្សត្រលើហ្វេសប៊ុក និងញុះញង់ កាលពីពេលថ្មីនេះ។
ជាមួយគ្នានេះ ទាំងប្រពន្ធ និងកូនរបស់លោក យឹម ស៊ីណន ក៏បានបានបង្ហោះសារសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសលោក ហ៊ុន សែន ចំពោះកំហុសរបស់លោក យឹម ស៊ីណន នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
លោក យឹម ស៊ីណន ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហោះសារបែបញុះញង់ តាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕
សម្រាប់លោកអ្នក ដែលចង់អានព័ត៌មានទាក់ទងនឹងរឿងលោក យឹម ស៊ីណន ជាភាសាអង់គ្លេស សូមចុចតំណភ្ជាប់នេះ៖ Opposition activist release after apologizing for comment about the King
An opposition activist who was jailed after posting comments on Facebook about the government and Cambodia’s constitutional monarch was released on Tuesday after he apologized to Prime Minister Hun Sen and King Norodom Sihamoni.
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។