អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​៣នាក់​

ដោយ សេក បណ្ឌិត
2023.03.24
Share on WhatsApp
Share on WhatsApp
អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​៣នាក់​
រូប៖ ពលរដ្ឋ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​នាក់​គឺ​លោក តូច ថឹង លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី មុន​ពេល​តុលាការ​កាត់ទោស​ឱ្យ​ពួក​គេ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២ឆ្នាំ​ពី​បទ​ចោទ​ក្លែងបន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​កន្លង​ទៅ។ គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​សម្រេច​របស់​តុលាការ​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ៣នាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែមីនា ដោយ​ចោទ​ពី​រឿង​ក្លែង​បន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពីឆ្នាំ២០២១ កន្លង​ទៅ។ ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សំខាន់ៗ របស់​បក្ស​ភ្លើង​ទៀន​បន្ថែម​ទៀត​នេះ រួមមាន ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន ខេត្តកំពង់ចាម លោក តូច ថឹង ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើង​ទៀន លោក ខឿន វីរ៉ាត់ ព្រមទាំង​អនុប្រធាន​ចលនា​ស្ត្រី អ្នកស្រី នូ សុទ្ធារី ផង​ដែរ។ ជាមួយ​គ្នា​នេះ​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្តកែប គឺ​លោក ភ្លឺ ម៉េងហុង និង​អនុប្រធាន​ក្រុម​ការងារ​ខេត្តកំពត លោក ភ្លឺ ឈុនហេង ព្រមទាំង​សកម្មជន​មួយ​ចំនួន​ទៀត កំពុង​គេច​ខ្លួន។

ការ​ចាប់​ខ្លួន​ជា​ក្រុម​ក្នុង​ពេល​តែ​មួយ លើ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បែប​នេះ ធ្វើ​ឡើង​ប្រមាណ ៤ម៉ោង មុន​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី២៤ ខែមីនា​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ១៣នាក់ ពី​បទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​តាម​បណ្ដឹង​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ២០២១។ តុលាការ​បាន​កាត់ទោស លោក សៀម ភ្លុក ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ៦ខែ ហើយ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត រួមមាន លោក តូច ថឹង លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី ជាដើម ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ រយៈ​ពេល ២ឆ្នាំ។

មេធាវី​ការពារ​ក្ដី​សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ គឺ​លោក កែត ឃី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ឆ្មាំ​ពន្ធនាគារ​បាន​ដឹក​លោក សៀម ភ្លុក តាម​រថយន្ត​ចូល​ស្ដាប់​ការ​ប្រកាស​សាលក្រម ប៉ុន្តែ កូន​ក្ដី​របស់​លោក ដែល​សមត្ថកិច្ច​ទើប​ចាប់​ខ្លួន​មុន​ការ​ប្រកាស​របស់​តុលាការ​ពុំ​មាន​វត្តមាន​នោះ​ទេ។ លោក​ឱ្យ​ដឹង​ថា បើ​ពិនិត្យ​លើ​អង្គហេតុ​នៃ​សំណុំរឿង​នេះ គឺ​លោក សៀម ភ្លុក ជា​អ្នក​រៀបចំ​ឯកសារ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ដោយ​ផ្ទាល់ ខណៈ​ស្ថាបនិក​គណបក្ស​ចំនួន ៦នាក់ និង​អ្នក​ដែល​មិន​បាន​ផ្ដិត​មេដៃ​ដោយ​ខ្លួន​ឯង​ចំនួន ៦នាក់​ទៀត មិន​មាន​ទោសពៃរ៍​ឡើយ។ ទោះ​យ៉ាង​ណា​ក្ដី លោក​នឹង​ជជែក​ផ្លូវ​ច្បាប់​ជាមួយ​កូន​ក្ដី ប្ដឹង​ទាស់​នឹង​សាលក្រម​សាលា​ដំបូង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ស្វែងរក​យុត្តិធម៌​បន្ត​ទៀត។

មេធាវី កែត ឃី៖ «បំពេញ​បែបបទ​ហ្នឹង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ គឺ​គាត់ (អ្នកស្រី នូ សុទ្ធារី) សរសេរ​ប្រវត្តិ​រូប​ដាក់​តែ​ប៉ុណ្ណឹង​ឯង គាត់​អត់​បាន​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ បើ​យើង​មើល​ហេតុ​នេះ (តុលាការ) មិន​អាច​ចោទ​ពី​បទ​ឱ្យ​មាន​ទោស​មាន​ពៃរ៍​អ៊ីចឹង​ទេ»

សំណុំរឿង​នេះ​ក៏​មិន​ខុស​ពី​សំណុំរឿង​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែរ ដែល​តុលាការ​កាត់​ទោស និង​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ គឺ​ក្រោម​ការ​រិះគន់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​ថា ជា​សំណុំរឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

ប្រពន្ធ​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ បារម្ភ​ពី​សុខទុក្ខ​ប្ដី​ជា​ខ្លាំង ពីព្រោះ​រហូត​ដល់​យប់​ថ្ងៃ​ទី២៤ ខែមីនា លោកស្រី​មិន​ទាន់​ដឹង​សមត្ថកិច្ច​នាំ​ប្ដី​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នៅ​ឡើយ។ លោកស្រី​រំឭក​ថា កន្លង​មក​ប្ដី​លោកស្រី​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ប៉ុន្តែ លោក​មិន​ជាប់​ពាក់ព័ន្ធ​រឿង​ក្លែង​ស្នាម​មេដៃ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ប្តី​លោកស្រី​តែងតែ​ចូល​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​ដែរ។ ទោះ​យ៉ាង​ណា​ក្ដី លោកស្រី​យល់​ថា ការ​សម្រេច​របស់​តុលាការ និង​ការ​ឃាត់​ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌ និង​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ដោយសារ​រយៈ​ពេល​ចុង​ក្រោយ​នេះ ប្តី​លោកស្រី​ជា​ថ្នាក់​ដឹកនាំ​យុវជន ដែល​សកម្ម​នៅ​ក្នុង​ជួរ​មន្ត្រី​របស់​បក្ស​ភ្លើង​ទៀន។

លោកស្រី ថាច់ ចន្ធូ៖ «ចាប់​ប្ដី​របស់​ខ្ញុំ​អត់​មាន​មូលហេតុ​អ៊ីចឹង បើ​ចាប់​ប្ដី​របស់​ខ្ញុំ​ប្រាប់​ថា រឿង​នេះ​រឿង​នោះ ប្ដី​របស់​ខ្ញុំ​ខុស​ស្អី​អ៊ឹង​ទៅ​តែ​មក​ចាប់​ប្ដី​របស់​ខ្ញុំ​ទាំង​ឆៅៗ អ៊ីចឹង ខ្ញុំ​អត់​អស់​ចិត្ត​ទេ ពីព្រោះ​ខ្ញុំ​មិន​ដឹង​ចាប់​រឿង​អ្វី​ផង។ ខ្ញុំ​សូម​ឱ្យ​អាជ្ញាធរ និង​តុលាការ​ដោះ​លែង​ប្ដី​របស់​ខ្ញុំ​ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ប្ដី​របស់​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី ដែល​មាន​កំហុស​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ ខែមីនា។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹម សួរភីរិទ្ធ ថ្លែង​ថា សំណុំរឿង ដែល​ជាប់​ទាក់ទង​នឹង​គណបក្ស​បេះដូង​ជាតិ បាន​កើត​ឡើង​យូរ​មក​ហើយ ប៉ុន្តែ អាជ្ញាធរ​បែរ​ជា​មក​ចាប់​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន ដែល​កំពុង​ធ្វើ​សកម្មភាព​ស្វែងរក​ការ​គាំទ្រ​ពេល​នេះ​ទៅ​វិញ។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​សេរីភាព​ផ្នែក​នយោបាយ ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ដំណើរ​ការ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។ លោក​ជំរុញ​ដល់​អាជ្ញាធរ និង​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ។

លោក គឹម សួរភីរិទ្ធ៖ «អំពាវនាវ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​មេត្តា​រក្សា​ស្ថានភាព និង​បរិយាកាស​នយោបាយ​ឱ្យ​បាន​ស្ងប់ស្ងាត់​ដោយ​ជៀសវាង​ការ​ប៉ះ​ទង្គិច​ទៅ​លើ​ផ្លូវ​អារម្មណ៍​ទៅ​ដល់​អ្នក​ចូលរួម អ្នក​គាំទ្រ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ក៏​ដូចជា​ទៅ​លើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​នានា ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ខាង​មុខ ដើម្បី​ធានា​បាន​ថា បរិយាកាស​មុន​ក៏​ដូច​ពេល​បោះ​ឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត​ហ្នឹង វា​ល្អ​ប្រសើរ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​យើង»

ទន្ទឹម​នឹង​នេះ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ទាំង​បី​នាក់​ថា ជា​រូប​ភាព​គំរាម​កំហែង​ថ្មី​មួយ​ទៀត មក​លើ​គណបក្ស​នេះ នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ អាណត្តិ​ទី៧ ដែលកាន់តែខិតជិតមកដល់។ គណបក្ស​ភ្លើង​ទៀន​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​ដោះ​លែង​លោក តូច ថឹង លោក ខឿន វីរ៉ាត និង​អ្នកស្រី នូ សុទ្ធារី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឱ្យ​ពួក​គេ​បាន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ ស្រប​តាម​រដ្ឋធម្មនុញ្ញ ជាពិសេស បង្ក​បរិយាកាស​ល្អ​ប្រសើរ និង​ធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា​ខាង​មុខ​នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

កន្លង​មក មេធាវី ជូង ជូងី រិះគន់​ថា តុលាការ​ឃុំ​ខ្លួន​លោក សៀម ភ្លុក ពាក់ព័ន្ធ​រឿង​ស្នាម​មេដៃ គឺ​អយុត្តិធម៌ ចំពោះ​កូនក្ដី​លោក ព្រោះ​ក្នុង​ចំណោម​ស្នាម​មេដៃ ដែល​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ គឺ​មាន​បញ្ហា​តែ​ជាង​ពីរ​រយ​ស្នាម​មេដៃ​ប៉ុណ្ណោះ ក្នុង​ចំណោម​ស្នាម​មេដៃ​ជាង​បួន​ពាន់ (.០០០) ហើយ​បើ​ទោះ​ក្រសួង​មិន​ទទួល​ស្គាល់​ស្នាម​មេដៃ​មាន​បញ្ហា​ទាំង​នោះ ក៏​ស្នាម​មេដៃ​នៅ​សេសសល់​អាច​គ្រប់​ចំនួន​ស្នើ​បង្កើត​គណបក្ស​បាន​ដែរ។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មើល​ឃើញ​ថា ការ​ចាប់​មន្ត្រី​បក្ស​ភ្លើង​ទៀន​មិន​ប្រក្រតី​ត្រង់ សមត្ថកិច្ច​អនុវត្ត​មុន​សាលក្រម​របស់​តុលាការ​ប្រកាស។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា​ករណី​នេះ ស្ថាបនិក និង​អ្នក​ផ្ដិត​មេដៃ​គ្មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ឡើយ ផ្ទុយ​ទៅ​វិញ រឿង​នេះ​បង្កើន​បរិយាកាស​នយោបាយ​អាប់អួ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ និង​រង​ការ​រិះគន់​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។

លោក អំ សំអាត៖ «រឿង​ហ្នឹង ចាប់​ខ្លួន​ទៅ​លើ​សកម្មជន​គណបក្ស គឺ​សុទ្ធតែ​ជា​មេ​ដឹកនាំ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ទៀត អ៊ីចឹង​យើង​ឃើញ​ថា ចង់​មិន​ចង់​ទាំង​សហគមន៍​អន្តរជាតិ គឺ​គេ​រិះគន់​បន្ថែម​ទៀត អំពី​បញ្ហា​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស បរិយាកាស​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែកក្កដា ឆ្នាំ២០២៣នេះ»

គណបក្ស​ភ្លើង​ទៀន​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​អាជ្ញាធរ និង​តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​នោះ​អនុប្រធាន​គណបក្ស​នេះ លោក ថាច់ សេដ្ឋា កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ចេញ​សែក​គ្មាន​លុយ ចំណែក​អនុប្រធាន​គណបក្ស​នេះ​ម្នាក់​ទៀត លោក សុន ឆ័យ បាន​ចាញ់​ក្ដី​បក្ស​កាន់​អំណាច និង គ..ប ហើយ​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​បង់​ប្រាក់​ជំងឺ​ចិត្ត ១លាន​ដុល្លារ​ទៅ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​ឧត្ដម​ទីប្រឹក្សា​គណបក្ស​នេះ គឺ​លោក គង់ គាំ ក៏​ត្រូវ​បង្ខំ​ចិត្ត​ប្រគល់​ដី​ផ្ទះ​របស់​ខ្លួន​តម្លៃ​រាប់​លាន​ដុល្លារ​ឱ្យ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​ការ​មិន​ប្ដឹងផ្ដល់​តាម​ផ្លូវ​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក រ៉ុង ឈុន អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន កុំ​ឱ្យ​តក់ស្លុត ឬ​រាថយ ទោះជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។