សវនាការជុំទី៨ របស់មន្ត្រីបក្សប្រឆាំង តុលាការបង្ហាញភស្តុតាងខ្សែអាត់សំឡេង និងវីដេអូឃ្លិប
2022.11.24

សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿងរបស់សកម្មជននិងមន្ត្រីគណបក្សប្រឆាំងចំនួន ៣៩នាក់នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ដោយបង្ហាញភស្តុតាងជាខ្សែអាត់សំឡេងទំនាក់ទំនងតាមទូរស័ព្ទពីគម្រោងធ្វើមាតុភូមិនិវត្តរបស់អ្នកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ ប្រពន្ធជនជាប់ឃុំមើលឃើញថា ភស្តុតាងដែលតុលាការបានបង្ហាញនោះមិនអាចដាក់បន្ទុកលើប្ដីរបស់ខ្លួននិងសកម្មជនគណបក្សប្រឆាំងដទៃបានឡើយ។
សវនាការលើកទី៨ នេះ ក៏មិនខុសពីលើកមុនៗ ដែរ ដោយសមត្ថកិច្ចបាននាំជនជាប់ឃុំដែលជាសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣នាក់ រួមមាន លោក គង់ ម៉ាស់ លោក វឿង សំណាង និង លោក ខាន់ ប៊ុនផេង ចូលស្ដាប់ក្នុងបន្ទប់សវនាការ។ សវនាការនេះជាការបង្ហាញភស្តុតាងដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា បានបង្គាប់ឱ្យក្រឡាបញ្ជីចាក់ខ្សែអាត់សំឡេងឆ្លងឆ្លើយតាមទូរស័ព្ទរវាងលោក ខាន់ ប៊ុនផេង និងបុរសម្នាក់ឈ្មោះ សុខ ឡេង និងចាក់វីដេអូឃ្លិបរបស់អ្នកស្រី មួរ សុខហួរ ដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថ្លែងពីគម្រោងការវិលចូលស្រុកកាលពីឆ្នាំ២០២០។
ប្រពន្ធលោក គង់ ម៉ាស់ គឺលោកស្រី កុល សាតដែលបានចូលស្ដាប់ក្នុងបន្ទប់សវនាការ ថ្លែងថា ខ្សែអាត់សំឡេង ដែលតុលាការយកមកបង្ហាញនោះ គឺលោក ខាន់ ប៊ុនផេង មិនបាននិយាយឆ្លើយឆ្លងអ្វីជាមួយបុរសម្នាក់ទៀត ដែលមានឈ្មោះ សុខ ឡេង នោះទេ ដោយគ្រាន់តែលោកនិយាយថា អ្នកឯងមានការអីតែប៉ុណ្ណោះ។ ចំណែកឯបុរសឈ្មោះសុខ ឡេង នោះវិញ បាននិយាយផងសើចផងតែម្នាក់ឯងប្រៀបដូចជាមនុស្សវិកលចរិត។ លោកស្រីមើលឃើញថា ភស្តុតាងនេះមិនអាចដាក់បន្ទុកលើលោក ខាន់ ប៊ុនផេង បានឡើយ៖
«គឺគេយកសារសំឡេងមកចាក់នឹងប្ដីខ្ញុំ ក៏គាត់ច្រានចោលដែរ ។ហើយសម្រាប់ព្រឹកនេះរឿងលោក ខាន់ ប៊ុនផេង គឺចាក់ហើយចាក់ទៀត ឡើងបីបួនដងសំឡេងដដែល វាពាក់ព័ន្ធនឹងម្នាក់នឹងនិយាយតែឯង។ អីចឹងសម្រាប់ខ្ញុំ តុលាការគួរទម្លាក់រាល់ការចោទប្រកាន់ទាំងអស់នឹងដោះស្រាយលែងប្ដីពួកនាងខ្ញុំឱ្យគាត់មានសេរីភាពឡើងវិញ។ព្រោះអីវាចូលជិត២ឆ្នាំហើយ»។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំង លោក ឡោ ជុនធី ប្រាប់វិទ្យុអាស៊ីសេរីថាសវនាការលើកនេះ មិនមានការសួរដេញដោលលើជនជាប់ឃុំនោះទេ ដោយគ្រាន់តែតុលាការ ចាក់ខ្សែអាត់សំឡេងចំនួន៤សំឡេងនិងវីដេអូឃ្លិបមួយ។ លោកបញ្ជាក់ថា សវនាការខាងថ្ងៃមុខលោកនឹងធ្វើការសន្និដ្ឋានទៅតាមភាពជាក់ស្ដែងដែលតុលាការយកមកបង្ហាញនៅពេលនេះ៖ «គេចាក់តែសំឡេងទេ ហើយពិបាកស្ដាប់ដែរសំឡេងហ្នឹង សំឡេងគ្រលរៗ សំឡេងអីចឹង ប៉ុន្តែគេមានកំណត់នេះរបស់គេបាទ។ អត់អីទេការបង្ហាញភស្តុតាងវាតែប៉ុណ្ណឹង ហើយនៅពេលដែលយើងធ្វើសេចក្ដីសន្និដ្ឋានអាហ្នឹងយើងធ្វើទៅតាមហ្នឹងទៅបាទ»។
អាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ នៅភ្នំពេញ និងចាប់ខ្លួនលោក ខាន់ ប៊ុនផេង នៅខេត្តបាត់ដំបង ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទ "រួមគំនិតក្បត់"។ លោក គង់ ម៉ាស់ ដែលកំពុងជាប់ពន្ធនាគារពីរដងទាំងលើកនេះ គឺជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិប្រឆាំងខេត្តស្វាយរៀង ចំណែកលោក ខាន់ ប៊ុនផេង គឺជាអតីតចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅសង្កាត់ព្រែកព្រះស្ដេច ខេត្តបាត់ដំបង។ រីឯលោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ។
សំណុំរឿងនេះស្ថិតក្រោមការតាមឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីស្ថានទូតប្រទេសសេរីលោកខាងលិចមួយចំនួន និងតំណាងអង្គការសង្គមស៊ីវិលនានា។ ចំណែកនៅខាងក្រៅតុលាការវិញមានការដាក់ពង្រាយសមត្ថកិច្ចជាង ២០នាក់ការពារសន្តិសុខនៅជុំវិញបរិវេណតុលាការ។ សាលាដំបូងរាជធានីភ្នំពេញនឹងបន្តបើកសវនាការជំនុំជម្រះក្ដីក្ដាំសំណុំរឿងនេះទៀត នៅថ្ងៃទី៨ខែធ្នូ ដែលជាសវនាការស្ដាប់សេចក្ដីសន្និដ្ឋានបញ្ចប់លើអង្គសេចក្ដី។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា នៅតែមើលឃើញថា សកម្មជនគណបក្សប្រឆាំងទាំងនោះគ្មានកំហុសដូចការប្រកាន់របស់តុលាការឡើយ។ លោកបន្តថា សំណុំរឿងនេះជារឿងនយោបាយ ហើយប្រសិនបើតុលាការនៅតែបន្តរឿងក្ដីក្ដាំបែបនេះ ដូច្នេះរូបភាពនៃសវនាការវាគ្រាន់តែជាការធ្វើឡើង ដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ តែយ៉ាងណាលោកបញ្ជាក់ថា ការធ្វើបែបនេះនឹងមិនបានផលចំណេញអ្វីដល់ប្រទេសជាតិឡើយ ផ្ទុយទៅវិញវាកាន់តែបង្ហាញឱ្យឃើញពីភាពកម្សោយនៃប្រព័ន្ធតុលាការទៅវិញទេ៖
«ឱ្យអ្នកនយោបាយទាំងអស់ហ្នឹងងាកទៅដោះស្រាយផ្សះផ្សាបញ្ហានយោបាយទាំងអស់នឹងឡើងវិញទៅ កុំឱ្យប្រើប្រាស់យន្តការតុលាការហ្នឹងដើម្បីធ្វើការកាត់សេចក្ដីផ្ដន្ទាទោសអីទៅលើអ្នកនយោបាយទាំងអស់នឹង។ ហើយយើងថារូបភាពទាំងអស់ហ្នឹងមិនមែនទើបតែកើតមានលើកទីមួយទេនៅប្រទេសកម្ពុជា គឺថាអ្នកនយោបាយដែលជាប់ទោសជាប់ទណ្ឌហ្នឹងគឺមានច្រើនលើកច្រើនសារមកហើយ។តាំងពីក្រោយបោះឆ្នោតឆ្នាំ១៩៩៣មកយើងហើយ មិនដែលមានការដោះស្រាយតាមផ្លូវតុលាការនឹងចប់សព្វគ្រប់ជ្រុងជ្រោយទេ គឺមានតែការផ្សះផ្សាខាងនយោបាយហើយចាប់ផ្ដើមធ្វើការដោះលែងអ្នកដែលជាប់ទោសនឹងទៅវិញអីចឹងទៅ»។
សំណុំរឿងនេះមានសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ៣៩នាក់ ក្នុងនោះរួមមានលោក សម រង្សី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងមួយមនុស្សមួយចំនួនទៀត ដែលពួកគេកំពុងភៀសខ្លួននៅក្រៅប្រទេស។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគម្រោងការវិលចូលស្រុករបស់ អ្នកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីចូលទៅតតាំងក្ដីនៅចំពោះមុខតុលាការកាលពីឆ្នាំ២០២០។
ថ្មីៗនេះប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) បានថ្លែងសារដ៏កម្រទល់មុខលោក ហ៊ុន សែន ស្នើឱ្យកម្ពុជាស្ដារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពវិញនៅមុនការបោះឆ្នោតឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។