សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី

ដោយ មាន ឫទ្ធិ
2021-09-21
Share
សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី បណ្ឌិត សេង សារី អ្នក​ស្រាវជ្រាវ និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម
រូប៖ ហ្វេសប៊ុកលោក សេង សារី

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​បញ្ឈប់​ឱ្យ​ចាប់​ខ្លួន​អ្នក​ស្រាវជ្រាវ និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ស្នើ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ផ្អែក​តាម​ដីកា​បញ្ឈប់​ឱ្យ​ចាប់​ខ្លួន ចុះ​ថ្ងៃ​ទី២១ ខែកញ្ញា ចៅក្រម​ស៊ើបសួរ លោក ញឹម ពិសាល បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី ដោយ​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​រូប​នេះ ក៏​ទទួល​បាន​នូវ​ការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​ផ្អែក​តាម​ដីកា​លើកលែង​ការ​ចោទ​ប្រកាន់ ចុះ​ថ្ងៃ​ដដែល​នេះ។

អាជ្ញាធរ​របប​លោក ហ៊ុន សែន មាន​ផែនការ​ចាប់​ខ្លួន បណ្ឌិត សេង សារី តាំង​ពី​ថ្ងៃ​ទី៥ ខែសីហា មក​ម្ល៉េះ ពី​បទ «រួម​គំនិត​ក្បត់» និង «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្រោយ​ពី​លោក​បាន​វិភាគ​អំពី​សេនារីយោ ៦ចំណុច នៃ​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ។ ក៏​ប៉ុន្តែ បណ្ឌិត សេង សារី កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ។ លោក ហ៊ុន សែន បាន​បង្ហើប​ពី​ការ​ប្រកាស​តាម​ចាប់​ខ្លួន និង​ព្រមាន​បាញ់​សម្លាប់​បណ្ឌិត សេង សារី កាលពីថ្ងៃទី១៧ ខែកញ្ញា ដោយ​លោក​ចោទ​ថា បណ្ឌិត សេង សារី គាំទ្រ «ចលនា​ឧទ្ទាម»។ ក៏​ប៉ុន្តែ ៤ ថ្ងៃ​ក្រោយ​មក លោក ហ៊ុន សែន បាន​បន្ទន់​ឥរិយាបថ​នេះ​វិញ ហើយ​អំពាវនាវ​ឱ្យ​តុលាការ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​បណ្ឌិត សេង សារី ដោយ​លោក​ទទួល​ស្គាល់​ថា ការ​វិភាគ​របស់​បណ្ឌិត សេង សារី គឺ​ជា​ការ​វិភាគ​បែប​សេនារីយោ។

អ្នកវិភាគ និង​ពលរដ្ឋ​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ចំពោះ​ការ​បន្ទន់​ឥរិយាបថ​របស់​លោក ហ៊ុន សែន ថា ជា​គុណធម៌​ក្លែងក្លាយ ខណៈ​ពួក​គេ​ថា លោក ហ៊ុន សែន គួរ​ធ្វើ​ដូច​គ្នា​នេះ​ទៅ​លើ​អ្នក​ទោស​នយោបាយ​ជា​ច្រើន​ទៀត ដែល​កំពុង​ជាប់​គុក​បច្ចុប្បន្ន រួមមាន ទាំង​មេ​សហជីព លោក រ៉ុង ឈុន អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជា​ដើម ដោយសារ​ពួក​គេ​ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​ទាំង​គ្មាន​ទោស​កំហុស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល