លោក សុន ឆ័យ ​ថា តុលាការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក​ដោយ​បំពាន​នីតិវិធី

ដោយ យ៉ង ចាន់តារា
2022.11.26
Share on WhatsApp
Share on WhatsApp
លោក សុន ឆ័យ ​ថា តុលាការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក​ដោយ​បំពាន​នីតិវិធី លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។
រូប៖ NEC

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ចាត់​ទុក​ការ​សម្រេច​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក​ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

អ្នក​នយោបាយ​ចាស់​ទុំ និង​មាន​ប្រជាប្រិយភាព​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង គឺ​លោក សុន ឆ័យ កំពុង​ប្រឈម​នឹង​ការ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​អចលនវត្ថុ​របស់​លោក​ចំនួន​ពីរ​កន្លែង​ដោយ​ស្ងាត់​ៗ ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក សុន ឆ័យ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​ទី២៦ ខែវិច្ឆិកា​ថា នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​សំណុំរឿង​របស់​លោក​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​នៅឡើយ។ លោក សុន ឆ័យ ចាត់​ទុក​ករណី​តុលាការ​ចេញដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​នេះ​ថា ជា​ការ​បំពាន​នីតិវិធី​របស់​ខ្លួន៖ 

«ខ្ញុំ​ដូចជា​មិន​មាន​អ្វី​បកស្រាយ​ច្រើន ដោយ​ករណី​នេះ​ផ្ទុយ​ពី​នីតិវិធី​តុលាការ»

លោក សុន ឆ័យ បញ្ចេញ​ប្រតិកម្ម​បែបនេះ ក្រោយ​ពី​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញលោក អួង វុទ្ធា បាន​ចេញ​ដីកា​រឹបអូស​ជា​បណ្ដោះអាសន្ន​នូវ​អចលនទ្រព្យ​របស់​លោក​ចំនួន​ពីរ​កន្លែង គឺ​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ ដីកា​នេះ​ចេញ​កាល​ពី​ថ្ងៃ​ទី១១ ខែវិច្ឆិកា ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី ២៦ វិច្ឆិកា។ ដីកា​សម្រេច​របស់​ចៅក្រម អួង វុទ្ធា នេះ គឺ​យោង​ទៅលើ​សំណើ​របស់​លោក គី តិច មេធាវី​តំណាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ភាគី​ដើម​បណ្ដឹង។

តុលាការ​ក្រុង​ភ្នំពេញ​ដែល​មាន​ថ្នាក់ដឹកនាំ និង​ចៅក្រម​ភាគច្រើន​ជា​សមាជិក​គណបក្ស​កាន់​អំណាច​នោះ បាន​សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់ក្ដី​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ពីរ ដែល​​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ តុលាការ​បាន​បង្គាប់​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បង់​សំណង​ឱ្យ​បក្ស​កាន់អំណាច​ចំនួន ៧៥ ម៉ឺន​ដុល្លារ និង​ប្រាក់​ពិន័យ​ជាង ៤ ពាន់​ដុល្លារ​ថែម​ទៀត។ ការ​ដាក់ទោស​លោក សុន ឆ័យ នេះ គឺ​ដោយសារ​ការ​បញ្ចេញ​មតិ​របស់​លោក​ទាក់ទង​នឹង​ការបោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ដែល​មិន​សេរី និង​មិន​យុត្តិធម៌។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញលោក អ៊ី រិន្ទ ដើម្បី​សាកសួរ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​យប់​ថ្ងៃ​ទី២៦ ខែវិច្ឆិកា។

ទាក់ទង​រឿង​នេះ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា កត់សម្គាល់​ថា រឿង​ក្ដី​របស់​លោក សុន ឆ័យ កំពុង​ស្ថិត​ក្នុង​នីតិវិធី​នៅឡើយ ដូច្នេះ​ការ​សម្រេច​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​គាត់​បែបនេះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ លោក​យល់​ថា ករណី​នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ៖ 

«គាត់[សុន ឆ័យ] ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍ អ៊ីចឹង​អា​ហ្នឹង​ទាល់តែ​រង់ចាំ​ដល់​[តុលាការ]កំពូល​ទៀត​ឯណោះ។ អ៊ីចឹង ការ​ធ្វើ​ដូច្នេះ យើង​ពិនិត្យ​មើល​ឃើញ​ថា វា​ហាក់បីដូចជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក សុន ឆ័យ ឬក៏​អ្នកនយោបាយ​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ទៅ​វិញ​ហើយ»

ទាក់ទង​នឹង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក សុន ឆ័យ នៅ​ពេល​នេះ តុលាការ​ក្រុងភ្នំពេញ​បាន​បើក​ផ្លូវ​ឱ្យ​លោក​អាច​ដាក់ពាក្យ​សុំ​តវ៉ា ឬ​សុំ​លុប​ចោល​ដីកា​នេះ​វិញ​បាន តាម​រយៈ​ការ​ដាក់​ប្រាក់​តម្កល់​ចំនួន ៣ ពាន់​លាន​រៀល ឬ​ប្រមាណ ៧៥ ម៉ឺន​ដុល្លារ ដែល​ចំនួន​នេះ​ស្មើគ្នា​នឹង​ចំនួន​ដែល​តុលាការ​បាន​បង្គាប់​ឱ្យ​លោក​សង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​បច្ចុប្បន្ន សំណុំរឿង​នេះ​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​នៅឡើយ​ទេ ខណៈ​សាលាឧទ្ធរណ៍​ទើបតែ​កោះហៅ លោក សុន ឆ័យ ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
អ្នកឃ្លាំមើល​ថា គណបក្ស​ប្រជាជនកម្ពុជា​ពុំបាន​ប្រកាន់​ជំហរគោលនយោបាយ​បរទេស​ឯករាជ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។