តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​សកម្មជន និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ១២នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ៨ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់

ដោយ ទីន ហ្សាការីយ៉ា
2023.10.25
តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​សកម្មជន និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ១២នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ៨ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ (ពីឆ្វេងទៅស្ដាំ) អ្នកស្រី មូរ សុខហួរ លោក សម រង្ស៊ី និង​លោក អេង ឆៃ អ៊ាង និង​​(ជួរក្រោយទី២) លោក ហូរ វ៉ាន់ ក្នុង​កិច្ចប្រជុំសមាជិកគណបក្ស​សង្គ្រោះ​ជាតិ នៅសហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ RFA

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ១២នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ៨ឆ្នាំ ក្នុង​សំណុំ​រឿង​ពីរ​បន្ថែម​ទៀត​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ខណៈ​សកម្មជន​បក្ស​នេះ​ម្នាក់​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ត្រូវ​បាន​តុលាការ​ព្យួរ​ទោស​ឱ្យ​នៅ​ក្រៅ​ឃុំ។ គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​នយោបាយ​លើ​សំឡេង​ប្រឆាំង។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក លិ សុខា នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែតុលា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​១២នាក់ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ទាក់ទង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ឆ្នាំ២០២១ ដូចជា រឿង​រិះគន់​អតីត​ថ្នាក់​ដឹក​រដ្ឋាភិបាល​លួច​ទិញ​សញ្ជាតិ​បរទេស​នៅ​ប្រទេសស៊ីប (Cyprus) និង​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​សង​បំណុល​មួយ​រយៈពេល​ទាំង​ការ​ទាំង​ដើម​អំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​មាន ថ្នាក់​ដឹកនាំ​បក្ស​នេះ ៤នាក់ ​រួមមាន​ លោក សម រង្ស៊ី លោក អេង ឆៃ អ៊ាង អ្នកស្រី មូរ សុខហួរ និង​លោក ហូរ វ៉ាន់ ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ ៨ឆ្នាំ ពិន័យ​ជា​ប្រាក់ ៤លាន​រៀល ដក​ហូត​សិទ្ធិ​បោះឆ្នោត​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​រយៈ​ពេល ៥ឆ្នាំ និង​ចេញ​​​​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន។

ចំណែក​សកម្មជន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​គឺ លោក វឿង សំណាង និង​សកម្មជន ៦នាក់​ផ្សង​ទៀត ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​រួមមាន​លោក នាង សុឃុន លោក ឈុន សុទ្ធី និង​លោក អាត់ វិចិត្រ ជា​ដើម​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦ឆ្នាំ ហើយ​ពិន័យ​ជា​ប្រាក់​៤លាន​រៀល​ដែរ។ ប៉ុន្តែ ក្នុងចំណោម​ជន​ជាប់​ចោទ​ទាំង ១១នាក់​នោះ​មាន​សកម្មជន​ម្នាក់​ដែល​បាន​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ នេះ​គឺ លោក វឿន វាសនា ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ តែ​តម្រូវ​ឲ្យ​អនុវត្ត​ទោស ដែល​បាន​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​កន្លង​មក ហើយ​ទោស ដែល​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​រយៈ​ពេល ២ឆ្នាំ។

ក្រោយ​តុលាការ​ប្រកាស​សាលក្រម​ភ្លាម​នោះ លោក វឿង សំណាង ពាក់​អាវ​អ្នកជាប់ឃុំ ដៃ​ជាប់​ខ្នោះ​បាន​ស្រែក​នៅ​ក្នុង​បន្ទាប់​សវនាការ​ថា ​តុលាការ​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ ៦ឆ្នាំ​បន្ថែម​ទៀត គឺ​ជា​រឿង​នយោបាយ និង​ដាក់​សម្ពាធ​លើ​លោក​ដែល​កំពុង​ជាប់​ឃុំ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ទៅ​ឃុំ​ខ្លួន​វិញ។

ប្រពន្ធ​លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ចូល​ស្ដាប់​សាលក្រម​ថា ប្ដី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។ លោកស្រី​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថា ជា​រឿង​អយុត្តិធម៌ ធ្វើ​បាប​មនុស្ស​ស្អាតស្អំ ដែល​ចង់​បាន​សង្គម​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោកស្រី ទៀង ចិន្តា៖ «ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​នេះ ដើម្បី​គាប​សង្កត់​លើ​ប្ដី​របស់ខ្ញុំ​ឱ្យ​ពិបាក​ទ្រាំទ្រ​តទៅ​ទៀត ពីព្រោះ​តុលាការ​អត់​មាន​ភស្តុតាង​ច្បាស់លាស់​ណា​ថា គាត់​បាន​ធ្វើអ្វី​ខុស​ហើយ​កាត់​ទោស​រហូត​ដល់​ទៅ ៦ឆ្នាំ សំណុំ​រឿង​ញុះញង់ រួម​គំនិត​ក្បត់​កាត់ទោស ៥ឆ្នាំ​រួច​ហើយ ហើយ​ឥឡូវ​មក​ថែម ៦ឆ្នាំ​ទៀត។ អ៊ីចឹង​វា ១១ឆ្នាំ ហើយ​ខ្ញុំ​ជា​គ្រួសារ​ទទួល​យក​បាន​ទេ វា​រង​សម្ពាធ​អ្វី​ខ្លះ កូន​របស់​ខ្ញុំ​អត់​ដឹង​ទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​វិបត្តិ​ផ្លូវ​ចិត្ត អ៊ីចឹង​ទៅ​វា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​គ្រួសារ​របស់​ខ្ញុំ»

ចំណែក​មេធាវី​ការពារ​ក្តី​ឱ្យ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ លើកឡើង​ថា​ការ​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ជា​អ្នក​នយោបាយ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​លើ​បណ្ដេញ​សង្គម គឺ​ជា​ការ​សម្រេច​មិន​ត្រឹមត្រូវ ពីព្រោះ​សកម្មភាព​របស់​កូនក្ដី​លោក​នា​ពេល​កន្លង​ទៅ​នោះ ជា​ការ​អនុវត្ត​សិទ្ធិ​មិនមែន​ជា​អំពើ​ល្មើស​ច្បាប់​អ្វី​ឡើយ។ ម្យ៉ាង​ទៀត​តុលាការ​មិន​បាន​កោះហៅ​កូន​ក្ដី​របស់​លោក ដែល​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​មក​ប្រើ​សិទ្ធិ​ក្នុង​ការ​ចូលរួម​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ម្ដង​ណា​ដែរ។ លោក​បញ្ជាក់​ថា លោក​នឹង​ជួប​ជែក​អំពី​ផ្លូវ​ច្បាប់ និង​សិទ្ធិ​នានា ជាមួយ​កូន​ក្ដី​មុន​នឹង​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍​ករណី​នេះ​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ជួយ​រក​យុត្តិធម៌​បន្ត​ទៀត។

លោក សំ សុគង់៖ «រឿង​នេះ​វា​ទាក់​ទង​រឿង​បញ្ចេញ​មតិ សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់ទង​នឹង​មន្រ្តី​សាធារណៈ​គឺ​វា​មិន​មែន​ជា​កំហុស​ទេ ជា​ការប្រើប្រាស់​សិទ្ធិ​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ជាពិសេស​កតិកា​សញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន​ផង​ដែរ ការ​បញ្ចេញ​មតិ​វា​មិនមែន​ជា​កំហុស​ទេ វា​ជា​ការប្រើប្រាស់​សិទ្ធិ​តែ​ប៉ុណ្ណោះ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ ខែតុលា។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មើល​ឃើញ​ថា ការ​ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ជាប់​គុក​រាប់​សិប​ឆ្នាំ​នៅ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់ ដែល​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​បន្ត​រិះគន់​អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជំរុញ​ដល់​រដ្ឋាភិបាល​ថ្មី ជា​ពិសេស គណបក្ស​កាន់​អំណាច​គួរ​រក​មធ្យោបាយ​ផ្សះផ្សា​ជាតិ​ស្របតាម​ព្រះរាជ​បណ្ដាំ​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតនកោដ្ឋ និង​ឈរ​លើ​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ដើម្បី​ពលរដ្ឋ​គ្រប់​និន្នាការ​ទាំងអស់​បាន​ចូល​រួម​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោក អំ សំអាត៖ «អង្គការ​សិទ្ធិ​មនុស្សជាតិ អន្តរជាតិ ក៏​ដូច​ជា អង្គការ​សហប្រជាជាតិ​មើល​ឃើញ​ថា រឿង​ជា​ច្រើន​ដែល​ពលរដ្ឋ​គ្រាន់​តែ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន ចំណុច​ហ្នឹង​ហើយ បាន​គេ​ទាមទារ​ឱ្យ​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ​បាទ»

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ខែធ្នូ ឆ្នាំ២០២២ បាន​ផ្ដន្ទាទោស​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន ៣៧នាក់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ចន្លោះ​ពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ពាក់ព័ន្ធ​នឹង​គម្រោង​ការ​វិល​ចូល​ស្រុក​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ដើម​ខែមករា ឆ្នាំ២០២១។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក ដែល​មាន​និន្នាការ​ផ្ទុយ​នឹង​រដ្ឋាភិបាល​មិន​បាន​ផល​ចំណេញ​អ្វី​ដល់​កម្ពុជា​ឡើយ។ ផ្ទុយទៅវិញ​កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​ប្រទេស​លោក​ខាង​លិច ដែល​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ៕

អានព័ត៌មាននេះជាភាសាអង់គ្លេស៖ Cambodian court convicts opposition figures for Facebook comments

A Cambodian court on Tuesday sentenced exiled opposition leaders Sam Rainsy, Mu Sochua and 10 other activists to prison terms in a case connected to social media comments made in 2021.

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។