លោក ហ៊ុន សែន ស្នើកុំឱ្យពលរដ្ឋជេរលោកពេលចាញ់ក្តីនៅតុលាការ
2023.03.15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំកុំឱ្យប្រជាពលរដ្ឋជេរលោកនៅពេលចាញ់ក្តីតុលាការ ដោយលោកអះអាងថា ស្ថាប័ននោះជាអំណាចដាច់ដោយឡែក។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងយល់ថាស្ថាប័នតុលាការសព្វថ្ងៃបំពេញការងារមិនឯករាជ្យ និងស្ថិតក្រោមខ្សែញាក់របស់អ្នកមានលុយមានអំណាច ស្របពេលពលរដ្ឋក្រីក្រកម្រទទួលបានយុត្តិធម៌នោះឡើយ។
រដូវកាលបោះឆ្នោតកាន់តែខិតជិតមកដល់ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីស្នាដៃដឹកនាំប្រទេស និងផ្លែផ្កាចំពោះគោលនយោបាយបក្សប្រឆាំងផង ជាពិសេសលោកហាក់ចង់ផ្ញើសារស្អំចិត្តពលរដ្ឋខ្មែរដែលធ្លាប់យល់ឃើញថា ស្ថាប័នតុលាការនៅកម្ពុជាមិនឯករាជ្យក្រោមការដឹកនាំរបស់លោកកន្លងមកនេះ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅខេត្តពោធិ៍សាត់ នៅថ្ងៃ១៤ ខែមីនា លោក ហ៊ុន សែន ណែនាំឱ្យមន្ត្រីក្រោមឱវាទ ខិតខំដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋនៅក្រៅព័ន្ធតុលាការជាជាងប្តឹងផ្តល់ឱ្យនាំខាតបង់ពេលវេលា និងលុយកាក់ផ្សេងៗ។ លោកបន្តថាបើរឿងក្តីក្តាំទៅដល់តុលាការហើយមានតែឈ្នះនិងចាញ់តែប៉ុណ្ណោះ ប៉ុន្តែអ្នកដែលចាញ់ក្តីនៅតុលាការតែងជេរលោកទៅវិញ។ លោក ហ៊ុន សែន អះអាងថា លោកមិនបានត្រួតត្រាលើតុលាការនោះទេ ពីព្រោះស្ថាប័ននេះជាអំណាចមួយដាច់ដោយឡែកពីរដ្ឋាភិបាល។
លោក ហ៊ុន សែន៖ «ខ្ញុំលើកទឹកចិត្តឱ្យដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ហើយរឿងនេះគឺអាចដោះស្រាយបានតែបីម្ចាស់តើ យើងហៅបីម្ចាស់ហ្នឹង ក្តីក្តាំយូរៗទៅអស់ក្តិតខោគ្រាន់តែថ្លៃមេធាវី ពេលអ្នកឈ្នះថាតុលាការយុត្តិធម៌ ដល់អ្នកចាញ់ថាតុលាការអយុត្តិធម៌ ដល់ពេលយូរៗទៅខឹងគោវ៉ៃរទេះ ហើយខឹងតុលាការមកជេរ ហ៊ុន សែន ហើយត្រូវពួកប្រឆាំងញុះញង់ថែមទៅជារឿងមួយផ្សេងទៀត»។
ទោះបីលោក ហ៊ុន សែន ថ្លែងការពារខ្លួនបែបនេះក្តី ប៉ុន្តែប្រព័ន្ធតុលាការនៅកម្ពុជាត្រូវបានគេមើលឃើញថា ស្ថិតក្រោមការបង្គាប់បញ្ជារបស់លោក ហើយតុលាការត្រូវបានអ្នកវិភាគចាត់ទុកថា ជាតុលាការតេឡេថែមទៀតផង។
ទាក់ទងរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ មើលឃើញថាបច្ចុប្បន្នលោក ហ៊ុន សែន កំពុងក្តោបក្តាប់គ្រប់វិស័យទាំងអស់រួមទាំងស្ថាប័នតុលាការផង ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែរងភាពអយុត្តិធម៌ និងឈឺចាប់កាន់តែខ្លាំង។ យ៉ាងណាលោកចាត់ទុកសាររបស់លោក ហ៊ុន សែន ពេលនេះ គឺគ្រាន់តែនិយាយលួងលោមពលរដ្ឋខ្មែរឱ្យគិតវិជ្ជមានចំពោះរដ្ឋាភិបាលនៅមុនការបោះឆ្នោតតែប៉ុណ្ណោះ ពីព្រោះរឿងអយុត្តិធម៌ និងបញ្ហាជីវភាពរបស់ពលរដ្ឋដែលមានទំនាស់ដីធ្លីដោយសារតែអ្នកមានលុយ និងមានអំណាចរំលោភយកលោក ហ៊ុន សែន មិនដែលអើពើជួយអន្តរាគមន៍ដល់ពួកគេឡើយ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ដឹកនាំប្រទេសប្រមាណជិត៤០ឆ្នាំហើយ យើងមើលរឿងដីធ្លី ព្រៃ ភ្នំ បឹងបួ រ៉ែទាំងអស់ហ្នឹងថាដោះស្រាយរឿងកាប់ព្រៃកាប់ឈើមិនបាននឹងកាត់កកាត់ដៃអី គាត់ធ្វើអ្វីកើត។ តុលាការសព្វថ្ងៃពុករលួយធ្ងន់ធ្ងរ ហើយស្ថិតក្រោមការត្រួតត្រារបស់អ្នកនយោបាយបានយ គឺលោក ហ៊ុន សែន ផ្ទាល់តែម្តង ហើយការលូកដៃរបស់លោក ហ៊ុន សែន និងថ្នាក់ដឹកនាំចូលក្នុងប្រព័ន្ធយុត្តិធម៌នេះបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ឯករាជ្យភាពនៃតុលាការ»។
លោក ហ៊ុន សែន តែងចេញមុខអន្តរាគមន៍ជួយមនុស្សនៅក្បែរ ឬអ្នកធ្វើការងារបម្រើផលប្រយោជន៍ក្រុមគ្រួសាររបស់លោកនោះ។ ថ្មីៗនេះ លោកបានចេញមុខធានាឱ្យអាជ្ញាធរដោះលែងអ្នកអត្ថាធិប្បាយព័ត៌មានអន្តរជាតិនៅទូរទស្សន៍បាយ័នរបស់កូនស្រីលោក គឺអ្នកស្រី ហ៊ុន ម៉ាណា ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់រឿងលក់ដីខ្យល់ តម្លៃប្រមាណ៣៦លានដុល្លារ។ ករណីមួយទៀតនេះ លោក ហ៊ុន សែន បានបញ្ជាឱ្យចាប់ខ្លួនអ្នកស្រី សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលមានទំនាស់ដីធ្លីជាមួយស្រីរបស់លោកគឺអ្នកស្រី ហ៊ុន ប៊ុនធឿន។ ដោយសារសុទ្ធតែគ្នាឯងដូច្នេះហើយលោក ហ៊ុន សែន បានលុបចោលការចាប់ខ្លួនវិញ ក្រោយអ្នកស្រី សៀង ចាន់ហេង ព្រមប្រគល់ដីឱ្យប្អូនស្រីពៅរបស់លោក ក្រោមការសម្របសម្រួលដោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ ខែមីនាថា កន្លងមកនេះយន្តការដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលហាក់ទទួលបានលទ្ធផលតិចតួចនៅឡើយ ដោយសារមន្ត្រីអសកម្ម ហើយការដោះស្រាយមិនឈរលើយុត្តិធម៌។ លោកកត់សម្គាល់ថា ករណីដើមបណ្តឹងភាគច្រើនជាអ្នកមានលុយមានអំណាចប្តឹងបំបាក់ស្មារតី និងចាប់ខ្លួនប្រជាពលរដ្ឋក្រីក្រចេញតវ៉ាបញ្ហាទំនាស់ដីធ្លីតាមប្រព័ន្ធតុលាការវិញហាក់មានប្រសិទ្ធភាព ជាក់ស្តែងករណីវិវាទដីធ្លីជាង២០ឆ្នាំនៅខេត្តកោះកុង ព្រលានយន្តហោះថ្មីខេត្តកណ្តាល និងករណីពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោករាជធានីភ្នំពេញជាដើម។
លោក វណ្ណ សុផាត៖ «សូមអំពាវនាវដល់រដ្ឋាភិបាលជាពិសេសប្រមុខរដ្ឋាភិបាលកុំផ្ដោតតែលើរឿងធំៗដែលប៉ះពាល់ដល់អ្នកមានអំណាច អ្នកមានខ្នង មានក្រុមហ៊ុនអ៊ីចឹងឃើញអន្តរាគមន៍ភ្លាមៗតែប្រជាពលរដ្ឋរងផលប៉ះពាល់ដូចជានៅព្រលានយន្តហោះថ្មី បឹងតាមោកអីហ្នឹងបែរជាអត់មានដំណោះស្រាយ ឃើញថាអត់មានសមភាពរវាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីនិងក្រុមហ៊ុនអ្នកមានអំណាចបាទ»។
របាយការណ៍គម្រោងយុត្តិធម៌ពិភពលោក (WJP) បានរកឃើញថា កម្ពុជាពូកែខាងរំលោភច្បាប់។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ផ្នែកនីតិរដ្ឋ ឬគោរពច្បាប់ស្ទើរតែនៅបាតតារាងគឺនៅលេខ ១៣៩ ក្នុងចំណោម១៤០ប្រទេស ក្នុងឆ្នាំ២០២២។ របាយការណ៍នេះបានបង្ហាញកត្តាចម្បងៗចំនួន៨ សម្រាប់ដំណើរការដាក់សន្ទស្សន៍នីតិរដ្ឋ ក្នុងនោះរួមមានដូចជា ដែនកំណត់អំណាចរដ្ឋាភិបាល ការលុបបំបាត់អំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិជាមូលដ្ឋាន សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ការពង្រឹងការអនុវត្តច្បាប់ យុត្តិធម៌ផ្នែករដ្ឋប្បវេណី និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ ដែលកម្ពុជាសុទ្ធតែទទួលបានពិន្ទុទាបទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។