អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
2023.01.31

អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបំភ័ន្តសាធារណៈដែលផ្ទុយពីច្បាប់។ ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់យល់ឃើញថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពឃោសនាឱ្យពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើឡើងដោយស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
អ្នកវិភាគនយោបាយ និងអ្នកសិក្សាផ្នែកច្បាប់លើកឡើងថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត បង្ហាញភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងនយោបាយ ហើយសកម្មភាពទាំងនោះគឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានាស្ដីពីការបោះឆ្នោត។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា មាត្រា៨៣ នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អនុញ្ញាតឱ្យកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សណាមួយ ក្រៅម៉ោងការងារ តែនៅក្នុងរដូវការឃោសនាបោះឆ្នោត ដែលមានរយៈពេលត្រឹមតែមួយខែ តែប៉ុណ្ណោះ។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត មិនមែនមិនយល់អំពីអត្ថន័យច្បាប់ដែលបានចែងនោះទេ ប៉ុន្តែលោកមានចេតនាបំភ្លៃច្បាប់ ដើម្បីកែតម្រូវសកម្មភាពខុសច្បាប់របស់លោកតែប៉ុណ្ណោះ។
លោក គឹម សុខ៖ «នៅពេលដែលគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ដឹងថា អាហ្នឹងគឺជាការបំពានច្បាប់ទៅហើយ នៅតែបំពានច្បាប់ម្ដងហើយម្ដងទៀត នេះទាល់តែពិនិត្យអំពីផ្លូវច្បាប់រំលាយគណបក្សប្រជាជនកម្ពុជាចោល ពីព្រោះគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំធ្វើច្បាប់ហ្នឹង គណបក្សប្រជាជនកម្ពុជា ជាអ្នកកើយច្បាប់ហ្នឹង គណបក្សប្រជាជនកម្ពុជាដឹងទាំងអស់អំពីខ្លឹមសារច្បាប់ហ្នឹង»។
ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា បើទោះបីជាច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រ អនុញ្ញាតឱ្យមន្ត្រីយោធា អាចចូលរួមគាំទ្រឃោសនាគណបក្សនយោបាយណាមួយ ក្នុងរដូវការឃោសនាបោះឆ្នោតក្ដី ប៉ុន្តែសកម្មភាពឃោសនាមុនរដូវការបែបនេះ គឺធ្វើឡើងដោយអធម្មនុញ្ញភាព ដែលមានន័យថា ធ្វើឡើងដោយផ្ទុយពីច្បាប់កំពូលរបស់ជាតិ។
លោក វ៉ន ចាន់ឡូត៖ «មានតែប្រទេសកុម្មុយនិស្តទេដែលគេអនុវត្តច្បាប់អ៊ីចឹង គឺកងកម្លាំងប្រដាប់អាវុធ តុលាការ ឬក៏អីពាក់ព័ន្ធទាំងអស់ដែលជាស្ថាប័នអព្យាក្រឹតហ្នឹង ជាសមាជិកបក្ស ឬក៏នៅក្រោមឥទ្ធិពលរបស់បក្ស តែបើប្រទេសសេរីអត់ទេ ការបកស្រាយដោយសំអាងទៅលើច្បាប់ហ្នឹង ថាយើងអាចធ្វើបាន អាហ្នឹងវាគ្រាន់តែជា ដើម្បីការពារខ្លួនឯង យើងយកជាការម្ដេចកើត វាអត់ត្រឹមត្រូវទេ វាផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ វាផ្ទុយទៅនឹងគោលគំនិតនៃធម្មជាតិប្រជាធិបតេយ្យ ហើយវាប្រាសចាកទៅនឹងច្បាប់ជាមូលដ្ឋាន គឺច្បាប់ស្ដីពីសហលក្ខខណ្ឌតិកៈកងកម្លាំងប្រដាប់អាវុធ»។
ការលើកឡើងទាំងនេះ ធ្វើឡើងបន្ទាប់ពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាក្នុងពេលអនាគត គឺលោក ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពឃោសនាបោះឆ្នោតរបស់លោក ធ្វើឡើងដោយស្របតាម មាត្រា៨៣ នៃច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈពេលជាង៦នាទី នៅលើទំព័រហ្វេសប៊ុកឪពុករបស់លោក គឺលោក ហ៊ុន សែន នៅថ្ងៃទី៣០ ខែមករា។
លោក ហ៊ុន ម៉ាណែត៖ «សួរលោកប្អូន ឬអ្នកវិភាគដែលចោទខ្ញុំ តើខ្ញុំដែលពាក់ខោអាវយោធា ហើយឃោសនាឱ្យគាំទ្រគណបក្សប្រជាជនទេ? បើមានដាក់រូបថតហ្នឹងមក ខ្ញុំអត់ទេ។ ថ្ងៃនេះខ្ញុំពាក់ស៊ីវិល ក្រៅម៉ោងធ្វើការកងទ័ព ថ្ងៃសៅរិ៍។ ខ្ញុំអត់ខុសទេ ច្បាប់មានច្បាស់ ប្អូនទៅមើលឡើងវិញ»។
ការអះអាងរបស់លោក ហ៊ុន ម៉ាណែត បែបនេះដូចទៅនឹងសកម្មភាពមន្ត្រីរាជការស៊ីវិល ដែលមានតួនាទីខ្ពស់ ដឹកនាំស្ថាប័នរដ្ឋ ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ហើយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន បង្ខិតបង្ខំឱ្យអ្នកនៅក្រោមបង្គាប់គាំទ្រគណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះ សមាជិកថ្នាក់ខេត្ត នៃគណបក្សសង្គ្រោះជាតិ លោក ម៉េង សុធារ៉ា យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត មិនត្រឹមតែផ្ទុយពីច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតែប៉ុណ្ណោះទេ តែក៏ផ្ទុយពីច្បាប់ស្ដីពី គណបក្សនយោបាយផងដែរ។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត អាចសម្ដែងការគាំទ្រ និងឃោសនាឱ្យគណបក្សប្រជាជនកម្ពុជាបាន លុះត្រាតែលោកលាលែងពីតំណែងជាមេបញ្ជាការ កងទ័ពជើងគោក ជាមុនសិន ហើយការឃោសនា ធ្វើឡើងតែក្នុងរដូវការបោះឆ្នោត ដែលមានតែរយៈពេលត្រឹមតែ២១ថ្ងៃ មុនការបោះឆ្នោតតែប៉ុណ្ណោះ។
លោក ម៉េង សុធារ៉ា៖ «ស្នើសុំឱ្យតំណាងមន្ត្រីគណបក្សនយោបាយទាំងអស់ ឈប់ឃោសនាបោកបញ្ឆោត ពង្វាងដានទៅដល់ម្ចាស់ឆ្នោត សូមឱ្យគាត់គោរពទៅតាមបែបផែននៃលទ្ធិប្រជាធិបតេយ្យ គឺគោរពម្ចាស់ឆ្នោត ដើម្បីឱ្យគាត់ធ្វើសេចក្ដីសម្រេចដោយឯករាជ្យ ដោយមិនមានការភ័យខ្លាច»។
អ្នកវិភាពនយោបាយលើកឡើងថា សារនយោបាយរបស់លោក ហ៊ុន ម៉ាណែត ដែលបំភ្លៃពីតថភាពច្បាប់បានចែងដូចនេះ និងធ្វើឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា លែងមានទំនុកចិត្តលើលោក ហើយប្រជាពលរដ្ឋ និងយល់កាន់តែច្បាស់ពី ទម្លាប់នយោបាយទុច្ចរិត របស់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនក្នុងគ្រួសារត្រកូលហ៊ុននាពេលអនាគតរូបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។