អ្នក​ជំនាញ​ច្បាប់ និង​អ្នក​តាមដាន​នយោបាយ​ថា ឃាតកម្ម​លោក លិម គិមយ៉ា ជាប់​ពាក់ព័ន្ធ​រដ្ឋាភិបាល ដែល​រៀបចំ​ជា​ប្រព័ន្ធ

ដោយ ទីន ហ្សាការីយ៉ា
2025.01.08
អ្នក​ជំនាញ​ច្បាប់ និង​អ្នក​តាមដាន​នយោបាយ​ថា ឃាតកម្ម​លោក លិម គិមយ៉ា ជាប់​ពាក់ព័ន្ធ​រដ្ឋាភិបាល ដែល​រៀបចំ​ជា​ប្រព័ន្ធ រូបខាងស្ដាំ គឺ​ជនសង្ស័យ​ជា​ឃាតក​បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អតីត​​ជា​ទាហាន​ជើងទឹក​ថៃ​ម្នាក់ ឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ហៅ ចា អឹម (Ja M) ដែល​​នគរបាលកម្ពុជា​ចាប់បាន​នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី៨ ខែមករា ឆ្នាំ២០២៥។
រូបពីទូរទស្សន៍ថៃ AMARIN TV 2025-01-08

ក្រុម​អ្នក​ជំនាញ​ច្បាប់ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​សង្ស័យ​ថា ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា អាច​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​នៅ​ពី​ក្រោយ។ ពួក​គេ​លើក​ពី​ទឡ្ហីករណ៍​មួយ​ចំនួន ដែល​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​កម្ពុជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ។

តើ​មាន​ភស្តុតាង​អ្វី​ខ្លះ ដែល​ថា ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ដែល​រដ្ឋាភិបាល​ត្រកូល ហ៊ុន អាច​នៅ​ពី​ក្រោយ?

អ្នក​សិក្សា​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វន ចាន់ឡូត មាន​ប្រសាសន៍​ថា ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ាង អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ជា​រឿង​នយោបាយ ដែល​មាន​រៀបចំ​ជា​ប្រព័ន្ធ។ លោក វ៉ន ចាន់ឡូត ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លើក​ឡើង​ថា ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់ លោក លិម គិមយ៉ា គឺ​ជន​សង្ស័យ​បាន​រត់​គេច​ពី​កន្លែង​បាញ់​ប្រហារ ហើយ​មាន​ឡាន​រង់ចាំ​ទទួល​ដឹក​យក​កម្ពុជា តាម​ច្រក​ព្រំដែន​ខែត្រ​បាត់ដំបង។

លោក វ៉ន ចាន់ឡូត៖ «មាន​តម្រុយ​ក្នុង​កាមេរ៉ា​ផ្សេងៗ ទៀត មាន​អ្នក​មក​ដឹក​ឃាតក ហើយ​ចេញ​តាម​ច្រក​ព្រំដែន។ កិច្ចការ​ទាំង​អស់​នេះ សុទ្ធតែ​ជា​តម្រុយ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ ទៀត យក​មក​ផ្ដន្ទាទោស»

ក្រុម​ប៉ូលិស​ស៊ើបអង្កេត​របស់​ថៃ នៅ​ថ្ងៃ​ទី៨ ខែមករា បាន​រក​ឃើញ​ថា ឃាតក​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​អតីត​ទាហាន​ជើងទឹក​ថៃ​ម្នាក់ ឈ្មោះ អេកាឡាក់ ផែណយ (Aekaluck Paenoi) ហៅ ចា អឹម (Ja M) មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូឌុប។

សមត្ថកិច្ច​កម្ពុជា និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ចាប់​បាន​ជន​សង្ស័យ​ជា​ឃាតក អេកាឡាក់ ផែណយ នៅ​ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​បន្ត​នីតិវិធី។ អាជ្ញាធរ​កម្ពុជា​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ជូន​ជន​សង្ស័យ​ទៅ​ប្រទេស​ថៃ​វិញ គឺ​អាច​ធ្វើ​បាន ក្រោយ​ពេល​កម្ពុជា​បញ្ចប់​ការ​ស្រាវជ្រាវ។

វីដេអូ​សុវត្ថិភាព ដែល​សារ​ព័ត៌មាន​ថៃ​យក​មក​ចុះ​ផ្សាយ​ភ្លាមៗ នៅ​មុន​ពេល​ជន​សង្ស័យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា បង្ហាញ​ថា ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​មក​រង់ចាំ​ជាង ១០នាទី មុន​ពេល​ធ្វើ​សកម្មភាព ដោយ​ជន​សង្ស័យ​មិន​បាន​ពាក់​មួក​សុវត្ថិភាព ឬ​បិទ​មុខ​ឡើយ។ វីដេអូ​បង្ហាញ​ថា ជន​សង្ស័យ​បាន​បាញ់ លោក លិម គិមយ៉ា ចំនួន ៣គ្រាប់ ហើយ​បាន​ដើរ​មក​ជិះ​ម៉ូតូ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ ដោយ​ទឹក​មុខ​មាំ និង​គ្មាន​ភាព​តក់ស្លុត​អ្វី​ឡើយ។

មុន​ពេល​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​បាន គឺ​ជន​សង្ស័យ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា Wave ដែល​ជន​សង្ស័យ​ជិះ​ធ្វើ​សកម្មភាព​នេះ យក​ទៅ​ចត​ចោល​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​ហៃវ៉េ ក្នុង​ទីក្រុង​បាងកក នៅ​វេលា​ម៉ោង​ប្រហែល ៦ល្ងាច ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥ ដោយ​មាន​ឡាន Pick up មួយ​គ្រឿង រង់ចាំ​ដឹក​យក​ទៅ​កម្ពុជា​តាម​ច្រក​របៀង​ព្រំដែន​សំពៅលូន​នៅ​វេលា​ម៉ោង ១២ និង ៤០នាទី​រំលង​អាធ្រាត្រ។

ក្រៅ​ពី​ជន​សង្ស័យ​ជនជាតិ​ថៃ ដែល​សមត្ថកិច្ច​ចាប់​បាន​ម្នាក់​នេះ នៅ​មាន​ជា​សង្ស័យ​ម្នាក់​ទៀត ដែល​ប៉ូលិស​ថៃ​បាន​កំណត់​អត្តសញ្ញាណ​ថា ជា​ជន​ជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ពេជ្រ គឹមស្រ៊ិន អាយុ ២៤ឆ្នាំ។ សារ​ព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​ដោយ​ភ្ជាប់​វីឌីអូ​ផង​ថា បុរស​ឈ្មោះ ពេជ្រ គឹមស៊្រិន នេះ បាន​ជិះ​ឡាន​ក្រុង​អម​ដំណើរ​ជាមួយ​លោក លិម គិមយ៉ា ពី​ខែត្រ​សៀមរាប​មក​ដល់​ទីក្រុង​បាងកក នៅ​ថ្ងៃ​កើត​ហេតុ គឺ​ថ្ងៃ​ទី៧ មករា។ លោក ពេជ្រ គឹមស្រ៊ិន ជា​អ្នក​ផ្ដល់​សញ្ញា ឬ​ប្រាប់​អត្តសញ្ញាណ​លោក លិម គិមយ៉ា ទៅ​ឃាតក ដើម្បី​ឱ្យ​​ឃាតក​រង់ចាំ​បាញ់​សម្លាប់ លោក លិម គិមយ៉ា តែ​ម្ដង។

ក្រោយ​ពី​បាញ់​សម្លាប់ លោក លិម គិមយ៉ា បាន​ជោគជ័យ​ហើយ សង្ស័យ​ជា​ជនជាតិ​ខ្មែរ​នេះ បាន​រត់​មក​ស្រុក​ខ្មែរ​វិញ តាម​ជើង​យន្តហោះ Angkor Airline នៅ​វេលា​ម៉ោង៩ជាង យប់​ថ្ងៃ​ទី៧ មករា​ដដែល។ទាក់ទង​នឹង​រឿង​នេះ លោក វ៉ន ចាន់ឡូត បន្ថែម​ថា ករណី​ឃាតកម្ម​នេះ ប្រសិនបើ​មិន​មែន​ជា​រឿង​នយោបាយ​នោះ សមត្ថកិច្ច​កម្ពុជា មិន​ពិបាក​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត ដែល​ជា​ជនជាតិ​ខ្មែរ​នេះ​ទេ។ លោក​ថា ជន​សង្ស័យ​ជនជាតិ​ខ្មែរ​នេះ ឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះ មាន​អត្តសញ្ញាណ​ច្បាស់លាស់ ដូច​ជា លិខិត​ឆ្លងដែន ដែល​បង្ហាញ​អំពី​អាសយដ្ឋាន​ជាក់លាក់​នៅ​កម្ពុជា សំបុត្រ​យន្តហោះ និង​វីឌីអូ​បង្ហាញ​អំពី​មុខមាត់​ជន​សង្ស័យ​ជា​ដើម។

លោក វ៉ន ចាន់ឡូត៖ «យើង​មាន​មុខ​សញ្ញា​ហើយ គេ​ត្រូវ​ឃាត់ខ្លួន ហើយ​ការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​នោះ​គេចវេស​យ៉ាង​ម៉េច​ជា​រឿង​មួយ​ទៀត ប៉ុន្តែ អាជ្ញាធរ​ត្រូវ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ»

ទាក់ទង​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី បាន​ចោទ​ថា របប​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន នេះ ជា​អ្នក​បញ្ជា​ពី​ក្រោយ នៃ​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​ទីក្រុង​បាងកក​នេះ។ លោក​ថា អតីត​សហការី​របស់​លោក គឺ លោក លិម គិមយ៉ា មិន​ខុស​ពី​លោក​នោះ​ទេ គឺ មិន​បាន​បោះបង់​ការ​តស៊ូ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដើម្បី​បញ្ចប់​របប​អនាធិបតេយ្យ​របស់ ហ៊ុន សែន ដែល​បាន​បង្កើត​របប​ផ្តាច់ការ​ត​ពូជ​នៅ​កម្ពុជា។

លោក សម រង្ស៊ី៖ «ប្រកែក​អត់​បាន​ទេ រឿង​ឃាតកម្ម​នេះ គឺ ហ៊ុន សែន ឬ​មួយ ម៉ានី ហ៊ុន ម៉ានិត ឬ​មួយ ហ៊ុន ម៉ាណែត ខ្លួន​ឯង​ហ្នឹង។ រឿង​នេះ បើ​គ្មាន​បញ្ជា​ពី ហ៊ុន សែន ទេ គឺ​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​ទេ។ រឿង​ឃាតកម្ម​សម្លាប់ លោក លិម គិមយ៉ា នេះ គឺ​រៀបចំ​ដោយ​ត្រកូល ហ៊ុន គឺ​ត្រកូល ហ៊ុន ជា​អ្នក​សម្លាប់»។

ប្រភព​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​រួប នៅ​ប្រទេស​កម្ពុជា​ឱ្យ​ដឹង​ថា លោក លិម គិមយ៉ា ទៅ​ប្រទេស​កម្ពុជា​ជាមួយ​ភរិយា​ជនជាតិ​បារាំង​នោះ មិនមែន​លោក​ទៅ​ទស្សនកិច្ច​ធម្មតា​នោះ​ទេ គឺ​លោក​ចង់​ទៅ​ធ្វើ​នយោបាយ​ឡើង​វិញ ហើយ​លោក​បាន​ដើរ​ទៅ​បណ្ដា​ខែត្រ​មួយ​ចំនួន ដូច​ជា ខែត្រកំពង់ធំ ដែល​ជា​ខែត្រ ដែល​លោក​ជាប់​តំណាងរាស្ត្រ​នៅ​ទី​នោះ កាលពីឆ្នាំ២០១៣។ ក្រៅ​ពី​នេះ លោក​បាន​ទៅ​សៀមរាប និង​ខែត្របាត់ដំបង​ជា​ដើម។

នៅ​ស្រប​ពេល​លោក​កំពុង​នៅ​កម្ពុជា មុន​ពេល​ឃាតក​បាញ់​សម្លាប់​នេះ អតីត​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ លោក លិម គិមយ៉ា មិន​បន្ធូរ​ដៃ​ក្នុង​ការ​សរសេរ​រិះគន់ ត្រូកូល ហ៊ុន ឡើយ។ លោក​បាន​សរេសរ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក អំពី​រឿង​កោះគុជ និង​រឿង​ជា​ច្រើន​ទៀត។ ករណី​ចុង​ក្រោយ​នៅ​យប់​ឆ្លង​ឆ្នាំ​សាកល លោក បាន​សរសេរ​រិះគន់ លោក ហ៊ុន ម៉ានី រៀបចំ​កម្មវិធី​សាទរ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ឆេះ​ព្រះឆាយល័ក្ខណ៍​ព្រះមហាក្សត្រ​នោះ​ថា ជា​រឿង​ឥត​ប្រយោជន៍។

អ្នក​តាមដាន​ភូមិសាស្រ្ត​នយោបាយ លោក គឹម សុខ ពន្យល់​ថា លោក លិម គិមយ៉ា ជា​បុគ្គល​មួយ​រួប ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​ត្រកូល ហ៊ុន ដោយសារ​តែ​លោក​ជា​មនុស្ស​មិន​ខ្លាច​រិះគន់​ត្រកូល ហ៊ុន ដូច​បណ្ឌិត កែម ឡី ដែរ។

លោក គឹម សុខ៖ «វា​ទំនង​ជា​នៅ​ពេល​ដែល​លោក លិម គិមយ៉ា ប៉ះពាល់​កូន​លោក ហ៊ុន សែន ដូច​ករណី​បណ្ឌិត កែម ឡី អត្ថាធិប្បាយ ប៉ះ​ទៅ​លើ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ដែរ។ អ៊ីចឹង ចំណាត់ការ​នេះ ទំនង​ជា​គេ​ត្រូវ​គិត​ភ្លាមៗ វា​ជា​ចំណាត់ការ ដែល​គេ​គិត​ក្នុង​រយៈ​ពេល​ខ្លី ហើយ​ត្រូវតែ​ប្រហារ (លោក លិម គិមយ៉ា)។ ដល់​អ៊ីចឹង​ទៅ គេ (ត្រកូល ហ៊ុន) ពិបាក​រើស​ទីតាំង​ក្នុង​ការ​ប្រហារ​នោះ ហេតុអ្វី​គេ​មិន​ប្រហារ​នៅ​ខែត្រសៀមរាប​តែ​ម្ដង​ទៅ? អ៊ីចឹង ទំនង​ជា​មិន​ហ៊ាន​ធ្វើ​នៅ​លើ​ទឹកដី​កម្ពុជា​ទេ ពីព្រោះ​ខ្លាច​ប៉ះពាល់​មុខមាត់​កម្ពុជា។ ប្រសិន​ប្រហារ​នៅ​លើ​ទឹកដី​កម្ពុជា គឺ​អា អ៊ីប៊ីអេ (EBA) ៨០% ទៀត នោះ​នឹង​បាត់​ភ្លាម។ អ៊ីចឹង ក៏​ប្រើ​តាក់ទិច​ប្រហារ​លោក លិម គិមយ៉ា នៅ​ក្រៅ​ពី​ទឹកដី​កម្ពុជា (ថៃ)។ ហើយ​តាក់ទិច​នេះ ទំនង​ជា​មិន​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន​ជាមួយ​រដ្ឋាភិបាល​ថៃ​ទេ ប៉ុន្តែ អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្លាំង​ណា​មួយ​ជាមួយ​កងទ័ព​ថៃ ដែល​មាន​ទំនាក់ទំនង​យូរ​ហើយ​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន»

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ជាតិ​អន្តរជាតិ​ថា ឃាតកម្ម​លើ​លោក លិម គិមយ៉ា នេះ ជា​ការ​គំរាម​កំហែង​ឆ្លងដែន ដែល​ជា​ការ​ព្រមាន​ដល់​ជនភៀស​ខ្លួន​ខ្មែរ​កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ​ឱ្យ​ភ័យ​ខ្លាច។

មក​ទល់​យប់​ថ្ងៃ​ទី៨ មករា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បង្ហាញ​ជំហរ​ថា តើ​ត្រូវ​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ជា​ជនជាតិ​ខ្មែរ ដើម្បី​ចាប់​ខ្លួន​យក​មក​សំណួរ​ចម្លើយ​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ មន្រ្តី​ហែហម​ត្រកូល ហ៊ុន បាន​ចេញ​មុខ​ការពារ​រដ្ឋាភិបាល ហើយ​ច្រាន​ចោល​ការពារ​មុខ​មាត់​រដ្ឋាភិបាល​ថែម​ទៀត​ផង។

ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​មេធាវី​រាជ​រដ្ឋាភិបាល លោក គី តិច បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ជា​ការ​មួល​បង្កាច់ និង​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត។ លោក​បាន​ព្រមាន​អ្នក​ចោទ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ថា ជា​ការ​ប្រព្រឹត្តិ​ល្មើស​ព្រហ្មទណ្ឌ​ថែម​ទៀត​ផង។

រីឯ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា វិញ បាន​អះអាង​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី៨ មករា​ថា ករណី​នេះ គឺ​កើតឡើង​នៅ​លើ​ទឹកដី​ថៃ រដ្ឋាភិបាល​កម្ពុជា​គ្មាន​សិទ្ធិ​ធ្វើ​អន្តរាគមន៍​រឿង​នេះ​ឡើយ។ លោក ប៉ែន បូណា ក៏​ច្រានចោល​ការ​ចោទប្រកាន់​មក​លើ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែរ។

ទោះ​បី​ជា​បែប​នេះ​ក្ដី ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​ស្រប​ពេល​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រារព្ធ​ពិធី​ខួប ៧មករា លើក​ទី៤៦។ ប្រធានរដ្ឋសភា លោក ហ៊ុន សែន បាន​ជំរុញ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​កូន​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ច្បាប់​ដាក់​អ្នក​ប្រឆាំង​រដ្ឋាភិបាល ឬ​ប្រឆាំង​ថ្ងៃ ៧មករា ជា​ភេវរករ។

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​ធ្លាប់​បញ្ជា​ឱ្យ​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយ​ក្រុម​អាវ​ក្រហម​ថៃ ដែល​ជា​ក្រុម​គាំទ្រ​រដ្ឋាភិបាល​កូនស្រី​លោក ថាក់ស៊ីន ដើម្បី​តាម​ចាប់​ខ្លួន សកម្មជន​បក្ស​ប្រឆាំង លោក ផន ផាណា នៅ​ក្រុងបាងកក ទោះ​ជា​ចាប់​តាំង​ស្លាប់ ឬ​ទាំង​រស់​ក៏​ដោយ។

លោក ហ៊ុន សែន៖ «អាហួត​ត្រូវ​ទទួល​ខុសត្រូវ​ទៅ​លើ​ការងារ​នេះ ហើយ​ត្រូវ​ធ្វើការ​ជាមួយ​នគរបាល​ថៃ ហើយ​ក្រុម​អាវ​ក្រហម​ត្រូវ​តែ​ចូលរួម ដែល​សហការ​ល្អ​ជាមួយ​យើង ត្រូវ​ធ្វើ​សកម្មភាព​នេះ​ផង​ដែរ ហើយ​ត្រូវ​ធ្វើ​សកម្មភាព​ផ្សេង​ពី​នគរបាល​ថៃ និង​កម្លាំង​យើង​ផ្ទាល់ ត្រូវ​តាម​យក​អា​មួយ​នេះ (ផន ផាន់ណា) ឱ្យ​បាន ទោះ​បី​ដោយ​តម្លៃ​ណា​ក៏​ដោយ។ រស់ ឬ​ស្លាប់ យើង​អត់​ដឹង​ទេ តែ​ដឹង​ថា អា​មួយ​នេះ មិន​អាច​ទៅ​ណា មិន​ឱ្យ​ចេញ​ទៅ​ណា​បាន»

ត្រកូល ហ៊ុន ដឹកនាំ​កម្ពុជា បាន​ចាប់​ខ្លួន​អ្នក​រិះគន់ និង​សម្លាប់​មនុស្ស​ជា​ច្រើន។ គិត​ពី​ឆ្នាំ១៩៩៣មក អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ជា​ច្រើន​ទៀត រួម​មាន ការ​គប់​គ្រាប់បែក​លើ​ហ្វូង​បាតុករ នៅ​ខែមីនា ឆ្នាំ១៩៩៧។

ការ​បាញ់​សម្លាប់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុង​ឆ្នាំ២០០៣ ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា មេ​ដឹកនាំ​សហជីព​ក្នុង​ឆ្នាំ២០០៤។ ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ក្នុង​ឆ្នាំ២០១២ និង​ករណី​ចុង​ក្រោយ​គឺ ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម នៅ Star Mart ស្តុប​បូកគោ ក្នុង​ខណ្ឌចំការមន នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦។

រីឯ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា នេះ​ជា​ករណី​ទី១ ហើយ នៅ​ឆ្នាំ២០២៥ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ក្រៅ​ពី​របប​នេះ បាន​ចាប់​ខ្លួន​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​ជាង ១០០នាក់ នៅ​ឆ្នាំ២០២៤។

ទាក់ទង​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី អះអាង​ថា របប​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន ជិត​ដល់​ថ្ងៃ​អវសាន នៃ​ការ​ដឹកនាំ​ត​ពូជ​នេះ​ហើយ ពីព្រោះ​ថា លោក លិម គិមយ៉ា មាន​សញ្ជាតិ​បារាំង។ លោក​ថា រដ្ឋាភិបាល​បារាំង និង រដ្ឋាភិបាល​ថៃ​នឹង​មិន​ស្ងៀម ចំពោះ​ករណី​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។