បក្សនយោបាយមួយចំនួនស្នើមេដឹកនាំកម្ពុជាឱ្យលើកយកបញ្ហារឿង «កោះគជ់» ទៅនិយាយនៅក្នុងរដ្ឋសភា
2024.11.25
មេដឹកនាំគណបក្សមួយចំនួនលើកឡើងស្រដៀងៗ គ្នា ជុំវិញរឿងវិវាទ «កោះគជ់» រវាងកម្ពុជា និងថៃ ដែលកំពុងឡើងកម្ដៅ និងជំរុញមេដឹកនាំរដ្ឋាភិបាលពីរនាក់ឪពុក និងកូនត្រកូល «ហ៊ុន» ឱ្យចេញមកបកស្រាយជួនគ្នា។ ថ្នាក់ដឹកនាំនៃគណបក្សទាំងនោះ ស្នើរដ្ឋាភិបាលបើកសិទ្ធិឱ្យប្រជាពលរដ្ឋបញ្ចេញមតិក្នុងរឿង «កោះគជ់» នេះ ឱ្យបានទូលាយ ដោយមិនត្រូវឆ្លៀតឱកាសគំរាមកំហែងពលរដ្ឋឡើយ ព្រោះរឿងនេះ ពាក់ព័ន្ធដល់បូរណភាពទឹកដី។
ខុសពីប្រទេសថៃ ដែលបញ្ហាកោះគជ់ ត្រូវបានអ្នកនយោបាយ និងសមាជិករដ្ឋសភា លើកយកមកជជែកគ្នាដោយបើកចំហ និងដាក់សម្ពាធមកលើរដ្ឋាភិបាលខ្លួន នៅកម្ពុជាឯណេះវិញ មានតែគណបក្សប្រឆាំងភាគតិចប៉ុណ្ណោះ ដែលហ៊ានលើកយកបញ្ហានេះមកនិយាយ។
ស្ថាបនិក និងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែវិច្ឆិកា ថា រដ្ឋាភិបាលគួរតែចេញមកបញ្ជាក់ពីគោលជំហរក្នុងការដោះស្រាយរឿងវិវាទកោះគជ់ជាមួយថៃ ដល់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ខណៈអ្នកនយោបាយត្រូវគិតគូរពីបូរណភាពជាតិជាធំ ដោយមិនត្រូវយកបញ្ហានេះ មកធ្វើជាឧបករណ៍នយោបាយ ដែលនាំឱ្យបែកបាក់ជាតិនោះឡើយ។ ទោះជាយ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន បង្ហាញពីគោលជំហរចង់ឱ្យរដ្ឋាភិបាល យករឿងកោះគជ់នេះ ប្ដឹងទៅតុលាការអន្តរជាតិ ប្រសិនបើការចរចាជាមួយថៃលើបញ្ហានេះមិនត្រូវគ្នា។
លោក លោក អ៊ូ ច័ន្ទរ័ត្ន៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានស្មារតីប្រុងប្រយ័ត្នឱ្យមែនទែនរឿងបូរណភាពទឹកដីនេះ មិនចេះតែមានការភ្ញាក់ផ្អើលម្ដងម្កាលនោះទេ។ ព្រោះដូចរឿងនៅតំបន់ត្រីកោណអ៊ីចឹង នៅពេលដែលមានរឿងកើតឡើង នាំគ្នាភ្ញាក់ផ្អើលខ្លាំង ហើយនៅពេលដែលគេនាំគ្នាលើកឡើងហូរហែមក ហាក់បីដូចជាមិនចាប់អារម្មណ៍ទេ។ ដូចគ្នានឹងរឿងកោះគជ់នេះដែរ យើងអត់បានចាប់អារម្មណ៍ទេ ហើយបើទោះបីមានការលើកឡើង ក៏មិនងាយមានអ្នកចាប់អារម្មណ៍ដែរ ទាល់តែមានអ្នករុញឱ្យមានការចាប់អារម្មណ៍ហ្នឹង»។
ចំណែកប្រធានគណបក្សខ្មែរឈប់ក្រ លោក ក្រវ៉ាញ ដារ៉ន យល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរតែលើកយកបញ្ហាកោះគជ់នេះ ទៅជជែកជាមួយភាគីថៃជាមុនសិន ដើម្បីរក្សាទំនាក់ទំនងការទូត និងស្ថិរភាពនយោបាយ ព្រោះនៅក្នុងប្រទេសថៃ មានពលករខ្មែររាប់លាននាក់ កំពុងធ្វើការងារ។ ទោះជាបែបនេះក្ដី លោក ក្រវ៉ាញ ដារ៉ន ជំរុញឱ្យរដ្ឋាភិបាលផ្ដល់សេរីភាពឱ្យប្រជាពលរដ្ឋបញ្ចេញមតិក្នុងរឿងកោះគជ់ដោយបើកចំហ និងដោះស្រាយរឿងនេះ ដោយផ្អែកលើឆន្ទៈរបស់ប្រជាពលរដ្ឋ និងគិតប្រយោជន៍ជាតិជាធំ ហើយមិនត្រូវយករឿងបូរណភាពទឹកដីនេះមកកេងចំណេញដើម្បីប្រយោជន៍បក្ស និងគ្រួសារខ្លួនឯងឡើយ។
លោក ក្រវ៉ាញ ដារ៉ន៖ «រដ្ឋាភិបាលយើង គឺជារដ្ឋាភិបាលទន់ខ្សោយខ្លាំងណាស់ បានតែគំរាមកំហែងប្រជាពលរដ្ឋខ្លួនឯង បើអ្នកឯងឱ្យសិទ្ធិគ្នា ម៉េចបានឱ្យគ្នានិយាយមិនបាន បំបិទមាត់គ្នា ចាប់គ្នាដាក់គុក។ តើលោកហ្នឹងត្រូវរ៉ូវជាមួយគេហើយឬយ៉ាងម៉េច? លោកលក់ឱ្យគេហើយយ៉ាងម៉េច»។
ទាក់ទិននឹងរឿងវិវាទដែនសមុទ្រនេះដែរ គណបក្សជំនាន់ថ្មី បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបង្ហាញពីក្ដីកង្វល់ពាក់ព័ន្ធនឹងបញ្ហាដែលបានកើតឡើងនៅតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» និងរឿងកោះគជ់ ស្ថិតនៅជាប់ព្រំដែនសមុទ្រកម្ពុជា-ថៃ។ គណបក្សជំនាន់ថ្មីស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្ហាញពីគោលជំហរឱ្យប្រជាពលរដ្ឋបានដឹង និងដើម្បីជៀសវាងការភ័ន្តច្រឡំ ដល់មតិជាតិ និងអន្តរជាតិ ពីអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
នៅក្នុងថ្ងៃដដែលនោះ ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «បញ្ហាកោះគជ់ គឺជារឿងជាតិធំធេង និងស្នើដាក់បញ្ហានេះទៅរដ្ឋសភា ដើម្បីជជែកដេញដោលរកដំណោះស្រាយ ដោយតំណាងរាស្ត្រ ដែលជាតំណាងម្ចាស់ឆ្នោត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៣ ខែវិច្ឆិកា។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងកូនប្រុសដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ហ៊ុន ម៉ាណែត បានចេញបកស្រាយព្រមគ្នាទៅលើបញ្ហាដែនសមុទ្រកម្ពុជា-ថៃ និងបញ្ហាកោះគជ់ បន្ទាប់ពីរងការចោទប្រកាន់ពីពលរដ្ឋ និងអ្នកឃ្លាំមើលថា មានភាពស្ងៀមស្ងាត់ និងគ្មានគោលជំហរច្បាស់លាស់ក្នុងការលើកយករឿងកោះគជ់ ទៅជជែកជាមួយថៃ។
ក្នុងនោះ លោក ហ៊ុន សែន បានហៅអ្នកដែលលើកយកបញ្ហាកោះគជ់ មកជជែកថាជាក្រុមប្រឆាំងជ្រុលនិយម ដែលលោកប្រដូចទៅនឹងសុភាសិត«ដំបៅមិនឈឺ យកឈើចាក់» ហើយលោកបានព្រមានថានឹងបង្កើតច្បាប់ភេរវកម្ម ហើយបញ្ចូលឈ្មោះបុគ្គលទាំងនោះចូលក្នុងបញ្ជីភេរវករទៀតផង។ ចំណែកលោក ហ៊ុន ម៉ាណែត ដែលជាកូន បានបកស្រាយថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលលើបញ្ហាកោះគជ់នេះ គឺដោយសារភាពចាស់ទុំផ្នែកនយោបាយ ដោយកម្ពុជានឹងចរចាតែក្នុងលក្ខខណ្ឌផ្លូវការ ផ្អែកលើយន្តការដោះស្រាយជាក់លាក់ជាមួយថៃតែប៉ុណ្ណោះ។
ការបកស្រាយរបស់មេដឹកនាំនៃក្រុមគ្រួសារត្រកូលហ៊ុនរឿងកោះគជ់នេះ មានលក្ខណៈទន់ជ្រាយ និងមិនប្រាកដប្រជា ខុសពីមេដឹកនាំថៃនៃគ្រួសារត្រកូលលោក ថាក់ស៊ីន ដែលជាបងប្អូនធម៌របស់លោក ហ៊ុន សែន។ ក្រុមមេដឹកនាំថៃប្រកាន់ជំហរមុតមាំនៅក្នុងការកាន់កាប់កោះគជ់ផ្ដាច់មុខ ព្រមទាំងចរចាយកប្រយោជន៍បន្ថែមទៀតលើតំបន់ដែលគេអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជានោះទៀតផង។
ជុំវិញរឿងនេះ អ្នកជំនាញលើកឡើងថា ការប្ដឹងករណីវិវាទកោះគជ់ទៅតុលាការអន្តរជាតិ ជាមធ្យោបាយមានប្រសិទ្ធភាព និងជាការពន្លត់ភ្លើងទំនាស់រវាងកម្ពុជា និងថៃ ជាពិសេសកម្ពុជាមានប្រៀបជាងភាគីថៃលើផ្នែកយុត្តិធម៌អន្តរជាតិ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ថា ការប្ដឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ អាចបង្ការកុំឱ្យមានទំនាស់ប្រដាប់អាវុធរវាងកម្ពុជា និងថៃ ហើយក៏អាចជួយឱ្យពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាលដែរ។ ស្រដៀងគ្នានេះដែរ អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ ថ្លែងថា វិវាទកោះគជ់នេះមានតែការដោះស្រាយនៅតុលាការអន្តរជាតិទេ ទើបអាចបំបាត់មន្ទិលសង្ស័យ ព្រមទាំងបញ្ចៀសនូវការកំហឹង និងសម្អប់រវាងប្រជាជាតិខ្មែរ និងថៃ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃឱ្យបានជ្រះស្រឡះ រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរតែលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU 44) ស្ដីពីការអភិវឌ្ឍរួមគ្នាសម្រាប់វិស័យធនធានថាមពល (OCA) ហើយងាកមកដោះស្រាយរឿងកោះគជ់ និងកំណត់ព្រំដែនសមុទ្រដែលប្រទេសទាំងពីរអះអាងថា «ត្រួតស៊ីគ្នា» ឱ្យដាច់ស្រេចជាមុនសិន។
លោក ម៉ែន ណាត៖ «កម្ពុជាមិនអាចចរចានៅលើទ្វេភាគីទៀតទេ ត្រូវប្ដឹងប្រទេសថៃហ្នឹង ទៅតុលាការអន្តរជាតិ។ បើតុលាការគេកាត់ឱ្យនរណាឈ្នះបានប៉ុន្មានភាគរយ យកប៉ុណ្ណឹង។ ហើយតែកាលណាយើងតតាំងគ្នាតាមផ្លូវច្បាប់ហើយ គឺគ្មានករណីគំរាមកំហែងប្រដាប់អាវុធនោះទេ ព្រោះផ្លូវច្បាប់ជាវិធីសាស្ត្រដោះស្រាយដ៏ល្អបំផុតប្រកបដោយសន្តិវិធី ហើយធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរហ្នឹង មិនមានអរិភាពផ្នែកផ្លូវចិត្តនោះទេ។ ហើយកម្ពុជា មិនត្រូវគាបសង្កត់ប្រជាពលរដ្ឋខ្លួនឯងមិនឱ្យនិយាយនោះទេ»។
គណបក្សក្រៅរដ្ឋាភិបាលបន្តស្នើឱ្យរដ្ឋាភិបាលបង្ហាញគោលជំហរ ច្បាស់លាស់ក្នុងការដោះស្រាយរឿងកោះគជ់ជាមួយថៃ ដោយមិនត្រូវនិយាយប្រាប់មេដឹកនាំថៃបង្ហាញពីគោលជំហរផ្សេង និងបកស្រាយប្រាប់ប្រជាពលរដ្ឋខ្មែរផ្សិងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។