គណបក្សនយោបាយដែលចូលរួមបោះ​ឆ្នោត​​ឃុំ​-​សង្កាត់​ ត្រៀម​​ខ្លួន​រួចហើយ សម្រាប់​ធ្វើយុទ្ធនាការឃោសនា​រក​សំឡេង​គាំទ្រ

ដោយ សេក បណ្ឌិត
2022.05.20
Share on WhatsApp
Share on WhatsApp
គណបក្សនយោបាយដែលចូលរួមបោះ​ឆ្នោត​​ឃុំ​-​សង្កាត់​ ត្រៀម​​ខ្លួន​រួចហើយ សម្រាប់​ធ្វើយុទ្ធនាការឃោសនា​រក​សំឡេង​គាំទ្រ យុទ្ធនា​​ការ​​ឃោ​សនា​​រក​​សំឡេង​​ឆ្នោត​​ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​មាន​​​រយៈ​​ពេល​​១៤​​ថ្ងៃ​ដែលចាប់ផ្តើមពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។
រូប៖ RFA

គណបក្ស​​នយោ​​បាយ​​មួយ​​ចំនួន​ប្រកាស​ថា ​ពួក​គេ​​បាន​​ត្រៀម​ខ្លួន​​រួច​​រាល់​ហើយ  ដើម្បី​ធ្វើ​​យុទ្ធនា​​ការ​​ឃោ​សនា​​រក​​សំឡេង​​ឆ្នោត​​​​រយៈ​​ពេល​​១៤​​ថ្ងៃ​សម្រាប់ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់។ ចំណែក​សង្គម​ស៊ីវិល​ក៏បាន​ដាក់​មន្រ្តី​ឃ្លាំ​មើល​ជុំវិញដំណើរ​ការ​ឃោសនា​របស់​គណបក្ស​នយោ​បាយ​ទាំង​នេះ​​ដែរ។

គណបក្ស​​​នយោ​​​បាយ​​​មួយ​​ចំនួន​​ដែល​​បាន​​ដាក់​​បេក្ខជន​​ឈរ​​ឈ្មោះ​​បោះ​​ឆ្នោត​​ឃុំសង្កាត់​​​អាណត្តិ​​ទី​​៥​នេះ លើក​​ឡើង​​ថា ពួក​គេ​នឹង​ចាប់​ផ្តើម​ធ្វើ​​យុទ្ធនា​​ការ​​ឃោស​​នា​​បោះ​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​ ឃុំ ​សង្កាត់ រយៈ​ពេល​១៤ថ្ងៃ ដោយ​គិត​ចាប់ពី​​ថ្ងៃ​សៅរ៍ ទី២១ ខែ​ឧសភា ​ស្អែក​នេះ​តទៅ។ ទន្ទឹម​នឹង​នេះ ពួកគេ​​រំពឹង​​ថា​ នឹងទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ ដើម្បី​មាន​ឱកាស​អនុវត្ត​គោល​នយោ​បាយអភិវឌ្ឍ​ភូមិ​ឃុំ។

អនុ​ប្រធាន​​គណបក្ស​​​​ភ្លើង​​​​ទៀន​ លោក ថាច់ សេដ្ឋា ប្រាប់​ថា ដំណាក់​កាល​ដំបូង មន្រ្តី​របស់​លោក​បាន​បញ្ជូន​សម្ភារៈ​ ដូច​ជា អាវ មួក បដា ទង់​បក្ស ទង់​ជាតិ និង​ខិត្តប័ណ្ណ​សារ​នយោ​បាយ​ជាង​៣លាន​សន្លឹក​ទៅ​​ដល់​​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​រួច​ហើយ។ បន្ថែម​ពី​នេះ លោក​ថា​ សកម្មជន​មូល​ដ្ឋាន ក៏​នឹង​ធ្វើ​សកម្មភាព​ចាក់​មេក្រូ ចែក​ខិត្ត​ប័ណ្ណ​រៀង​ខ្លួន ដោយ​ជូន​ដំណឹង​ទៅ​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះ​ឆ្នោត​​តាម​នីតិ​វិធី​ច្បាប់​រួច​ហើយ​ដែរ។ លោក​ឱ្យ​ដឹង​ថា​ ថ្ងៃ​បើក​យុទ្ធនាការឃោស​នា បក្ស​ភ្លើង​ទៀន​នឹង​រៀបចំ​ហែរ​ក្បួន​ទ្រង់​ទ្រាយ​ធំ​រយៈ​ពេលពេញ​មួយ​ថ្ងៃ​តាម​ដង​ផ្លូវសំខាន់ៗ​​នៅ​​ក្នុង​​រាជ​​ធានី​​ភ្នំពេញ​ដែល​មាន​អ្នកគាំទ្រ​អ្នក​ចូល​រួម​រាប់​ម៉ឺន​នាក់។

លោក ថាច់ សេដ្ឋា អំពាវនាវ​ដល់អ្នក​គាំទ្រ និងប្រជា​​ពលរដ្ឋ​ចូល​រួម​ហែរ​ក្បួន ជាមួយ​គណបក្ស​ភ្លើង​ទៀន​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​បង្ហាញ​កម្លាំង​គាំទ្រ និង​ការផ្លាស់​ប្តូរ​​នៅ​មូល​ដ្ឋាន៖ «យើង​អំពាវ​នាវ​ជា​ទូទៅ​សកម្ម​ជន និង​អ្នក​គាំទ្រ​ឱ្យ​លោក​មកចូល​រួម​ជួយ​ហែរ​ជា​មួយ​យើង ដើម្បី​បង្ហាញ​កម្លាំង​គំាទ្រ​ចំពោះ​គណបក្ស​ភ្លើងទៀន មិន​ប្រកាន់​អ្វី​នោះ​ទេ ​គ្រាន់​បង្ហាញ​ការ​គាំទ្រ​ដើម្បី​ការ​ផ្លាស់​ប្តូរ»

ចំណែក អ្នក​​នាំ​​ពាក្យ​​គណបក្ស​​កាន់​​អំណាច លោក សុខ ឥសាន អះអាង​ថា សម្ភារៈ​សម្រាប់​បម្រើ​​ឱ្យ​​សកម្មភាព​ឃោសនា​បោះ​ឆ្នោត គឺ​គ្រប់​គ្រាន់ និង​បាន​ដឹកជញ្ជូន​ទៅ​ដល់​មូល​ដ្ឋាន​រួច​ហើយ។ លោក​​បញ្ជាក់​​ថា​ ផ្អែក​តាម​ច្បាប់​បោះ​ឆ្នោត​ឃុំ សង្កាត់​​គណបក្ស​​ប្រជាជន​នឹង​មិន​ហែរ​ក្បួន ឬ​ជួប​ជុំ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ ប៉ុន្តែ​គណបក្ស​បាន​​ដាក់​​ចេញ​នូវ​ផែន​ការ​​សកម្ម​ភាព ​ដូច​ជា​​ ហែរ​ក្បួន​​ចំនួន​​ពីរ​​ដង គឺ​​​​ថ្ងៃ​​​បើក​​និង​​​បិទ​​​​បញ្ចប់​​​​​​យុទ្ធនា​ការ​នៅ​តាម​ឃុំ សង្កាត់ និង​ផ្សព្វ​ផ្សាយ​គោលនយោ​បាយ​តាម​ខ្នង​ផ្ទះ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ពិចារណា​ចំពោះ​ស្នាដៃ​ដឹក​នាំ​របស់បក្ស​នា​ពេល​កន្លង​មក៖ «យើង​ធ្វើ​តែ​ពីរ​ដង​ទេ គឺ​ទី​មួយ​​បើក​និង​បិទ​​យុទ្ធនា​ការ​ប៉ុណ្ណោះទេ​​បាទ ហើយ​ក្រៅ​ពី​នេះ​ គឺ​ក្រុម​ឃោសនា និង​សកម្ម​ជន​របស់​គណបក្ស​ដើរ​តាមខ្នង​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ ដើម្បី​ឃោ​សនា​ផ្សព្វ​ផ្សាយ​អំពី​កម្ម​វិធី​នយោ​បាយ​ជូនប្រជា​ពល​រដ្ឋ»

គណបក្ស​តូចៗ​និង​គណបក្ស​ទើប​បង្កើត​ក៏​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ផង​ដែរ។

អ្នក​​នាំ​​ពាក្យ​​គណបក្សរាជា​និយម​​​​ហ៊្វុន​ស៊ិន​ប៉ិចលោក ញឿន រ៉ាដែន ប្រាប់​វិទ្យុអាស៊ី​សេរី​ថា​ សម្ភារៈ និង​ខិត្តប័ណ្ណ​សារ​នយោ​បាយ​ចំនួន​៩ចំណុច​បាន​ផ្តល់​ទៅដល់​គណបក្ស​​នៅ​តាម​បណ្តា​ខេត្ត​ដើម្បី​ចូល​រួម​ធ្វើ​យុទ្ធនា​ការ​ឃោសនាបោះ​ឆ្នោត​ដោយហែរ​ក្បួន និង​ធ្វើ​សកម្មភាព​តាម​ឃុំ​ស្រប​នីតិ​វិធី​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​រួច​ហើយ។ លោក​ឱ្យ​ដឹង​ថា ​ថ្ងៃ​ទី២​នៃ​យុទ្ធនាការ​ខាង​មុខ​នេះ ប្រធាន​គណ​បក្ស គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រា​វុធ នឹង​ដឹក​នាំ​ក្បួន​ឃោសនាបោះ​ឆ្នោត​ដោយ​ផ្ទាល់ ដែល​មាន​សកម្ម​ជន និង​អ្នកគាំទ្រ​ចូល​រួម​ប្រមាណ១ពាន់ (.០០០នាក់​ជុំ​ជួប​នៅ​ផ្លូវ​៦០ម៉ែត្រ សង្កាត់​ព្រែក​ហូរ​ហែរ​ឆ្ពោះ​ទៅ​កាន់ក្រុងតា​​ខ្មៅ ខេត្ត​កណ្តាល។ លោកថា ​ការ​ប្តេជ្ញា​ចិត្ត និង​គោល​នយោ​បាយ​ផ្តោតលើ​សេវា​សាធារណៈ ការពារ​ផល​ប្រយោជន៍​​ពលរដ្ឋ។ លោក​រំពឹង​ថា ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០ម៉ឺន​នាក់គាំទ្រ​គណបក្ស​រាជា​និយម​បន្ត​ទៀត៖ «ខេត្ត​នីមួយៗ​មាន​ក្រុម​ការ​ងារ​ទទួល​បន្ទុក​ថ្នាក់​ស្រុក​រហូត​ទៅដល់​បេក្ខ​ជន​ដែល​បាន​ឈរ​ឈ្មោះ​នៅ​តាម​ឃុំ សង្កាត់ ហ្នឹង គាត់​ចុះ​ដោយ​ខ្លួន​ឯងដោយ​នាំ​ទៅ​ជា​មួយ​នូវ​ខិត​ប័ណ្ណ​គោល​នយោ​បាយ​គណបក្ស​បាន​ចែក​ទៅ​​ពួកគាត់​ហើយ ហើយ​ពួក​គាត់​នឹង​ចុះ​តាម​ផ្ទះ​បង​ប្អូន​តាម​កាល​បរិច្ឆេទ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀចំ​ការ​បោះ​ឆ្នោត»

ដោយ​​​ឡែក​គណបក្ស​ទើប​បង្កើត​ថ្មី ជា​គណបក្ស​បែក​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ គឺ​គណបក្ស​កម្ពុជា​និយម​ឲ្យ​ដឹង​ថា គណបក្ស​នេះ​បានបែង​ចែក​ក្រុម​ការ​ងារជាបី​ក្រុម​សម្រាប់​ផែន​ការ​យុទ្ធនា​ការ​ឃោ​សនា​បោះឆ្នោត​ដោយ​ត្រៀម​ហែរ​​ក្បួន ចាក់​មេក្រូ ចែក​ខិត្ត​ប័ណ្ណ​គោល​នយោ​បាយ​ជាង​២សែន​សន្លឹក​ នៅ​តាម​ខ្នង​ផ្ទះ និង​ទី​ប្រជុំ​ជន​នានា​នៃ​ភូមិ​សាស្រ្ត​ឃុំ សង្កាត់​ចំនួន​៣៨ ដែល​គណបក្ស​បាន​ដាក់បេក្ខ​ជន​ឈរ​ឈ្មោះ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។

ប្រធាន​គណបក្ស​នេះ គឺលោក យ៉ែម បុញ្ញឬទ្ធិ ថ្លែង​​ថា ថ្ងៃ​​បើក​យុទ្ធនា​ការ​វិញ ថ្នាក់​ដឹក​នាំ សកម្មជន​គណបក្ស​ប្រមាណ​ជាង​១រយ​នាក់​នឹង​ចូល​រួម​ហែរ​ក្បួន​នៅ​ឃុំ​ព្រះ​ស្តេច ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃ​វែង និង​ឃុំ​សង្កាត់​​មួយ​ចំនួន​ទៀត ដូច​ជា​ ខេត្តបន្ទាយ​មាន​ជ័យ និងសៀម​រាប​ជា​ដើម៖ «យើង​បាន​កំណត់​ដោយ​សារ​ទី​មួយ​យើង​បាន​ដាក់​បេក្ខ​ជនចំនួន​៣៨​ឃុំ សង្កាត់ លើ​១០​រាជ​ធានី ខេត្ត ទី​ពីរ​ច្បាប់​ដែល​និយាយ​ពី​ការ​ហែរក្បួន​ឱ្យ​ហែរ​ក្នុង​ឃុំ សង្កាត់​របស់​ខ្លួន ចំណុច​ទាំង​អស់​នេះ យើង​បាន​សម្រេចជ្រើស​រើស​យក​យុទ្ធ​សាស្រ្ត​មួយ​ដែល​ហៅ​ថា ​ការ​ចាក់​មេក្រូ​ផ្សព្វ​ផ្សាយ​ក្នុង​ឃុំ សង្កាត់​ទាំង​៣៨ រួម​ទាំង​ចែក​ខិត្ត​ប័ណ្ណ​ផ្ទាល់​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ និង​ទី​ប្រជុំ​ជន»

​ប្រធាន​​គណៈកម្មា​ធិការ​នាយក​​នៃ​​​​គណបក្ស​​​​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋានលោក ​យ៉ង សាំងកុមារ ថា ​ឃុំ ​សង្កាត់ ចំនួន​៣២ដែល​គណបក្ស​បាន​ដាក់​បេក្ខ​ជន​តៀមធ្វើ​សកម្ម​ភាព​ឃោស​​នា រក​សំឡេង​ឆ្នោត​រយៈ​ពេល​១៤ថ្ងៃ។ លោក​ឱ្យ​ដឹង​នៅ​ថ្ងៃទី២១ ខែ​ឧសភា ថា​ថ្នាក់​ដឹក​នាំ​គណបក្ស​​នឹង​ចូល​រួម​ហែរ​បក្ស​ជា​មួយ​បេក្ខ​ជន និងសកម្មជន​នៅ​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ និង​ស្រុក​បាធាយ ខេត្ត​កំពង់​ចាម។ ម៉្យាង​ទៀត​លោក​បញ្ជាក់​ថា ​ក្រៅ​ពី​ហែរ​ក្បួន​គណបក្ស​ក៏រៀបចំ​ក្រុម​ការ​ងារ​តាម​ឃុំ​ចុះ​ផ្សព្វ​ផ្សាយ និង​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់​កាន់​តែ​ច្បាស់អំពី​គោល​គោល​នយោ​បាយ និង​សារ​នយោ​បាយ​​ចំនួន​៥ចំណុច​ផង​ដែរ៖ «ការ​ហែរ​ក្បួន​តាម​ឃុំ សង្កាត់​ហ្នឹង យើង​អាច​ហែរ​ម្តង ឬ​ពីរ​ដង ក្នុង​គោល​បំណង​បង្កើន​ការ​ចាប់​អារម្មណ៍ និង​ឱ្យ​បាន​ស្គាល់ ដឹង​ឮ​ឱ្យ​បាន​ច្រើន ប៉ុន្តែ​សំខាន់​គឺការ​ចុះ​ជួបពន្យល់​ផ្សព្វ​ផ្សាយ​អំពី​គោល​នយោ​បាយ និង​បេក្ខ​ជនឈរ​ឈ្មោះ​តែ​ម្តង»

យុទ្ធនា​​ការ​​​រក​​​សំឡេង​​​ឆ្នោត​​របស់​​​គណបក្ស​​​នយោ​​បាយ​​ខាង​​មុខ​នេះ មាន​​​រយៈ​​១៤ថ្ងៃ​ ​នឹង​​​ចាប់​​​ផ្ដើម​​​ពី​​​ថ្ងៃ​​​ទី​២១​ ខែ​ឧសភា​​ ដល់​​​ថ្ងៃ​​​ទី​​​៣ ​​​​ខែ​​​មិថុនា​​​នេះ។​ ច្បាប់​​​បោះឆ្នោត​​​អនុញ្ញាត​ឱ្យ​គណ​បក្ស​​​នយោ​​បាយ​​​ហែក្បួន​​​ទ្រង់​​ទ្រាយ​ធំ​​ចំនួន​​ពីរ​​ដង​ប៉ុណ្ណោះ​ក្នុង​​មួយ​​ឃុំ សង្កាត់ ហើយ​​ករណី​​​ចំនួន​​រថយន្ត​​ពីរ​​គ្រឿង និង​​ម៉ូតូ​១០គ្រឿង ឬ​ម៉ូតូ​២០​​គ្រឿង​​ឡើង​​ទៅ គឺ​​ចាត់​​ទុក​​​គណបក្ស​​នយោ​​បាយ​​​​បាន​​ហែរ​ក្បួន​ឃោសនា។

កាល​ពី​ថ្ងៃ​ទី​១៧ ខែឧសភា គ..ប បាន​អំពាវនាវ​ដល់​គណបក្ស​នយោ​បាយ បេក្ខ​ជន អ្នក​គាំទ្រ​នៃ​គណបក្ស​នយោ​បាយ​ទាំង​អស់ ត្រូវ​គោរព​វិធាន បទ​បញ្ញត្តិ និងគោលណ៍​ដែល​ចែង​ក្នុង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ គោរព​បទ​បញ្ញា និង​នីតិ​វិធី ក្រុម​សីល​ធម៌ជា​ដើម ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សន្តិវិធី អហិង្សា សន្តិ​សុខ និង​សុវត្ថិ​ភាព។ លើស​ពី​នេះ គ..ប ក៏​បាន​អំពាវនា​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ប្រកាន់​ជំហរ​អព្យា​ក្រិត្យ ឥត​លម្អៀង​ក្នុង​សកម្មភាព​ការ​ងារ​របស់​ខ្លួន និង​ត្រូវ​សម្រប​សម្រួល ទី​កន្លែង ផ្លូវ ពេល​វេលា ដើម្បី​ឱ្យ​គណបក្ស​នយោ​បាយ​នីមួយៗ អាច​អនុវត្ត​​កម្មវិធី​ឃោ​សនា និង​ហែរក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព​គ្នា​ដែរ។

អ្នក​​​នាំ​​​ពាក្យ​​​គណៈ​កម្មា​ធិ​ការ​​​ជាតិ​​​រៀប​ចំ​​ការ​​​បោះ​​ឆ្នោត (..លោក ហង្ស ពុទ្ធា ប្រាប់​​​វិទ្យុ​​​អាស៊ី​​​សេរី​ថា ​រហូត​មក​ដល់​ពេល​នេះ គណបក្ស​នយោ​បាយ​មួយចំនួន​បាន​ជូន​ដំណឹង​ស្តី​ពី​សកម្មភាព​យុទ្ធនា​​ការ​​ឃោសនា​​បោះ​​ឆ្នោត​មក គ..ប​រួច​​ហើយ។ លោក ហង្ស ពុទ្ធា ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​​បាន​សេចក្តី​ជូន​ដំណឹងនោះ ​មន្រ្តី​របស់ គ..ប  បាន​ជួប​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ដែនដី​ទាក់​ទង​តម្រាយផ្លូវ​ហែរ​ក្បួន និង​ទីកន្លែង​ហាម​ឃាត់​ជា​ដើម ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់គ្នា​រវា​គណបក្ស​នយោ​បាយ​ទាំង​នោះ៖ «រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​កើត​មាន​បញ្ហា​ណា​មួយ​បែបអវិជ្ជ​មាន​នោះ​ទេ​បាទ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​សង្កេត​ឃើញ​​ថា ​គណបក្ស​នីមួយៗ​សុទ្ធ​តែបាន​ត្រៀម​លក្ខណៈ​ក្នុង​ការ​ទទួល​យក​ថ្ងៃ​ថ្មី​សម្រាប់​ថ្ងៃ​ស្អែក​សម្រាប់​ការឃោសនា​បោះ​ឆ្នោត​ចាប់​ផ្តើម​ពី​ម៉ោង​៦ព្រឹក​ទៅ​បាទ»

ជុំវិញ​​រឿង​​នេះ អ្នក​​​សម្រប​​​សម្រួល​​​ផ្នែក​​​អង្កេត​និង​​​​តស៊ូ​​​មតិ​​​នៃ​​​អង្គការ​​​ខុម​​​ហ្រ្វែល​ (Comfrel)​​ លោក​ កន​ សាវាង្ស ​មាន​​​ប្រសាសន៍​​​ថា ​​ខាង​លោក​នឹង​ដាក់​មន្រ្តី​ចំនួន២០នាក់​ដើម្បី​តាម​ដាន និង​ឃ្លាំ​មើល​ជុំវិញ​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត​រយៈពេល​១៤ថ្ងៃ​នៅ​តាម​រាជ​ធានី និង​ខេត្ត​ចំនួន​២០។ លើស​ពី​នេះ លោក​ថា​ សង្គម​ស៊ីវិល​ក៏​បាន​ជ្រើស​រើស​គ្រូ​បង្គោល និង​មន្រ្តី​សង្កេតការណ៍​បោះ​ឆ្នោត​ដែរ ប៉ុន្តែ​មិនវាយ​តម្លៃ​លើ​ដំណើរ​បោះ​ឆ្នោត​នោះ​ទេ៖ «ជា​ទូទៅ​យើង​បានចូល​រួម​ឃ្លាំ​មើល​ក្នុង​កម្រិត​មួយ​ដែល​អាចធ្វើ​ទៅ​បាន ប៉ុន្តែ​មិន​ធ្វើ​ការ​វាយ​តម្លៃ​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ទេ ហើយ​ដំណើរការ​ឃោសនា​នេះ យើង​បាន​ត្រៀម​មន្រ្តី​ចំនួន​២០នាក់​សម្រាប់​២០​ខេត្ត ដើម្បី​ពិនិត្យ និង​ឃ្លាំ​មើល​ស្ថាន​ភាព​ទូទៅ​មួយ​ចំនួន​ទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការឃោសនា​បោះ​ឆ្នោត»

ការ​​​​​បោះ​​​​​ឆ្នោត​​​​​ជ្រើស​​​​​រើស​​​​​ក្រុម​​​​​ប្រឹក្សាឃុំ ​​​សង្កាត់​​​​ អាណត្តិ​​​​ទី៥ នេះ នឹង​​​​​ប្រព្រឹត្ត​​​​​ទៅ​នៅ​​​​​ថ្ងៃ​​អាទិត្យ ​​​ទី៥ ខែ​​​​​មិថុ​នា​​​​​ខាង​​​​​មុខ។​ ក្នុង​​នោះ​​​​​​គណ​បក្ស​​​​​នយោ​​​បាយ​​​ចំនួន​​១៧ បាន​​​ចូល​​ប្រកួត​​ប្រជែង​​ដណើម​​យក​​​​​អាសនៈ​​​​​សមាជិក ក្រុម​​​​ប្រឹក្សា​​​​​ឃុំ​​​​ សង្កាត់ មាន​​​​ចំនួន​​​​​ជាង ១ម៉ឺន (១១.១២២) អា​សនៈ ហើយ​​​​​ប្រជា​​​ពលរដ្ឋ​​​​​ជាង​​​​៩​លាន​២​សែន​​​​នាក់​​​​​បាន​​​​​ចុះ​​​​​ឈ្មោះ​​​​ក្នុង​​​​​បញ្ជី​​​​​បោះ​​​​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល