លោក ហ៊ុន សែន រងការចោទថា ជាមេឧក្រិដ្ឋកម្មនយោបាយ
2022.01.29
អ្នកនយោបាយជើងចាស់ និងជាអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ទម្លាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេខ្លោងដែលបង្កើតឲ្យមានឧក្រិដ្ឋកម្មនយោបាយ ជាច្រើនដូចជាករណីបាញ់សម្លាប់អ្នកនយោបាយប្រឆាំង និងអ្នករិះគន់។ អ្នកនយោបាយរូបនេះ ក៏ទម្លាយរឿងមន្ត្រីនគរបាលជាច្រើនទៀត ជាប់ពាក់ព័ន្ធនឹងអំពើលួចប្លន់ ជួញដូរគ្រឿងញៀន និងពុករលួយជាដើម។ មន្ត្រីរបស់លោក ហ៊ុន សែន ឆ្លើយតបថា ពួកគាត់មិនចាប់អារម្មណ៍ចំពោះការចោទប្រកាន់នេះទេ។
មេដឹកនាំរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន រងការចោទប្រកាន់ថា ជាមេដឹកនាំ ដែលមានបាតដៃប្រឡាក់ឈាមដោយមិនត្រឹមតែបញ្ជាឲ្យបាញ់ប្រហារនិងកាប់សម្លាប់អ្នកនយោបាយប្រឆាំងនិងអ្នករិះគន់លោកប៉ុណ្ណោះទេ សូម្បីតែមន្ត្រីជំនិតខ្លួនឯង ក៏បុរសខ្លាំងរូបនេះ ផ្តាច់ជីវិតចោលដែរ ប្រសិនបើមិនស្តាប់បង្គាប់ និងដឹងរឿងអាក្រក់ៗរបស់លោកច្រើនពេក។
ប្រធានគណបក្សពលរដ្ឋខ្មែរ លោក ងួន សឿរ រៀបរាប់ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែមករា ថា លោក ហ៊ុន សែន គឺជាមេខ្លោងដែលបង្កើតឲ្យមានឧក្រិដ្ឋកម្មនយោបាយជាច្រើននៅកម្ពុជា ដូចជាករណីបាញ់សម្លាប់មេទ័ព និងជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច (FUNCIPEC)រាប់សិបនាក់ រួមមានលោក ហូ សុខ លោក ចៅ សម្បត្តិ និងលោក ក្រួច យឿម ជាដើម អំឡុងពេលរដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។ លោក ងួន សឿរ អះអាងថា មូលហេតុដែលលោកដឹងរឿងរ៉ាវឧក្រិដ្ឋកម្មនយោបាយបែបនេះ ព្រោះលោកធ្លាប់ធ្វើជាអគ្គនាយករងនគរបាលជាតិកូតាគណបក្សហ៊្វុនស៊ិនប៉ិចនៃរដ្ឋាភិបាលចម្រុះដែលបង្កើតឡើងក្រោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់កាលពីឆ្នាំ១៩៩៣ មានឋានៈស្មើលោក ហុក ឡង់ឌី និងក្រោយមកលោក បានទទួលយកលុយពីលោក ហ៊ុន សែន ដើម្បីបង្កើតបក្សនយោបាយចងសម្ព័ន្ធភាពជាមួយបក្សប្រជាជនកម្ពុជាទៀតផង។
អតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ដែលកំពុងរស់នៅប្រទេសបារាំងរូបនេះ បញ្ជាក់ថា នៅថ្ងៃទី៧ កក្កដា ឆ្នាំ១៩៩៧ កងកម្លាំងស្មោះត្រង់នឹងលោក ហ៊ុន សែន បានចាប់ខ្លួនលោក ហូ សុខ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ កូតាគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងទីក្រុងភ្នំពេញ និងនាំទៅឃុំខ្លួនហើយបាញ់សម្លាប់នៅក្នុងការិយាល័យរបស់ឧត្ដមសេនីយ៍ ម៉ា ឈឿន ដែលស្ថិតក្នុងក្រសួងមហាផ្ទៃ។ លោកថា ការប្រហារជីវិតលោក ហូ សុខ និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើននាក់ទៀត ដែលបានទម្លាក់អាវុធ ឬគ្មានអាវុធនៅក្នុងដៃ ឬខណៈស្ថិតក្រោមការឃុំខ្លួន គឺជាការរំលោភច្បាប់សង្គ្រាម និងជាឧក្រិដ្ឋកម្មសង្គ្រាម៖ «អ្នកចាប់ មាន ម៉ៅ ដារ៉ា ជានគរបាលក្រសួងមហាផ្ទៃជំនាញព្រហ្មទណ្ឌ ឈ្មោះ លេខ តុង ឈ្មោះ ចាន់ គឹមនី ឈ្មោះ ដោក ផល្លា និងឈ្មោះ ជាតិ ផាន់នី គឺអ្នកទាំងអស់នេះ ជាអ្នកចាប់ហើយយកលោក ហូ សុខ មកក្រសួងមហាផ្ទៃ ដើម្បីសួរចម្លើយ។ អ្នកសួរចម្លើយ មានដូចជា ឈ្មោះ រស់ គង់ ជាអ្នកជំនាញខាងស៊ើបការ និងឈ្មោះ កែ សុផាន់ ជំនាញខាងព្រហ្មទណ្ឌកម្រិតធ្ងន់។ ពួកនេះកំពុងសួរចម្លើយគាត់នៅក្រសួងមហាផ្ទៃ ហើយមានឡានមួយចូលមកស្លៀកពាក់ប៉ារ៉ា ហើយមកដល់ស្រែកថា លោក ហុក ឡង់ឌី ចង់ជួបលោក ហូ សុខ។ ពួកគេបានរុញទ្វាររបស់លោក ម៉ា ឈឿន ចូលហើយពួកហ្នឹង បានបាញ់លោក លោក ហូ សុខ ៣គ្រាប់ស្លាប់នៅនឹងកន្លែង»។
លោក ងួន សឿរ អះអាងថា ជនដៃដល់ដែលបាញ់សម្លាប់លោក ហូ សុខ នេះ គឺជាកូនចៅរបស់លោក ហុក ឡង់ឌី មានគ្នា៤នាក់ ជាទាហានវៀតណាមៈ៖ «គ្នាវា៤នាក់ មានម្នាក់បើកឡានឲ្យលោក ហុក ឡង់ឌី ហើយម្នាក់ទៀតឈ្មោះ ង្វៀន យ៉ាងថាញ់ អាហ្នឹងអ្នកបាញ់ផ្ទាល់ ហើយអាហ្នឹង វាជាចោរផង វាធ្វើការឲ្យប៉ូលិសផង។ អ្នកណាជាអ្នកឲ្យកាំភ្លើងវា គឺលោក យឹម សារុំ ជាអនុប្រធានចារកម្ម និងជាកូនចៅរបស់លោក ហេង ហាក់។ ដូច្នេះក្នុងរឿងនេះ បើយើងចង់ដឹងការពិត អត់មានអីពិបាកទេ ហៅតែលោក យឹម សារុំ មកសួរ ហើយអាង្វៀនយ៉ាង់ថាញ់ មកសួរ គឺវាចប់រឿងហើយ»។
លោក ងួន សឿរ បន្ថែមថា ក្រោយឃាតកម្មនេះ សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងលោក យូ ហុកគ្រី បានបង្កើតក្រុមស៊ើបអង្កេតមួយ និងសម្រេចបញ្ឈរជើងឧត្តមសេនីយ៍នគរបាលបីរូបគឺលោក ម៉ា ឈឿន លោក ថន អ៊ិម និងលោក ថោង លឹម ដែលជាប់សង្ស័យមានចំណែកទទួលខុសត្រូវក្នុងឃាតកម្មលោក ហូ សុខ។ ប៉ុន្តែក្រោយពីត្រូវបានព្យួរការងារ ដើម្បីបើកផ្លូវឱ្យមានការស៊ើបអង្កេតបានប្រមាណ២ខែ ស្រាប់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអ្នកទាំងបីចូលធ្វើការធម្មតាឡើងវិញ បន្ទាប់ពីមានសំណើរបស់លោក ហុក ឡង់ឌី។
ទាក់ទងនឹងឃាតកម្មលោក ហូ សុខ នេះ វិទ្យុអាស៊ីសេរី មិនអាចទាក់សុំការបំភ្លឺពីលោក ម៉ា ឈឿន ដែលបច្ចុប្បន្នជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលកំពង់ចាមបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកលោក ហុក ឡង់ឌី ដែលជាមនុស្សសំខាន់ក្នុងរឿងឃាតកម្មនេះ លោកក៏បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០០៨ នៅក្នុងខេត្តស្វាយរៀង។
ទោះជាយ៉ាងណា អតីតអគ្គនាយករងនគរបាលជាតិ យល់ថា ការស្លាប់របស់លោក ហុក ឡង់ឌី គឺជាការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រដែលរៀបចំផែនការដោយលោក ហ៊ុន សែន ដើម្បីបំបិទមាត់ និងកុំឲ្យមានរឿងដល់ខ្លួន ព្រោះលោក ហុក ឡង់ឌី ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មជាច្រើនទៀត ដូចជា ឃាតកម្មលើមេដឹកនាំសហជីពដ៏ល្បី គឺលោក ជា វិជ្ជា ផងដែរ។ ក្រៅពីនេះ លោកអះអាងថា លោក ហុក ឡង់ឌី ក៏ជាមនុស្សក្បាលរឹងមិនសូវស្តាប់បង្គាប់ ទើបលោក ហ៊ុន សែន បញ្ជាឲ្យគេសម្លាប់ដូចករណីអតីតទាហានខ្មែរក្រហម លោក ផុន ភាព៖ «លោក ហ៊ុន សែន ប្រើមនុស្សចង់ឲ្យមនុស្សតាមគាត់ មួយរយភាគរយ។ របស់ហ្នឹងស បើគាត់ថាខ្មៅ គឺខ្មៅ ក្រហម គឺក្រហម ។ ហេតុអីបាន ជាលោក ហ៊ុន សែន ចូលចិត្តលោក ហុក ឡង់ឌី? លោក ហុក ឡង់ឌី មានទ្រឹស្ដីមួយ គាត់ច្រើនតែនិយាយប្រាប់ខ្ញុំថា មនុស្សស្លាប់ វាអត់ចេះតវ៉ាទេ បានសេចក្តីថា អ្នកណាមិនស្រួល គឺគាត់សម្លាប់ហើយ។ ប៉ុន្តែមនុស្សដែលគាត់សម្លាប់ បើគេស៊ើបអង្កេតទៅ វាអាចពាក់ព័ន្ធដល់លោក ហុក ឡង់ឌី ដូចជាការសម្លាប់លោក ជា វិជ្ជា ដូច្នេះបើរកឃើញលោក ហុក ឡង់ឌី នៅពីក្រោយខ្នង គឺលោកអាចឆ្លើយដាក់ថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យគាត់។ ដូច្នេះត្រូវ សម្លាប់ ហុក ឡង់ឌី មួយចោលទៅ កុំឲ្យវាទើសទាល់»។
ការលើកឡើងរបស់លោក ងួន សឿរ នេះ គឺស៊ីសង្វាក់គ្នាជាមួយនឹងការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្រោះជាតិដែលធ្លាប់ចោទថា លោក ហ៊ុន សែន បានលួចធ្វើឃាតលោក ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះលើឧទ្ធម្ភាគចក្រនៅពេលនោះ។ ប៉ុន្តែកូនប្រុសបង្កើតរបស់លោក ហុក ឡងឌី គឺលោក ឌី វិជ្ជា បានអះអាងថា ការស្លាប់របស់ឪពុកលោកក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ គឺដោយសារកត្តាអាកាសធាតុ មិនដូចការចោទប្រកាន់នោះទេ និងថែមទាំងប្តឹងលោក សម រង្ស៊ី ទៅតុលាការទៀតផង។ បច្ចុប្បន្ននេះ លោក ឌី វិជ្ជា គឺជាអគ្គស្នងការរងនគរបាលជាតិ និងត្រូវជាកូនប្រសាររបស់លោក ហ៊ុន សែន។ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក ឌី វិជ្ជា បានទេ ដោយទូរស័ព្ទចូលច្រើនដងតែពុំមានអ្នកទទួល។
ចំពោះការចោទប្រកាន់របស់លោក ងួន សឿរ ថា លោក ហុក ឡង់ឌី ជាមេឃាតកបាញ់សម្លាប់លោក ជា វិជ្ជា នោះ ក៏ហាក់ដូចជាស្របគ្នានឹងការបកអាក្រាតរបស់អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ កន្លងមកដែរ។ លោក ងួន សឿរ បន្ថែមថា អំពើឃាតកម្មនយោបាយជាច្រើនទៀតរាប់ទាំងករណីបណ្ឌិត កែម ឡី និងសកម្មជននយោបាយ អ្នករិះគន់និងបុគ្គលល្បីៗ សុទ្ធតែជាបញ្ជារបស់លោក ហ៊ុន សែន ព្រោះអ្នកទាំងនេះ បានធ្វើសកម្មភាពរំខានដល់ការកាន់អំណាចរបស់លោក៖ «នៅស្រុកខ្មែរ នរណាហ៊ានសម្លាប់នរណាម្នាក់ហើយគ្មាន ការយល់ព្រមពីលោក ហ៊ុន សែន ធ្វើទៅកើតទេ? ដូច្នេះកន្លែងនេះកុំឆ្ងល់។ នៅស្រុកខ្មែរធ្វើអីទៅបានទាល់តែមានការអនុញ្ញាតពី ហ៊ុន សែន បើមិនអ៊ីចឹងទេ អ្នកឯងអត់បានសុខទេ អ្នកឯងដាច់ក្បាលហើយ»។
ទាក់ទងនឹងការចោទប្រកាន់នេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ។ ប៉ុន្តែប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនបកស្រាយរឿងនេះទេ ព្រោះលោក មិនបានយកចិត្តទុកដាក់ចំពោះការលើកឡើងរបស់លោក ងួន សឿរ៖ «យើងអត់ឈឺក្បាលទេ។ ខ្ញុំអត់ឈឺក្បាល។ខ្ញុំអត់យកចិត្តទុកដាក់ ដូច្នេះដែលយកចិត្តទុកដាក់ជាងគេគឺវិទ្យុអាស៊ីសេរី»។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏សុំមិនបកស្រាយអ្វីដែរ ក្រោមហេតុផលថា លោកមិនដែលស្គាល់លោក ងួន សឿរ នោះទេ៖ «គាត់មិននិយាយ គាត់ទើបមកនិយាយពេលនេះ យកជាការមិនបានទេ ។ ដូច្នេះខ្ញុំយល់ថា ការនិយាយនេះ សុទ្ធតែជាការមួលបង្កាច់មិនអាចទទួលយកបាន»។
ក្រៅពីលើកឡើងរឿងរ៉ាវឧក្រិដ្ឋកម្មនយោបាយដែលមានលោក ហ៊ុន សែន ជាមេខ្លោងនោះ លោក ងួន សឿរ ក៏បកអាក្រាតរឿងមន្ត្រីនគរបាលជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធនឹងអំពើលួចប្លន់ ជួញដូរគ្រឿងញៀន និងពុករលួយផងដែរ។ អ្នកនយោបាយដែលធ្លាប់មានសម្ព័ន្ធភាពជាមួយលោក ហ៊ុន សែន រូបនេះ លើកឡើងថា កាលលោកនៅកាន់តួនាទីជាអគ្គនាយករងនគរបាលជាតិ លោក ធ្លាប់ចាប់ខ្លួនកូនៗរបស់អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក រស់ ឈុន គឺឈ្មោះ រស់ ទី និងរស់ តាំង ដែលប្លន់ឡានរបស់អ៊ុនតាក់រាប់សិបគ្រឿង។ ក្រៅពីនេះ លោក ងួន សឿរ ចោទលោក ជួន ណារិន្ទ ដែលបច្ចុប្បន្នត្រូវបានដំឡើងតួនាទីជាស្នងការនគរបាលខេត្តព្រះសីហនុថា ធ្លាប់មានប្រវត្តិធ្លាប់ធ្វើជាចោរលួចប្លន់ម៉ូតូ៖ «ក្រៅពីហ្នឹង អាចោរលួចប្លន់ម៉ូតូជាង១០នាក់ គឺសុទ្ធតែពួក ប៉ូលិស ក្នុងក្រុមហ្នឹងមាន ជួន ណារិន្ទ ហើយគាត់ជាប្រធានផ្នែកខាងចោរកម្ម នៅទីក្រុងភ្នំពេញ ប៉ុន្តែមិនចាប់ចោរ បែរជាមកធ្វើចោរខ្លួនឯងទៅវិញកាលនោះ»។
ជុំវិញរឿងនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែងយ៉ាងខ្លីថា លោក មិនចាប់អារម្មណ៍នឹងការចោទប្រកាន់នេះទេ ព្រោះប្រសិនបើលោកជាប់ពាក់ព័ន្ធបទល្មើសដូចការចោទមែន គឺថ្នាក់ដឹកនាំមិនអាចចាត់តាំងឲ្យលោកកាន់ការងារមន្ត្រីនគរបាលជំនាញនោះទេ៖ «សូមអធ្យាស្រ័យ ឲ្យអ្នកចោទប្រកាន់ហ្នឹង សុំឲ្យមានមុខនៅប្រទេសកម្ពុជាមក ហើយបង្ហាញភស្តុតាងមក ហើយយើងនឹងតតាំងជាមួយគ្នាការងារនេះ ជាពិសេសខ្ញុំមានថ្នាក់ដឹកនាំរបស់ខ្ញុំគ្រប់លំដាប់ថ្នាក់។ ខ្ញុំអត់ត្រូវការយកពេលវេលាខ្ជះខ្ជាយជាមួយភាសាហ្នឹងទេ។ ខ្ញុំអត់យកភាសានេះមកចាប់អារម្មណ៍ទេ ព្រោះខ្ញុំត្រូវការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ អត់មានពេលយកអាហ្នឹងមកគិតទេ»។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយនៅប្រទេសហ្វាំងឡង់ (Finland)លោក គឹម សុខ ថ្លែងថា នៅពេលដែលក្រុមមន្ត្រីរបស់លោក ហ៊ុន សែន ឆ្លើយថា ពួកគាត់មិនចាប់អារម្មណ៍ចំពោះរឿងអយុត្តិធម៌សង្គម និងការចោទប្រកាន់រឿងបទល្មើសធ្ងន់ធ្ងរបែបនេះ គឺជាការគេចវេសពីការទទួលខុសត្រូវ និងមិនខ្វាយខ្វល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ ឬយុត្តិធម៌របស់ជនរងគ្រោះ។ លោកសង្កត់ធ្ងន់ថា ករណីឃាតកម្មលើ លើឥស្សរជនសង្គមនិងនយោបាយល្បីៗជាច្រើននាក់ រួមទាំងលោក ហូ សុខ ជាដើម គឺជាឧក្រិដ្ឋកម្មមួយធ្ងន់ធ្ងរ រំលោភទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលភាគីពាក់ព័ន្ធរួមទាំងលោក ងួន សឿរ គួរតែប្តឹងលោក ហ៊ុន សែន និងមន្ត្រីរបស់លោកទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីនាំជនល្មើសមកផ្ដន្ទាទោស៖ «ប្រសិនបើលោក ហ៊ុន សែន មិនអាចវែកមុខរកឃាតកបានទេ។ ឧទាហរណ៍ ឃាតកសម្លាប់លោក កែម ឡី ឃាតកសម្លាប់លោក ជា វិជ្ជា ឃាតកសម្លាប់ព្រះអង្គ សុំ ប៊ុនធឿន ឃាតកសម្លាប់លោក ឈុត វុទ្ធី ជាដើម។ ប្រសិនបើមិនអាចវែកមុខរកឃាតកពិតបានទេ មហាជន សហគមន៍អន្តរជាតិ នៅតែសង្ស័យអំពីការពាក់ព័ន្ធរបស់លោក ហ៊ុន សែន ដដែល ពីព្រោះគ្មានមូលហេតុអ្វីរកមិនឃើញមុខឃាតកម្នាក់ទាល់តែសោះ នៅពេលដែលលោក ហ៊ុន សែន តែងតែអះអាងថា អ្នកណាចង់ធ្វើអ្វីចេញពីកន្លែងណា ពាក់ព័ន្ធជាមួយអ្នកណា គឺគាត់ដឹងទាំងអស់នោះ»។
ដោយឡែកនាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)លោក អំ សំអាត វិញ លោកមានប្រសាសន៍ថា ការលើកឡើងរបស់លោក ងួន សឿរ គ្រាន់តែជាសម្តីរបស់អ្នកនយោបាយមួយរូប។លោក បន្តថា ករណីឃាតកម្មមួយចំនួន បានកន្លងផុតទៅយូរហើយ ប៉ុន្តែប្រសិនបើលោក ងួន សឿរ ដឹងច្បាស់ និងមានភស្តុតាងគ្រប់គ្រាន់ គួរតែចេញមុខប្តឹង ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ៖ «ការលើកឡើងនេះវាជារឿងមួយ ប៉ុន្តែសំខាន់ថាតើការស៊ើបអង្កេត ហើយនឹងការហ៊ានធ្វើសាក្សីរបស់លោក ងួន សឿរ ទៅលើករណីទាំងអស់ហ្នឹងយ៉ាងម៉េច អាហ្នឹងជារឿងសំខាន់។ តាមពិតទៅ ករណីណាក៏ដូចករណីណាដែរ បើសិនជាមានករណីឧក្រិដ្ឋកម្ម ឬករណីឃាតកម្មអីកើតឡើង វាត្រូវតែមានការស៊ើប អង្កេតស្វែងរកយុត្តិធម៌និងស្វែងរកការពិតអ៊ីចឹងហើយ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់ចេញរបាយការណ៍មួយមានចំណងជើងថា លោក ហ៊ុន សែន ដំឡើងបុណ្យសក្តិ និងផ្តល់រង្វាន់ដល់ពួកឃាតក។ របាយការណ៍នោះ បានលាតត្រដាងថា ក្រោមការគ្រប់គ្រងដោយហិង្សា និងផ្ដាច់ការរបស់លោក ហ៊ុន សែន បានបង្កើតឲ្យមានការសម្លាប់ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររាប់មិនអស់ ដែលបានប្រព្រឹត្តទៅដោយពុំមានទោសទណ្ឌ។ អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញថា ចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ឆ្នាំ១៩៩១មក មានករណីឃាតកម្មធំៗជាច្រើនលើពួកអ្នកនយោបាយ និងសកម្មជននយោបាយប្រឆាំង ពួកអ្នកកាសែត អ្នករិះគន់ និងមនុស្សដទៃទៀត។ ករណីឃាតកម្មទាំងនោះ មានជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងយោធា នគរបាល កងរាជអាវុធហត្ថ និងបុគ្គលិកចារកម្មជាដើម។ អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ បន្តថា ជំនួសដល់ការផ្តន្ទាទោសពួកមន្ត្រីដែលទទួលខុសត្រូវក្នុងការសម្លាប់ និងការរំលោភធ្ងន់ធ្ងរដទៃទៀត នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដំឡើងបុណ្យសក្តិ និងផ្តល់រង្វាន់ដល់ពួកគេទៅវិញ។
គណបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា ដោយសារតែលោក ហ៊ុន សែន គឺជាមេខ្លោងនៃអំពើឧក្រិដ្ឋកម្មជាច្រើននេះហើយ ទើបលោកប្រើគ្រប់វិធីដើម្បីក្រាញ់អំណាច និងកំពុងរៀបចំផែនការផ្ទេរអំណាចបន្តឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដើម្បីជួយធានានិទ្ទណ្ឌភាពសម្រាប់គាត់ពេលបាត់អំណាច។ បើមិនដូច្នេះទេ លោក ហ៊ុន សែន នឹងប្រឈមមុខតុលាការឯករាជ្យណាមួយ កាត់ទោសពីបទឧក្រិដ្ឋយ៉ាងច្រើន ដែលគាត់បានប្រព្រឹត្តក្នុងរយៈពេលកាន់អំណាច៣៦ ឆ្នាំមកដល់ថ្ងៃនេះ។
លោក ងួន សឿរ វិញ អះអាងថា ដើម្បីឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អាចនាំខ្លួនលោក ហ៊ុន សែន ទៅកាត់ទោសបាន លុះត្រាពលរដ្ឋខ្មែររួមសាមគ្គីគ្នា ហើយឈប់ទទួលស្គាល់លោក ហ៊ុន សែន ថាជានាយករដ្ឋមន្ត្រីស្របច្បាប់៕