តុលាការព្រមានលោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ
2022.06.29
តុលាការក្រុងភ្នំពេញបានព្រមានមេបក្សប្រឆាំងលោក កឹម សុខា ជាថ្មី មិនធ្វើសកម្មភាពនយោបាយ។ ការព្រមាននេះ ធ្វើឡើងក្រោយពីតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ស្នើ ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះឲ្យចាប់ខ្លួនលោក កឹម សុខា យកទៅឃុំខ្លួនដាក់ពន្ធនាគារឡើងវិញ។ ទោះយ៉ាងណាក្ដី មេធាវីការពារក្ដីលោក កឹម សុខា រិះគន់ថា ពាក្យថា ធ្វើសកម្មភាពនយោបាយពិបាកក្នុងការកំណត់និយមន័យណាស់ ហើយក៏គ្មានច្បាប់ចែងឲ្យជាក់លាក់នោះដែរ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់ទៅផ្ទះរបស់លោកវិញ ក្រោយចប់សវនាការកាលពីម៉ោងជិត ២រសៀលថ្ងៃទី២៩ ខែមិថុនា។ ទោះលោក កឹម សុខា មិនត្រូវបានតុលាការ បញ្ជូនទៅឃុំខ្លួនតាមសំណើតំណាងអយ្យការក្ដី ប៉ុន្តែ ក្រុមមេធាវីរំពឹងថា កូនក្ដីរបស់ខ្លួននឹងមានការប្រុងប្រយ័ត្នជាងមុន និងបន្ថយសកម្មភាពរបស់ខ្លួនខ្លះ ដើម្បីជៀសវាងការចោទប្រកាន់ជាថ្មីទៀតពីតំណាងអយ្យការ។
មេធាវីការពារក្ដីឲ្យលោក កឹម សុខា ម្នាក់គឺលោក ផែង ហេង ប្រាប់ក្រុមអ្នកសារព័ត៌មានថា ទោះក្រុមមេធាវីមិនពេញការព្រមាននេះ ប៉ុន្តែ មេធាវី និងកូនក្ដីត្រូវតែគោរពការសម្រេចរបស់តុលាការ។ លោកដឹងទៀតថា ករណីដែលតំណាងអយ្យការស្នើ ទៅតុលាការឲ្យឃុំខ្លួន លោក កឹម សុខាពេលនេះព្រោះតំណាងអយ្យការទទួលបានរបាយការណ៍ពីសមត្ថកិច្ច រួមមានរូបថត និងខ្សែអាត់សំឡេងរបស់លោក កឹម សុខា ដែលបានចុះជួបអ្នកគាំទ្រខ្លួននៅខេត្តសៀមរាបនាពេលថ្មីៗនេះ។ តំណាងអយ្យការចោទប្រកាន់ថា សកម្មភាពទាំងនោះជាការបំពានបម្រាមតុលាការ។ ទោះយ៉ាងណាក្ដី ក្រុមមេធាវីលើកឡើងថា ការធ្វើបុណ្យ ចូលរួមពិធីមង្គលការ ហូបបាយជុំគ្នារបស់លោក កឹម សុខា ជាមួយពលរដ្ឋ មិនមែនជាសកម្មភាពនយោបាយ៖ «អត់មានសទ្ទានុក្រមនយោបាយ ដែលពន្យល់អំពីម៉េចទៅហៅថា សកម្មភាពនយោបាយ ហើយយើងមានតែច្បាប់ពិសេសមួយគឺ ច្បាប់ស្ដីពីគណបក្សនយោបាយ ហើយច្បាប់គណបក្សនយោបាយនោះ ការធ្វើសកម្មភាពនយោបាយបានទាល់តែចុះបញ្ជីគណបក្សនយោបាយ ទាល់តែរចនាសម្ពន្ធ ដែលក្រសួងមហាផ្ទៃអនុញ្ញាតនៅក្នុងច្បាប់នយោបាយហ្នឹង ដូច្នេះហើយក្នុងការយល់ឃើញតំណាងអយ្យការ គាត់យល់ឃើញថា អាហ្នឹង ប៉ុន្តែមេធាវីយល់ថា មិនមែនជាសកម្មភាពនយោបាយទេ»។
សវនាការជុំលើកទី៤៦ នៃដេញដោលនៃសំណុំរឿងក្បត់ជាតិរបស់មេបក្សប្រឆាំង លោក កឹម សុខា លើកនេះមិនបានជជែកទាក់ទងបទចោទទេ ដោយសារតំណាងអយ្យការ បានលើកយកសកម្មភាពរបស់លោក កឹម សុខា កាលពីមួយសប្ដាហ៍មុនមកជជែកដេញដោលចោទប្រកាន់។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត ដែលតាមដានសវនាការនេះសង្កេតឃើញថា ការចោទប្រកាន់ថា លោក កឹម សុខា បំពានបម្រាមតុលាការ គឺតំណាងអយ្យការមិនបានផ្ដល់ដំណឹងជាមុននោះទេ ដែលធ្វើឲ្យក្រុមមេធាវីលោក កឹម សុខា គ្មានពេលសិក្សាស្រាវជ្រាវលើករណីនេះ។
មន្ត្រីសង្គមស៊ីវិលរូបនេះនៅតែលើកឡើងដដែលៗ ថា សំណុំរឿងនេះជារឿងនយោបាយ មិនគួរយកតុលាការមកប្រឡូកប្រឡាក់នោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យរបស់តុលាការ។ លោកជំរុញទៅភាគីជម្លោះគួរដោះស្រាយតាមផ្លូវនយោបាយវិញ៖ «គ្រាន់តែយករូបហ្នឹង ហើយមកកាត់ទោសគាត់ លោក កឹម សុខា ជារឿងអយុត្តិធម៌ណាស់ទាល់តែមានភស្តុតាងអ្វីថា គាត់ធ្វើសកម្មភាពនយោបាយ ចំណុចនេះខ្ញុំស្នើសុំដ៏ទទូចទៅរាជរដ្ឋាភិបាល ក៏ដូចតុលាការផងដែរ គួរតែបែងចែកឲ្យដាច់ពីរឿងនយោបាយ ហើយពីរឿងខុសច្បាប់»។
ឆ្លើយតបករណីការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ នៅតែថ្លែងដដែលថា នេះជាកិច្ចរបស់តុលាការ។ ចំពោះការជំរុញឲ្យមានការដោះស្រាយតាមការចរចាផ្នែកនយោបាយ លោកថា លោកមិនដឹងថា នឹងមានការចរចាណាមួយអាចកើតឡើងនៅឡើយទេ៖ «អ្នកសារព័ត៌មានសួរអ៊ីចឹង ហើយខ្ញុំធ្វើម៉េចទៅ បើខ្ញុំអត់ដឹងឲ្យឆ្លើយម៉េច? ប្ដីប្រពន្ធគ្នា ចេះថា ប្រហែលអ៊ីចេះប្រហែលអ៊ីចុះ សង្សារគ្នាអាចនិយាយថា ប្រហែលអ៊ីចេះប្រហែលអ៊ីចុះ»។
តុលាការព្រមានលោក កឹម សុខា ពេលនេះ គឺក្រោយពេលមានសារសំឡេងបែកធ្លាយរបស់លោក កឹម សុខា ជាង ៤០នាទី ដែលទំនងជាការថ្លែងរបស់លោកពេលជួបអ្នកគាំទ្ររបស់ខ្លួននៅខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ។
ក្នុងសំឡេងនោះលោក កឹម សុខា បាននិយាយទាក់ទងបញ្ហានយោបាយមួយចំនួន។ មេបក្សប្រឆាំងរូបនេះលើកឡើងថា គេមិនឲ្យលោកធ្វើនយោបាយ ព្រោះខ្លាចចាញ់ឆ្នោត។ មេបក្សប្រឆាំងរូបនេះ ក៏ឆ្លៀតឌឺដងទៅអតីតមនុស្សជំនិតរបស់ពីររូប គឺលោក ប៉ុល ហំម និងលោក លោក យ៉ែម បុញ្ញឫទ្ធិ ដែលចាកចេញពីលោកទៅបង្កើតបក្សថ្មីកំពុងធ្វើមុខស្វាក្រោយមិនទទួលជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅ។ លោកអះអាងជាថ្មីអំពីការផ្ដាច់សម្ពន្ធភាពជាមួយលោក សម រង្ស៊ី ផងដែរ។
ទោះយ៉ាងណាក្ដី លោកមេធាវី ផែង ហេង ចង់ឃើញពាក្យថា ធ្វើសកម្មភាពនយោបាយមានចែងក្នុងច្បាប់ត្រឹមត្រូវ។
លោក កឹម សុខា កំពុងជាប់បទចោទពីរដ្ឋាភិបាល ក្នុងសំណុំរឿងក្បត់ជាតិ ឬសន្ទិដ្ឋភាពជាមួយបរទេស ត្រូវបានតុលាការហាមឃាត់លោកមិនឲ្យធ្វើសកម្មភាពនយោបាយ និងមិនឲ្យចេញក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។