ព័ត៌មានសំខាន់ៗចំនួន ៨ ដែលលោកអ្នកនាងគួរអាននៅថ្ងៃព្រហស្បតិ៍នេះ
2022.11.30

១. សហរដ្ឋអាមេរិក និងអូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ
ក្រសួងបរទេសសហរដ្ឋអាមេរិក និងស្ថានទូតប្រទេសអូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ហើយងាកទៅដោះស្រាយវិវាទការងាររបស់ពួកគេប្រកបដោយយុត្តិធម៌ត្រឹមត្រូវ។ក្រៅពីនេះ ក្រសួងការបរទេសអាមេរិក ក៏បញ្ជាក់ឡើងវិញនូវការទាមទារឲ្យដោះលែងកញ្ញា សេង ធារី ដែរ។ មេដឹកនាំសហជីពឯករាជ្យយល់ថា ប្រសិនបើរដ្ឋាភិបាល បន្តផ្គើនចំពោះការទាមទាររបស់ក្រុមប្រទេសប្រជាធិបតេយ្យ ដោយបង្កើនការធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជនសហជីពបែបនេះ នឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិបន្ថែមទៀត។ អានព័ត៌មានពិស្តារ...
២. មន្ត្រីអង្គការសង្គមស៊ីវិលថា ការបង្ហាញពីភាពហ៊ឺហារបស់លោកនាយករដ្ឋមន្ត្រី បង្ហាញពីភាពគ្មានឆន្ទៈគិតគូរដល់ពលរដ្ឋក្រីក្រ
បើទោះបីជាកម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍ ហើយប្រជាពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រនិង ក្បែរក្រីក្រក្ដី ក៏ប៉ុន្តែថ្នាក់ដឹកនាំរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែសម្ញែងសម្ភារៈប្រណិតៗដែលមានតម្លៃថ្លៃ ដល់សាធារណៈជន។ មន្ត្រីអង្គការសង្គមស៊ីវិល និងយុវជនយល់ថា ទម្លាប់សម្ភារៈនិយមរបស់ថ្នាក់ដឹកនាំបែបនេះ គឺជាគម្រូមិនល្អ ដែលមិនគិតគូរដល់ពលរដ្ឋក្រីក្រ។ អានព័ត៌មានពិស្តារ...
៣. ក្រុមកូដករណាហ្គាវើលដ៍៣នាក់ដាក់ពាក្យពន្យារចូលបំភ្លឺនៅតុលាការរាជធានីភ្នំពេញ
ក្រុមកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ចំនួន៣នាក់ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា បានដាក់ពាក្យពន្យារការចូលបំភ្លឺតុលាការរាជធានីភ្នំពេញ ដោយសារមិនទាន់មានមេធាវីការពារក្ដី។ មន្រ្តីសង្គមស៊ីវិល ព្រួយបារម្ភពីដំណើរការនីតិវិធីថា អាចនឹងមិនផ្ដល់ដំណោះស្រាយ និងយុត្តិធម៌ ដល់ភាគីបុគ្គលិក។ អានព័ត៌មានពិស្តារ...
៤. អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់បណ្ឌិតកសិកម្ម យ៉ង សាំង កុមារពេលចុះចូលជាមួយបក្សកាន់អំណាច
អ្នកប្រើប្រាស់បណ្តាញសង្គមដែលនិយមចូលចិត្តតាមដានរឿងបញ្ហាសង្គមនិងនយោបាយបានចាប់អារម្មណ៍ខ្លាំងទៅលើករណីបណ្ឌិតកសិកម្មនិងជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺបណ្ឌិតលោក យ៉ង សាំងកុមារ ក្រោយពីលោកបានចុះចូលរួមរស់ ក្នុងជីវភាពនយោបាយជាមួយបក្សកាន់អំណាច។ តើអ្នកប្រើបណ្តាញសង្គមទាំងនោះគេមានការចាប់អារម្មណ៍និងមានទស្សនៈមតិយ៉ាងដូចម្តេចខ្លះជុំវិញការសម្រេចចិត្តផ្លាស់ប្តូរគោលជំហរនយោបាយរបស់បណ្ឌិត យ៉ង សាំងកុមារនៅពេលនេះ? អានព័ត៌មានពិស្តារ...
៥. មន្ត្រីសង្គមស៊ីវិលជំរុញទៅក្រសួងសុខាភិបាលមានវិធានការតឹងរ៉ឹងលើ មន្ទីរសំរាកព្យាបាលដែលខ្វះការទទួលខុសត្រូវបណ្ដាលឱ្យស្ត្រីម្នាក់ប្រឈមនឹងការបាត់បង់ជីវិត
អ្នកធ្វើការងារផ្នែកលើកកម្ពស់សិទ្ធិស្ត្រី ជំរុញទៅក្រសួងសុខាភិបាលចាត់វិធានការតឹងរ៉ឹងលើ មន្ទីរសំរាកព្យាបាល ដែលរងការចោទថា បានវះកាត់ខ្វះការទទួលខុសត្រូវដែលបណ្ដាលស្ត្រីម្នាក់កាត់ដាច់គ្រឿងក្នុង ដែលពេលនេះនាងប្រឈមនឹងការបាត់បង់ជីវិត។ ការលើកឡើងនេះ ខណៈក្រសួងសុខាភិបាលសម្រេចបិទបណ្ដោះអាសន្ន មន្ទីរសំរាកព្យាបាលមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដើម្បីទុកពេលអ្នកជំនាញស្រាវជ្រាវករណីនេះ។ អានព័ត៌មានពិស្តារ...
៦. ក្រុមយុវជន និងជនជាតិដើមជង ខេត្តកោះកុង ដាក់ញត្តិឱ្យអាជ្ញាធរខេត្តកោះកុង បង្ហាញព្រំប្រទល់កាត់ឆ្វៀលតំបន់អភិរក្សអារ៉ែង
ក្រុមយុវជនខ្មែរថាវរៈ និងជនជាតិដើមភាគតិចជងទាមទារឱ្យអាជ្ញាធរខេត្តកោះកុង បង្ហាញព្រំប្រទល់ និងទំហំផ្ទៃដីតំបន់អភិរក្សអារ៉ែង ដែលត្រូវកាត់ឆ្វៀល ប្រគល់ជូនរដ្ឋបាលខេត្តកោះកុងគ្រប់គ្រងជំនួសវិញ។ ពួកគាត់សង្ស័យថា អាជ្ញាធរខេត្តនេះ ព្យាយាមលាក់បាំងព័ត៌មានជុំវិញរឿងនេះ នាំឱ្យសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំកាន់តែរីករាលដាល ប៉ះពាល់តំបន់អភិរក្សអារ៉ែង។ អានព័ត៌មានពិស្តារ...
៧. អគារមួយចំនួនរបស់ឧកញ៉ា សុខ គង់ លើភ្នំបូកគោរងការចោទប្រកាន់ថាបង្ខាំងមនុស្សធ្វើជាទាសករតាមប្រព័ន្ធអ៊ីនធឺណែត
អគារមួយចំនួន ស្ថិតនៅរមណីដ្ឋាន ឋានសួគ៌បូកគោខេត្តកំពត កំពុងរងការចោទប្រកាន់ថា បង្ខាំងមនុស្សរាប់រយនាក់ធ្វើជាទាសករឆបោកតាមប្រព័ន្ធអ៊ីធឺណែត (Internet)។ អតីតបុគ្គលិកធ្វើការនៅក្នុងអគារ ៩ ជាប់នឹងសណ្ឋាគារឋានសួគ៌សុខា (Thansur Sokha Hotel) អះអាងថា ជនបរទេសច្រើនជាតិសាសន៍ត្រូវបានថៅកែជនជាតិចិនល្បួងពួកគេឱ្យមកធ្វើការងារជាអ្នកបោកប្រាស់ (Scammer) តាមប្រព័ន្ធអនឡាញ (Online) នៅអគារលើភ្នំបូកគោ និងមិនអនុញ្ញាតឱ្យពួកគេមានសេរីភាពឡើយ។ ទោះបីជាយ៉ាងណា អាជ្ញាធរទទួលស្គាល់ថា មានបណ្តឹងប៉ុន្តែ មិនមែនជាការ បង្ខាំងមនុស្សនោះទេ។ អានព័ត៌មានពិស្តារ...
៨. កសិករដាំមៀននៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃមៀនចុះថោក ប៉ះពាល់ដល់ជីវភាព
កសិករដាំមៀននៅខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃមៀនចុះថោក ប៉ះពាល់ដល់ជីវភាពកសិករដាំមៀនបារម្ភបញ្ហាតម្លៃថោក ស្របពេលកម្ពុជាគ្រោងនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនដោយផ្ទាល់នៅខាងមុខនេះ។ សង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតែជួយធ្វើយ៉ាងណាឱ្យផ្លែមៀនស្រស់របស់កសិករមានតម្លៃសមរម្យ។ អានព័ត៌មានពិស្តារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។