ព័ត៌មានសំខាន់ៗចំនួន ៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃពុធនេះ
2022.11.30
១. សភាឯកបក្សយល់ព្រមអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ តាមសំណើរដ្ឋាភិបាល
សភាឯកបក្សនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានអនុម័តថវិកាជាតិឆ្នាំ២០២៣ មានទឹកប្រាក់ ជិត ១០ពាន់លានដុល្លារ គឺកើនឡើង ១៣ភាគរយ ធៀបទៅនឹងថវិកាជាតិឆ្នាំ ២០២២ ដែលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។ អានព័ត៌មានពិស្តារ...
២. មេធាវី ២រូបជួបកញ្ញា ឈឹម ស៊ីថរ នៅគុកព្រៃសនៅថ្ងៃទី២៨ ខែវិច្ឆិកា
មេធាវីចំនួន ២រូបនៃអង្គការលីកាដូ (LICADHO) បានចូលជួបកញ្ញា ឈឹម ស៊ីថរ ក្នុងគុកព្រៃសនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ដើម្បីសួរសុខកញ្ញា និងបន្តការពារសិទ្ធិឱ្យកញ្ញាតាមនីតិវិធី។ អានព័ត៌មានពិស្តារ...
៣. ប្រជាកសិករបង្ខំចិត្តលក់ស្រូវក្នុងតម្លៃថោក ដើម្បីយកប្រាក់សងបំណុល
ពាក់ព័ន្ធនឹងតម្លៃស្រូវចុះថោកវិញ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បង្ខំចិត្តលក់ស្រូវឱ្យឈ្មួញក្នុងតម្លៃទាប ដើម្បីយកប្រាក់សង បំណុលធនាគារ និងថ្លៃជីកសិកម្ម។
ពួកគាត់ខកចិត្តដែលមន្ត្រីក្រសួងកសិកម្ម គ្មានឆន្ទៈពិតប្រាកដដោះស្រាយ បញ្ហាតម្លៃស្រូវចុះថោកជូនដល់កសិករ ដោយចេញតែសេចក្ដីប្រកាស ប៉ុន្តែគ្មានការតាមដាន និងអនុវត្តឱ្យមាន ប្រសិទ្ធភាព។ អ្នកជំនាញកសិកម្មស្នើឱ្យអាជ្ញាធរតាមមូលដ្ឋានពង្រឹងការអនុវត្តតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម និងជំរុញឱ្យកសិករ នាំគ្នាចងក្រងជាសមាគម។ អានព័ត៌មានពិស្តារ...
៤. សកម្មជនព្រៃឈើ និងមន្ត្រីអង្គការសង្គមស៊ីវិលថា គម្របព្រៃឈើក្នុងដែនអភិរក្សបន្តបាត់បង់ដោយសារអំពើពុករលួយ
សកម្មជនព្រៃឈើថា គម្របព្រៃឈើក្នុងដែនអភិរក្ស បាត់បង់ជាបន្តបន្ទាប់ដោយសារ ការកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន របស់ឈ្មួញទុច្ចរិត និងមន្ត្រីធំៗ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ដើម្បីរក្សាគម្របព្រៃឈើឱ្យបានគង់វង្ស លុះត្រាតែរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ ហើយ ត្រូវរឹបអូសដីពីអ្នកកាប់ទន្ទ្រានព្រៃឈើមកអភិរក្សឡើងវិញ។ អានព័ត៌មានពិស្តារ...
៥. ប្រជាសហគមន៍ខេត្តមណ្ឌលគិរីប្ដឹងអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទៅតុលាការ ករណី មិនអើពើការពារព្រៃសហគមន៍
ប្រជាសហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរី ៤នាក់ ប្ដឹងអាជ្ញាធរមូលដ្ឋាន និង ឈ្មួញឈើ ទៅតុលាការ ពីបទបណ្ដែតបណ្ដោយឱ្យកើតមានបទល្មើសឧក្រិដ្ឋព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អ្នកភូមិស៊ើបដឹងថា មេភូមិពូត្រែង មន្ត្រីប៉ុស្តិ៍ អាជ្ញាធរឃុំដាក់ដាំ និង ឈ្មួញខិលខូច បានឃុបឃិតគ្នា ឈូសឆាយរំលោភយកដីព្រៃសហគមន៍ភូមិពូត្រែងអស់ជាច្រើនហិកតារបន្ថែមទៀត។ អានព័ត៌មានពិស្តារ...
៦. ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីថៅកែមិនបើកប្រាក់ឈ្នួលឱ្យពួកគេប៉ះពាល់ដល់ជីវភាព
ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃ ត្អូញត្អែរពីថៅកែមិនបើកប្រាក់ឈ្នួលឱ្យពួកគេជិត៥ខែមកហើយ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ដល់ពលករ និងព្យាយាមរក្សាទំនាក់ទំនងល្អក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលករ។ អានព័ត៌មានពិស្តារ...
៧. ពលរដ្ឋ និងព្រះសង្ឃនៅកម្ពុជាក្រោមព្យាយាមបង្រៀនអក្សរខ្មែរដល់កុមារខ្មែរដើម្បីរក្សាអត្តសញ្ញាណជាតិ
នៅដែនដីកម្ពុជាក្រោមឯណោះវិញ ប្រជាពលរដ្ឋ និងព្រះសង្ឃ ព្យាយាមបង្រៀនអក្សរខ្មែរដល់កូនចៅដើម្បីរក្សាអត្តសញ្ញាណជាតិ និងដើម្បីលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ។
ខ្មែរក្រោមតែងតែដាស់តឿនកូនចៅឲ្យទៅរៀនអក្សរខ្មែរនៅតាមវត្តអារាម ដែលមានព្រះសង្ឃ និងគ្រូជាអ្នកបង្រៀន ដោយមិនគិតពីការនឿយហត់។ គ្រូបង្រៀននៅកម្ពុជាក្រោមខិតខំបណ្ដុះបណ្ដាលកុមារខ្មែរក្រោមឲ្យចេះអក្សរសាស្ត្រជាតិ ដោយមិនគិតពីប្រាក់ខែឡើយ។ អានព័ត៌មានពិស្តារ...
៨. អគារមួយចំនួនរបស់ឧកញ៉ា សុខ គង់ លើភ្នំបូកគោរងការចោទប្រកាន់ថា ត្រូវបានគេប្រើប្រាប់សម្រាប់បង្ខាំងមនុស្សធ្វើជាទាសករតាមប្រព័ន្ធអ៊ីនធឺណែត
អគារមួយចំនួន ស្ថិតនៅរមណីដ្ឋាន ឋានសួគ៌បូកគោខេត្តកំពត កំពុងរងការចោទប្រកាន់ថា ត្រូវបានគេប្រើប្រាស់សម្រាប់បង្ខាំងមនុស្សរាប់រយនាក់ធ្វើជាទាសករឆបោកតាមប្រព័ន្ធអ៊ីធឺណែត (Internet)។ ប្រភពឲ្យដឹងថា ជនបរទេសច្រើនជាតិសាសនាត្រូវបានថៅកែជនជាតិចិនល្បួងពួកគេឱ្យមកធ្វើការងារជាអ្នកបោកប្រាស់ (Scammer) តាមប្រព័ន្ធអនឡាញ (Online) នៅអគារលើភ្នំបូកគោ និងមិនអនុញ្ញាតឱ្យពួកគេមានសេរីភាពឡើយ។ ទោះបីជាយ៉ាងណា អាជ្ញាធរទទួលស្គាល់ថា មានបណ្តឹងអំពើរឿងនេះប៉ុន្តែ បដិសេធថា មិនមែនជាការ បង្ខាំងមនុស្សខុសច្បាប់នោះទេ។ អានព័ត៌មានពិស្តារ...
៩. គ្រួសារសកម្មជនបក្សប្រឆាំងនៅតែរក្សាជំហរចេញតវ៉ាស្វែងរកយុត្តិធម៌ជូនសមាជិកគ្រួសារពួកគេ
គ្រួសារសកម្មជនបក្សប្រឆាំងនៅតែរក្សាជំហរចេញតវ៉ាស្វែងរកយុត្តិធម៌ ជូនសមាជិកគ្រួសារពួកគេ ទោះបីរដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់បង្ហាញឆន្ទៈស្ដារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ក៏ដោយ។ មន្ត្រីសិទ្ធិមនុស្សគាំទ្រសកម្មភាពតស៊ូដោយសន្តិវិធីនេះ ប៉ុន្តែស្ថានភាពនយោបាយដូចបច្ចុប្បន្ន ពន្លឺយុត្តិធម៌សម្រាប់សកម្មបក្សប្រឆាំងអាចនៅវែងឆ្ងាយ។ អានព័ត៌មានពិស្តារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។