លោក រ៉ុង ឈុន ស្នើ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ

ដោយ ច័ន្ទ ដារ៉ូ
2024.12.02
លោក រ៉ុង ឈុន ស្នើ​តុលាការ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ។
រូប៖ ហ្វេសប៊ុកលោក រ៉ុង ឈុន

ទីប្រឹក្សា​គណបក្សកម្លាំងជាតិ​លោក រ៉ុង ឈុន ស្នើ​ឱ្យ​សាលាដំបូង​រាជធានីភ្នំពេញ​ទម្លាក់ចោល​ការ​ចោទប្រកាន់ ដើម្បី​ឱ្យ​លោក​បាន​ធ្វើ​នយោបាយ បម្រើសង្គម​ពេញលេញ​ឡើងវិញ។ សំណើ​នេះធ្វើឡើង​បន្ទាប់ពី​​ចៅក្រម​ស៊ើបសួរសាលា​ដំបូង​រាជធានីភ្នំពេញ ប្រកាស​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​របស់​លោក​កាល​ពី​ពេលថ្មីៗនេះ។ មន្រ្តីសិទ្ធិមនុស្ស​មើលឃើញ​ថា​ការ​រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ​លើ​លោក រ៉ុង ឈុន នោះ គឺ​មិន​ផ្តល់​ផលចំណេញ​អ្វី​ដល់​កម្ពុជា​ឡើយ។

ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ​លោក ទិតសុទ្ធី បូរ៉ាឆាត បាន​ជូន​ដំណឹង​អំពី​ការ​បិទបញ្ចប់​ការស៊ើបសួរ​នៅក្នុង​សំណុំរឿង​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ដែល​នៅ​ក្រៅ​ឃុំ ពីបទ «មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការផ្ដន្ទាទោស​បទមជ្ឈិម លើ​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ក្នុង​ឆ្នាំ២០២៤។ នេះ​បើតាម​លិខិត​ជូនដំណឹង​របស់​តុលាការ​ចុះ​ថ្ងៃ​ទី១៩ ខែវិច្ឆិកា  តែ​លោក រ៉ុង ឈុន ទើប​ទទួល​បាន​ពី​មន្រ្តី​នគរបាល​យុត្តិធម៌​នៅ​ព្រឹក​ថ្ងៃទី២ ខែ​ធ្នូ។

លោក រ៉ុង ឈុន ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោក​បាន​អនុវត្ត​ត្រឹមត្រូវ តាម​ការកំណត់ ​របស់​តុលាការ។ ចំណែក​សកម្មភាព​ដែល​លោក​ចុះ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះដីធ្លី រួមទាំង​សកម្មភាព​ចូលរួម​ការពារ​ផល​ប្រយោជន៍ជាតិ និង​បញ្ចេញមតិ​កន្លងមក គឺ​មិន​ខុស​ច្បាប់ ឬ​បំពាន​បម្រាម​តុលាការ​នោះទេ។ លោក រ៉ុង ឈុន សង្ឃឹម​ថា​លោក​នឹង​រួចផុត​ពី​ការចោទ​ប្រកាន់ និង​ទទួលបាន​សិទ្ធិ​សេរីភាពពេញ​លេញ​ក្នុង​ការធ្វើសកម្មភាព​នយោបាយ​ជួយ​ដល់​សង្គម និង​ការពារ​ពលរដ្ឋ​ស្លូតត្រង់​តទៅទៀត។

លោក រ៉ុង ឈុន«អ្នក​ដែល​វាយ​តម្លៃ​ថា​ខ្ញុំ​ធ្វើ​កិច្ចការងារ​ហ្នឹង​ខុស ឬ​ត្រូវ គឺ​ស្ថិត​នៅលើ​ការវិនិច្ឆយ​របស់​ពលរដ្ឋ។ ការវិនិច្ឆយ​របស់តុលាការ​នោះ បើ​តុលាការ​អនុវត្ត​តាម​វិជ្ជាជីវៈ មិន​ទទួល​ឥទ្ធិពល​​ខាងណា​នោះ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​ខ្ញុំ​ពីព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្តកំហុស​ណា​នោះទេ បាទ »

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី២ ខែ​ធ្នូ។

លោក រ៉ុង ឈុន បាន​ជាប់​ពន្ធនាគារ​រយៈពេល ២០ខែ ពាក់ព័ន្ធ​នឹង​ការចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​បញ្ហា​កសិករខ្មែរ​បាត់បង់​ដីធ្លី​នៅក្បែរ​តំបន់​ព្រំដែន​ក្នុង​ខេត្តត្បូងឃ្មុំ ទៅ​ប្រទេស​វៀតណាម។ សាលឧទ្ធរណ៍ភ្នំពេញ​បាន​សម្រេច​ដោះលែង​លោក កាលពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រោម​លក្ខខណ្ឌ​ព្យួរទោស​សាកល្បង​ចំនួន​៣ឆ្នាំ។ ទោះយ៉ាងណា​នៅក្នុង​សាលដីកា​នោះ តុលាការ​មិន​បានដាក់​បម្រាម​ហាមឃាត់​លោក រ៉ុង ឈុន មិន​ឱ្យ​ធ្វើនយោបាយ  ឬ​បញ្ចេញមតិ​អំពី​បញ្ហា​សង្គម ឬ​ការជួបជុំ​ពលរដ្ឋ​រងគ្រោះ​ដែល​ធានា​ដោយ​ច្បាប់​នោះទេ។

ទោះបី​ជា​បែប​នេះ​ក្តី ចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានី​ភ្នំពេញ​បាន​យក​សំណុំ​រឿង​ចាស់​មក​កោះហៅ​លោក រ៉ុង ឈុន ទៅ​បំភ្លឺ កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា គឺ​មុន​ពេល​លោក​ត្រូវ​ទទួល​បាន​នីតិសម្បទា​ពេញលេញ​ឡើងវិញ នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ តុលាការ​បាន​ចោទប្រកាន់ លោក​ពាក់ព័ន្ធ​ការបញ្ចេញ​មតិយោបល់ និង​សកម្មភាព​របស់​លោក​កន្លងទៅ រួមមាន​ការផ្តល់​បទសម្ភសន៍​ឱ្យ​សារព័ត៌មាន ជុំវិញ​បញ្ហា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះតាម​ព្រំដែន ករណី​លោក​ចុះសួរសុខទុក្ខ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹងតាមោក និង​ការជួប​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ ដោយសារ​ការសាងសង់​ព្រលាន​យន្តហោះភ្នំពេញ​ថ្មី ព្រមទាំង​ករណី​លោក​ចូលរួម​កម្មវិធី​សម្ពាធ​ទីស្នាក់ការ​គណបក្សកម្លាំងជាតិ​នៅ​ស្រុកកោះធំ ខេត្ត​កណ្តាល​ជាដើម។

តុលាការ​ដែល​គេ​មើលឃើញ​ថា ស្ថិ​តក្រោម​ឥទ្ធិពល​បក្សកាន់អំណាច​នេះ បាន​សម្រេច​ឲ្យ​លោក រ៉ុង ឈុន នៅ​ក្រៅ​ឃុំ​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង​មួយចំនួន។ លក្ខខណ្ឌ​ទាំងនោះ​មាន​ដូចជា ហាម​មិន​ឱ្យ​លោក​ធ្វើ​ដំណើរ​ចេញ​ទៅក្រៅ​ប្រទេស ហាម​ធ្វើ​សកម្មភាព​ជួបជុំ​នានា ត្រូវ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​នៅពេល​ផ្លាស់ប្តូរ​ទីលំនៅ ត្រូវ​បង្ហាញខ្លួន​ចំពោះ​មុខ​សមត្ថកិច្ច​ រៀងរាល់​ខែ​ក្នុង​សប្តាហ៍ទី៤ និង​ត្រូវ​សហការ​ជាមួយ​តុលាការ​នៅពេល​មានដីកា​កោះហៅ។

ទាក់ទងបញ្ហានេះ មន្រ្តី​ជាន់ខ្ពស់​នៃ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា លោក រ៉ុង ឈុន ជា​មនុស្ស​ម្នាក់​លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​បម្រើជាតិ​ដោយ​ស្មោះត្រង់ ចំណែក​សកម្មភាព​របស់​លោក រ៉ុន ឈុន នៅក្នុង​សង្គម​ជាបន្តបន្ទាប់​មក​នេះ គឺ​ជា​ការអនុវត្ត​សិទ្ធិសេរីភាព​ស្របតាម​ច្បាប់។ លោក​ស្នើ​ដល់​តុលាការក្រុងភ្នំពេញ​លុបចោល​បទចោទប្រកាន់​លើ​លោក រ៉ុង ឈុន ដើម្បី​ឱ្យ​គាត់​បន្ត​ជួយ​បម្រើ​ប្រយោជន៍ ដល់​សង្គមជាតិ​បន្តទៀត។

លោក យី សុខសាន្ត«ខ្ញុំ​យល់​ថា​ តុលាការ​គួរ​ផ្តល់យុត្តិធម៌​ចុងក្រោយ ដើម្បី​​ឱ្យ​​គាត់​បាន​​ធ្វើ​នយោបាយ​ចូលរួម​ប្រកួត ស្រប​ទៅ​នឹង​ប្រទេស​យើង ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរីពហុបក្ស​នេះ គួរតែ​ផ្តល់​ឱ្យ​គាត់។ ប្រជាពលរដ្ឋ ទាំង​មតិ​ជាតិនិង​អន្តរជាតិ ក៏​មើល​ឃើញ​ថា​ការដាក់​ទណ្ឌកម្ម ក៏ដូច​ការរឹតត្បិត​លើ​លោក រ៉ុង ឈុន ហ្នឹង​វា​ជា​រឿង​មួយ​ បិទលំហ​សេរីភាព​នយោបាយ​ដែល​ធ្វើទុក្ខបុកម្នេញ​លើ​គាត់​ មិន​ឱ្យ​មាន​សេរីភាព​ចូលរួម​បម្រើ​ការងារសង្គម​ បាទ»

អ្នកឃ្លាំមើល និង​អង្គការ​សង្គមស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ប្រើ​ប្រព័ន្ធតុលាការ​ធ្វើ​ជា​ឧបករណ៍​បង្ក្រាប​សំឡេង​ប្រឆាំង និង​សំឡេង​រិះគន់ ដូច​ជំនាន់​ឪពុក​របស់​លោក គឺលោក ហ៊ុន សែន តទៅ​ទៀត ព្រោះ​វា​មិន​ផ្តល់ផល​ចំណេញ​ដល់​ជាតិ​នោះទេ។ ផ្ទុយទៅវិញ​វា​កាន់តែ​ធ្វើឲ្យ​ជាតិ​បែកបាក់ និង​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​នៅលើ​ឆាក​អន្តរជាតិ ហើយ​បាត់បង់​ធនធាន​មនុស្ស​ចូលរួម​អភិវឌ្ឍជាតិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។