លោក រ៉ុង ឈុន បដិសេធ​តួនាទី​ប្រធាន​គណបក្ស​កម្លាំងជាតិ ក្រោយ​ក្រសួង​មហាផ្ទៃ​ព្រមាន

ដោយ សុជីវី
2023.11.12
លោក រ៉ុង ឈុន បដិសេធ​តួនាទី​ប្រធាន​គណបក្ស​កម្លាំងជាតិ ក្រោយ​ក្រសួង​មហាផ្ទៃ​ព្រមាន លោក រ៉ុង ឈុន ថ្លែង​នៅ​ក្នុង​សមាជ​គណបក្សកម្លាំងជាតិ នាខេត្ត​កំពង់ធំ នៅថ្ងៃទី១២ វិច្ឆិកា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

បើ​ទោះបី​ជា​អង្គ​សមាជ​បាន​បោះឆ្នោត​ឱ្យ​លោក រ៉ុង ឈុន ធ្វើ​ជា​ប្រធាន​ដើម្បី​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​ក្ដី ប៉ុន្តែ​លោក រ៉ុង ឈុន បាន​បដិសេធ​មិន​យក​តួនាទី​នេះ​ឡើយ ក្រោយ​មាន​ការ​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ ។ អ្នក​តាមដាន​នយោបាយ​លើកឡើង​ថា ការ​សម្រេចចិត្ត​របស់​លោក រ៉ុង ឈុន បែប​នេះ គឺជា​ការ​ធ្វើ​នយោបាយ​ដែល​មាន​ភាព​វ័យ​ឆ្លាត និង​ចេះ​បត់បែន។

ពិធី​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ជាតិ ដែល​ធ្វើឡើង​នៅ​ភូមិ​ក្រចាប់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា មាន​អ្នកចូលរួម​ប្រមាណ ១.៥០០​នាក់ ដែល​ភាគច្រើន​នៃ​អ្នកចូលរួម​ទាំងនេះ គឺជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​របស់​គណបក្ស​ភ្លើងទៀន។

ក្រៅពី​អនុម័ត​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​មាន​១០​ជំពូក ចែក​ជា ៥៧​មាត្រា រួច អង្គ​សមាជ​នៃ​គណបក្ស​កម្លាំង​ជាតិ ក៏បាន​បោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​គណបក្ស​ផង​ដែរ​។ ថ្នាក់ដឹកនាំ​ដែល​អង្គ​សមាជ​សម្រេច​ជ្រើសតាំង​ទាំងនោះ​រួមមាន គណៈកម្មការ​នាយក​របស់​គណបក្ស គណៈកម្មការ​អចិន្ត្រៃយ៍ គណៈកម្មការ​ប្រតិបត្តិ និង​គណៈកម្មការ​វិន័យ​។ បន្ថែម​ពី​នេះ អង្គ​សមាជ​ក៏បាន​កំណត់​ទិសដៅ ការងារ​ឆ្ពោះទៅ​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា ខេត្ត​ក្រុង ស្រុក​ខណ្ឌ​ក្នុង​ឆ្នាំ​២០២៤ ផង​ដែរ។

បើ​ទោះបី​ជា​អង្គ​សមាជ​សម្រេច​បោះឆ្នោត​ជ្រើសតាំង​លោក រ៉ុង ឈុន ជា​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​យ៉ាងណាក្ដី ប៉ុន្តែ​អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​ទើប​លាលែង​ពី​តំណែង​រូប​នេះ សម្រេច​បដិសេធ​ទទួលយក​តំណែង​ជា​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​នេះ។

លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ថយក្រោយ​មួយ​ជំហាន​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ធានា​ពី​ដំណើរការ​គណបក្ស​កម្លាំងជាតិ ចួ​ល​រួម​ប្រកួតប្រជែង​នយោបាយ​នៅពេល​ខាងមុខ។

លោក រ៉ុង ឈុន៖ «ដោយសារតែ​ខ្ញុំ​មិន​ចង់​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​គណបក្ស​ដែល​យើង​ខិតខំ​បង្កើត​ហើយ បែរជា​យើង​បាត់​ទៅវិញ អាហ្នឹង​វា​ជា​បញ្ហា​មួយ​ដ៏​ធ្ងន់ធ្ងរ ដូច្នេះ​ខ្ញុំ​សុំ​ថយក្រោយ​មួយ​ជំហាន​ដើម្បី​រក្សា​បក្ស​បន្ត​ដំណើរ​ទៅមុខ មាន​ន័យថា​បន្ត​ពី​គណបក្ស​ភ្លើងទៀន ឆ្ពោះ​ទៅ​គោលដៅ​ដែល​ពលរដ្ឋ​ចង់បាន​ទាំងអស់គ្នា»

ទោះជា​យ៉ាងណា​លោក​អះអាង​ថា ការ​ព្រមាន​របស់​ក្រសួង​មហាផ្ទៃ មិន​ឱ្យ​លោក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយនឹង​គណបក្ស​កម្លាំង​ជាតិ ឆ្លុះ​បញ្ចាំង​ពី​ភាព​ភ័យខ្លាច​ឥទ្ធិពល​របស់​គណបក្ស​កម្លាំង​ជាតិ ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​នយោបាយ។

លោក រ៉ុង ឈុន៖ «ក្នុងនាម​ខ្ញុំ​ជាទី​ប្រឹក្សា​គណបក្ស ថ្វីត្បិតតែ​គ្មាន​សិទ្ធិ​បោះឆ្នោត តែ​ខ្ញុំ​មាន​សិទ្ធិ​សម្របសម្រួល​ធ្វើ​ម៉េច​គំនិត​ដែល​ខ្ញុំ​ដាក់​ទៅ​ហ្នឹង ស្វែងរក​ការ​គាំទ្រ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា។

បន្ទាប់ពី​បាន​សម្រាក​១៥​នាទី ដោយសារ​ការ​បដិសេធ​របស់​លោក រ៉ុង ឈុន អង្គ​សមាជ​បានសម្រេច​ជ្រើសតាំង​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន គឺ​លោក ស៊ុន ចន្ធី ជា​ប្រធាន​គណបក្ស និង អតីត​ប្រធាន​សហជីព​សេរី​កម្ពុជា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អតីត​សមាជិក​គណៈកម្មការ​នា​យក​គណបក្ស​ភ្លើងទៀន ជា មុនី ឱ្យ​ធ្វើ​ជា​អនុប្រធាន​វិញ។

ដោយឡែក​នៅក្នុង​អង្គ​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំងជាតិ​នេះ ក៏​មាន​វត្តមាន​តំណាង​គណបក្ស​ភ្លើងទៀន លោក គង់ ម៉ូនីកា ចូលរួម​ផង​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញ​ថា ការសម្រេចចិត្ត​របស់​លោក រ៉ុង ឈុន គឺជា​ការសម្រេចចិត្ត​បែប​វ័យ​ឆ្លាត​។ លោក​បន្ថែម​ថា បើ​ទោះបីជា​លោក រ៉ុង ឈុន មិន​មាន​តួនាទី​ជា​ប្រធាន​គណបក្ស​ក្ដី ប៉ុន្តែ​លោក រ៉ុង ឈុន នៅ​តែ​មាន​ឥទ្ធិពល​រៀបចំ​យុទ្ធសាស្ត្រ​រក​អ្នកគាំទ្រ​ឲ្យ​គណបក្ស​កម្លាំង​ជាតិ​នៅ​ពីក្រោយ​ឆាក។

លោក សេង វណ្ណលី៖ «ហើយ​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ​ពី​ភ្លើងទៀន​ដឹង​ច្បាស់​អំពី​សក្ដានុពល​របស់​លោក រ៉ុង ឈុន អ៊ីចឹង​កន្លងទៅ​យើង​មើល​មហិច្ឆតា​របស់​លោក រ៉ុង ឈុន មិនមែន​ដើម្បី​ធ្វើជា​ប្រធាន​បក្ស​អី​ទេ ប៉ុន្តែ​ដើម្បី​ធ្វើ​ម៉េច​បង្រួបបង្រួម​កម្លាំង​ប្រជាធិបតេយ្យ ដើម្បី​កុំឱ្យ​បែកខ្ញែក​តែប៉ុណ្ណោះ»

ដោយឡែក អ្នកវិភាគ​នយោបាយ​ចាស់វស្សា លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា វត្តមាន​គណបក្ស​កម្លាំងជាតិ គឺជា​កត្តា​ជំរុញ​មួយ​ផ្នែក​ទៀត ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​។ លោក​បន្ថែម​ថា ដើម្បី​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន គណបក្ស​នេះ​គួរ​រៀន​ពី​បទ​ពិសោធ​បរាជ័យ និង​ជោគជ័យ​ឱ្យ​បាន​ច្រើន​ពី​គណបក្សប្រឆាំង។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «រឿង​និន្នាការ និង​ទំនោរ​ហ្នឹង​វា​ប្រែប្រួល ខ្លះ​ក៏​កើត​ទៅ ខ្លះ​ក៏​រលាយ​ទៅ បក្ស​ខ្លះ​ក៏​គេ​ហាមឃាត់​ទៅ តាមចិត្ត​គេ​ហូរហែ​អ៊ីចឹង​ទៅ ហើយ​នយោបាយ​ក៏​ចេះតែ​រេ​អ៊ីចឹង​ទៅ ជួនកាល​បង្កើត​បក្ស​ខ្លួនឯង​ទៅ ជួនកាល​ក៏​រួបរួម​ជាមួយ​គេ​ទៅ ដូច្នេះ​មិន​ឆ្ងល់​អ្វី​នោះ​ទេ ចំពោះ​ការ​និយាយ​ថា នាំ​ឱ្យ​បំបែក​សំឡេង ប៉ុន្តែ​គេ ហើយ​ជាពិសេស​ខ្ញុំ ហើយ​អ្នក​ផ្សេងៗ​ទៀត​ក៏​ប្រហែល​គិត​អ៊ីចឹង​ដែរ ការបង្កើត​បក្ស​គឺជា​សិទ្ធិ​នយោបាយ​របស់​បុគ្គល​គ្រប់រូប និង​ខ្មែរ​ម្នាក់ៗ»

គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ភ្លើងទៀន បន្ទាប់ពី គ​.​ជ​.​ប រារាំង មិន​ឲ្យ​បក្ស​ភ្លើងទៀន ចូលរួម​ការបោះឆ្នោត​។ ទោះជា​យ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស ភ្លើងទៀន​មួយ​ចំនួន​ទៀត ក៏​ងាក​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣​ទៀត​។ ដោយឡែក លោក រ៉ុង ឈុន ដែល​ចង់ទៅ​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​នោះ ត្រូវ​បាន​អាក់ខាន​វិញ ដោយសារតែ​ក្រសួងមហាផ្ទៃ រួម​ទាំង​ក្រសួងយុត្តិធម៌​ផង បាន​គំរាមកំហែង​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា លោក រ៉ុង ឈុន មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើយ ដោយសារ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​លោក​ចុះទៅ​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​អះអាង​ថា វៀតណាម បាន​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
រដ្ឋាភិបាល​កាត់​ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ​ជិត​៣០​ហិកតារ​ឲ្យ​ប្រពន្ធ​លោក នេត សាវឿន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។