លោក រ៉ុង ឈុន ថា លោកមិនខ្លាចក្នុងការចូលបំភ្លឺតុលាការទេ ពាក់ព័ន្ធបទចោទ «មិនរាងចាល»
2024.09.11
ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកថា លោកមិនភ័យខ្លាចក្នុងការចូលបំភ្លឺតាមការកោះហៅរបស់តុលាការពីបទចោទមិនរាងចាលនោះទេ ដោយលោកអះអាងថា ពុំបានប្រព្រឹត្តកំហុសណាមួយនោះឡើយ ក្រោយពេលលោកត្រូវបានដោះលែងពីពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិលថា តុលាការគួរតែទម្លាក់ការចោទប្រកាន់លើលោក រ៉ុង ឈុន ហើយងាកមកស្ដារប្រព័ន្ធប្រជាធិបតេយ្យ ឡើងវិញ នោះទើបជាការប្រសើរ។
ទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃទី១១ ខែកញ្ញា បានទទួលដីកាកោះហៅជាថ្មី ឱ្យចូលបំភ្លឺពាក់ព័ន្ធ បទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីពេលមុន។ លោកថា នឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ហើយក៏ស្នើតុលាការ ឱ្យទម្លាក់ចោលការចោទប្រកាន់មកលើរូបលោកផងដែរ។
អតីតមេដឹកនាំសហជីព និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដ៏មានប្រជាប្រិយភាព លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកញ្ញា ថា ការកោះហៅរបស់តុលាការ ឱ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ពុំមែនជារឿងចម្លែកទេ ខណៈដែលស្ថានការណ៍នយោបាយនាពេលនេះ ហាក់មិនទាន់ល្អនៅឡើយ ហើយមេដឹកនាំបក្សកម្លាំងជាតិមួយចំនួន ក៏ត្រូវបាន តុលាការចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។
ទោះជាយ៉ាងណាក្ដី លោកថា នេះជានីតិវិធីរបស់តុលាការ ហើយលោកពុំភ័យខ្លាច ក្នុងការចូលបំភ្លឺនោះឡើយ ព្រោះថាកន្លងទៅនេះ ក្រោយពេល ដែលលោកមានសេរីភាពឡើងវិញ ក៏តុលាការពុំបានហាមឃាត់មិនឱ្យលោកចូលរួមជីវភាពនយោបាយនោះដែរ។ ដូច្នេះ លោកថា ការចូលរួមជីវភាពនយោបាយជាមួយបក្សកម្លាំងជាតិកន្លងទៅ ពុំមែនជាបទល្មើស ឬជាកំហុសណាមួយនោះឡើយ។
លោក រ៉ុង ឈុន៖ «ចំពោះខ្ញុំៗ នឹងទៅតាមការកំណត់របស់តុលាការ ទៅចូល បំភ្លឺនៅចំពោះមុខតុលាការ ជុំវិញបញ្ហាទាំងអស់នេះ ដែលបានកោះហៅហ្នឹង។ វាជារឿងធម្មតាទេ។ វាគ្មានអ្វីជារឿង ព្រួយបារម្ភ ណានោះទេ ព្រោះអី យើងមិនបាន ប្រព្រឹត្តកំហុសឆ្គងអីផងដូច្នេះ គ្មានអ្វី ដែលត្រូវភ័យទេ»។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារជាលើកទី២ ក្រោយពេលលោកចុះឃ្លាំមើលនៅខេត្តត្បូងឃ្មុំ និងបានអះអាងថា ដីរបស់ពលរដ្ឋមួយចំនួននៅជាប់តាមបន្ទាត់ព្រំដែន ត្រូវបានអាជ្ញាធរវៀតណាម ហាមមិនឱ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។ ការចាប់ខ្លួនលោក រ៉ុង ឈុន កាលនោះ នាំឱ្យមានការតវ៉ាពីសកម្មជន និងយុវជនសង្គមមួយចំនួន ហើយក៏មានមនុស្សជាង ១០នាក់ទៀត ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់។
ក្រោយមកទៀត តុលាការបានសម្រេចតម្កល់ការផ្ដន្ទាទោសលោក រ៉ុង ឈុន ប៉ុន្តែ បានបន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹមរយៈពេល ១៥ខែ និង១១ថ្ងៃ នៃទោសពន្ធនាគារសរុប២៤ខែ ហើយទោស ដែលនៅសល់ត្រូវបានព្យួរ ពាក់ព័ន្ធការរិះគន់រឿងព្រំដែនកម្ពុជា និងវៀតណាម។ ទោះជាយ៉ាងនោះក្ដី ក្រោយពីជាប់ពន្ធនាគារបាន ២០ខែ លោក រ៉ុង ឈុន ត្រូវបាន តុលាការដោះលែងឱ្យមានសេរីភាព វិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណែកទោសនៅសល់ត្រូវព្យួរ។ វិធានការរបស់តុលាការ ដែលព្យួរទោសនេះនឹងផុតកំណត់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ លោក រ៉ុង ឈុន បញ្ជាក់ថា លោកនឹងស្នើសុំទៅតុលាការ ដើម្បីសុំនីតិសម្បទាឡើងវិញ។
ចាប់ពីចុងខែវិច្ឆិកាឆ្នាំ២០២៤ នេះតទៅ លោក រ៉ុង ឈុន នឹងមានសិទ្ធិពេញលេញ ដូចប្រជាពលរដ្ឋទូទៅដែរ ដើម្បីចូលរួមធ្វើសកម្មភាពនយោបាយ ក្រោយពីការស្នើសុំនីតិសម្បទា។ ក្រុមអ្នកតាមដាននយោបាយ លើកឡើងថា ទំនងជាលោក រ៉ុង ឈុន ជិតផុតវិធានការរបស់តុលាការនេះហើយ ទើបតុលាការចេញបទចោទមួយថ្មីទៀតទាំងគ្មានភស្តុតាង ដើម្បីធ្វើទុក្ខម្នេញ ពោលគឺ ក្នុងទិសដៅបំបិទសិទ្ធិសេរីភាពលោក រ៉ុង ឈុន។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែកញ្ញា។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការចូលបំភ្លឺនៅតុលាការរបស់លោក រ៉ុង ឈុន នៅពេលខាងមុខអាចថា លោក រ៉ុង ឈុន ចង់បង្ហាញពីភាពស្អាតស្អំ។ ប៉ុន្តែ ការកោះហៅរបស់តុលាការពេលនេះ លោកថា អាចនឹងរងការរិះគន់ពីសំណាក់អង្គការជាតិ និងអន្តរជាតិថា គឺជាការដាក់សម្ពាធ ផ្នែកនយោបាយ។
លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិល យើងនៅតែមើលឃើញថា អ្នកនយោបាយទាំងអស់គួរតែតម្កល់ឧត្ដមប្រយោជន៍ជាតិ ឧត្ដមប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយអនុវត្តទៅតាមគោលនយោបាយ លទ្ធិប្រជាធិបតេយ្យ គឺការប្រកាន់តាមរដ្ឋធម្មនុញ្ញ ដែលប្រទេសកម្ពុជាយើង គឺប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេរី ពហុបក្ស»។
គិតត្រឹមថ្ងៃទី១១ ខែកញ្ញានេះ មានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើបណ្ដាញសង្គមជិត ១០០នាក់ ហើយត្រូវបានតុលាការចោទប្រកាន់ និងចាប់ខ្លួនដាក់គុក ដោយចោទប្រកាន់ពីបទ «ញុះញង់» និង «រួមគំនិតក្បត់» ជាដើម ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិអំពីបញ្ហាសង្គម។ មន្ត្រីសង្គមស៊ីវិលទទូចដល់អ្នកនយោបាយបក្សកាន់អំណាចថា គួរតែបញ្ឈប់វប្បធម៌ធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស និងនយោបាយ ហើយងាកមកស្ដារប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ នោះទើបប្រទេសជាតិរីកចម្រើន និងមានសាមគ្គីផ្ទៃក្នុងជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។