លោក រ៉ុង ឈុន រិះគន់​ការ​បន្ត​តែងតាំង​លោក ទេព នីថា ជា​អគ្គលេខាធិការ​គ.ជ.ប

ដោយ ម៉ៅ សុធានី
2023.12.30
លោក រ៉ុង ឈុន រិះគន់​ការ​បន្ត​តែងតាំង​លោក ទេព នីថា ជា​អគ្គលេខាធិការ​គ.ជ.ប (ពីឆ្វេង) សមាជិក និងជាអ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា អតីតសមាជិកគ.ជ.បកូតាគណបក្សសង្គ្រោះជាតិ​លោក រ៉ុង ឈុន និង​អគ្គលេខាធិការ​គ.ជ.ប លោក ទេព នីថា ចូលរួមផ្សព្វផ្សាយជាមួយស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទិ១២ តុលា ២០១៦។
រូប៖ ហ្វេសប៊ុកគ.ជ.ប

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រិះគន់​ការ​បន្ត​តែងតាំង​លោក ទេព នីថា ធ្វើ​ជា​អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..)។ ទីប្រឹក្សា​គណបក្ស​នេះ​ថា ការ​តែងតាំង​នេះ នឹង​ធ្វើ​ឱ្យ​សាធារណជន​មិន​មាន​ជំនឿ​ទៅ​លើ​ស្ថាប័ន​នេះ ធ្វើ​ការ​ដោយ​ឯករាជ្យ។

អតីត​សមាជិក​គ..ប និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ថា ការ​បន្ត​តែងតាំង​លោក ទេព នីថា នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ស្ថាប័ន​អន្តរជាតិ បន្ត​បាត់បង់​ជំនឿ​លើ​ការងារ​របស់​គ..ប។ ​

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា កន្លង​មក លោក ទេព នីថា មិន​បាន​លើក​កម្ពស់​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ​។ លោក​បន្ត​ថា ក្នុងនាម​ជា​អគ្គលេខាធិការ គ..ប លោក ទេព នីថា មិន​បាន​ជួយ​ចង្អុលបង្ហាញ​លក្ខន្តិកៈបោះឆ្នោត​ទៅកាន់​សមាជិក​គ..ប ដែល​សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា ដោយ​អយុត្តិធម៌​នោះ​ឡើយ។

លោក រ៉ុង ឈុន៖ «សមាជិក​គ..ប ក៏ដូចជា​អគ្គលេខាធិការ​ថ្មី អ្នក​ដឹកនាំ​ចាស់​ដដែល​ហ្នឹង យើង​មិន​ចង់​ឃើញ​ស្ថានភាព​ហ្នឹង​កើតឡើង​បន្ត​ទៅ​ទៀត​ទេ ត្រូវ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត ឱ្យ​តែ​ក្រសួងមហាផ្ទៃ​ទទួល​ស្គាល់​ថា គណបក្ស​ហ្នឹង​ជា​គណបក្ស​មួយ​ដែល​ស្របច្បាប់ ទោះបី​ទម្រង់​ឯកសារ​នោះ វា​មិន​ដូច​តម្រូវ​ការ​ចង់​បាន ហើយ​បើ​យើង​មើល​នៅ​ក្នុង​ច្បាប់​មិន​បាន​បញ្ជាក់​អ៊ីចឹង​ទេ តែ​គ..ប ហាក់បីដូចជា​អនុវត្ត​លើស​ពី​ច្បាប់​ហើយ បើ​យើង​ពិនិត្យ​ងាក​ទៅ​ក្រោយ​បន្តិច»

ប្រតិកម្ម​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី តែងតាំង លោក ទេព នីថា ជា​អគ្គលេខាធិការ​គ..ប​ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ។

គិត​មក​ដល់​ឆ្នាំ​២០២៣ លោក ទេព នីថា បាន​កាន់​តួនាទី​ជា​អគ្គលេខាធិការ​គ..ប អស់​រយៈពេល​ជាង​២០​ឆ្នាំ (២១)​។ កន្លង​ទៅ សាធារណជន និង​គណបក្សប្រឆាំង​រិះគន់​ថា លោក ទេព នីថា ធ្វើ​ការ​ដោយ​មិន​មាន​ឯករាជ្យ ដោយ​លោក​មាន​ទំនោរ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាក់ស្ដែង បើ​ទោះ​បី​ជា គ..ប​បាន​រៀបចំ​ដំណើរការ​បោះឆ្នោត​តំណាងរាស្ត្រ​៦​ដង មក​ហើយ​ក្ដី ក៏ប៉ុន្តែ​ករណី​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ដូចជា​ការ​បិទទ្វារ​រាប់​សន្លឹកឆ្នោត​ជាដើម នៅតែ​បន្ត​កើត​មាន។

ជុំវិញ​រឿង​នេះ​អគ្គលេខាធិការ​គ..ប លោក ទេព នីថា សុំ​មិន​អត្ថាធិប្បាយ​នោះ​ឡើយ ដោយ​លោក​ឱ្យ​វិទ្យុ​អាស៊ីសេរី​ទាក់ទង​អ្នកនាំពាក្យ គ​.​ជ​.​ប គឺ​លោក ហង្ស ពុទ្ធា វិញ​ដើម្បី​ឆ្លើយតប​បញ្ហា​នេះ។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ដើម្បី​សុំ​ការ​បកស្រាយ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ។

ជុំវិញ​រឿង​នេះ​ដែរ អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា ដោយសារតែ​រចនាសម្ព័ន្ធ​របស់​គ..ប ត្រូវ​បាន​ចាត់តាំង​ដោយ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ក្នុង​ពេល​តំណាងរាស្ត្រ​ភាគច្រើន​គឺជា​គណបក្ស​កាន់អំណាច ដូច្នេះ ស្ថាប័ន​គ..ប​នឹង​មិន​មានការ​ត្រួត​ពិនិត្យ​គ្នា​ទៅវិញទៅមក​នោះ​ឡើយ​។ លោក​បន្ត​ថា ស្ថាប័ន​គ..ប ធ្វើ​ការ​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​បាន លុះត្រាតែ​ការអនុវត្ត​ការងារ​រៀបចំ​ការបោះឆ្នោត​មានការ​ពិភាក្សា​ដេញដោល និង​កែតម្រូវ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង។

លោក កន សាវាង្ស៖ «ជា​ការ​កត់សម្គាល់​យើង​មិន​ឃើញ​ថា មាន​អ្វី​ជា​ការ​កត់សម្គាល់​ធំដុំ​នោះ​ទេ ហើយ​កន្លងមក​ការ​លើកឡើង​ផ្សេងៗ យើង​ក៏​ជួប​ត្រឹម​អគ្គលេខាធិការ​ដែរ ហើយ​គាត់​បាន​លើកឡើង​ថា គ..ប​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ អ៊ីចឹង​មាន​ន័យ​ថា ទោះបីជា​មើល​ឃើញ​ចំណុច​ចន្លោះប្រហោង ឬក៏​ការ​ស្នើសុំ​យ៉ាងម៉េច​ក៏ដោយ ក៏​លោក​ថា ពឹងផ្អែក​តែ​ទៅ​លើ​ច្បាប់​ដែល​មានតែ​ប៉ុណ្ណឹង»

ក្រៅពី​បន្ត​តែងតាំង​លោក ទេព នីថា ជា​អគ្គលេខាធិការ​គ..ប កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ រដ្ឋសភា​ក៏បាន​តែងតាំង​លោក ប្រាជ្ញ ច័ន្ទ ដែល​ជា​អតីត​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​បន្ត​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផង​ដែរ។

សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​ភាគច្រើន​យល់​ឃើញ​ថា គ..ប​មិន​មាន​ឯករាជ្យ​ភាព​នោះ​ទេ ហើយ​ជាក់ស្ដែង ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​ហើយ​ក្ដី ក៏​ស្ថាប័ន​មួយ​នេះ មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​នោះ​ឡើយ​។ បន្ថែម​ពី​នេះ គ​.​ជ​.​ប ក៏​បាន​ដាក់​ពិន័យ​ជា​ប្រាក់ និង​ហាម​មិន​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត ទៅលើ​សមាជិក​នៃ​គណបក្សប្រឆាំង​ជាច្រើន​នាក់​ទៀត ដោយសារតែ​ពួកគេ​ឃោសនា​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល កាលពី​ខែកក្កដា កន្លងទៅ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។