ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យកលុយ​ទៅ​បង់​តាម​បញ្ជា​របស់​តុលាការ

ដោយ ហ៊ុំ ចំរើន
2024.03.01
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យកលុយ​ទៅ​បង់​តាម​បញ្ជា​របស់​តុលាការ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ថ្លែង​នៅ​ពេលយក​ប្រាក់​ពិន័យ ២​លាន​រៀល ទៅ​បង់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

លោក រ៉ុង ឈុន និង​ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ បាន​ទៅ​បង់​ប្រាក់​ពិន័យ​ចំនួន ២លាន​រៀល ឬ​ប្រមាណ ៥រយ​ដុល្លារ​អាមេរិក នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី១ ខែមីនា។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​លោក រ៉ុង ឈុន ឆ្លុះ​បញ្ចាំង​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​នៅ​តែ​រង​ការ​រឹតត្បិត។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ដើរ​ទៅ​បង់​ប្រាក់​ពិន័យ ២លាន​រៀន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែមីនា ដោយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចេញ​ពី​កន្លែង​ចត​ឡាន នៅ​ខាង​ត្បូង​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រមាណ ២០០ម៉ែត្រ។

អម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ និង​អ្នក​គាំទ្រ​លោក​ប្រមាណ ៤០នាក់ និង​មាន​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​តាម​ឃ្លាំ​មើល​ផង​នោះ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ឆ្លៀត​ឱកាស​បរិច្ចាគ​ថវិកា​ដាក់​ក្នុង​ឡាំង​ក្រដាស ដើម្បី​ជួយ​បង់​ថ្លៃ​ពិន័យ​ទៅ​ឱ្យ​តុលាការ​ផង​ដែរ។

ថ្លែង​ដោយ​ទឹក​មុខ​ស្វាហាប់ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១ ខែមីនា​ថា លោក​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បរិច្ចាគ​ប្រាក់​គ្រប់​គ្រាន់ បង់​ពិន័យ​ទៅ​ឱ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់​ទិស​ទី​នេះ បញ្ជាក់​ឱ្យ​ឃើញ​ថា បើ​ទោះបីជា​រង​ការ​គំរាម​កំហែង​យ៉ាង​ណា​ក្ដី តែ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តែ​គាំទ្រ​លោក អ្នក​លើក​កម្ពស់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ។

លោក រ៉ុង ឈុន៖ «បើ​សិន​ជា​យើង​អ្នក​នយោបាយ​មិន​មាន​ភាព​ស្មោះត្រង់​ទៅ​នឹង​ដៃ​គូ​លទ្ធផល​វា​នឹង​ត្រូវ​បាន​ទទួល​បាន​ការ​ថ្កោលទោស​ពី​ជាតិ និង​អន្តរជាតិ ហើយ​លើស​ពី​នេះ​ទៀត ជន​រួម​ជាតិ​ខ្មែរ​យើង​នឹង​ទទួល​រងគ្រោះ ក៏​ដូចជា​ជាតិ​តាម​រយៈ​គេ​មិន​សប្បាយ​ចិត្ត គេ​អាច​ដក EBA បង្កក GSP មិន​បន្ត​ឱ្យ​កម្ពុជា​យើង ហើយ​អ្នក​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​ឯង»

លិខិត​បង្គាប់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ចុះ​ហត្ថលេខា​របស់​ព្រះរាជ្ញា​រង ឆាយ ហុង ចុះ​កាល​ពី​ថ្ងៃ​ទី១៨ ខែកុម្ភៈ បាន​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន បង់​ប្រាក់​ពិន័យ​ចំនួន​២លានរៀល ក្នុង​សំណុំរឿង «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់​ព័ន្ធ​នឹង​សេចក្ដី​ថ្លែងការណ៍​និង​សកម្មភាព​របស់​លោក​ដែល ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន ដែល​ពលរដ្ឋ​អះអាង​ថា វៀតណាម​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​នៅ​ខេត្ត​ត្បូងឃ្មុំ​កាល​ពី​ឆ្នាំ២០២០។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ​ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែ​សាលា​ឧទ្ធរណ៍ បាន​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​មក​នៅ​ត្រឹម​រយៈ​ពេល​១៥ខែ និង១១ថ្ងៃ នៃ​ទោស​ជាប់​ពន្ធនាគារ​សរុប ២៤ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ និង​ពិន័យ​ជា​ប្រាក់ ២លាន​រៀល។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ឡើយ​នៅ​ថ្ងៃ​ទី១ ខែមីនា។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ សម្ព័ន្ធ​ភាព​ដៃគូ​ដើម្បី​ការ​អភិវឌ្ឍ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ លោក សុន ពេញ មាន​ប្រសាសន៍​ថា ដោយសារ​តែ​លោក រ៉ុង ឈុន មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ  និង​ជា​អ្នក​នយោបាយ​ដែល​មាន​តួនាទី​ខ្ពស់​ផង​នោះ ដូច្នេះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​ឡាយ​ចំពោះ​លោក រ៉ុង ឈុន ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ។ លោក​បន្ត​ថា ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាល​គួរ​បើក​លំហ​សេរីភាព​បញ្ចេញ​មតិ ជាជាង​គំរាម​កំហែង​ដល់​អ្នក​ដែល​ហ៊ាន​រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល។

លោក សុន ពេញ៖ «ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ឬ​ការ​លើក​ឡើង​មតិ​យោបល់​នានា​នេះ​វា​អាច​ប៉ះពាល់​ទៅ​ដោយ​ផ្ទាល់​ទៅ​ដល់​ការ​បំពេញ​សេវា​របស់​មន្ត្រី​សាធារណៈ​ទៅ​ពលរដ្ឋ ហើយ​ទី​ពីរ​វា​អាច​មាន​ផល​អវិជ្ជមាន​មួយ​ផ្នែក​ទៅ​ការងារ​សេដ្ឋកិច្ច​ផង ព្រោះ​សេដ្ឋកិច្ច​យើង​ដឹង​ទាំង​អស់​គ្នា វា​មិន​មែន​គ្រាន់​តែ​ជា​ការ​រួម​ចំណែក​ពី​មន្ត្រី​សាធារណៈ វា​ក៏​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែរ»

ក្រៅ​ពី​តុលាការ​បង្គាប់​ឱ្យ​បង់​ប្រាក់​ពិន័យ​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ គ..ប ក៏​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា របស់​គណបក្ស​កម្លាំង​ជាតិ​ដែរ។ បន្ថែម​ពី​នេះ ក្រសួង​មហាផ្ទៃ​ក៏​ធ្លាប់​ព្រមាន រំលាយ​គណបក្ស​នយោបាយ​ណា ដែល​ទទួល​យក​លោក រ៉ុង ឈុន ចូលរួម​ជីវភាព​នយោបាយ ដោយ​ក្រសួង​អះអាង​ថា​លោក​មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់ ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ។

លោក រ៉ុង ឈុន លើក​ឡើង​ថា ការ​យាយី​សិទ្ធិ​ធ្វើ​នយោបាយ​មក​លើ​រូប​លោក តាម​គ្រប់​រូបភាព​បែប​នេះ​គឺ​បង្ហាញ​ថា អ្នក​នយោបាយ​មួយ​ចំនួន​នៅ​តែ​មិន​ហ៊ាន​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើភាព​ជាមួយ​លោក​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។