លោក រ៉ុង ឈុន ប្រកាស​ចាក​ចេញ​ពី​គណបក្ស​ភ្លើងទៀន​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ

ដោយ ថា ថៃ
2023.11.09
លោក រ៉ុង ឈុន ប្រកាស​ចាក​ចេញ​ពី​គណបក្ស​ភ្លើងទៀន​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន (រូបអង្គុយកណ្ដាល) ថ្លែងក្នុងសន្និសីទកាសែត​បញ្ជាក់ជំហរនយោបាយ នៅថ្ងៃទី៩ វិច្ឆិកា ២០២៣។
រូប៖ ហ្វេសប៊ុកលោក រ៉ុង ឈុន

លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ប្រកាស​លាលែង​ពី​គណបក្ស ដើម្បី​ទៅ​ចូលរួម​នឹង​គណបក្ស​ទើប​បង្កើត​ថ្មី​ ឈ្មោះ​ថា គណបក្ស​កម្លាំង​ជាតិ។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង​ថា ការ​លាលែង​របស់​លោក រ៉ុង ឈុន ជា​សិទ្ធិ​សេរីភាព​ខាង​នយោបាយ​របស់​បុគ្គល។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ធ្វើ​សន្និសីទ​កាសែត លាលែង​តួនាទី​ជា​សមាជិក និង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ហើយ​ងាក​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​កម្លាំង​ជាតិ​វិញ។ លោក​បន្ត​ថា ការ​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​នេះ មិនមែន​ជា​ការ​បំបែក​សំឡេង​គាំទ្រ​នោះ​ទេ តែ​មក​ពី​គណបក្ស​ភ្លើង​ទៀន នៅ​តែ​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​បាន ខណៈ​លោក​អះអាង​ថា បាន​ដើរ​ស្រង់​មតិ​ពី​ថ្នាក់​ក្រោម​ជាតិ​រួចរាល់​ហើយ មុន​នឹង​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ។

លោក រ៉ុង ឈុន ឱ្យ​ដឹង​ថា លោក​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដោយសារ​មើល​ឃើញ​ថា មាន​តែ​គណបក្ស​នេះ​តែ​មួយ​គត់ ដែល​មាន​ទស្សនៈ​នយោបាយ ឆន្ទៈ ព្រម​ទាំង​គោលដៅ​ច្បាស់លាស់ ជា​អ្នក​បន្ត​វេន និង​រក្សា​បាន​នូវ​ស្មារតី​ដើម​របស់​គណបក្ស​ភ្លើង​ទៀន​ដោយ​ពិត​ប្រាកដ និង​ឥត​ងាក​រេ។

លោក រ៉ុង ឈុន៖ «ចង់​ផ្ញើ​សារ​ខ្លី​មួយ ចង់​ឱ្យ​ជន​រួម​ជាតិ ក៏​ដូចជា​សកម្មជន អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ចូលរួម​ពូត​ផ្ដុំ ជាមួយ​គណបក្ស​កម្លាំង​ជាតិ ទៅ ដើម្បី​ផ្លាស់ប្ដូរ​ទៅ​ដល់​គោលដៅ ក៏ដូចជា បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​នូវ​យុត្តិធម៌​សង្គម ចង់​បាន​សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»

ការ​ចាកចេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ជំទាស់​រូប​នេះ គឺ​បន្ទាប់​ពី​គណបក្ស​ភ្លើង​ទៀន បាន​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស ៣ផ្សេង​ទៀត ដែល​មាន​ឈាមជ័រ​ចេញ​ពី​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា​នេះ រួមមាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កែទម្រង់​កម្ពុជា ដែល​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី១១ ខែតុលា។

ទាក់ទិន​រឿង​នេះ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ប្រកាស​ស្វាគមន៍ លោក រ៉ុង ឈុន ដែល​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​បន្ត​ថា គណបក្ស​កម្លាំង​ជាតិ នៅ​មិន​ទាន់​សម្រេច​ពី​ការ​ផ្ដល់​តួនាទី​ឱ្យ​លោក រ៉ុង ឈុន និង​ការ​សម្រេច ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​អង្គ​សមាជ​បក្ស នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា។

លោក ស៊ុន ចន្ធី៖ «ក៏​សូម​ឱ្យ​គណបក្ស ដែល​បាន​ចង​សម្ពន្ធភាព​ជាមួយ​គ្នា​ហ្នឹង រៀបចំ​ជា​យន្តការ​ឱ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់​ថា តើ​សម្ពន្ធភាព​ហ្នឹង ប្រមែប្រមូល​គណបក្ស​នយោបាយ​ផ្សេង​ឱ្យ​ចូល​ជាមួយ​សម្ពន្ធភាព​ហ្នឹង ថា តើ​សម្ពន្ធភាព​ហ្នឹង​ត្រូវ​បង្ហាញ​គេ​ថា ត្រូវ​ដំណើរ​ការ​យ៉ាង​ម៉េច នោះ​ទើប​គណបក្ស​នយោបាយ​ដទៃ​ទៀត​ហ្នឹង គេ​អាច​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ច្បាស់លាស់។ ប៉ុន្តែ បើ​ខ្ញុំ​មើល​នៅ​ក្នុង​បច្ចុប្បន្ន​នេះ សម្ពន្ធភាព​នេះ ដូចជា​ពុំ​ទាន់​មាន​ដំណើរ​ការ​អ្វី​មួយ​ច្បាស់លាស់​ពិត​ប្រាកដ​ទេ»

កាល​ពី​ថ្ងៃ​ទី៨ វិច្ឆិកា ប្រធាន​ស្ថាបនិក​គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​អញ្ជើញ​មន្ត្រី​ជាប់​ឆ្នោត និង​ក្រុមប្រឹក្សា​ឃុំ មក​ពី​គណបក្ស​ភ្លើង​ទៀន គ្រប់​ខេត្ត-ក្រុង រាជធានី ឱ្យ​ចូលរួម​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ លើកដំបូង ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី១២ វិច្ឆិកា។ ឆ្លើយតប​នឹង​សំណើ​នេះ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន នៅ​ថ្ងៃ​ទី៩ វិច្ឆិកា បាន​ចេញ​សេចក្ដីណែនាំ​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ទាំង​អស់ ឱ្យ​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន អនុវត្ត​តាម​តួនាទី និង​គោរព​បទបញ្ជា​ផ្ទៃក្នុង​របស់​បក្ស និង​មិន​តម្រូវ​ឱ្យ​ចូលរួម​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ​ឡើយ។ ក៏ប៉ុន្តែ គណបក្សភ្លើងទៀន​បញ្ជាក់​ថា នឹង​ចាត់​តំណាង​បក្ស ឱ្យ​ទៅ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស តាម​ការ​អញ្ជើញ​របស់​គណបក្ស​កម្លាំង​ជាតិ។

ជុំវិញ​ការ​លាលែង​របស់​លោក រ៉ុង ឈុន អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ថា ការ​រាំង​ខ្ទប់​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​បោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នៅ​ពេល​ខាង​មុខ គឺ​ជា​ឧបសគ្គ​រារាំង​លោក រ៉ុង ឈុន ក្នុង​ការ​បំពេញ​សកម្មភាព​ស្វែងរក​ប្រជាធិបតេយ្យ​ក្នុង​ផ្នែក​នយោបាយ ដែល​ជា​ហេតុ​នាំ​ឱ្យ​លោក​សម្រេច​ចិត្ត​ចាកចេញ​បែប​នេះ។ ទោះ​យ៉ាង​ណា​លោក​ថា គណបក្ស​គោរព​តាម​ការ​សម្រេច​ចិត្ត និង​ជូនពរ​លោក រ៉ុង ឈុន ឱ្យ​ទទួល​បាន​ជោគជ័យ។

លោក គីមសួរ ភីរិទ្ធ៖ «អ៊ីចឹង យើង​អត់​មាន​អី​ពិបាក​ទេ ព្រោះ​ការងារ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ មិន​មែន​ជា​ការងារ​ផ្ដាច់មុខ​របស់​គណបក្ស​ភ្លើង​ទៀន​ទេ។ គណបក្ស​ណា​ក៏​ដោយ ដែល​មាន​គោលជំហរ​ស្រដៀង​គ្នា គោល​នយោបាយ​ដូច​គ្នា ប្រហាក់ប្រហែល​គ្នា ហើយ​មាន​ទិសដៅ​តែ​មួយ យើង​អាច​ចែក​សកម្មភាព​គ្នា​ឆ្ពោះ​ទៅ​ហ្នឹង​ទៅ។ គ្រាន់តែ​ថា ពេល​ហ្នឹង យើង​ធ្វើ​សកម្មភាព​តាម​មធ្យោបាយ​រៀង​ខ្លួន។ តែ​នៅ​ពេល​ឆាប់ៗ ខាង​មុខ ខ្ញុំ​គិត​ថា នឹង​វិល​ត្រឡប់​មក​ជួប​គ្នា​វិញ​ទេ»

អ្នក​តាមដាន​នយោបាយ​យល់​ឃើញ​ថា ការ​ចាកចេញ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន គឺ​ជា​យុទ្ធសាស្ត្រ​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែល​អាច​ឱ្យ​ពួក​គេ​មាន​ឱកាស​ចូលរួម​ធ្វើ​នយោបាយ​ដោយ​ពេញលេញ ដោយសារ​តែ គ..ប ដែល​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បិទ​ផ្លូវ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​បោះឆ្នោត​បាន ក្រោម​ហេតុផល​ខ្វះ​ឯកសារ​ចុះ​បញ្ជី​ច្បាប់​ដើម​គណបក្ស។

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ឃើញ​ថា ការ​សម្រេច​របស់​លោក រ៉ុង ឈុន ដែល​ចាកចេញ​ពី​គណបក្ស​ភ្លើង​ទៀន ទៅ​គណបក្ស​កម្លាំង​ជាតិ នោះ គឺ​ជា​សិល្បៈ​របស់​អ្នក​នយោបាយ។

លោក គឹម សុខ៖ «ត្រូវ ឬ​ខុស ទាល់តែ​យើង​ចាំ​តាមដាន​មើល​ថា តើ​ជា​យុទ្ធវិធី ដែល​នាំ​ឱ្យ​មាន​ការ​បង្រួបបង្រួម​នៃ​អ្នក​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ ឬ​ក៏​នាំ​ឱ្យ​មាន​ការ​បែកបាក់​កាន់​តែ​ធំ? ប្រសិន​បើ​ជា​ផ្លូវ នៃ​ការ​បង្រួបបង្រួម គឺ​ត្រឹមត្រូវ​ហើយ តែ​បើ​នាំ​ឱ្យ​មាន​ការ​បែកបាក់ វា​គឺ​ជា​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​ទេ»

កាល​ពី​ថ្ងៃ​ទី២ វិច្ឆិកា សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន ជិត ១០នាក់ បាន​សម្រេច​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​នោះ ក៏​មាន​អតីត​មេ​ដឹកនាំ​សហជីព​លោក ជា មុនី ផង​ដែរ៕

អត្ថបទនេះ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ដោយ​ដាក់​បញ្ចូល​ព័ត៌មាន​ពេញលេញ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។