អ្នកជំនាញកិច្ចការអន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលធ្វើល្អជាជាងជួលក្រុមហ៊ុនបរទេសឲ្យនិយាយល្អពីខ្លួន ស្តីពី ទំនាក់ទំនងកម្ពុជា-អាមេរិក
2022.01.27

អ្នកជំនាញកិច្ចការបរទេសលើកឡើងថា ករណីរដ្ឋាភិបាលកម្ពុជា ចាយលុយជិត ១លានដុល្លារ ជួលក្រុមហ៊ុនអាមេរិកឲ្យបញ្ចុះបញ្ចូលឬឲ្យនិយាយល្អពីខ្លួន បានបង្កើតចម្ងល់ដល់សហរដ្ឋអាមេរិកទៅវិញទេ។ ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាចឆ្លើយតបថា នេះជាការបង្ហាញថា រដ្ឋាភិបាលកម្ពុជាព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយអាមេរិក មិនមែនយកអាមេរិកធ្វើសត្រូវនោះទេ។
អ្នកជំនាញកិច្ចការនយោបាយនិងការបរទេស រំលឹករដ្ឋាភិបាលកម្ពុជាថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា មិនអាចប្រើលុយបាននោះទេ ប៉ុន្តែត្រូវទាមទារឲ្យមានចិត្តស្មោះនិងការអនុវត្តជាក់ស្ដែងដែលជាការស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងធានាដែនអធិបតេយ្យភាពរបស់ខ្លួន។
សាស្ត្រាចារ្យ វិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា ថាការចង់បានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកទាមទារឲ្យរដ្ឋាភិបាលកសាងទំនុកចិត្តល្អនឹងគ្នា។ លោកលើកឡើងទៀតថា ប្រសិនរដ្ឋាភិបាលកម្ពុជា នៅតែមិនងាកមកកែលម្អសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការលាងជម្រះទាក់ទងវត្តមានមូលដ្ឋានកងទ័ពចិននៅកំពង់ផែសមុទ្ររាម ខេត្តព្រះសីហនុ នោះទំនាក់ទំនងនយោបាយការបរទេស និងវិស័យពាណិជ្ជកម្ម នឹងគ្មានភាពល្អប្រសើរឡើយ៖ «និយាយល្អហ្នឹងអត់គ្រប់គ្រាន់ទេ ទាល់តែធ្វើល្អបានគ្រប់គ្រាន់ ព្រោះពាក្យខ្មែរយើងថា យើងស្អាត ទាល់តែយើងស្អាតហ្មង បើគ្រាន់តែថា យើងស្អាតគេមិនជឿយើងទេ ពាក់ព័ន្ធនឹងភាពជំនឿការសាងទំនុកចិត្តគ្នាកុំឲ្យមានឃ្នាំងឃ្នើសគ្នា កុំឲ្យមានការសង្ស័យគ្នា ទើបអាចលុបបំបាត់ឈានទៅទំនាក់ទំនងល្អ»។
ការលើកឡើងរបស់អ្នកជំនាញកិច្ចការអន្តរជាតិបែបនេះ ធ្វើឡើងក្រោយពេលក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី២១ ខែមករា ឱ្យដឹងថា រដ្ឋាភិបាល លោក ហ៊ុន សែន បានចំណាយលុយជិត ១លានដុល្លារ ជួលក្រុមហ៊ុនមេធាវីអាមេរិកាំងឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកដើម្បីស្តាទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ។
ប្រភពដដែលលាតត្រដាងទៀតថា រដ្ឋាភិបាលកម្ពុជាត្រូវបង់ថ្លៃចំនួន ៦ម៉ឺនដុល្លារក្នុងមួយខែ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់សរុប ៧សែន ២ម៉ឺនដុល្លារ (៧២០.០០០) ជាថ្នូរនឹងការផ្តល់សេវាកម្មប្រឹក្សាក្នុងអ្វីមួយដែលភាគីទាំងពីរអះអាងថា ដើម្បី «កសាងនូវការយល់ដឹងអំពីគ្នាកាន់តែប្រសើរឡើង និងគូសបញ្ជាក់ពីវិស័យដែលជាចំណាប់អារម្មណ៍រួមដើម្បីកសាងទំនាក់ទំនងថ្មី» ដែលបញ្ហានេះ នឹងជួយធ្វើឱ្យជឿនលឿនទៅមុខនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការបទេសលោក ជុំ សុន្ទរី និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២៧ ខែមករា។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និយាយថា ករណីនេះអាចជាការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងឡាយដែលថា កម្ពុជាយកសហរដ្ឋអាមេរិកជាខ្មាំងសត្រូវមិនមែនការពិតឡើយ។ លោកបន្តថា ការចំណាយលុយដើម្បីជួលក្រុមហ៊ុនអាមេរិកពេលនេះ គឺដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដឹងការពិតនៃចេតនារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាទំនាក់ទំនងល្អជាមួយអាមេរិក៖ «ចាត់ទុកអាមេរិកកាំងជាខ្មាំងសត្រូវអីអត់ត្រូវទេ បើសិនណាចាត់ទុកអាមេរិកជាខ្មាំងសត្រូវមិនមែនយកលុយរាប់ម៉ឺនដុល្លាទៅឡប់ប៊ី(បញ្ចុះបញ្ចូល ) ដើម្បីធ្វើឲ្យទំនាក់ទំនងកម្ពុជាអាមេរិកមានលក្ខណៈល្អទេ កុំឲ្យជឿអ្នកញុះញង់ កុំឲ្យជឿប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលវាលំអៀងខាងនយោបាយចេះតែផ្សាយមិនពិត អ៊ីចឹងមានន័យអញ្ចឹង»។
ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជា ធ្លាប់បរាជ័យម្ដងរួចហើយ ក្នុងការជួលក្រុមជំនាញឲ្យនិយាយល្អពីខ្លួនកាលពីឆ្នាំ២០១៨។ កាលនោះរដ្ឋាភិបាលបានចំណាយលុយ ១លាន ២សែនដុល្លារក្នុងមួយឆ្នាំៗ ជួលក្រុមហ៊ុនអាមេរិកឱ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាល និងសភាអាមេរិក កុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ផ្ទុយពីការរំពឹងទុក សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម លើថ្នាក់ដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។
លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ព្រួយបារម្ភថា បើរដ្ឋាភិបាលកម្ពុជា នៅតែគ្មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកតទៅទៀត រដ្ឋាភិបាលកម្ពុជា អាចនឹងត្រូវ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មបន្ថែមទៀត រួមទាំងការបន្តមិនផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។