បក្ស​កាន់អំណាច​នៅតែ​មិន​ហ៊ាន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​មុន​ការ​បោះឆ្នោត​ជាតិ

ដោយ យន់ សាមៀន
2023.02.04
Share on WhatsApp
Share on WhatsApp
បក្ស​កាន់អំណាច​នៅតែ​មិន​ហ៊ាន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​មុន​ការ​បោះឆ្នោត​ជាតិ មេដឹកនាំ​គណបក្សកាន់អំណាច និង​បក្ស​ប្រឆាំង កាលពីជំនួប នាវិមានរដ្ឋសភា កាលពីឆ្នាំ២០១៤។
RFA/Tin Zakariya

មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច​អះអាង​ថា គណបក្ស​នេះ​គ្មាន​ការចរចា​នយោបាយ​ណាមួយ​ជាមួយនឹង​មេដឹកនាំ​គណបក្សប្រឆាំង​នៅមុន​ការបោះឆ្នោត​ឡើយ​។ ទោះ​យ៉ាងណា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀម​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែកក្កដា ឱ្យ​បាន​ច្រើន​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចេញ​ពី​ការគ្រប់គ្រង​អំណាច​តាម​បែប​ត​វង្ស​ត្រកូល។

ការ​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នឹង​រៀបចំ​នៅ​កក្កដា​ខាងមុខនេះ ខុសពី​អាណត្តិ​ទី​៦ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ចេញទៅ​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្ដូរ។ ប៉ុន្តែ​គណបក្សកាន់អំណាច​ចាត់ទុក​សារ​របស់​មេ​បក្ស​ប្រឆាំង​នោះ​ថា ជា​ល្បិចកល​នយោបាយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាមរយៈ​ស្នាដៃ​ដឹកនាំ​ប្រទេស​រយៈពេល​៦​អាណត្តិ​កន្លង​មក​នេះ​ ​គណបក្ស​ប្រជាជន​មិន​បារម្ភ ឬ​ភ័យខ្លាច​ចរន្ត​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ដើម្បី​ការ​ផ្លាស់ប្ដូរ ដូច​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ ពីព្រោះ​បក្ស​លោក​ព្យាករណ៍​មុន​ការបោះឆ្នោត​ថា នឹង​ទទួល​បាន​សំឡេងឆ្នោត​យ៉ាង​ហោច​ជាង​៧៥​ភាគរយ​ដែរ។ លោក សុខ ឥសាន អះអាង​ថា បច្ចុប្បន្ន​មេដឹកនាំ​គណបក្ស​កាន់អំណាច​ពុំ​ចាំបាច់​ត្រូវ​ជួប​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ឡើយ។

លោក សុខ ឥសាន៖ «តួនាទី​មិនអាច​ខ្វះ​បាន​ក្នុង​ការ​ដឹកនាំ​សង្គម​កម្ពុជា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្រជាពលរដ្ឋ​គាំទ្រ ត្រូវ​ការ​ជាប់​ជានិច្ច ជាពិសេស គឺ​ការ​ថែរក្សា​ឱ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ជីវភាព​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​នៅក្នុង​សង្គម​កម្ពុជា​ដូច​បច្ចុប្បន្ន​នៅ​មាន​ការ​រីកចម្រើន​តាមរយៈ​ការ​កសាង​អភិវឌ្ឍ​ប្រទេស​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»

ទោះយ៉ាងណា​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា លោក ហ៊ុន សែន មិន​ហ៊ាន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​វិល​ចូល​កម្ពុជា​ដើម្បី​ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ ពីព្រោះ​ពួកគេ​មើលឃើញ​ថា លោក ហ៊ុន សែន​ ​ភ័យខ្លាច​ចាញ់​ការ​បោះឆ្នោត និង​បារម្ភ​ពី​ផែនការ​ផ្ទេរអំណាច​ត​ពូជ​នៅពេល​អនាគត។

ប្រតិកម្ម​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​៣១ ខែ​មករា បាន​បង្ហោះ​វីដេអូ​ (Video) ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ដោយ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រៀម​ចេញទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ដោយ​រក្សា​ឧត្តមគតិ​ដើម ហើយ​កុំ​បារម្ភ​ពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​តទៅ​ទៀត។ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន អាច​គ្រប់គ្រង​អំណាច​រហូតដល់​សព្វថ្ងៃ​ដោយសារ​ការ​លួច​បន្លំ​សន្លឹកឆ្នោត ប៉ុន្តែ​លោក​ថា ដំណោះស្រាយ​ដែល​ល្អ​បើសិន​ពលរដ្ឋ​ខ្មែរ​ចេញទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​មាន​ចំនួន​ច្រើន​លើសលប់​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ នោះ​លោក ហ៊ុន សែន មិនអាច​ប្រកែក​នឹង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ។

លោក សម រង្ស៊ី៖ «បើ​យើង​ទៅ​បោះឆ្នោត​ទាំងអស់ សន្លឹកឆ្នោត​ដែល​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​វា​ច្រើន ទោះបី​ខាង ហ៊ុន សែន លួច​អត់​អស់​ទេ វា​ច្រើនពេក កាល​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លួច​ប៉ុណ្ណឹង​ហើយ ពាក់កណ្តាល​នគរ តែ​ឥឡូវ​បើ​ទាំង​នគរ​យើង​ទាំងមូល​ទៅ​បោះឆ្នោត​ដើម្បី​ដេញ ហ៊ុន សែន ចេញ ខ្ញុំ​ជឿ​ថា ចង់​លួច​សន្លឹកឆ្នោត​ប៉ុន្មាន​ក៏​លួច​អត់​អស់​ដែរ ហើយ​អ្វី​ដែល​នៅ​សល់​នៅតែ​ជា​សន្លឹកឆ្នោត​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ​ដដែល»

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) នៅតែ​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​ស្ថាប័ន​ពុំ​ឯករាជ្យ​ ​មិន​អព្យាក្រឹត្យ និង​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច ខណៈ​ក្បាលម៉ាស៊ីន​ ​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​ជាតិ​មួយ​នេះ​ ​ភាគច្រើន​សុទ្ធតែ​ជា​មនុស្ស​ចេញពី​ជួរ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ​ ​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើល​ឃើញ​ថា សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នៅពេល​ខាងមុខនេះ គឺជា​សញ្ញា​វិជ្ជមាន​ទាំង​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​ធ្លាប់​បោះបង់​ឱកាស​ដោយសារ​ពុំ​មាន​ជំនឿ​លើ​ស្ថាប័ន​បោះឆ្នោត​ងាក​ទៅ​បោះឆ្នោត​វិញ​។ ទោះ​យ៉ាង​ណា លោក​យល់​ថា​ការ​ចរចា​នយោបាយ​វាង​មេដឹកនាំ​គណបក្ស​ប្រជាជន និង​មេដឹកនាំ​គណបក្សប្រឆាំង​អាច​កើតឡើង​បាន​លុះត្រាតែ​កម្លាំង​របស់​អ្នក​ប្រជាធិបតេយ្យ​មាន​សន្ទុះ ឬ​ប្រហាក់ប្រហែល​នឹង​កម្លាំង​របស់​បក្ស​កាន់អំណាច​ក្នុង​លទ្ធផល​នៃ​ការបោះឆ្នោត​ខាង​មុន​នេះ។

លោក ឯម សុវណ្ណារ៉ា៖ «ចរន្ត​នៃ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី និង​កម្លាំង​គណបក្ស​ភ្លើងទៀន​អាច​ស្ទុះ​ឡើង ឬ​ហៅថា​កម្លាំង​ប្រជាធិបតេយ្យ និង​បញ្ញវន្ត បញ្ញាជន​ផ្សេងៗ​បាន​ចូលរួម​ច្រើន​នោះ ខ្ញុំ​គិតថា​កម្លាំង​ប្រកួតប្រជែង​អាច​មក​ប្រហាក់ប្រហែល​គ្នា ឬ​អាច​ប្រកួតប្រជែង​គ្នា​បាន ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​យើង​ពិបាក​សង្ឃឹម​ណាស់ តែ​ក៏​ជា​ចរន្ត​មួយ​ដែរ ថ្វីត្បិតតែ​នៅក្នុង​ស្ថានភាព​ហ្នឹង​លោក សម រង្ស៊ី គិតថា​ពេល​ដែល​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​នឹង​តាមដាន​នូវ​លទ្ធផល និង​ដំណើរការ​រាប់​សន្លឹកឆ្នោត​ដោយ​មិន​ទុក​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រាប់​តែឯង​ទេ​បាទ»

គិត​មក​ទល់​ពេល​នេះ​ ​គណបក្ស​កាន់អំណាច បាន​អនុវត្ត​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាង​៥​ឆ្នាំ​ហើយ​ចាប់តាំងពី​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​មក។ យុទ្ធនាការ​នេះ​ ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​សង្គម​ ​និង​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ ​ធ្វើឡើង​ដើម្បី​ធានា​ជ័យជម្នះ​ទុកជាមុន​សម្រាប់​គណបក្ស​កាន់អំណាច​។ យុទ្ធនាការ​នេះ​ ​ទំនងជា​បន្ត​ទៅ​ទៀត​ក្នុង​ឆ្នាំ​២០២៣​នេះ ស្របពេល​កម្ពុជា​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​អនុវត្ត​ផែនការ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនៗ​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Thank You Peace
Feb 05, 2023 08:14 AM

A paper tiger can never become a real tiger, no matter how it tries to portray itself.

Even Sam Rainsy is thousands of miles away, Samdech Hun Sen still has nightmares almost every single night. What if he is allowed to come back to Cambodia? Then, Samdech will be sweating every single minute!!! Hmmm!!! Who is a real tiger?

Samdech always defies the so-called "Cycle of Power". He is not the only leader in World's history; and so far, no one has been able to go against it. And usually those leaders' families have paid huge prizes for such defiance.

Let's wait and see Samdech's fates in the next 3 years, hmmmmm!