លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន CIC

ដោយ ខាន់ លក្ខិណា
2024.04.20
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន CIC (ពីឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
Photo Courtesy

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ឆបោក ស៊ីអាយស៊ី (CiC)។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា ផ្ទុយ​ពី​ការ​ពិត។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមេសា ថា រឿង ក្រុមហ៊ុន​ស៊ីអាយស៊ី មិន​ពិបាក​យល់​ទេ គឺ​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ជា​មេខ្លោង នៅ​ពីក្រោយ​ក្រុមហ៊ុន​ឆបោក​ដ៏ធំ​នេះ។

កាល​ពី​ថ្ងៃទី១៦ ខែមេសា លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នេះ​គឺ​ជា​មូលហេតុ ដែល​លោក ហ៊ុន ម៉ាណែត ចេញ​ការពារ​ក្រុមហ៊ុន ស៊ីអាយស៊ី

លោក សម រង្ស៊ី៖«ក្រុមហ៊ុនCiC នៅ​ប្រទេស​កម្ពុជា​នេះ ដែល​ឆបោក​ប្រជាពលរដ្ឋ គឺ​យក​ទៅ​ឱ្យ យក​ទៅ​សូក​អ្នក​មាន​អំណាច​នៅ​ស្រុក​ខ្មែរ។ តាម​ខ្ញុំ​ដឹង គឺ​គ្មាន​នរណា​ក្រៅ​ពី​ត្រកូល​ហ៊ុនសែន មាន​ហ៊ុន សែន! ហ៊ុន ម៉ាណែត ហ្នឹង​ទេ ដែល​ទទួល​លុយ​ពី​ក្រុមហ៊ុន ស៊ីអាយស៊ី ដែល​បោក​ពី​ប្រជារាស្ត្រ»

ការ​ថ្លែង​របស់​លោក សម រង្ស៊ី គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក ​មិន​ចាប់​ក្រុម​ឈ្មួញ​ឆបោក​នោះ​ទេ ហើយ​ទុក​ឱកាស​ឱ្យ​ ពួកគេ​នៅ​មាន​សេរីភាព​ធ្វើ​ជំនួញ យក​លុយ​ទៅ​ដោះស្រាយ​បញ្ហា

លោក ហ៊ុន ម៉ាណែត៖«យើង​មិន​អាច​យក​រូបមន្ត​សម្លាប់​មេ​មាន់​ទេ យើង​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​មេ​មាន់​នៅ​រស់ ដើម្បី​យក​ពងមាន់​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ នេះ​ជា​គោល​ដៅ​ធំ។ ត្រូវ​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​ជូន​អតិថិជន​ជា​លំដាប់​លំដោយ ជា​បន្តបន្ទាប់។ សូម​មាន​ការ​យោគយល់​មាន​ការ​អាណិត ប៉ុន្តែ​យើង​បាន​ធ្វើ​ជា​ប្រចាំ»

កន្លងមក ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន ស៊ីអាយស៊ី សុទ្ធ​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង លោក ហ៊ុន ម៉ាណែត ហើយ​មាន​រូបភាព​ជា​ច្រើន ដែល​អ្នក​ទាំង​នោះ ថត​អោប​រឹត​គ្នា​ជាមួយ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ផ្សេង​ទៀត។ លើសពីនេះ ជា​ច្រើន​ឆ្នាំ​កន្លង​មក គ្រូ​ជោគជ័យ និង​ជា​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​វិនិយោគ​ ស៊ីអាយស៊ី​ម្នាក់ គឺលោក ឃីម សុខហេង តែង​អញ្ជើញ​លោក ហ៊ុន ម៉ាណែត ទៅ​បើក ឬ​បិទ​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​របស់​លោក​ផង​ដែរ

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​អង្គការ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សុភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃទី២០ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២០ ខែមេសា ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ផ្ទុយ​ពី​ការ​ពិត។

លោក សុខ ឥសាន៖ «ក្រុមហ៊ុន ស៊ីអាយស៊ី កំពុង​ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ។ ដូច្នេះ​ហើយ ខ្ញុំ​យល់​ថា មិន​យូរ​មិន​ឆាប់​ទេ ការ​ពិត​នឹង​កើត​ឡើង​ហើយ ហើយ​ជាពិសេស​ការ​ពិត ដែល​យើង​មើល​ឃើញ​ទាំងអស់​គ្នា គឺថា​ក្រុមហ៊ុន​នេះ វា​មាន​លក្ខណៈ​បោកប្រាស់​ប្រជាពលរដ្ឋ»

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើក​ឡើង​ថា ជាទូទៅ​រដ្ឋាភិបាល​មាន​សមត្ថភាព​ធ្វើការ​លឿន និង​មាន​ ប្រសិទ្ធភាព​ណាស់ លើ​គោល​ដៅ​ដែល​រដ្ឋាភិបាល​ចង់​ចាត់​ការ ប៉ុន្តែ​លោក​មាន​ មន្ទិល​សង្ស័យ អំពី​វិធានការ ដែល​ត្រូវ​ធ្វើជា​មួយ​ក្រុមហ៊ុន ស៊ីអាយស៊ី គឺ​ហាក់​ដូច​ជា មិន​ឆ្លុះ​ពី​សមត្ថភាព​ជាក់ស្ដែង​របស់​រដ្ឋាភិបាល ដែល​ធ្លាប់​ធ្វើ​លើ​បុគ្គល និង​ស្ថាប័ន​មិន​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល។

លោក​ថា ទំនាក់ទំនង​រវាង​ក្រុមហ៊ុន ស៊ីអាយស៊ី ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ដែល​មាន​ឥទ្ធិពល គឺ​ជា​កត្តា​ដែល​អាច​ជះឥទ្ធិពល​លើ​ការ​ស្វែង​រក​ដំណោះស្រាយ​ជា​វិជ្ជមាន​ ជូន​ជន​រងគ្រោះ។

លោក សេក សុជាតិ៖ «គ្មាន​នរណា​អាច​ទៅ​ដោះស្រាយ​បញ្ហា​ហ្នឹង​បានទេ ប្រសិន​ប្រព័ន្ធ​តុលាការ​របស់​យើង​មិន​មាន​ឯករាជ្យភាព ហើយ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ នៅ​ក្នុង​ដោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង។ អ៊ីចឹង វា​នៅ​ជាប់​គាំង​ត្រឹម​ហ្នឹង អ្វី​ដែល​ខ្ញុំ​មើល​ឃើញ»

កន្លងមក ក្នុង​សំណុំ​រឿង​ពុករលួយ​នៅ​ក្នុង​ក្រុមហ៊ុន​ស៊ីអាយស៊ី​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប៉ែន ជីវ័ន្ត (Chivann Pen) គឺ​លោក យ៉ង ប៉ាក់ ធ្លាប់​បាន​បញ្ជាក់​ថា លោក​ក៏​ជា​ជន​រងគ្រោះ​ម្នាក់​នៅ​ក្នុង​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែរ។

លោក យ៉ង ប៉ាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ក្រោយ​ពី​លោក​បាន​ផ្សព្វផ្សាយ​ថា អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា (TI) និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​ នាយករដ្ឋមន្ត្រី គឺ​លោក ព្រាប កុល ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​លួច​លុយ​ក្នុង​ក្រុមហ៊ុន​នេះ ប៉ុន្តែ​ត្រូវ​បាន​លោក ព្រាប កុល បដិសេធ។

លោក យ៉ង ប៉ាក់ ធ្លាប់​បាន​អះអាង​នៅ​មុន​ការ​ចាប់​ខ្លួន​ថា លោក​មាន​ភស្តុតាង ដែល​បញ្ជាក់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក ព្រាប កុល ក្នុង​ការ​កិបកេង​លុយ​ជាង ៨០លាន​ដុល្លារ។

អតីត​សមាជិក​ក្រុម​ប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន ស៊ីអាយស៊ី គឺ​អ្នក​ឧកញ៉ា គួច ម៉េងលី ធ្លាប់​បាន​លើក​ឡើង​ថា ការ​បាត់​ទុន​វិនិយោគ​រាប់​សិប​លាន​ដុល្លារ ប៉ះពាល់​ដល់​ក្រុម​អ្នក​វិនិយោគ​ជិត ៥០០ នាក់ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ ១៥០ លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងត្រៀមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។