លោកស្រី សំ សុខា អតីតអ្នកជាប់ឃុំករណីគប់ស្បែកជើងលើរូបលោក ហ៊ុន សែន ស្នើលោកឱ្យពិចារណាកំហុសរបស់ខ្លួនឡើងវិញថា ហេតុអ្វីបានជាពលរដ្ឋគប់ស្បែកជើងដាក់លោក
2022.05.17

អតីតអ្នកជាប់ឃុំ ព្រោះយកស្បែកជើងគប់រូបលោក ហ៊ុន សែន និងរូបលោក ហេង សំរិន គឺលោកស្រី សំ សុខា យល់ថា ការគប់ស្បែកជើងដាក់លោក ហ៊ុន សែន គឺជាសេរីភាពនៃការបញ្ចេញមតិ។ លោកស្រីក៏ជំរុញទៅលោក ហ៊ុន សែន ឲ្យគិតពីកំហុសរបស់ខ្លួនឡើងវិញថា ហេតុអ្វីបានជាប្រជាពលរដ្គេខ្មែរអាមេរិកកាំងគប់ស្បែកជើងដាក់លោក។
អតីតអ្នកជាប់ឃុំលោកស្រី សំ សុខា មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថា ការគប់ស្បែកជើងដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទង្វើបង្ហាញពីការមិនពេញចិត្តរបស់ពលរដ្ឋចំពោះការដឹកនាំប្រទេសរបស់លោក។
លោកស្រី សំ សុខា ដែលធ្លាប់ជាប់ពន្ធនាគារព្រោះគប់ស្បែកទៅលើរូបលោក ហ៊ុន សែន និងលោក ហេង សំរិន យល់ថា ការគប់ស្បែកជើងដាក់លោក ហ៊ុន សែន ជារឿងធម្មតាដែលកើតឡើងលើមេដឹកនាំប្រទេស។ លោកស្រីបន្តថា មេដឹកនាំប្រទេសផ្សេងៗ ក៏ត្រូវពលរដ្ឋបញ្ចេញកំហឹងដូច្នេះដែរ ឬខ្លាំងជាងនេះផងក៏មាន។ លោកស្រីស្នើទៅលោក ហ៊ុន សែន ធ្វើចិត្តឲ្យធ្ងន់ ដោយកុំប្រកាន់ទៅលើប្រជាពលរដ្ឋដែលប្រព្រឹត្តទង្វើបែបនេះ។ លោកស្រីបន្តទៀតថា មេដឹកនាំប្រទេសដូចលោក ហ៊ុន សែន ទាល់តែទទួលការរិះគន់បែបនេះ ទើបធ្វើឲ្យលោកអាចពិចារណាពីកំហុសរបស់ខ្លួនឡើងវិញ៖ «ខ្ញុំគិតថា គាត់ (លោក ហ៊ុន សែន) គួរតែតាំងចិត្តឲ្យធ្ងន់ជាងហ្នឹងបន្តិច មិនមែនចិត្តស្រាលខឹងអីឡើងចាប់ដាក់គុកៗ មិនសួរនាំពីមូលហេតុដើមទងដូចករណីខ្ញុំចឹង ថាមូលហេតុអីបានជាខ្ញុំធ្វើបែបហ្នឹងអ៊ីចឹង។ អ៊ីចឹងការបញ្ចេញមតិយោបល់ ឬក៏អំពើហិង្សាដល់ថ្នាក់បែបហ្នឹងគាត់គួរពិចារណាថាដើមហេតុមកពីរឿងអី មកពីមូលហេតុអីហេតុអ្វីបានជាមានការមិនពេញចិត្ត»។
លោកស្រី សំ សុខា លើកឡើងដូច្នេះ ក្រោយពេលពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់ឈ្មោះ អ៊ុក ទូច បានយកស្បែកជើងគប់លោក ហ៊ុន សែន ក្នុងពេលកំពុងជួបអ្នកគាំទ្រនៅអាមេរិកកាលពីពេលថ្មីៗ នេះ។
លោកស្រី សំ សុខា ត្រូវបានតុលាការខេត្តកំពង់ស្ពឺកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ កាលពីឆ្នាំ២០១៨។ ស្ត្រីមេម៉ាយជាកម្មកររោងចក្ររូបនេះ ត្រូវបានអាជ្ញាធរលោក ហ៊ុន សែន តាមចាប់ខ្លួនពីប្រទេសថៃ និងបញ្ជូនទៅកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារតែយកស្បែកជើងគប់លើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោក ហ៊ុន សែន និងលោក ហេង សំរិន កាលពីឆ្នាំ២០១៧។ លោកស្រីទើបទទួលបានសេរីភាពឡើងវិញកាលពីខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រោយអនុវត្តទោសរួចរាល់នៅពន្ធនាគារ។
ទាក់ទងរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសណ័រវ៉េ (Norway) លោក ម៉ែន ណាត និយាយលោកថា លោកសរសើរ ចំពោះការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់លោកស្រី សំ សុខា កាលពីគប់ស្បែកដាក់រូបលោក ហ៊ុន សែន និងការលើកឡើងរបស់លោកស្រីនៅពេលនេះ។ លោកយល់ថា ប្រសិនពលរដ្ឋសាមញ្ញគប់ស្បែកជើងដាក់ពលរដ្ឋសាមញ្ញដូចគ្នា នោះគឺជារូបភាពអសីលធម៌ ប៉ុន្តែបើពលរដ្ឋគប់ស្បែកដាក់អ្នកដឹកនាំប្រទេស នោះគឺជាសិទ្ធិបញ្ចេញមតិ៖ «អ្នកនយោបាយដែលធ្វើរឿងមិនត្រឹមត្រូវប្រជាពលរដ្ឋគេអាចខឹងសម្បារ សិទ្ធិបញ្ចេញមតិហ្នឹង អ្នកខ្លះគេបញ្ចេញមតិតាមរយៈការធ្វើបាតុកម្មដោយសន្ដិវិធីទៅ ខ្លះគេធ្វើកូដកម្មទៅអ្នកខ្លះគេគ្នាខឹងក្រោធទប់មិនបានគ្នាយកប៉េងប៉ោះ ពងមាន់ ពងទាគប់អ្នកដឹកនាំអ៊ីចឹងទៅ ហើយគ្នាមិនដឹងរកអីមិនទាន់គ្នាយកស្បែកជើងគប់អ៊ីចឹងទៅ។ អ៊ីចឹង អ្នកដឹកនាំប្រទេសអត់មានអីត្រូវបន្ទោសប្រជាពលរដ្ឋទេ»។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសព្រោះការទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលោក ហ៊ុន សែន វិញ លោកយល់ថា រូបភាពនេះគ្មានកំហុសនោះទេ។ លោកបន្តថា ក្រោយទទួលរងភាពអាម៉ាស់នេះរួចហើយ លោក ហ៊ុន សែន គួរតែពិចារណាឡើងវិញពីកំហុសឆ្គង និងឈានដល់ការបើកលំហសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ៖ «ការគប់ស្បែកជើងថ្មីៗ នេះដែលរំលងក្បាលលោក ហ៊ុន សែន នៅសហរដ្ឋអាមេរិកនេះ ដូចគ្នាគឺឆ្លុះបញ្ចាំងពីប្រជាជនខ្មែរមិនសប្បាយចិត្តចំពោះចរិត ដឹកនាំរបស់លោក ហ៊ុន សែន។ ដូច្នេះ គាត់មិនដឹងធ្វើម៉េច ធ្វើអ្វីកើត ដូច្នេះគាត់ត្រូវតែបញ្ចេញកំហឹងតាមរយៈការគប់ស្បែកជើងនេះ»។
ទាក់ទងការលើកឡើងបែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី១៧ ខែឧសភា។
ទោះយ៉ាងណា លោក ហ៊ុន សែន ដែលមិនអាចប្រើប្រាស់អំណាចរបស់ខ្លួនដើម្បី ដាក់ទោសទណ្ឌលោក អ៊ុក ទូច ត្បិតលោក អ៊ុក ទូច មិនមែនរស់នៅលើទឹកដីកម្ពុជា បានប្រាប់ទៅអាមេរិកថា បើអាមេរិកចាត់ទុកករណីនេះ គប់ស្បែកជើងនេះជាសិទ្ធិបញ្ចេញមតិ ករណីនេះនឹងកើតមាននៅកម្ពុជាលើបក្សប្រឆាំង៖ «បើសហរដ្ឋអាមេរិកចាត់ទុកថា នេះសិទ្ធិបញ្ចេញមតិ ឬក៏ជាហិង្សា ខ្ញុំផ្ដាំទៅភាគីអាមេរិក ខ្ញុំមិនប្រដៅអាមេរិកទេ អាមេរិកត្រូវគិតឲ្យច្បាស់លើចំណុចនេះ។ បើសិនអាមេរិកចាត់ទុករឿងនេះ ជាសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះនឹងគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជា អ៊ីចឹង ក្រុមដែលប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មានត្រៀមត្រូវក្បាលនឹងស្បែកជើង»។
លោកស្រី សំ សុខា ឲ្យវិទ្យុអាស៊ីសេរីដឹងថា ពេលនេះលោកស្រី ក៏មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនដែរ ដោយខ្លាចត្រូវអាជ្ញាធរ ឬក្រុមជ្រុលនិយមដែលគាំទ្រលោក ហ៊ុន សែន ដែលមិនអាចទៅបញ្ចេញកំហឹងដាក់លោក អ៊ុក ទូច បាន ប៉ុន្តែបែរមកធ្វើបាបលោកស្រី ដែលជាអ្នកធ្លាប់គប់ស្បែកជើងលើរូបលោក ហ៊ុន សែន និងលោក ហេង សំរិន ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។