ការបោះឆ្នោតព្រឹទ្ធសភាពោរពេញទៅដោយភាពចម្រូងចម្រាស

ដោយ ខាន់ លក្ខិណា
2024.02.25
ការបោះឆ្នោតព្រឹទ្ធសភាពោរពេញទៅដោយភាពចម្រូងចម្រាស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់តម្រង់ជួរទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ AFP

លទ្ធផល​ក្រៅ​ផ្លូវ​ការ នៃ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន ៥៥កៅអី  ហើយ​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​៣​កៅអី​។ ប្រធាន គ.ជ.ប. និង​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ថា​ជា​ជោគជ័យ ប៉ុន្តែ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា មាន​រឿង​មិន​ប្រក្រតី ដែល គ.ជ.ប ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ។

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាលឱ្យ​ដឹង​ថា លទ្ធផល​ក្រៅ​ផ្លូវ​ការ នៃ​ការ​បោះឆ្នោត​​ព្រឹទ្ធ​សភា នៅ​ថ្ងៃ​ទី ២៥​កុម្ភៈ នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន ៥៥កៅអី  នៃ​អាសនៈ​ប្រកួត​ប្រជែង​សរុប​ចំនួន៥៨​ តាម​ពី​ក្រោយ​ដោយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​ចំនួន ៣កៅអី រីឯ​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​បាន​ឈ្នះ​អាសនៈ​ទេ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ថ្លែងក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​ការ​បោះឆ្នោតថា ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​អាណត្តិ​ទី៥​ នេះ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន៣៣ ក្នុង ​៨ភូមិ​ភាគ​នៅ​ទូទាំង​ប្រទេស​ ដោយ​មាន​អ្នក​ទៅ​បោះឆ្នោត​សរុប​ជាង ១ម៉ឺន ១ពាន់ (១១.៧៣០) នាក់ ស្មើនឹង ៩៩,៨៦%  នៃ​ចំនួន​អ្នក​បោះឆ្នោត​សរុប ១១.៧៤៧ នាក់​។ លោក​ថា លទ្ធផល​ផ្លូវ​ការ អាច​នឹង​ប្រកាស​នៅ​ចន្លោះ​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី៦ ខែ​មីនា​។

លោក ប្រាជ្ញ ចន្ទ៖ «តាម​ប្រតិទិន​ គ.ជ.ប នឹង​បិទ​ផ្សាយ​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៩ កុម្ភៈ ឆ្នាំ២០២៤ ហើយ​បើ​សិន​គ្មាន​ពាក្យ​បណ្ដឹង​តវ៉ា​ ឬ​បណ្ដឹង​ជំទាស់​នឹង​លទ្ធផល​បណ្ដោះអាសន្ន​នេះ  លទ្ធផល​ផ្លូវ​ការ​អាច​នឹង​ប្រកាស​នៅ​ចន្លោះ​ នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២៤​»​

បរិយាកាស​ទូទៅ នៅ​ថ្ងៃ​បោះឆ្នោត​ត្រូវ​បាន​អ្នក​តាម​ដាន​នានា រួម​ទាំង​មជ្ឈដ្ឋាន​ អ្នក​សង្កេតការណ៍ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នយោបាយ មើល​ឃើញ​ថា ​មាន​ភាព​រលូន ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល នៅ​តែ​អះអាង​អំពី​ភាព​មិន​ប្រក្រតី រីឯ​ដំណើរ​ការ​ទាំងមូល​ នៃ​ការ​បោះឆ្នោត ពោរពេញ​ដោយ​ភាព​ចម្រូង​ចម្រាស​តាំង​ពី​មុន​ពេល​បោះឆ្នោត។

នៅ​មុន​ការ​បោះឆ្នោត​គណបក្ស​ភ្លើង​ទៀន ដែល​ជា​គូ​ប្រជែង​ដ៏​មាន​សក្ដានុពល​ទល់ នឹង​គណបក្ស​កាន់​អំណាច ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) និង​ក្រសួង​មហាផ្ទៃ ​បិទ​មិន​ឱ្យ​ចូល​រួម​បោះឆ្នោត ហើយ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន បាន​នាំ​គ្នា​ទៅ​ឈរ​ឈ្មោះ​នៅ​គណបក្ស​ឆន្ទៈ​ខ្មែរ​យ៉ាង​ប្រញាប់​ប្រញាល់។

បេក្ខជន​ចូល​រួម​ប្រកួត​សំខាន់ៗ ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ហាក់​មិន​សូវ​ហ៊ាន បង្ហាញ​សេរីភាព ក្នុង​ការ​អត្ថាធិប្បាយ​អំពី​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល លោក សុន ឆ័យ ដែល​ជា​បេក្ខជន​លេខ​រៀង​ទី១ នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ​ដែល​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ហើយ​នៅ​​មុន​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​មិន​លើក​លែង ចំពោះ​ករណី​លោក សុន ឆ័យ ទៀត​។

នៅ​មុន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ ពាក់ព័ន្ធ​នឹង​ករណី​លោក សុន ឆ័យ ដដែល​ ក៏​មាន​ការ​គំរាមកំហែង​ដ៏​ធំ​មួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដឹង​អ្នកនាំពាក្យ​ នៃសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា។ នេះ​ជា​សញ្ញា​ ដែល​ក្រុម​អ្នក​ឃ្លាំមើល​យល់​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ​គំរាមកំហែង​ភ្នាក់ងារ​សង្គម​ស៊ីវិល​ដែល​តែងតែ​ស៊ើបអង្កេត​ប្រមូល​ភស្តុតាង​អំពី​ ដំណើរ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា។

ក្រៅ​ពី​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដែល​ជា​អង្គ​បោះឆ្នោត ក៏​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត (គ.ជ.ប.) ធ្វើ​ការ​អុកឡុក​ច្រើន​បែប​យ៉ាង ដូចជា ការ​ទិញ​ទឹក​ចិត្ត និង​​ការ​មិន​ព្រម​ផ្លាស់​ប្ដូរ​សមាសភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ តាម​ការ​ស្នើ​របស់​គណបក្ស​ ភ្លើង​ទៀន​ជា​ដើម។

ចំពោះ​ស្ថានភាព​ក្នុង​ថ្ងៃ​បោះឆ្នោត ត្រូវ​បាន​អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៥ កុម្ភៈ​ថា មាន​ព័ត៌មាន​ពី​ថ្នាក់​ក្រោម​អំពី​ការ​ទិញ​ទឹក​ចិត្ត​ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ។

លោក សុន ឆ័យ៖ «ខ្ញុំ​មិន​ៗ​ច្បាស់​ទេ ទោះ​បី​ជា​មាន​របាយការណ៍​ពី​ខេត្ត​មក​ខ្លះ​ថា មាន​ការ​ទិញ​ទឹក​ចិត្ត​អី​កន្លងមក។ ខ្ញុំ​មិន​មាន​ព័ត៌មាន​បន្ថែម ឬ​ច្បាស់​ការ​នៅ​ឡើយ​ទេ»

យ៉ាង​ណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​គំរាមកំហែង អង្គ​បោះឆ្នោត​បក្ស​ប្រឆាំង។

លោក សុខ ឥសាន​៖ «ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សម្ងាត់ ដូច្នេះ គ្មាន​ហេតុ​ណា​ដែល​ត្រូវ​សម្លុត​គំរាមកំហែង​បោះឆ្នោត​ទេ។ ការ​សម្លុត​ កំហែង​អង្គ​បោះឆ្នោត​ វា​មិន​ហុច​អង្គ​បោះឆ្នោត វា​មិន​ហុច​លទ្ធផល​ទេ ផ្ទុយ​ទៅ​វិញ​គេ​មិន​បោះឆ្នោត​ឱ្យ​យើង។ អ៊ីចឹង​ គណបក្ស​មិន​ដែល​ធ្វើ​ករណី​នេះ​ទេ»

ចំណែក​ប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ វិញ​អះអាង​ថា ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ជោគជ័យ ប្រកប​ដោយ​សន្តិសុខ សុវត្ថិភាព គ្មាន​អំពើ​ហិង្សា​ និង​គ្មាន​បាតុភាព​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។

លោក ប្រាជ្ញ ចន្ទ៖ «ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​រលូន គ្មាន​អំពើ​ហិង្សា  គ្មាន​គំរាមកំហែង និង​ពុំ​មាន​សកម្មភាព​អ្វី ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​បោះឆ្នោត​ឡើយ។ យើង​ចាត់​ទុក​ការ​បោះឆ្នោត​នេះ ជា​ការ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​គួរ​ទីមោទន​»​

ទោះជា​យ៉ាង​ណា ប្រធាន​ប្រតិបត្តិ​នៃ​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៥ កុម្ភៈ ថា  លោក​បាន​ទទួល​ព័ត៌មាន​ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន អំពី​ការ​ដើរ​ទិញ​ទឹក​ចិត្ត ប៉ុន្តែ​លោក​មិន​ហ៊ាន​អះអាង​ជា​ការ​ពិត ​១០០​%​ទេ ហើយ​កំពុង​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ។

យ៉ាង​ណា​លោក​ឆ្ងល់​ថា ហេតុ​អ្វី​មន្ត្រី គ.ជ.ប យក​រថយន្ត​ទៅ​ដឹក​អង្គ​បោះឆ្នោត​ម្នាក់​របស់​គណបក្ស​ភ្លើង​ទៀន គឺ​លោក រស់ ឡាច ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យក​ទៅ​ឱ្យ​បោះឆ្នោត។

លោក ពុយ ចាន់ថាឡា​៖ «សុខភាព​គាត់​ទ្រុឌទ្រោម​ខ្លាំង​មិន​អាច​មក​បោះឆ្នោត​បាន ។ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ហេតុ​ផល​អ្វី ដែល​បាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​យក​ឡាន​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ទៅ​ដឹក​គាត់​មក​បោះឆ្នោត ចម្ងល់​ប៉ុណ្ណឹង​តើ​មាន​នីតិវិធី​ចែង​ឬ​យ៉ាងណា​?​»

មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​កាត់​ថា ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី២៥ កុម្ភៈ ដោយ​ពន្យល់​ថា ករណី​មាន​មន្ត្រី​ គ.ជ.ប ដឹក​អង្គ​បោះឆ្នោត​ទៅ​បោះឆ្នោត គឺ​វា​មិន​ខុស​ច្បាប់​នោះ​ទេ បើ​គ្មាន​ការ​បង្ខិតបង្ខំ ប៉ុន្តែ​កាល​ណា​មាន​ការ​បង្ខិតបង្ខំ​ឱ្យ​ បោះឆ្នោត​ឱ្យ​គណបក្ស​ណា​មួយ ខុស​ពី​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត គឺ​ជា​អំពើ​ខុស​ច្បាប់​។

លោក កន សាវាង្ស​៖ «​បើ​សិន​ជា​ការ​លើក​ឡើង​ឱ្យ​ទៅ​បោះឆ្នោត​នរណា​មួយ​ដោយ​ការ​បង្ខិត​បង្ខំ ឬ​ក៏​ការ​ប្រើ​ប្រាស់​ការ​គំរាមកំហែង ណា​មួយ​អា​ហ្នឹង វា​ជា​ដំណើរ​នៃ​ខុស​ហើយ ខុស​នីតិវិធី ខុស​នឹង​ច្បាប់​ហើយ។ មាន​ន័យ​ថា វា​ជា​ការ​គំរាមកំហែង វា​ជា​ការ​បំភិត​បំភ័យ ហើយ​ករណី​ទាំងអស់​ហ្នឹង គឺ​ថា ច្បាប់​មាន​ចែង គឺ​ថា វា​ខុស​ពី​នីតិវិធី​ច្បាប់​ហើយ​។ អ៊ីចឹង ​វា​អាច​ទទួល​ទម្ងន់​ទោស​ផ្សេងៗ​ថែម​ទៀត​ទៅ​តាម​នីតិវិធី​ច្បាប់​ដែល​បាន​ចែង»

អ្នក​ឃ្លាំមើល​បង្ហាញ​ការ​យល់​ឃើញ​ថា ការ​បោះឆ្នោត​ព្រឹទ្ធសភា គឺ​ជា​ការ​បោះឆ្នោត​ ដែល​ប្រជាពលរដ្ឋ អង្គ​បោះឆ្នោត និង​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង​បោះឆ្នោត​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ស្ទាក់ស្ទើរ​មិន​ហ៊ាន​សម្ដែង​មតិ​ពី​ការ​បោះឆ្នោត​ នៅ​ពេល​ដែល​អង្គការ​តាម​ដាន​ការ​បោះឆ្នោត​ធំ​ៗ ដូចជា និកហ្វិក និង​ខុមហ្វ្រែល ជា​ដើម មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​តាម​ដាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។