៦ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​មេដឹកនាំ​គណបក្ស​នេះ​នៅតែ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​​ស្ដារ​ប្រជាធិបតេយ្យ

ដោយ សេក បណ្ឌិត
2023.11.16
៦ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​មេដឹកនាំ​គណបក្ស​នេះ​នៅតែ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​​ស្ដារ​ប្រជាធិបតេយ្យ (រូបថតឯកសារ) ទិដ្ឋភាពនៅបរិវេណគណបក្សសង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៦។
រូប៖ Leng Maly/RFA 2016-06-13

៦ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មេដឹកនាំ​គណបក្ស​នេះ នៅតែ​បន្ត​ទាមទារ និង​តស៊ូ​មតិ ​លើ​ឆាក​អន្តរជាតិ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។ អ្នក​ឃ្លាំមើល​នយោបាយ ជំរុញ​ទៅ​រដ្ឋាភិបាល គួរ​ដោះស្រាយ​ជម្លោះ​នយោបាយ​នេះ ដើម្បី​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​សេរី។

គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា គឺ​ជា​ខួប ៦ឆ្នាំ ដែល​តុលាការ​កំពូល​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​អ្នក​នយោបាយ​បក្ស​ប្រឆាំង ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ មេ​ដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ និង​អ្នក​ឃ្លាំមើល​នយោបាយ នៅតែ​ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ទទួល​ខុស​ត្រូវ ចំពោះ​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​ជាង ៣លាន​នាក់។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា ថ្ងៃ​ទី១៦ ខែវិច្ឆិកា គឺ​ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រយុទ្ធ តវ៉ា ទាមទារ ដោយ​សន្តិវិធី ដើម្បី​ឱ្យ​ស្ថានការណ៍​នយោបាយ​អាច​វិល​មក​ដូច​កាល​ពី​ពេល​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​ឡែក ចំពោះ​ថ្ងៃ​ខួប ៦ឆ្នាំ នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ធ្វើ​អ្វី​បន្ថែម​ពីលើ​ការ​ទាមទារ​របស់​ខ្លួន ដែល​បាន​ធ្វើ​នា​ពេល​កន្លង​មក​នេះ​ទេ។

លោក អេង ឆៃអ៊ាង៖ «ពួក​យើង​ធ្វើ​ការងារ​ជា​ប្រចាំ​យើង​ធ្វើ​ការងារ​របស់​យើង យើង​ធ្វើការ​កិច្ចការ​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត យើង​មិនមែន​ចាំ​ធ្វើ​តែ​ថ្ងៃ ១៦ (ថ្ងៃ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ) គឺ​យើង​ធ្វើ​រហូត​​តែ​ថ្ងៃ១៦ គ្រាន់តែ​ជា​ថ្ងៃ ដែល​យើង​ត្រូវ​ចងចាំ​ថា ជា​ថ្ងៃ​ដែល​របប​លោក ហ៊ុន សែន បាន​សម្លាប់​ប្រជាធិបតេយ្យ​កម្ពុជា»

Eng_Chhay_Eang_at_CNRP_HQ_052916_LM_RFA.jpg
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងកាណ៍​អំពី​ស្ថានការណ៍​នយោបាយ​ ពេល​ជួបជុំ​សមាជិក និង​អ្នក​គាំទ្រ នៅ​បរិវេណ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ២០១៦។ រូប៖ ឡេង ម៉ាលី/វិទ្យុអាស៊ីសេរី

ក្រោយ​ពេល​តុលាការ​កំពូល ដែល​មាន​សមាសភាព ចៅក្រម ព្រះរាជអាជ្ញា ជា​មន្ត្រី​គណបក្ស​កាន់​អំណាច​កាត់ក្ដី រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​ជាប់​ឃុំ ចំណែក​មន្ត្រី​គណបក្ស​នេះ​ប្រឈម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​ក្រុម​អ្នក​នយោបាយ​បក្ស​នេះ អ្នក​ខ្លះ​ជាប់​ពន្ធនាគារ អ្នក​ខ្លះ​ទៀត ក៏​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ទ្រាំ​រស់​នៅ​លំបាក​នៅ​ប្រទេស​ថៃ បែកបាក់​គ្រួសារ​ព្រោះ​មិន​ចង់​លក់​មនសិការ​ឱ្យ​ទៅ​គណបក្ស​កាន់អំណាច។ បើ​ទោះជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​បែប​ណា​ក្ដី មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​នៅតែ​តស៊ូ​មតិ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ការពារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោក ដួង ចន្ត្រា៖ «មក​ដល់​ពេល​នេះ គឺ​យើង​ជួប​ការ​លំបាក គឺ​យើង​ខ្វះខាត​ជីវភាព​ធ្ងន់ធ្ងរ​តែម្ដង​ដោយសារ​ជីវភាព​នេះ​ប៉ះពាល់​ទៅ​លើ ការ​បង់​ថ្លៃ​បន្ទប់​ស្នាក់នៅ​ការ​ហូប​ចុក​ជា​ប្រចាំ យើង​ខ្វះខាត​ជា​ទម្ងន់ ដោយសារ​នៅ​តាម​បណ្ដា​អង្គការ​នានា មក​ដល់​ពេល​នេះ ហាក់បី​ដូច​ជា​អង្គការ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​មិន​អាច​ផ្ដល់​អាហារ​សម្រាប់​យើង​គ្រប់គ្រាន់»

ទាក់ទង​បញ្ហា​ដែល​បង្ក​ឡើង​​ដោយ​វិបត្តិ​នយោបាយ​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សង្កេត​ឃើញ​ថា បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​រយៈ​ពេល ៦ឆ្នាំ​មក​នេះ​ក្ដី ប៉ុន្តែ មេ​ដឹកនាំ​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី នៅតែ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​បន្ត​ទៀត​ថា ចំពោះ​នយោបាយ​នៅ​ក្នុង​ស្រុក ក៏​មាន​គណបក្ស​​នយោបាយ ដែល​មាន​មែកធាង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​សកម្មភាព​នយោបាយ ដែល​មាន​ទិសដៅ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ ទោះ​យ៉ាង​ណា​ក្ដី លោក​កត់​សម្គាល់​ទៀត​ថា គណបក្ស​នយោបាយ​នោះ នៅតែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដដែល។

លោក វ៉ន ចាន់ឡូត៖ «ជា​ការពិត​ការ​រឹតត្បិត​ការ​គាបសង្កត់ ការ​ធ្វើទុក្ខ​បុក​ម្នេញ ការ​ចាប់ចង ឬ​ក៏​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ នៅតែ​កើត​រូបភាព​ហ្នឹង​ដដែល​ទេ។ កន្លែង​នេះ បើ​គណបក្ស​ប្រឆាំង​ គាត់​អាច​ចេះ​រៀន​ពី​បទពិសោធន៍​នយោបាយ​កន្លង​មក ហើយ​គាត់​ចេះ​លេង​នយោបាយ អ៊ីចឹង ខ្ញុំ​គិត​ថា នៅ​ពេល​គាត់​បន្ត​សកម្មភាព​នយោបាយ​បាន​ហើយ ទោះបីជា​ជ្រក​ក្រោម​ស្លាក​​គណបក្ស​ណា​មួយ​ក៏​ដោយ ថ្មី​ក៏ដោយ ចាស់​ក៏​ដោយ អ៊ីចឹង នៅ​ពេល​ណា​មួយ ដែល​សមស្រប គណបក្ស​ទាំង​អស់​នោះ គាត់​ត្រូវ​ចេះ​ធ្វើការ​រួបរួម​គ្នា​វិញ»

អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា រយៈ​ពេល ៦ឆ្នាំ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រទេស​កម្ពុជា ជួប​វិបត្តិ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច និង​ការ​ជាប់​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោក​សេរី ខណៈ​សហរដ្ឋ​អាមេរិក មិន​ទាន់​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី.អេស.ភី (G.S.P) មក​កម្ពុជា​វិញ ចំណែក​សហភាព​អឺរ៉ុប ក៏​មិន​ទាន់​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (E.B.A) ពេញលេញ​មក​កម្ពុជា​វិញ​ដែរ។អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វ៉ន ចាន់ឡូត យល់​ថា រដ្ឋាភិបាល​មិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​វិបត្តិ​នយោបាយ​នេះ​អូស​បន្លាយ​តទៅ​ទៀត​ទេ ព្រោះ​បើ​ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​អ្វី​បន្ថែម​មក​លើ​រដ្ឋាភិបាល​ទៀត អ្នក​ដែល​រងគ្រោះ គឺ​រដ្ឋាភិបាល និង​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។