គណបក្ស​នយោបាយ​៥​គ្រោង​ជួបគ្នា​និយាយ​ពី​ការ​រួបរួម​និង​បញ្ហា​នៃ​ការ​បោះឆ្នោត​កន្លង​ទៅ

ដោយ ទីន ហ្សាការីយ៉ា
2022.07.06
Share on WhatsApp
Share on WhatsApp
គណបក្ស​នយោបាយ​៥​គ្រោង​ជួបគ្នា​និយាយ​ពី​ការ​រួបរួម​និង​បញ្ហា​នៃ​ការ​បោះឆ្នោត​កន្លង​ទៅ ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ឆន្ទៈខ្មែរ នា​ពេល​កន្លង​ទៅ។
រូប៖ ហ្វេសប៊ុក​លោក គង់ មុនីកា

មេដឹកនាំ​គណបក្ស​ចំនួន​៥ ដែល​មាន​បំណង​ចងសម្ព័ន្ធភាព​គ្នា គ្រោង​ជួបគ្នា​នៅ​ថ្ងៃទី​៦ ខែ​កក្កដា​ស្អែក​នេះ ដើម្បី​ពិភាក្សា ពី​រឿង​រួបរួម​គ្នា និង​ការ​ធ្វើ​សំណើ​មួយ​ចំនួន​ទៅ​រដ្ឋាភិបាល​។ អ្នកវិភាគ​គាំទ្រ​ឲ្យ​មាន​ការ​រួបរួម​គ្នា​នេះ ប៉ុន្តែ គណបក្សកាន់អំណាច​ថា គណបក្ស​មិន​បារម្ភ​ពី​រួបរួម​របស់​គណបក្ស​ទាំង​នោះ​ឡើយ។

ការ​រួបរួម​គ្នា​នៃ​មេដឹកនាំ​គណបក្ស​នយោបាយ​ថ្មី និង​មេដឹកនាំ​គណបក្ស​ដែល​កើត​ចេញ​ពី​អតីតមន្ត្រី​បក្ស​ប្រឆាំង កំពុង​ធ្វើ​ដំណើរ​ការ​ទៅមុខ ប៉ុន្តែ មិន​ទាន់​មាន​ការសម្រេច​ណាមួយ​ថា ការ​រួម​គ្នា​នោះ​ស្ថិត​ដំបូល​បក្ស​តែមួយ​ឬ​យ៉ាងណា​នោះ​ទេ។

ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ឲ្យ​ដឹង​ថា ពេលនេះ​ក្រុម​ការងារ​របស់​គណបក្ស​ទាំង​៥​បាន​សហការ​គ្នា​ដើម្បី​ធ្វើការងារ​លើ​ប​ញ្ហា​ដំណើរការ​បោះឆ្នោត និង​ក្រុម​ការងារ​នយោបាយ​។ លោក​ឲ្យ​ដឹង​ទៀត​ថា តាម​គម្រោង​មេដឹកនាំ​គណបក្ស​ទាំង​៥ នឹង​ជួបគ្នា ដើម្បី​សម្រេច​លើ​សេចក្ដីព្រាង​មួយ​ជុំវិញ​បទពិសោធន៍​នយោបាយ និង​ភាព​មិន​ប្រក្រតី មុន​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​។ លោក​ថា នៅ​ពេល​ចេញ​លទ្ធផល​នៃ​ជំនួប​នេះ ក្រុម​គណបក្ស​ទាំងនោះ នឹង​យក​ដាក់​ជួន​រដ្ឋាភិបាល ឬ​គ​.​ជ​.​ប ដើម្បី​ដោះស្រាយ៖ «យើង​បង្កើត​បាន​ក្រុមការងារ​ពិសេស​មួយ ក្រុម​ការងារ​បច្ចេកទេស​គេ​បញ្ចប់​ការងារ​គេ​សម្រាប់​ជា​ឯកសារ​មួយ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ជួបជុំ​ពិភាក្សា​អនុម័ត»

គណបក្ស​ទាំង​៥​ដែល​គ្រោង​ជួបគ្នា​នេះ រួមមាន​៖ គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កម្ពុជា​និយម គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ។

លោក យ៉ង សាំងកុមារ មិន​ទាន់​អាច​បញ្ជាក់​ពី​គម្រោង​រួបរួម​គ្នា​នៃ​គណបក្ស​ទាំង​០៥​នេះ​នៅ​ឡើយ​ទេ ព្រោះ​បញ្ហា​កំពុង​ស្ថិត​នៅក្នុង​ការ​ជជែក​គ្នា​នៅ​ឡើយ។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក គង់ មូនីកា និយាយ​ថា តាមរយៈ​ការ​ធ្វើ​ការងារ​ជាមួយគ្នា​កន្លង​មក គណបក្ស​របស់​លោក និង​គណបក្ស​មួយ​ចំនួន​ទៀត​មាន​គោលដៅ​ចង់​ឲ្យ​មានការ​រួបរួម​គ្នា​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ ខាងមុខ៖ «យើង​ត្រូវ​អ្វី​បន្ត​ទៀត ដោយសារ​រយៈពេល​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​នីមួយៗ​ក៏​កំពុង​មាន​ការ​មមាញឹក ការងារ​គណបក្ស​របស់​ខ្លួន​ផង ហើយក៏​យើង​ជាមួយ​ជាមួយ​គណបក្ស​ផ្សេងទៀត​កំពុងធ្វើការ​តស៊ូ​មតិ​ផ្នែក​ប្រព័ន្ធ​បោះឆ្នោត ឬក៏​គ​.​ជ​.​ប ជាដើម ដូច្នេះហើយ​នៅ​មាន​ការងារ​ជាច្រើន​ដែល​យើង​កំពុង​ធ្វើ ប៉ុន្តែ ជារួម​ស្ថិត​លើ​គោលដៅ​តែមួយ​ហើយ»

ជុំវិញ​គម្រោង រួបរួម និង​សំណើ​គណបក្ស​នយោបាយ​ទាំង​៥​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ​នៅ​ថ្ងៃទី​០៥ ខែ​កក្កដា។

ចំណែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា បក្ស​កាន់អំណាច​មិន​បារម្ភ​ពី​ការ​ចងសម្ព័ន្ធ​គ្នា​របស់​គណបក្ស​ទាំងនេះ​ទេ​។ លោក​និយាយ​បែប​ចំអក​ថា គណបក្ស​ទាំងនេះ​ជា​គណបក្ស​ចាញ់ឆ្នោត​ស្រាប់​ទៅ​ហើយ ទោះ​មានការ​រួមគ្នា​បែប​ណា ក៏​គណបក្ស​ទាំងនេះ​មិន​អាច​យក​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ៖ «បក្ស​ទាំង​ហ្នឹង​បែក​ចេញពី​បក្ស​ធំ ឥឡូវ​មក​រួបរួម​គ្នា​នៅ​តែ​ក្នុង​បក្ស​ធំ​នោះ​ដដែល ហើយ​បក្ស​នោះ​ជា​បក្ស​ធ្លាប់​ចាញ់​គណបក្ស​ប្រជាជន​រួច​ហើយ»

ផ្ទុយ​ពី​លើកឡើង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា គណបក្ស​ទាំងនេះ​គួរ​រួមគ្នា​ធ្វើការ​ជាមួយគ្នា​យូរ​មក​ហើយ​។ អ្នក​វិភាគ​រូប​នេះ យល់​ថា ដើម្បី​ឲ្យ​រួមគ្នា​នេះ​មាន​កម្លាំង​នយោបាយ​គ្រប់គ្រាន់​សម្រាប់​ប្រកួត​ជាមួយ​បក្ស​កាន់អំណាច គឺ​ទាមទារ​ឲ្យ​ការ​រួម​បញ្ចូល​គ្នា​ជា​គណបក្ស​មួយ ដើម្បី​ទៅ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់អំណាច​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ៖ «យើង​គ្រាន់តែ​ប្រើ​ពាក្យ​រួបរួម​គ្នា ហើយ​នៅ​បក្ស​ផ្សេង​ទៀត​គ្នា​ធ្វើ​អី​ទៀត ពីព្រោះ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ត្រឹមតែ​រួម​សកម្មភាព ប៉ុន្តែ មិន​រួម​បក្ស​គ្នា​អត់​មាន​ផលប្រយោជន៍​ធំ​ទេ ក្នុង​ការ​ប្រកួតប្រជែង ដណ្ដើម​យក​លទ្ធផល​សម​ប្រសើរ​មួយ​ក្នុង​ការ​បោះឆ្នោត»

លោក គឹម សុខ យល់​ថា ប្រសិនបើ​គណបក្ស​ទាំងនេះ មាន​ឆន្ទៈ និង​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​រួបរួម​គ្នា​នឹង​អាច​ផ្ដល់​ជម្រើស​ថ្មី​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​។ ទោះ​យ៉ាងណា ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្មីៗ​នេះ គណបក្ស​ទាំងនេះ មិន​ទាន់​បាន​បង្ហាញ​ពី​សម្ព័ន្ធភាព​រឹងមាំ​ណាមួយ​ឲ្យ​ពលរដ្ឋ​ឃើញ​នោះ​ឡើយ។ គណបក្ស​ទាំង​នោះ​បាន​ចូលរួម​ការ​បោះឆ្នោត​ដោយ​គណបក្ស​របស់​ពួកគេ​រៀងៗ​ខ្លួន ហើយ​គណបក្ស​កាន់អំណាច​បាន​ទទួល​សំឡេង​ឈ្នះ​ដាច់​លើ​គណបក្ស​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។