អ្នកឃ្លាំមើល៖ រដ្ឋាភិបាល ហ៊ុន ម៉ាណែត នឹង​ដួល​រលំ​ដោយសារ​កម្លាំង​មហាជន បើ​នៅតែ​មិន​ដោះស្រាយ​បញ្ហា​សង្គម

ដោយ ហ៊ុំ ចំរើន
2024.08.30
អ្នកឃ្លាំមើល៖ រដ្ឋាភិបាល ហ៊ុន ម៉ាណែត នឹង​ដួល​រលំ​ដោយសារ​កម្លាំង​មហាជន បើ​នៅតែ​មិន​ដោះស្រាយ​បញ្ហា​សង្គម (ឆ្វេង) បណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និង​លោក គឹម សុខ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី។
RFA

អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អាច​នឹង​ដួល​រលំ​ដោយ​កម្លាំង​មហាជន​តវ៉ា​ប្រឆាំង​ក្នុង​ពេល​ខាងមុខ ប្រសិនបើ​លោក​នៅតែ​មិន​ដោះស្រាយ​អំពើពុករលួយ និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា រដ្ឋាភិបាល​កំពុង​ដើរ​នៅ​លើ​ផ្លូវត្រូវ និង​មិន​ខ្លាច​កម្លាំង​មហាជន​ឡើយ។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក​បណ្ឌិត សេង សារី មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត នៅតែ​ដឹកនាំ​ប្រទេស​តាមតែ​បញ្ជា​ពី​ឪពុក គឺ​លោក ហ៊ុន សែន បែប​នេះ​គឺ​មិនយូរ​ឡើយ​នឹង​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ទម្លាក់​ពី​អំណាច។ លោក​បញ្ជាក់​ថា ភាព​អយុត្តិធម៌​សង្គម​គឺជា​បញ្ហា​ធំ​នៅក្នុង​សង្គម​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទ្រាំ​លែង​បាន​ហើយ​នាំគ្នា​ងើប​បះបោរ។

បណ្ឌិត សេង សារី៖ «បើសិនជា​ក្នុងករណី​លោក ហ៊ុន ម៉ាណែត មើល​បញ្ហា​បច្ចុប្បន្ន​ជា​ឱកាស​ខ្លួន​មាន​ឪពុក​ជា​បង្អែក​ខ្លួន​អាច​បញ្ជា​គ្រប់​សរសៃសសូង​ស្ថាប័ន​ជាតិ​ទាំងមូល។ បើសិនជា​លោក ហ៊ុន ម៉ាណែត ប្រើ​អំណាច​មួយ​នេះ​ជា​ឱកាស​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ព្យាយាម​ដោះស្រាយ​បញ្ហា​បំណុល របស់​ពលរដ្ឋ​បង្កើត​នូវ​ការ​ការពារ​បូរណភាព​ទឹកដី​រយៈពេល​វែង។ គ្រួសារ​ត្រកូល​ហ៊ុន​នឹង​កាន់​អំណាច​ដល់​ចៅទួត ប៉ុន្តែ​បើសិន​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ​ទេ ខ្ញុំ​ថា​មិនដឹង​ផុត​អាណត្តិ​របស់​លោក ហ៊ុន ម៉ាណែត ឬ​អត់​ទេ​បាទ!»

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន មាន​ប្រសាសន៍​ការពារ​រដ្ឋាភិបាល​ថា លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​ដើរ​តាមផ្លូវ​ត្រូវ​ហើយ​ធ្វើ​ឱ្យ​ជាតិ​មានការ​រីក​ចំរើន។ បន្ថែម​ពី​នេះ​លោក​ថា នឹង​មិនអាច​កម្លាំង​មហាជន​ធ្វើបាតុកម្ម​ឡើយ។

លោក សុខ ឥសាន៖ «ជន​ណា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​មិនអាច​គេច​រួច​ពីផ្លូវច្បាប់​ទេ សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ហើយ។ ហើយ​កុំ​គំរាម​ថា ធ្វើ​បាតុកម្ម​មហា​បាតុកម្ម​អី រាជរដ្ឋាភិបាល​ដែល​មាន​អំណាច​ពី​ឆន្ទៈ​ពលរដ្ឋ​ហ្នឹង​មិន​ខ្លាច​ពី​ការ​ធ្វើ​បាតុកម្ម​ទេ។ ពីព្រោះ​ជំហរ​របស់​រដ្ឋាភិបាល​លោក​ធ្វើ​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បាទ»

កាលពី​ថ្ងៃទី​២៨ សីហា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ចាប់ខ្លួន​មនុស្ស​ចំនួន​ ៩៤​នាក់ ដោយសារ​ពួកគាត់ មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍ​រវាង​កម្ពុជា ឡាវ និង​វៀតណាម​។ អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ទាំងពីរ ពិនិត្យ​ឃើញ​ថា ក្នុងចំណោម​មនុស្ស​ ៩៤​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ មាន​ ៥៩​នាក់ គឺជា​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​សកម្មជន​ផ្សេងៗ ​ទៀត រួម​ទាំង​កុមារ​មួយចំនួន​ផង​។ អ្នក​ទាំង​ ៥៩​នាក់ កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន​​អំពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់ ដោយសារតែ​ការ​បញ្ចេញ​ទស្សនៈ​ដោយ​សន្តិវិធី​។ អង្គការ​ទាំងពីរ​នេះ​ថា ការ​ចាប់ខ្លួន​នេះ​ជា​ទង្វើ​ខុសច្បាប់ និង​ជា​ការ​បំភិតបំភ័យ​អ្នក​រិះគន់ និង​រារាំង​ពួកគាត់​មិន​ឲ្យ​ធ្វើបាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត គ្មាន​ការអភិវឌ្ឍន៍​អ្វី​ឡើយ​ក្រៅពី​ការ​ចាប់​ចង និង​បង្កើត​ភាព​អយុត្តិធម៌​សង្គម​នោះ​ទេ។ លោក​ជឿ​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ឈរ​ជើង​បាន​យូរអង្វែង​ទៅ​មុខ​ទៀត​នោះ​ឡើយ។

លោក គឹម សុខ៖ «ខ្ញុំ​គិតថា​ ទឹកចិត្ត​រួម​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​យុត្តិធម៌​និង​ប្រជាធិបតេយ្យ។ ទី​ពីរ​ ពិតមែន​ហើយ​យើង​មានការ​ភ័យខ្លាច​អតីតកាល​ឈឺចាប់​ ប៉ុន្តែ​កុំ​ភ្លេច​ថា នៅ​ពេល​នេះ​កម្លាំង​យុវជន​វ័យក្មេង ​ដែល​គាត់​សម័យ​ឃើញ​ការ​វិវឌ្ឍន៍​ នៃ​ពិភពលោក​ថ្មី​ ដែល​ត្រូវការ​ប្រជាធិបតេយ្យ​ និង​យុត្តិធម៌​វា​ឆ្ងាញ់​ជាង​។ ម្ល៉ោះហើយ​ខ្ញុំ​គិតថា​ យុវជន​ច្រើនណាស់​រៀនសូត្រ​អំពី​ការផ្លាស់ប្ដូរ​ប្រទេស​មួយ​ឱ្យទៅ​កាន់​ប្រជាធិបតេយ្យ​ទើប​ប្រទេស​នោះ​បាន​សុខ»

មួយ​រយៈ​ចុងក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​ធ្វើ​បាតុកម្ម និង​សម្ដែង​មតិ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​វៀតណាម និង​ឡាវ ជា​បន្តបន្ទាប់​។ ពួកគេ​ចាត់​ទុក​ថា​គម្រោង​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេសជិតខាង​ដូច​ពេល​មុន​ទៀត ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដកខ្លួន​ចេញពី​គម្រោង​នេះ​វិញ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បាន​បង្កើន​ការឈឺចាប់​ដល់​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ពួកគាត់​ទ្រាំលែង​បាន​ហើយ​នាំគ្នា​ធ្វើបាតុកម្ម​ទម្លាក់​ពី​អំណាច​ដូច​ករណី​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh)ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។