យុវជនសកម្មការងារសង្គមអំពាវនាវដល់ពលរដ្ឋឱ្យតាមដានសកម្មភាពអ្នកនយោបាយ ដើម្បីអាចជ្រើសរើសបានអ្នកដឹកនាំល្អនៅពេលខាងមុខ
2023.03.27
ក្រុមយុវជនសកម្មការងារសង្គម ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតាមដានសកម្មភាពរបស់អ្នកនយោបាយ ដើម្បីអាចជ្រើសរើសបានអ្នកដឹកនាំល្អ ក្នុងការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ។ដោយឡែកអ្នកនាំពាក្យគណបក្សនយោបាយបង្ហាញពីគោលនយោបាយផ្ដល់ការងារផ្ទុយពីគ្នា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
តើប្រជាពលរដ្ឋគួរតាមដានស្ថានភាពនយោបាយដោយរបៀបណា ដើម្បីអាចជ្រើសរើសបានអ្នកដឹកនាំល្អ?
ក្រុមយុវជនសកម្មការងារសង្គមលើកឡើងស្រដៀងៗ គ្នាថា ការសម្រេចចិត្តគាំទ្រគណបក្សនយោបាយណាមួយមានសារៈសំខាន់ណាស់ក្នុងការកំណត់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀត ដូច្នេះក្រុមយុវជនស្នើឱ្យប្រជាពលរដ្ឋតាមដានស្ថានភាពវិវឌ្ឍនយោបាយ និងស្វែងយល់ឱ្យច្បាស់ពីគោលនយោបាយរបស់គណបក្សនីមួយៗ ដើម្បីជៀសវាងការសម្រេចចិត្តខុស ដែលមិនត្រឹមតែមិនអាចលើកកម្ពស់ជីវភាពរបស់ពួកគាត់តែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនាំឱ្យប្រទេសជាតិកាន់តែផុងខ្លួនក្នុងបំណុលបរទេស។
សកម្មជនចលនាមាតាធម្មជាតិលោក លី ច័ន្ទដារ៉ាវុត យល់ឃើញថា ដើម្បីជ្រើសរើសបានអ្នកដឹកនាំល្អ ប្រជាពលរដ្ឋគ្រប់រូបត្រូវបង្កើនសកម្មភាពប្រចាំថ្ងៃតាមដានស្ថានភាពនយោបាយ។ លោកបន្ថែមថា ការស្ដាប់ និងមើលព័ត៌មាន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលតែម្ខាង នឹងមិនអាចឱ្យប្រជាពលរដ្ឋគិតបានស៊ីជម្រៅនោះឡើយ ដូចនេះ ពលរដ្ឋត្រូវស្ដាប់ព័ត៌មាន ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងសារព័ត៌មានឯករាជ្យបន្ថែមផង ទើបអាចឱ្យពួកគាត់សម្រេចចិត្តត្រឹមត្រូវ ក្នុងការគាំទ្រគណបក្សនយោបាយណាមួយ។
លោក លី ច័ន្ទដារ៉ាវុត៖ «យើងអាចស្ដាប់វិទ្យុឯករាជ្យ ដើម្បីទទួលបានព័ត៌មានពិតច្រើន ដើម្បីយកព័ត៌មានហ្នឹងទៅថ្លឹងថ្លែង គណបក្សណាល្អសម្រាប់គាត់អ៊ីចឹងទៅ ហើយយើងអាចចូលរួមវេទិកានានា ខ្ញុំឃើញថា ខាងសង្គមស៊ីវិល ក៏គេមានវេទិកាជជែក ឬក៏មានយុទ្ធនាការផ្សេងៗ ដើម្បីជជែកជាសាធារណៈ ដើម្បីផ្សព្វផ្សាយទៅសាធារណៈជន បើសិនជាគាត់តាមដានសកម្មភាពទាំងអស់ហ្នឹង គាត់អាចទទួលបានព័ត៌មានមួយផ្នែកទៀត»។
ស្រដៀងគ្នានេះ អតីតសកម្មជនខ្មែរថាវរៈ លោក ស្វាយ សំណាង យល់ឃើញថា ដើម្បីបញ្ចៀសពីការចាញ់បោកអ្នកនយោបាយប្រជាភិថុតិ ប្រជាពលរដ្ឋត្រូវចេះថ្លឹងថ្លែងពីតម្លៃនៃអំណោយក្នុងរដូវការបោះឆ្នោតជាមួយអត្ថប្រយោជន៍រយៈពេលវែង តាមរយៈការទទួលបានអ្នកដឹកនាំប្រទេសល្អ។ លោកបន្ថែមថា ការគាំទ្រគណបក្សនយោបាយណាមួយឱ្យដឹកនាំប្រទេស នឹងអាចធ្វើឱ្យជីវភាពរបស់ពួកគាត់ផ្លាស់ប្ដូរ ដូចនេះប្រជាពលរដ្ឋត្រូវចេះវាយតម្លៃការដឹកនាំប្រទេស ដោយផ្អែកលើលទ្ធផលជារួមក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងតម្លាភាពក្នុងការប្រើប្រាស់ធនធានធម្មជាតិ ជាជាងលទ្ធផលរីកចំរើនដែលល្អតែមើល តែមិនបានជួយដល់ជីវភាពប្រជាពលរដ្ឋ។
ដូចគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែបង្អួតរូបភាពអគារស្កឹមស្កៃក្នុងរាជធានីភ្នំពេញថា ជាស្នាដៃដែលរដ្ឋាភិបាលកម្ពុជាបានកសាង។ ផ្ទុយពីការសាងសង់សំណង់ទំនើបទាំងនេះ អ្នកវិភាគនយោបាយលើកឡើងថា វត្តមានអគាររីកដូចផ្សិតទាំងនោះ មិនបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកច្រើននោះឡើយ ព្រោះម្ចាស់អគារទាំងនេះភាគច្រើន ជាជនបរទេស ហើយប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏មិនមានលទ្ធភាពស្នាក់នៅ ឬធ្វើការក្នុងអគារទាំងនោះឡើយ។ ជាមួយគ្នានេះ អគារធំស្កឹមស្កៃទាំងនេះ ក៏ជាកន្លែងឃុំឃាំង និងជួញដូរមនុស្សរបស់ថៅកែជនជាតិចិនមួយចំនួនផងដែរ។
មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ា ចិត្រា យល់ឃើញថាដោយសារពេលវេលាបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតមកដល់ ដូច្នេះ ពលរដ្ឋត្រូវបង្កើនការតាមដានសកម្មភាពរបស់គណបក្សនយោបាយឱ្យបានកាន់តែច្រើន។ លោកបន្ថែមថា ដើម្បីកុំឱ្យចាញ់បោកអ្នកនយោបាយទុច្ចរិត ប្រជាពលរដ្ឋគ្រប់រូប មិនត្រូវវាយតម្លៃការងារគណបក្សនយោបាយដោយផ្អែកទៅលើផលប្រយោជន៍ ដែលខ្លួនទទួលបានតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាយតម្លៃពីផលប៉ះពាល់ពីការបំផ្លាញធនធានធម្មជាតិ និងអយុត្តិធម៌សង្គមទាំងមូលផងដែរ។
លោក ម៉ា ចិត្រា៖ «ពាក់ព័ន្ធទៅនឹងការយកអំណោយតិចតួចទៅយកចែកមុនរដូវការបោះឆ្នោតហ្នឹង វាជាវប្បធម៌ចាស់គំរឹលរបស់អ្នកនយោបាយ ហើយបើសិនជាប្រជាពលរដ្ឋគិតថា អាហ្នឹងសំខាន់ ហើយដោយសារអាទាំងអស់ហ្នឹង ពលរដ្ឋបោះឆ្នោតឱ្យគេ អាហ្នឹងវាជាសិទ្ធិរបស់គាត់ទេ ប៉ុន្តែអីដែលគាត់ត្រូវពិចារណា អ្វីដែលគាត់ទទួលបានទាំងអស់ហ្នឹង ហើយបោះឆ្នោតឱ្យគេ ហើយ ៥ឆ្នាំក្រោយហ្នឹង គេអាចជួយអីខ្លះបានដល់ប្រជាពលរដ្ឋ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា លោកនៅតែជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានៅតែបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ដោយផ្អែកលើស្នាដៃកសាងសន្តិភាព និងភាពរីកចំរើនកម្ពុជាកន្លងមក។ បើទោះបីជាមានការរិះគន់ថា រដ្ឋាភិបាលអសមត្ថភាពក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើនការងារ និងតម្លៃកសិកម្មក្នុងស្រុក ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅតែជំរុញឱ្យប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសដដែល។
លោក សុខ ឥសាន៖ «គោលជំហររបស់គណបក្សប្រជាជនអត់មានការផ្លាស់ប្ដូរទៅលើការពង្រីកចំនួនពលករកម្ពុជាហ្នឹង ទៅធ្វើការនៅបរទេសទេ ពីព្រោះនេះ គឺជាលទ្ធផលនយោបាយការបរទេសរបស់គណបក្សប្រជាជនកម្ពុជា ហើយយើងចាត់ទុកថា ពលករចំណាកស្រុកហ្នឹង វាជាការរកទីផ្សារដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ពលករខ្លួនឯងផ្ទាល់ ហើយក៏ដូចជាជីវភាពរស់នៅរបស់ក្រុមគ្រួសារដែរ»។
បើទោះបីជាគណបក្សប្រជាជនកម្ពុជា នៅតែជំរុញឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសក្ដី ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ពីការរំលោភសិទ្ធិការងារ ពីសំណាក់ថៅកែបរទេសទៅលើពលករខ្មែរនោះឡើយ។ ជាក់ស្ដែង បើទោះបីជាមានសេចក្ដីរាយការណ៍ពីការកែងប្រវ័ញ្ចកម្លាំងពលកម្ម ឬមានអំពើហិង្សាទៅលើពលករខ្មែរនៅប្រទេសថៃ (Thai) ឬកូរ៉េខាងត្បូង (Korea) ពីសំណាក់ថៅកែបរទេសក្ដីក៏ស្ថានទូតខ្មែរមិនបានជួយអន្តរាគមន៍នោះឡើយ។
ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សភ្លើងទៀន មានគោលនយោបាយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើនការងារនៅក្នុងស្រុក ឬលើកកម្ពស់តម្លៃកសិផល ជាជាងបន្តឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលបណ្ដាលឱ្យគ្រួសារមិនអាចរស់នៅជុំគ្នា។ ទោះជាយ៉ាងណាក្ដី លោកថា គណបក្សភ្លើងទៀន ក៏មានគោលនយោបាយគាំទ្រពលករខ្មែរ ដែលបានទៅធ្វើការនៅក្រៅប្រទេសផងដែរ តាមរយៈការផ្ដល់សេវាកម្មប្រកបដោយតម្លាភាព ដើម្បីជំរុញឱ្យថៅកែបរទេសអនុវត្តច្បាប់ការងារបានត្រឹមត្រូវ ទៅលើពលករខ្មែរ។
លោក គឹមសួរ ភីរិទ្ធ៖ «ខ្ញុំមិនលើកទឹកចិត្តឱ្យពលរដ្ឋធ្វើការឆ្ងាយពីផ្ទះសម្បែង ឬឆ្ងាយក្រៅស្រុកទេ ដូចសុភាសិតខ្មែរមួយបានពោលថា ជួញជិតជាជាងជួញឆ្ងាយ ហើយខ្ញុំគិតថា យើងមានសក្ដានុពលបង្កើតការងារនៅក្នុងស្រុកយើងច្រើនណាស់ ព្រោះដីយើងមានជីវជាតិជាងប្រទេសអ៊ីស្រាអែល (Israel) ទៀត ហើយធំជាងប្រទេសអ៊ីស្រាអែលដល់ទៅ ៩ដង។ អ៊ីចឹងទេ យើងអាចបង្កើតសក្ដានុពលការងារនៅទីនេះ (ក្នុងស្រុក) បើយើងរក្សាបានត្រឹមតែ ពន្ធអនុគ្រោះពីសហគមន៍អឺរ៉ុប ក៏ដូចជា ពន្ធអនុគ្រោះពីសហរដ្ឋអាមេរិក យើងអាចរក្សាការងារជូនប្រជាពលរដ្ឋ»។
ក្រៅពីតាមដានគោលនយោបាយរបស់គណបក្សនយោបាយ អ្នកវិភាគនយោបាយលើកឡើងថា ប្រជាពលរដ្ឋគួរពិចារណាគាំទ្រគណបក្សនយោបាយ ដែលធ្វើឱ្យប្រព័ន្ធយុត្តិធម៌ធ្វើការដោយឯករាជ្យ ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម ជាជាងដាក់ឱ្យនៅក្រោមបង្គាប់បញ្ជារបស់ខ្លួន ដែលបង្កឱ្យមានវប្បធម៌និទ្ទណ្ឌភាព ការពារតែក្រុមគ្រួសារ និងបក្សពួករបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។