សកម្មជនជនបក្សភ្លើងទៀន រួមគ្នាផលិតចម្រៀងជំរុញពលរដ្ឋទៅបោះឆ្នោតជូនគណបក្សភ្លើងទៀន
2022.05.20
អ្នកគាំទ្រ និងសកម្មជនជនបក្សភ្លើងទៀនមួយចំនួន បានស្ម័គ្រចិត្តរួមគ្នាផលិតចម្រៀងដែលមានខ្លឹមសារជំរុញទៅពលរដ្ឋឲ្យបោះឆ្នោត និងផ្សព្វផ្សាយពីគោលនយោបាយបក្សរបស់គណបក្សភ្លើងទៀន។ សកម្មភាពរបស់សកម្មជនបក្សភ្លើងទៀន ដែលកើតចេញពីទឹកចិត្តនេះត្បិតមិនគ្មានលុយច្រើនសម្រាប់ចំណាយលើថ្លៃផលិតផល ប៉ុន្តែបទចម្រៀងទាំងនេះ បានត្រដាងការពិត ដែលកើតក្នុងសង្គមខ្មែរ និងជាផ្ដល់សាររំលឹកទៅម្ចាស់ឆ្នោតឲ្យប្ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ។
អូនលែងជឿហើយជនផ្ដាច់ការពាក់ស្លាក់ទេវតា ចិត្តជាទេវទត្ត។ នេះជាអត្ថន័យក្នុងបទចម្រៀងរបស់ក្រុមអ្នកចម្រៀងគាំទ្រគណបក្សភ្លើងទៀន។ ការរៀបចំផលិតចម្រៀងទាំងនេះធ្វើយ៉ាងសាមញ្ញត្រឹមអ្នកចម្រៀងពីរនាក់ជាស្ត្រីច្រៀងផងធ្វើកាយវិការផងនៅក្នុងបន្ទប់ស្ទីឌីយោ តូចមួយ។
អ្នកគាំទ្រគណបក្សភ្លើងទៀន លោកស្រី ញ៉ែម វ៉ាត ដែលចូលរួមច្រៀងគាំទ្រគណបក្សភ្លើងទៀន យល់ថា ចម្រៀងនេះជាការបញ្ចេញមតិយោបល់ជួយជាតិ និងជំរុញទៅពលរដ្ឋឲ្យស្គាល់ពីគណបក្សភ្លើងទៀន។ ទោះយ៉ាងណាក្ដី លោកស្រីឲ្យដឹងទៀតថា ក៏មានអាជ្ញាធរខ្លះចោទប្រកាន់ថា ការច្រៀងរបស់លោកស្រី ជាការញុះញង់ និងបង្កភាពវឹកវរក្នុងសង្គមទៅវិញ ប៉ុន្តែលោកស្រីថា មិនរារែកចិត្តក្នុងការបន្តច្រៀងឡើយ៖ «ខ្ញុំបានចេញចម្រៀងអ៊ីចឹង ប្រជាពលរដ្ឋដែលថា ចូលចិត្តភ្លើងទៀនហ្នឹង គេបានស្ដាប់ឮ។ គេថា ម៉េចបានបញ្ចេញយោបល់អ៊ីចឹង អត់ខ្លាចទេ អត់រកផ្លូវរត់ ខ្ញុំថា តាមដំណើរទៅ ខ្ញុំបានចេញប៉ុណ្ណឹងក៏ខ្ញុំសប្បាយចិត្ត ខ្ញុំអត់មានជួយអីបានខ្ញុំជាស្ត្រី បានជួយប៉ុណ្ណឹងចេញចម្រៀងអ៊ីចឹង ទៅឲ្យប្រជាជនទាំងអស់គេ ចូលចិត្តភ្លើងទៀនគេ បានស្ដាប់គឺឲ្យគេចូលចិត្តដូចខ្ញុំដែរ»។
អ្នកចម្រៀងគាំទ្រគណបក្សភ្លើងទៀន មិនមែនជាចម្រៀងអាជីពទេ ប៉ុន្តែសំឡេងមិនចាញ់អ្នកចម្រៀងអាជីពឡើយ។ ពួកគេទើបតែចាប់ផ្ដើមចេញចម្រៀង កាលពីពេលថ្មីៗ នេះ គឺដំណាលគ្នាដែលគណបក្សភ្លើងទៀនធ្វើសមាជសម្រេចចូលរួមការបោះឆ្នោតកាលពីថ្ងៃទី១៥ ខែឧសភា ខាងមុខ។ អ្នកចម្រៀងត្រកូល ញ៉ែម ទាំងពីរនាក់ ដែលវ័យជាង ៥០ប្លាយនេះ គឺជាបងប្អូនបង្កើតនឹងគ្នា និងមានចិត្តគំនិតដូចគ្នា គឺជាពលរដ្ឋដែលគាំទ្រគណបក្សភ្លើងទៀន។
អ្នកចម្រៀងម្នាក់ទៀត លោកស្រី ញ៉ែម បុប្ផា ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីពេញចិត្តក្នុងការចូលរួមច្រៀងចម្រៀងទាំងនេះ ទោះត្រូវគេគំរាម ឬត្រូវរត់ចោលស្រុក ព្រោះការច្រៀងគាំទ្រ គណបក្សភ្លើងទៀនក្ដី។ លោកស្រីបន្តថា អ្វីដែលលោកស្រីចង់បានគឺ ចង់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នា ហើយឲ្យពលរដ្ឋដឹងថា ការបោះឆ្នោតឲ្យគណបក្សភ្លើងទៀន នឹងធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន៖ «មកពីខ្ញុំស្រលាញ់ហើយខ្ញុំចង់ឲ្យប្រជាពលរដ្ឋបានដឹងបានយល់អំពីគោលការណ៍បក្សភ្លើងទៀនហ្នឹង ហើយយើងច្រៀងពីគោលការណ៍ហ្នឹងទៅដើម្បីឲ្យប្រជាជនបានយល់និងបានចូលរួមបោះឆ្នោតទាំងអស់គ្នា ខ្ញុំចង់ឲ្យពលរដ្ឋទៅបោះឆ្នោតដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរមួយ ដើម្បីឲ្យប្រជាជនមានសិទ្ធិបញ្ចេញមតិដែលខ្លួនចង់បាន»។
សកម្មជនគណបក្សភ្លើងទៀនប្រចាំខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ដែលចូលរួមស្ម័គ្រចិត្តតែងនិពន្ធចម្រៀងប្រាប់ថា លោកបានតែងនិពន្ធចម្រៀងមួយចំនួន បង្ហាញពីតួនាទីរបស់គណបក្សភ្លើងទៀន។ លោកបន្តថា ការតែងនិពន្ធចម្រៀងនេះ គឺកើតចេញពីចិត្ត និងតាមការមើលឃើញពីទិដ្ឋភាពសង្គមជាក់ស្ដែង៖ «យើងចង់និយាយថា ភ្លើងទៀនមានតួនាទីធ្វើអី នៅក្នុងកិច្ចការនយោបាយ បម្រើសង្គមជាតិទៅតាមទិដ្ឋភាពជាក់ស្ដែងរាល់ថ្ងៃហ្នឹងក្រោយជាប់ឆ្នោតជាប់អ៊ីចឹងទៅណា»។
មេដឹកនាំគណបក្សភ្លើងទៀនលើកឡើងថា បទចម្រៀងទាំងនេះ មិនមែនត្រឹមតែរាំគ្រវីគូថនោះទេ ប៉ុន្តែ មានអត្ថន័យគ្រប់គ្រាន់សម្រាប់ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស។
ទាក់ទងករណីសកម្មជនជនបក្សភ្លើងទៀនរួមគ្នាផលិតចម្រៀងផ្សព្វផ្សាយគោលនយោបាយបក្សភ្លើងទៀននេះដែរ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យដឹងថា បទចម្រៀងទាំងនេះគឺ កើតចេញពីទឹកចិត្តរបស់អ្នកគាំទ្រគណបក្សភ្លើងទៀន ទាំងការនិពន្ធ ការច្រៀង កាត់ត និងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក។ លោកសង្ឃឹមថា សារនយោបាយគណបក្សភ្លើងទៀនទាំង ៧ចំណុច នឹងជ្រួតជ្រាបបន្ថែមទៀតដល់មូលដ្ឋានតាមរយៈបទចម្រៀងទាំងនោះ។ លោក ថាច់ សេដ្ឋា សង្កេតឃើញថា ការចូលរួមបោះឆ្នោតអាណត្តិនេះខុសប្លែកពីអាណត្តិមុនៗ គឺអ្នកគាំទ្រ ឬសកម្មជនចេញបានធ្វើសកម្មភាពច្រើន ដើម្បីជួយបក្ស៖ «អ៊ីចឹងយើងឃើញថា ការលះបង់ពួកគាត់ខុសពីធម្មតា ហើយបទចម្រៀងអ៊ីចឹងដែរ យើងមិនបានដាក់ផែនការសម្រាប់ជាបទចម្រៀង ប៉ុន្តែ ពួកគាត់គិតគូរដល់ការបោះឆ្នោតអ៊ីចឹង ត្រូវតែមានបទចម្រៀងក៏សរសេរធ្វើខ្លួនគាត់ លុយខ្លួនគាត់ច្រៀងខ្លួនគាត់បានហូរហែអ៊ីចឹងទៅ អ៊ីចឹងខាងលើក៏ជ្រើសរើសអ្នកណាអាចយកបានយើងចាក់ច្រៀងក្នុងពេលហែឃោសនាអ៊ីចឹងទៅ»។
មកដល់ពេលនេះ អ្នកគាំទ្រ និងសកម្មជនជនបក្សភ្លើងទៀនបានរួមគ្នាផលិតចម្រៀងជំរុញទៅពលរដ្ឋឲ្យបោះឆ្នោតបានជិត ១០បទហើយ។ ពួកគេនៅតែបន្តផលិតចម្រៀងបន្តទៀត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងការបោះឆ្នោតនាពេលខាងមុខ។
គណបក្សភ្លើងទៀន ដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ស្ទើរទូទាំងប្រទេសជាង ១.៦០០ឃុំសង្កាត់ នឹងចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ក្រោមជាតិថ្ងៃទី៥ ខែមិថុនាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។