សង្គមស៊ីវិលបារម្ភថា កសាង​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ជាង ២០ខេត្ត/ក្រុង ជា​និមិត្ត​រូប​បំបែក​បំបាក់​សាមគ្គី​ខ្មែរ

ដោយ ប្រាជ្ញ ចេវ
2024.08.31
សង្គមស៊ីវិលបារម្ភថា កសាង​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ជាង ២០ខេត្ត/ក្រុង ជា​និមិត្ត​រូប​បំបែក​បំបាក់​សាមគ្គី​ខ្មែរ ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ឋិត​ក្នុង​ខេត្ត​សៀមរាប ថត​ថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មិន​គាំទ្រ​ចំពោះ​ការ​សាង​សង់​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ស្ទើរតែ​គ្រប់​ខេត្ត/ក្រុង​នៅ​ទូទាំង​ប្រទេស​នោះ​ទេ ដោយ​ពួកគេ​យល់​ថា ​វា​ជា​និមិត្ត​រូប​នៃ​ការ​បំបែក​បំបាក់​សាមគ្គី​ជាតិ​ខ្មែរ និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​ឈ្លាន​ពាន​ដី​ខ្មែរ​រយៈ​ពេល​វែង។ ប៉ុន្តែ​មន្រ្តី​នាំ​ពាក្យ​បក្ស​កាន់​អំណាច​អះអាង​ថា ស្តូប​មិត្ត​ភាព​កម្ពុជា-វៀតណាម កសាង​ឡើង​សម្រាប់​ការ​ការ​គោរព​ដឹង​គុណ​វៀតណាម ទោះ​បី​អ្នក​ប្រវត្តិសាស្ត្រ​ថា វៀតណាម​ចូល​ឈ្លាន​ពាន​កម្ពុជា​ក្តី។

មក​ទល់​ពេល​នេះ​ស្តូប​មិត្ត​ភាព​កម្ពុជា-វៀតណាម បាន​សាង​សង់​រួចរាល់​ស្ទើរ​តែ​គ្រប់ ២៥ខេត្ត/ក្រុង​ហើយ ក្នុង​នោះ​រដ្ឋាភិបាល​បាន​សង់​សង់​រូប​នេះ នៅ​រាជ​ធានី​ភ្នំ​ពេញ​ធំ​ជាង​គេ។

រដ្ឋាភិបាល​បាន​ពន្លឿន​ការ​កសាង​ស្តូប​កាន់​តែ​ច្រើន​ក្នុង​ពេល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) កាល​ពី​ឆ្នាំ ២០១៧ ដោយ​ស្តូប​ភាគ​ច្រើន​ឋិត​នៅ​ចំ​កណ្តាល​ក្រុង​ឬ​នៅ​ចំ​ទី​ប្រជុំ​ជន​ខេត្ត/ក្រុង។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មើល​ឃើញ​ថា ការ​កសាង​ស្តូប​ទាំង​នេះ​នឹង​គ្មាន​ប្រយោជន៍​ដល់​សង្គម​ខ្មែរ​នោះ​ឡើយ ដោយសារ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​មនោគមន៍​វិទ្យា ឈ្លានពាន​ដី​ខ្មែរ​ពី​សំណាក់​វៀតណាម​រួម​មាន ដែនដី​កម្ពុជា​ក្រោម និង​កោះត្រល់​ជា​ដើម ហើយ​ក្រោយ​មក​បែរ​ជា​ដាក់​សម្ពាធ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​ថែម​ទៀត។

ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​សាង​សង​ស្តូប​ទាំង​នេះ​ទេ ព្រោះ​បង្ក​ហានិភ័យ​ខ្ពស់​សម្រាប់​កូន​ខ្មែរ​នៅ​ពេល​អនាគត បូក​ផ្សំ​នឹង​គម្រោង CLV-DTA

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូ​ឱ្យ​ល្អិត​ល្អន់​រឿង​នេះ​ដោយ​ត្រូវ​ទទួល​យក​ ក្តី​បារម្ភ​របស់​ពលរដ្ឋ​ដោះស្រាយ

ពលរដ្ឋ​សុំ​លាក់​ឈ្មោះ«៥០ឆ្នាំ​មុន​អត់​មាន​ស្រូវ​នៅ​កៀក​ផង​នៅ​តែ​វា​ធ្វើ​យើង​បាន ធ្វើ​បាន​សព្វ​គ្រប់​ចុះ​ទម្រាំ​នឹង​មាន​ប៉ុន​នេះ​ហើយ មិន​ចាំបាច់​តែ​មាន​ស្តូបអី​ច្រើន​នោះ​ទេ។ ប្រសិន​បើ​ជា​មិត្ត​ភក្ដិ តែ​ខ្ញុំ​ខ្លាច​តែ​មិនមែន​ជា​មិត្ត​ភក្តិ បើ​ពិត​ជា​មិត្ត​ភក្កិ នោះ​សង្គម​ជាតិ​ខ្មែរ​យើង​នៅ​តែ​មិន​សប្បាយ​ចិត្ត​ទៅ​អនាគត»

កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បាន​សង់​ស្តូប​មិត្ត​ភាព​កម្ពុជា-វៀតណាម ហើយ​បន្ទាប់​ពី​សង់​រួច​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ រម្លឹក​គុណ​ដល់​ការ​ធ្វើ​ពលីកម្ម​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​របស់​វៀតណាម​រំដោះ​កម្ពុជា​ចេញ​ពី​សម័យ ប៉ុល ពត។

កាល​ពី​ឆ្នាំ២០២០ អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​នេះ​នៅ​កណ្តាល​ក្រុង​កំពង់​ចាម​ដោយ​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អ្នកស្រី ម៉ែន សំអន និង​ប្រធាន​អនុព័ន្ធ​យោធា​វៀតណាម​ប្រចាំ​កម្ពុជា លោក ង្វៀន ថាញចិញ (Ngyien Thanhchhin) ព្រម​ទាំង​អាជ្ញាធរ​ខេត្ត និង​ពលរដ្ឋ ចូល​រួម​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បកស្រាយ​ថា ស្តូប​អនុស្សាវរីយ​មិត្តភាព-កម្ពុជា​វៀតណាម កសាង​ឡើង ដើម្បី​រំលឹក​ពី​វីរភាព នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​កង​កម្លាំង​វៀត​ណាម រំដោះ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩។

លោក​ចាត់​ទុកអ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ស្តូប​នេះ​ ភ្លេច​កំណើត​ទី២ របស់​ខ្លួន ដែល​វៀតណាម​ជួយ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ខ្មែរក្រហម

លោក សុខ ឥសាន៖ «ពី​ព្រោះ​ថ្ងៃ ៧មករា ហ្នឹង​ហើយ​ស្តូប​អនុស្សាវរីយ៍ វា​ជា​គោល​កំណត់ នៃ​ជីវិត​គ្មាន​ពីរ​របស់​ប្រជា​ជន​កម្ពុជា ទាំង​ខ្ញុំ​ទាំង​អី​ខ្ញុំ​ទទួល​ស្គាល់​បងប្អូន​ណា​ខុសៗ ទៅ អាហ្នឹង​រឿង​បង​ប្អូន​ទេ តែ​សម្រាប់​ខ្ញុំ ថ្ងៃ ៧មករា ជា​ជីវិត​ទី​ពីរ​របស់​ខ្ញុំ»

តែ​ទោះ​ជា​យ៉ាង​ណា ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា ស្តូប​នេះ​ជា​និមិត្ត​រូប នៃ​ការ​ខ្វែង​គំនិត​គ្នា ​រវាង​អ្នក​នយោបាយ​ខ្មែរ​ដែល​រណប​វៀតណាម​ និង​មិន​រណប​វៀតណាម ខណៈ​ដែល​ប្រវត្តិ​សាស្ត្រ​កម្ពុជា​បញ្ជាក់​ច្បាស់​ថា វៀតណាម​បាន​ឈ្លាន​ពាន​ទឹក​ដី​​កម្ពុជា​ក្រោម។

លោក​អះអាង​ថា លោក​ថ្លែង​បែប​នេះ មិនមែន​មាន​ន័យ​ថា​រើសអើង​ជាតិ​សាសន៍​នោះ​ទេ ​ក៏ប៉ុន្តែ​មាន​ភស្តុតាង​ជា​ច្រើន​ឆ្លុះ​បញ្ចាំង​ថា វៀតណាម​មាន​មហិច្ឆតា​ឈ្លាន​ដី​ខ្មែរ​ រួមមាន បង្កើត​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ខុសច្បាប់ ដើម្បី​លេប​ដី​ខ្មែរ​រួម​ជា​កោះត្រល់  និង​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ជា​ដើម

លោក ម៉ែន ណាត៖ «គេ​ធ្វើ​មិត្ត​ភាព​ជាមួយ​យើង​ទាល់​តែ​គេ​ខ្សែ​លើ​ដូច​សព្វ​ថ្ងៃ អ៊ីចឹង វៀតណាម​គេ​ត្រួតត្រា​បាន​ឡាវ​ទាំង​មូល​ហើយ​ឥឡូវ​កម្ពុជា​ចាប់​ផ្ដើម​រអិល​បណ្ដើរៗ ហើយ តែ​បើ ហ៊ុន ម៉ាណែត នៅ​តែ​ធ្វើ​អ៊ីចឹង​ទៀត ថ្ងៃ​ណា​មួយ​យើង​ហ្នឹង​បារម្ភ​ថា កម្ពុជា​អាច​នឹង​រអិល​ចូល​ក្នុង​មហិច្ឆតា​វៀតណាម​មិន​ដូច​យើង​ទេ ព្រោះ​គេ​ធ្វើការ​ឈ្លានពាន​កម្ពុជា​នោះ​ជាប់​មិន​ដាច់​នោះ​ទេ គេ​ធ្វើ​ជា​អចិន្ត្រៃយ៍​ធ្វើ​ហើយ​ធ្វើ​ទៀត»

សារព័ត៌មានវៀតណាម ផ្សាយ​ថា ភាគី​កម្ពុជា​បាន​ស្នើសុំ​ថវិកា​ចំនួន​ជាង ៧លាន​ដុល្លារ​អាមេរិក (.៨០០.០០០) ដើម្បី​កសាង​ស្តូប​មិត្តភាព​វៀតណាម-កម្ពុជា ចំនួន ១៧ស្តូប។

សារព័ត៌មាន​នេះ បាន​ស្រង់​សម្តី អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​នៃ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក ញ៉ែម វ៉ាលី ដែល​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្រុង​ហូជីមិញ​ឱ្យ​ដឹង​ថា ស្តូប​ទាំង​នេះ​មិន​ត្រឹមតែ​ឧទ្ទិស​ដល់​ប្រជាជន​កម្ពុជា និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​ពលី​ជីវិត​រំដោះ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែវា​ក៏​បង្ហាញ​ពី​ចំណង​សាមគ្គីភាព​ប្រទេស​ទាំង​ពីរ។

លោក​អរគុណ​ដល់​ក្រសួង​ការពារ​ជាតិ​វៀតណាម ដែល​បាន​ផ្តល់​មូលនិធិ​នេះ។

ជុំវិញ​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សង្កេត​ឃើញ​ថា ស្តូប​មិត្តភាព-កម្ពុជា​វៀត​ណាម តំណាង​ឱ្យ​សហព័ន្ធ​ឥណ្ឌូចិន​របស់​ហូជីមិញ ដែល​មាន​កម្ពុជា វៀតណាម និង​ឡាវ។

លោក​បញ្ជាក់​ថា សហព័ន្ធ​ឥណ្ឌូចិន​ នឹង​ចាប់​ផ្តើម​ចេញ​ដំណើរ​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)

លោក អ៊ុំ សំអាន៖ «រូប​សំណាក់​ហ្នឹង ក៏​មាន​នារី​ខ្មែរ​បី​កូន និង​មាន​ទាហាន​យួន និង​ទាហាន​ឡាវ គេ​ចង់​បញ្ជាក់​ថា ទសវត្សរ៍​ទី៨០ ផែនការ ក៥ ហ្នឹង​គេ​ចង់​សម្លាប់​ខ្មែរ ដូច​ទុក​ទាហាន​យួន ២០ម៉ឺន​នាក់​ហ្នឹង​បង្កាត់​កូន​នៅ​ស្រុក​ខ្មែរ ដើម្បី​ឱ្យ​កូន​ណា ហ្នឹង​ថ្ងៃ​ក្រោយ​ដឹក​នាំ​កម្ពុជា​ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហើយ​និង​រួប​រួម​ប្រទេស​ទាំង​បី​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន»

លោក អ៊ុំ សំអាន បន្ថែម​ថា មហិច្ឆតា​ឈ្លាន​ពាន​របស់​វៀតណាម ជា​ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិច​របស់​លោក ហូ ជីមិញ ព្រោះ​វៀតណាម បាន​លេប​យក​ប្រទេស​ចម្ប៉ា និង​កម្ពុជា​ក្រោម ដោយ​ជោគជ័យ​រួច​ហើយ។

រីឯ​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម បាន​លេច​ជា​រៀង​រូបរាង​នៅ​ទូទាំង​ប្រទេស ក៏​ជា​ជំហាន​ឆ្ពោះ​មក​ទិស​ខាង​លិច​ដែរ ដើម្បី​ចង់​បាន​កម្ពុជា ឡាវ និង​វៀតណាម​ចូល​សហព័ន្ធ​ឥណ្ឌូចិន។

ទាក់ទង​រឿង​នេះ​ដែរ បណ្ឌិត កែម ឡី កាល​នៅ​មាន​ជីវិត​លោក​ផ្តល់​បទ​សម្ភាស​ឱ្យ​វិទ្យុ​អាស៊ី​សេរី​ទាក់ទង​ស្តូប​នេះ​ដែរ​ថា វៀតណាម​បាន​ជួយ​ខ្មែរ​ក្នុង​នាម​សប្បុរសធម៌ ក៏ប៉ុន្តែ​ដល់​ពេល​ជួយ​ខ្មែរ​រួច​ហើយ បែរ​ធ្វើ​ជា​ចោរ​លួច​ខ្ទេចខ្ទី

បណ្ឌិត កែម ឡី៖ «វៀតណាម​ជួយ​យើង​ហ្នឹង​ក្នុង​ន័យ​សប្បុរសធម៌ ប៉ុន្តែ​ពេល​ជួយ​ហើយ​ក្នុង​ន័យ​ជា​ចោរ​វិញ បាន​ន័យ​ថា លួច​ខ្ទេចខ្ទី​នូវ​ធនធាន​ធម្មជាតិ​ចេញ ប៉ុន្តែ យើង​មិន​បាន​ចាត់​ទុក្ខ​ប្រទេស​នឹង​ជា​សត្រូវ​ទេ។ យើង​នៅ​តែ​រំលឹក​ពី​មិត្តភាព ប៉ុន្តែ​គេ​ដៃ​ម្ខាង​ចាប់​ដៃ​ជើង​មក​ខាង​ជាន់​ឆ្នេរ អ៊ីចឹង ខ្មែរ​យើង​មិន​គួរ​ណា​ឱ្យ​មាន​ការ​សាង​សង់​ច្រើន​ទេ»

ស្ដូប​មិត្តភាព-កម្ពុជា​ទាំង​នេះ មាន​រូប​ទាហាន​វៀតណាម​ម្នាក់ ទាហាន​ឡាវ​ម្នាក់ និង​រូប​ស្ដ្រី​ខ្មែរ​ម្នាក់​ព​កូន​ខ្ចី។

លោក អ៊ុំ សំអាន ពន្យល់​ថា អត្ថន័យ​រូប​សំណាក់​នេះ មាន​កូន​ង៉ា ដែល​ស្ត្រី​ខ្មែរ​ព​ជាប់​នឹង​ដៃ គឺជា​កូន​កាត់​រវាង​ទាហាន​វៀតណាម និង​នារី​ខ្មែរ។ រីឯ​កូនង៉ា​នេះ វៀតណាម​បាន​ចាត់​ទុក​ថា នឹង​ក្លាយ​ជា​មេដឹកនាំ​កម្ពុជា​នា​ពេល​អនាគត។

កន្លង​ទៅ​ក៏​មាន​ករណី​មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​ដុត និង​វាយ​បំបែក ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ឋិត​ក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​បន្ទាយ​មានជ័យ និង​នៅ ក្នុង​រាជ​ធានី​ភ្នំពេញ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​កសាង​ស្តូប​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​រំលាយ​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ទាំង​អស់ ដោយ​ដាក់​ជំនួស​មក​វិញ រូប​បុព្វ​បុរស​កម្ពុជា និង​រូប​ទាក់ទង​វប្បធម៌​ខ្មែរ ជាដើម ដើម្បី​ការពារ​មហិច្ឆតា​ឈ្លាន​ពាន​កម្ពុជា នៅ​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។