តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក ស៊ុន ចន្ធី ប្រធានបក្សកម្លាំងជាតិ
តុលាការកំពូលបានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលឃុំខ្លួនប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ទុកជាបានការដដែល បើទោះជាមេធាវីអះអាងថា ការបញ្ចេញមតិរិះគន់រដ្ឋាភិបាលចែកប័ណ្ណក្រីក្រគ្មានតម្លាភាពជាសិទ្ធិសេរីភាព ដែលធានាដោយរដ្ឋធម្មនុញ្ញយ៉ាងណាក្តី។ មន្ត្រីបក្សកម្លាំងជាតិ និងមន្ត្រីសិទ្ធិមនុស្សចាត់ទុកការសម្រេចនេះថា ជារឿងមិនត្រឹមត្រូវ និងស្នើឱ្យតុលាការពិចារណាដោះលែងលោកឱ្យមានសេរីភាពឡើងវិញ។
ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នៅថ្ងៃទី២៩ ខែកក្កដា បានសម្រេចបដិសេធលើបណ្តឹងសាទុក្ខស្នើសុំដោះលែងបណ្ដោះអាសន្នរបស់ប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ។ ចំណែកមន្រ្តីពន្ធនាគារមិនបានដឹកលោក ស៊ុន ចន្ធី ចូលរួមស្ដាប់ការប្រកាសសាលដីកា ទៅតាមនីតិវិធីចំពោះមុខនោះទេ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ខកចិត្ត ចំពោះការសម្រេចរបស់តុលាការកំពូលនៅពេលនេះ និងថា វាជារឿងអយុត្តិធម៌សម្រាប់លោក ស៊ុន ចន្ធី ដោយគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពនិយាយរិះគន់ចំណុចខ្វះខាត ទាក់ទងការចែកប័ណ្ណក្រីក្រក្នុងនាមលោកជាមេដឹកនាំគណបក្សប្រឆាំងម្នាក់។ លោក រ៉ុង ឈុន មើលឃើញថា ការឃុំខ្លួនលោក ស៊ុន ចន្ធី និងអ្នកជាប់ឃុំនយោបាយដទៃទៀតនៅពន្ធនាគារបន្តទៀតនេះ គឺមិនបានចំណេញអ្វីដល់សង្គមឡើយ។ ផ្ទុយទៅវិញ កម្ពុជាទទួលរងការថ្កោលទោសពីសហគមន៍អន្តជាតិបន្ថែមទៀត ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សង្គម និងមេដឹកនាំសហជីពជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៩ ខែកក្កដា។
ទោះជាយ៉ាងណា ក្ដី អ្នកច្បាប់ និងសង្គមស៊ីវិលសង្កេតឃើញថា តុលាការគ្រប់ជាន់ថ្នាក់ តែងតែបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនគណបក្សប្រឆាំង និងអ្នកទោសមនសិការ បើទោះជាពួកគេមានលក្ខខណ្ឌច្បាស់លាស់ ស្របពេល ដែលអង្គហេតុក្នុងការចោទប្រកាន់នោះគ្មានភាពច្បាស់លាស់ក្ដី។
មន្រ្តីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលចូលរួមឃ្លាំមើលដំណើរការសវនាការនេះ ថ្លែងរិះគន់ថា តុលាការតែងអះអាងថា ការឃុំខ្លួនជនជាប់ចោទ ដែលជាសកម្មជន និងថ្នាក់ដឹកនាំបក្សប្រឆាំង គឺដើម្បីធានាជនជាប់ឃុំ ចូលរួមគ្រប់នីតិវិធីរបស់តុលាការ ប៉ុន្តែ ការប្រកាសសាលដីកាដោយពុំមានវត្តមានលោក ស៊ុន ចន្ធី គឺជាការរំលោភលើសិទ្ធិជនជាប់ឃុំ។ យ៉ាងណាក្ដី លោកមើលឃើញថា ការបន្តឃុំខ្លួនអ្នកនយោបាយរូបនេះនឹងធ្វើឱ្យមជ្ឈដ្ឋានទូទៅមើលឃើញកាន់តែច្បាស់អំពីការរឹតត្បិតទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ ខណៈតុលាការហាក់បែងចែកមិនទាន់ដាច់រវាងការអនុវត្តសិទ្ធិ និងបទល្មើសនៅឡើយ។ លោក យី សុខសាន្ត ចង់ឃើញអ្នកជាប់ឃុំដោយសារការអនុវត្តសិទ្ធិសេរីភាពទាំងអស់ទទួលបានសេរីភាពមកវិញ។
អាជ្ញាធរបានចាប់ខ្លួន ប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី កាលពីថ្ងៃទី៩ ខែឧសភា។ មួយថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី១០ ខែឧសភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារក្នុងតំបន់ដាច់ស្រយាល ស្ថិតនៅជាប់ជើងភ្នំក្រវាញខេត្តពោធិ៍សាត់ អំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលក្នុងការចែកប័ណ្ណក្រីក្រមានការរើសអើង។ ប៉ុន្តែ គ្រួសារ និងគណបក្សកម្លាំងជាតិច្រានចោលប្រកាន់របស់តុលាការនោះថា ធ្វើឡើងមិនត្រឹមត្រូវ និងសម្រេចក្រោមហេតុផលនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។