ជនសង្ស័យ ដែលបាញ់សម្លាប់លោក លិម គិមយ៉ា នៅបាងកក អាជ្ញាធរចាប់បាននៅក្នុងទឹកដីខ្មែរ
2025.01.08
សមត្ថកិច្ចបានចាប់ខ្លួន ឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ហើយ នៅថ្ងៃទី៨ មករានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា ជនសង្ស័យឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ឈ្មោះហៅក្រៅ ពលបាល អឹម (Sergeant M) ត្រូវបានចាប់ខ្លួន នៅស្រុកមោងរ្សី ខេត្តបាត់ដំបង។ប្រភពដដែលបន្តថា សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យរូបនេះ ប្រគល់ឱ្យអាជ្ញាធរថៃវិញ តាមសំណើរបស់ថៃ ក្រោយពេលបញ្ចប់នីតិវិធីនៅកម្ពុជា។
ប៉ូលិសស៊ើបអង្កេតរបស់ថៃបង្ហាញថា ឃាតកជាអតីតទាហានជើងទឹកថៃ ប្រកបរបររត់ម៉ូតូឌុប គេចខ្លួនឆ្លងដែនមកកម្ពុជា តាមភូមិខៅឌីន (Khao Din) ក្នុងខេត្តស្រះកែវ (SaKeo) ដោយមានរថយន្តភីកអាប់ (Pickup) មករង់ចាំទទួល ហើយបើករត់គេចពីប៉ុស្តិ៍ ត្រួតពិនិត្យ នៅវេលាម៉ោង ១២ និង៤០នាទីយប់។
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលតែងតែរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន គឺលោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់ នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី ៧មករា។
សមត្ថកិច្ចថៃបង្ហាញថា បន្ទាប់ពីកើតហេតុ ជនសង្ស័យម្នាក់ទៀត បានចាកចេញពីប្រទេសថៃភ្លាមៗ ដោយក្រុមហ៊ុនអាកាសចរណ៍ ស្កាយ អង្គរ អ៊ែរឡាញ (Sky Angkor Airlines) ទៅរាជធានីភ្នំពេញ នៅម៉ោង ៩យប់ កាលពីថ្ងៃទី៧ ខែមករា។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា ឃាតកម្មនេះ មិនជាប់ពាក់ព័ន្ធនឹងមេដឹកនាំកម្ពុជាឡើយ៕