លោក ថាច់ សេដ្ឋា បន្តជាប់ឃុំតាមការសម្រេចរបស់សាលាឧទ្ធរណ៍
2023.03.31
សាលាឧទ្ធរណ៍ភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន របស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដោយតម្កល់សេចក្ដីសម្រេចសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលនៅរសៀលថ្ងៃទី៣០ ខែមីនា។ ក្រុមគ្រួសារលោក ថាច់ សេដ្ឋា និងមេធាវីការពារក្ដី ចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ និងមានចេតនាធ្វើទុក្ខបុកម្នេញលើអ្នកឈឺឆ្អាលបញ្ហានយោបាយ។
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តឃុំខ្លួន លោក ថាច់ សេដ្ឋា នៅពន្ធនាគារព្រៃស (ម១) ដដែល។ក្រោយបើកសវនាការជំនុំជម្រះលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នៅរសៀលថ្ងៃទី៣០ ខែមីនា។សហមេធាវីការពារក្ដី លោក ថាច់ សេដ្ឋា ខកចិត្តដែលតុលាការមិនអនុញ្ញាតឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។
បើទោះបីជាតុលាការមិនអនុញ្ញាតឱ្យ លោក ថាច់ សេដ្ឋា នៅក្រៅឃុំយ៉ាងក្ដីក៏ លោក ថាច់ សេដ្ឋា នៅក្នុងសំលៀកបំពាក់ពណ៌ស្លាទុំ បង្ហាញទឹកមុខញញឹម និងលើកដៃឡើងលើបង្ហាញពីការតស៊ូ ពុំមានការតក់ស្លុត និងបាក់ស្មារតីនោះទេ។
មេធាវីការពារក្ដី លោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ មីនា ថា ការសម្រេចរបស់តុលាការគឺជារឿងមិនត្រឹមត្រូវព្រោះកូនក្ដីរបស់លោកបានតម្កល់ទឹកប្រាក់ ៣ម៉ឺនដុល្លារដើម្បីធានាសំណងដើមបណ្ដឹង។ លោកបញ្ជាក់ហេតុផលថា កូនក្ដីរបស់មានជំងឺប្រចាំកាយដូចជា ជំងឺបេះដូង ជំងឺ លើសឈាម និងជំងឺទឹកនោមផ្អែម ប៉ុន្តែចៅក្រមសាលាឧទ្ធរណ៍នៅតែច្រានចោលការការស្នើសុំនៅក្រៅឃុំដោយអះអាងថា នៅក្នុងពន្ធនាគារមានពេទ្យសម្រាប់ព្យាបាលហើយ។
សហមេធាវីការពារក្ដី លោក ថាច់ សេដ្ឋ ម្នាក់ទៀតគឺ លោក សឺន ជុំជួន សោកស្ដាយដែលសភាស៊ើបសួរមិនបានឆ្លើយតបទៅតាមការស្នើសុំរបស់កូនក្ដីលោក។
លោក សឺន ជុំជួន៖ «ស្នើទៅស្ថាប័នតុលាការពិចារណាឡើងវិញទាក់ទងអ្វីដែលជាការមិនអនុញ្ញាតសូមឱ្យពិចារណាឡើងវិញអ្វីដែលជាការស្នើសុំរបស់យើងដូចជាសហមេធាវី»។
ប្រធានចលនាស្ត្រីរបស់គណបក្សភ្លើងទៀន លោកស្រី វង រុន្នី ថ្លែងថា ការសម្រេចរបស់តុលាការគឺជារឿងអយុត្តិធម៌ និងជារឿងនយោបាយដែលស្រីមិនអាចទទួលយកបាន។ លោកស្រីបញ្ជាក់ថាការណ៍ដែលរដ្ឋាភិបាលបន្តចាប់ខ្លួនសកម្មជននយោបាយ ហើយតុលាការមិនឯករាជ្យទៀតធ្វើឱ្យអ្នកចង់ចូលរួមធ្វើនយោបាយជួយសង្គមជាតិបាក់ស្មារតីមិនហ៊ានចូលរួម។
លោកស្រី វង រុន្នី៖ «ខ្ញុំឈឺចាប់ជាងគឺលោកស្រី នូ សុទ្ធារី ដែលជាអនុប្រធានចលនាស្ត្រីចាប់គាត់ជាស្ត្រីម្នាក់ហើយជាភេទទន់ខ្សោយ គាត់ក៏អាយុចាស់ដែរ មនុស្ស២០ ៣០នាក់ទៅចាប់គាត់រូបភាពហ្នឹងសម្បើមមែនទែន និយាយឱ្យអស់ទៅរូបភាពនេះនយោបាយរូបភាពបំបាក់ទឹកចិត្តដល់សកម្មជន និងប្រជាពលរដ្ឋខ្ញុំនៅទទូចដដែលសូមឱ្យសកម្មជនគណបក្សភ្លើងទៀនត្រូវតែរឹងមាំទាំងអស់ខ្ញុំជឿថា អ្វីៗគួរតែមានទីបញ្ចប់ទេ»។
សវនាការនេះធ្វើឡើងក្រោមការឃ្លាំមើលពីអង្គការសង្គមស៊ីវិលមួយចំនួន ចំណែកឯនៅខាងក្រៅរបងតុលាការវិញមានសមត្ថកិច្ចប្រមាណ ១០នាក់ឈរយាមល្បាត។
ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី រៀបរាប់ទាំងទឹកមុខក្រៀមក្រំថា លោកស្រីបារម្ភពីបញ្ហាសុខភាពរបស់ប្ដីលោកស្រី ហើយលោកស្រីពិបាកចិត្តនៅពេលកូនៗសួរឪពុកជារៀងរាល់ថ្ងៃតែលោកស្រីមិនដឹងត្រូវប្រាប់យ៉ាងម៉េច។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ខ្ញុំមិនអាចទទួលយកបានទេដោយសារអីខ្ញុំ និងប្រពន្ធកូនខ្នះខ្នែងជាប់លុយបុគ្គលមិនសងឱ្យគាត់នៅក្រៅឃុំខ្ញុំមើលទៅ គាត់រាងទ្រុឌទ្រោមគាត់ថា មិនអីប៉ុន្តែគាត់ខ្ញុំមើលទៅគាត់ពិតជាទ្រុឌទ្រោមមែនទែនហ្មង»។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការគួរតែពិចារណាឡើងវិញពាក់ព័ន្ធនឹងការសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ពីព្រោះបើកម្ពុជានៅតែមិនបើកលំហសិទ្ធិសេរីភាព ហើយការបោះឆ្នោតខាងមុខមិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ កម្ពុជាប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះ EBA ទាំងស្រុងពីសហភាពអឺរ៉ុប ។ លោកបន្តថា អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺជាពលរដ្ឋដូច្នេះរដ្ឋាភិបាលគួរតែពិចារណាលើបញ្ហាទាំងនេះឡើងវិញ។
អាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន សែន បានចាប់ខ្លួន ថាច់ សេដ្ឋា កាលពីនៅថ្ងៃទី១៦ មករា និងចោទលោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងការ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកអត់លុយ ។ ប៉ុន្តែលោក ថាច់ សេដ្ឋា ឱ្យដឹងតាមរយៈមេធាវីរបស់លោកបានបដិសេធ ដោយអះអាងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ហើយរឿងនេះ គឺជាបណ្ដឹងក្រោមរូបភាពនយោបាយ។
អង្គការសង្គមស៊ីវិលជាតិ និងអង្គការអន្តរជាតិលើកឡើងថា ការចោទប្រកាន់លើអនុប្រធានគណបក្សភ្លើងទៀន និងមន្ត្រីសំខាន់ៗរបស់គណបក្សនេះគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងរឿងអយុត្តិធម៌។
រដ្ឋាភិបាល លោក ហ៊ុន សែន នៅពេលការបោះឆ្នោតខិតជិតមកដល់នេះបានប្រើប្រព័ន្ធតុលាការ ជាឧបករណ៍ដើម្បីបង្ក្រាប និងចាប់ខ្លួនថ្នាក់ដឹកនាំ និងចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀនជាបន្តបន្ទាប់។ ក្រៅពីលោក ថាច់ សេដ្ឋា នោះ ថ្មីៗនេះ តុលាការ បានចាប់មន្ត្រីបក្សភ្លើងទៀន ៣នាក់ទៀតដាក់ពន្ធនាគារដែលរួមមានប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ចាម លោក តូច ថឹង ប្រធានចលនាយុវជនគណបក្សភ្លើងទៀន លោក ខឿន វីរ៉ាត់ ព្រមទាំងអនុប្រធានចលនាស្ត្រី អ្នកស្រី នូ សុទ្ធារី។ ចំណែកអនុប្រធានគណបក្សនេះម្នាក់ទៀត លោក សុន ឆ័យ ត្រូវបានតុលាការទាំងបីថ្នាក់បង្គាប់ឱ្យបង់ប្រាក់ ១លានដុល្លារ ទៅឱ្យគណបក្សប្រជាជនកម្ពុជា រីឯឧត្ដមទីប្រឹក្សាគណបក្សនេះ គឺលោក គង់ គាំ ក៏ត្រូវបង្ខំចិត្តប្រគល់ដីផ្ទះរបស់ខ្លួនតម្លៃរាប់លានដុល្លារឱ្យទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីជាថ្នូរដើម្បីឱ្យលោកជៀសផុសពីប្ដឹងផ្ដល់តាមផ្លូវតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។