ពលរដ្ឋ និងឥស្សរជននយោបាយថៃទាមទារឱ្យរដ្ឋាភិបាលរបស់ខ្លួនលុបចោល «MOU44» លើតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា
2024.11.29
ប្រជាពលរដ្ឋ និងឥស្សរជននយោបាយថៃ ព្រមានធ្វើបាតុកម្មដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ដែលជាឯកសារនាំឱ្យមានការបែងចែកផលប្រយោជន៍ជាមួយកម្ពុជា។ ការទាមទាររបស់ប្រជាពលរដ្ឋថៃ គឺដោយសារពួកគេបារម្ភកម្ពុជា យកសំណុំរឿងកោះគជ់ ប្ដឹងទៅកាន់តុលាការអន្តរជាតិ ដូចករណីជម្លោះនៅប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៦២ដែរ។
បន្ទាប់ពីមេដឹកនាំកម្ពុជាពីរនាក់ឪពុក និងកូនត្រកូលហ៊ុន បានបង្ហាញពីគោលជំហរមិនច្បាស់លាស់ ជុំវិញការទាមទារកោះគជ់ និងគំរាមឱ្យពលរដ្ឋខ្លួនរក្សាភាពស្ងៀមស្ងាត់នោះ នៅប្រទេសថៃឯណោះវិញ ប្រជាពលរដ្ឋ និងឥស្សរជននយោបាយថៃ កំពុងនាំគ្នាដាក់សម្ពាធឱ្យរដ្ឋាភិបាល លុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដោយបារម្ភខ្លាចកម្ពុជាយកសំណុំរឿងនេះ ប្ដឹងទៅតុលាការអន្តរជាតិ។
អតីតនាយករងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិថៃ លោក ណាន់ធិវ៉ាត់ សាម៉ាត (Nantiwat Samart) បានសរសេរនៅលើគណនីហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី២៨ ខែវិច្ឆិកា ថា ដោយសារតែកោះគជ់ សម្បូរដោយកំណប់ទ្រព្យធម្មជាតិ ដែលមានតម្លៃមហាសាល ដូច្នេះកោះនេះ អាចនឹងត្រូវក្រុមមនុស្សមួយចំនួន ដែលលោកហៅថា “ចោរ” ប្លន់យកទៅឱ្យអ្នកដទៃ។ អតីតមន្ត្រីស៊ើបការណ៍សម្ងាត់ជាតិថៃរូបនេះ បារម្ភថា សំណុំរឿងកោះគជ់ អាចនឹងត្រូវប្ដឹងទៅតុលាការពិភពលោក ដែលលោកចោទថា ជាស្ថាប័នមិនយុត្តិធម៌ និងជាតុលាការនយោបាយ កាត់ក្ដីទៅតាមសម្ពាធរបស់ប្រទេសមហាអំណាចមួយចំនួន ខណៈប្រទេសដែលជាដើមបណ្ដឹង មានអតីតមហាអំណាចអាណានិគមធ្វើជាខ្នងបង្អែក។
ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ និងគណបក្សប្រឆាំងរបស់ថៃ ព្រមានធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលរបស់អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU44) ស្ដីពីការអភិវឌ្ឍរួមគ្នាសម្រាប់វិស័យធនធានថាមពល (OCA) ជាមួយកម្ពុជា។ ពួកគេចោទថា អនុស្សរណៈនេះ ធ្វើឡើងដោយខុសច្បាប់ និងគ្មានការអនុម័តពីរដ្ឋសភាថៃ ហើយកម្ពុជាអាចនឹងឆ្លៀតឱកាសប្រើប្រាស់អនុស្សរណៈនេះ ប្ដឹងទៅតុលាការអន្តរជាតិ ដូចករណីប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (The Hague) សម្រេចឱ្យកម្ពុជាឈ្នះក្ដីនៅឆ្នាំ១៩៦២ និងបន្តឈ្នះជាថ្មីទៀតនៅឆ្នាំ២០១៣ ហើយប្រាសាទព្រះវិហារបានស្ថិតនៅជាសម្បត្តិជាតិរបស់ខ្មែររហូតមកទល់សព្វថ្ងៃនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ថា ការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 នឹងមិនធ្វើឱ្យកម្ពុជាខាតបង់ឡើយ ព្រោះឯកសារដែលធ្វើឡើងក្នុងជំនាន់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលរាប់អានគ្នាជាបងប្អូនធម៌នេះ មានភាពមិនប្រក្រតីទៅលើចំណុចនៃការដាក់បញ្ចូលកោះគជ់ ទៅក្នុងតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា»។
លោក អ៊ុំ សំអាន៖ «កាលណាយើងចរចាទ្វេភាគីគឺ ១០០ភាគរយយើងមិនអាចទាមទារយកកោះគជ់មកគ្រប់គ្រងវិញបានទេ ព្រោះថៃកំពុងគ្រប់គ្រង ១០០ភាគរយ ហេតុអ្វីថៃប្រគល់ឱ្យយើងនៅពេលចរចាទ្វេភាគី។ អ៊ីចឹងជម្រើសមានតែប្ដឹងទៅកាន់តុលាការអន្តរជាតិទេ ទើបអាចបានកោះគជ់មកវិញ និងតំបន់ត្រួតស៊ីគ្នាមកវិញ។ ហើយអនុស្សរណៈយោគយល់គ្នានេះហើយ ដែលភាគីថៃតម្រូវឱ្យកម្ពុជាចរចាទ្វេភាគី វាមិនតម្រូវឱ្យប្ដឹងទៅកាន់តុលាការអន្តរជាតិនោះទេ។ នេះហើយដែលជាការខាតបង់របស់កម្ពុជា ដែលចរចាទ្វេភាគី គឺយើងចាញ់ប្រៀបថៃណាស់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក ឡាំ ជា និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងកូនប្រុសដែលជានាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បានចេញបកស្រាយព្រមគ្នា ទៅលើបញ្ហាដែនសមុទ្រកម្ពុជា-ថៃ និងបញ្ហាកោះគជ់ បន្ទាប់ពីរងការចោទប្រកាន់ថា មានភាពស្ងៀមស្ងាត់ក្នុងការលើកយករឿងកោះគជ់ ទៅជជែកជាមួយភាគីថៃ។
ក្នុងនោះ លោក ហ៊ុន សែន បានហៅអ្នកដែលលើកយកបញ្ហាកោះគជ់ មកជជែកថាជាក្រុមប្រឆាំងជ្រុលនិយម ហើយលោកបានព្រមានថា នឹងបង្កើតច្បាប់ភេរវកម្ម ដាក់បញ្ចូលឈ្មោះបុគ្គលទាំងនោះចូលក្នុងបញ្ជីភេរវករទៀតផង។ ចំណែក នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត បានបកស្រាយថា ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលលើបញ្ហាកោះគជ់នេះ គឺដោយសារភាពចាស់ទុំផ្នែកនយោបាយរបស់កម្ពុជា។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលលើកឡើងថា ការបកស្រាយរបស់មេដឹកនាំនៃក្រុមគ្រួសារត្រកូលហ៊ុនរឿងកោះគជ់នេះ មានលក្ខណៈទន់ជ្រាយ និងមិនប្រាកដប្រជា ខុសពីមេដឹកនាំថៃនៃគ្រួសារត្រកូលលោក ថាក់ស៊ីន ដែលប្រកាន់ជំហរមុតមាំនៅក្នុងការកាន់កាប់កោះគជ់ផ្ដាច់មុខ ព្រមទាំងចរចាយកប្រយោជន៍បន្ថែមទៀតលើតំបន់ដែលគេអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជាទៀតផងនោះ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សង្កេតឃើញថា នៅក្នុងបញ្ហាកោះគជ់នេះ ខណៈមេដឹកនាំថៃ បានប្រកាន់ជំហរមុតមាំនៅក្នុងការកាន់កាប់កោះគជ់ផ្ដាច់មុខ មេដឹកនាំកម្ពុជា គួរតែផ្ញើកំណត់ទូតទៅកាន់ភាគីថៃ ដើម្បីបញ្ជាក់ពីគោលជំហរទាមទារគ្រប់គ្រងចំណែកមួយនៃកោះគជ់នេះ ជាជាងការបង្ហាញពីគោលជំហរទន់ខ្សោយ។ លោក សេង វណ្ណលី យល់ឃើញថា មានតែការលើកយកករណីកោះគជ់ ប្ដឹងទៅតុលាការអន្តរជាតិប៉ុណ្ណោះទេ ទើបអាចបង្ការកុំឱ្យមានជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ និងកុំឱ្យពលរដ្ឋនៃប្រទេសទាំងពីរ មានអរិភាពជាមួយគ្នា។
លោក សេង វណ្ណលី៖ «រឿងនេះវាជាការខាតបង់មួយដ៏ធ្ងន់ធ្ងរ សម្រាប់បូរណភាពទឹកដីកម្ពុជា ដោយសារតែបញ្ហានេះនៅមានភាពចម្រូងចម្រាស ហើយប្រសិនបើរដ្ឋាភិបាលនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ដោយមិនប្រកាសនូវគោលជំហរឱ្យបានច្បាស់លាស់ និងមិនបានផ្ញើសារទៅកាន់ភាគីថៃ ហើយឱ្យភាគីថៃរុញបញ្ហានេះទៅកាន់តុលាការអន្តរជាតិ ខ្ញុំយល់ថាលទ្ធភាពនិងឱកាសដែលកម្ពុជាបាត់បង់មួយផ្នែកនៃកោះគជ់ទៅភាគីថៃ គឺច្បាស់ណាស់»។
ខណៈកម្ពុជា និងថៃ កំពុងមានភាពតានតឹងជាមួយគ្នា រឿងបញ្ហាដែនសមុទ្រ និងកោះគជ់នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិថៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសធ្វើសមយុទ្ធយោធាឱ្យកាន់តែខិតជិតកោះគជ់ ដែលមានលក្ខណៈទ្រង់ទ្រាយធំប្រចាំឆ្នាំរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខ។
ចំណែក គណបក្សប្រឆាំងរបស់ថៃ និងប្រជាពលរដ្ឋប្រមាណជាង ១០ម៉ឺននាក់ បានចុះហត្ថលេខាទាមទារឱ្យរដ្ឋាភិបាលរបស់អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដកខ្លួនចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU44) ជាមួយកម្ពុជា ដោយពួកគេព្រមានថា នឹងប្រមូលគ្នាធ្វើបាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំ នៅដើមឆ្នាំ២០២៥ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។