ប៉ូលិសថៃស៊ើបអង្កេតឃើញថា ករណីធ្វើឃាតលើលោក លិម គិមយ៉ា មានការរៀបចំជាប្រព័ន្ធ ដោយមានមេខ្លោងនៅកម្ពុជា
2025.01.09
ក្រុមប៉ូលិសស៊ើបអង្កេតរបស់ថៃ បានបង្ហាញវីដេអូ និងភស្តុតាងជាបន្តបន្ទាប់ ក្នុងករណីខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅក្រុងបាងកក (Bangkok) ប្រទេសថៃ ដែលមានលក្ខណៈជាប្រព័ន្ធ។ ក្នុងនោះតុលាការថៃ បានចេញដីកាចាប់ខ្លួនជនសង្ស័យបុរសជនជាតិខ្មែរម្នាក់ ដែលគេហៅឈ្មោះថា លោក«ពេជ្រ» ពាក់ព័ន្ធនឹងការរួមគំនិត ដោយប្រាប់គោលដៅឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា។
ក្រុមមន្ត្រីជំនាញស៊ើបអង្កេតរបស់ថៃរកឃើញថា ករណីឃាតកម្មឆ្លងដែននេះ មានការគ្រោងទុក និងអនុវត្តជាប្រព័ន្ធ ដែលពាក់ព័ន្ធនឹងជនសង្ស័យជាជនជាតិថៃផង និងកម្ពុជាផង។
ស្នងការនគរបាលក្រុងបាងកក (Bangkok) លោក ស្យាម ប៊ុនស៊ុម (Siam Bunsom) ធ្វើសន្និសីទកាសែត នៅថ្ងៃទី៩ ខែមករា ថា តុលាការព្រហ្មទណ្ឌរបស់ថៃ បានចេញដីកាចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធនឹងការសម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា រួចហើយ តាំងពីយប់ថ្ងៃទី៨ ខែមករា មក។ លោកបញ្ជាក់ថា ការស្រាវជ្រាវបឋមរបស់ប៉ូលិសថៃ បានបង្ហាញថា ឃាតកម្មនេះ មានការជួលខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះ ពីព្រោះជាធម្មតា ខ្មាន់កាំភ្លើងមិនស្គាល់មុខសញ្ញាជនរងគ្រោះឡើយ។
ជនសង្ស័យ ដែលតុលាការថៃចេញដីកាតាមចាប់ខ្លួននេះ គឺឈ្មោះលោក ពេជ្រ គឹមស្រ៊ិន ដែលគេស្គាល់ថា ជាអនុប្រធានគណៈកម្មការផ្សារកណ្ដាល និងជាកូនចៅរបស់អភិបាលរាជធានីភ្នំពេញ គឺលោក ឃួង ស្រេង ដោយចោទប្រកាន់ពីបទ «សមគំនិតសម្លាប់មនុស្សដោយចេតនា»។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីផ្នែកស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ ប្រមូលបានវីដេអូពីកាមេរ៉ាសុវត្ថិ ដែលបង្ហាញពីដំណើរសកម្មភាពរបស់លោក ពេជ្រ គឹមស្រ៊ិន មានទំនាក់ទំនងគ្នាជាមួយខ្មាន់កាំភ្លើងជនជាតិថៃ។ នៅក្នុងវីដេអូពីកាមេរ៉ាសុវត្ថិភាពនោះ បង្ហាញថា លោក ពេជ្រ គឹមស្រ៊ិន បានតាមដានលោក លិម គិមយ៉ា ពីច្រកព្រំដែនស្រុកអារញ្ញប្រៈថេត (Aranyaprathet) ខេត្តស្រះកែវ (SaKeo) ប្រទេសថៃ រហូតដល់កន្លែងដែលខ្មាន់កាំភ្លើងធ្វើសកម្មភាព។ ការស៊ើបអង្កេតបានបង្ហាញទៀតថា បន្ទាប់ពីកើតហេតុ ជនសង្ស័យទី២ គឺលោក ពេជ្រ គឹមស្រ៊ិន បានចាកចេញពីប្រទេសថៃភ្លាមៗ ដោយជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ស្កាយ អង្គរ អ៊ែឡាញ (Sky Angkor Airlines) ឆ្ពោះទៅរាជធានីភ្នំពេញនៅម៉ោង ៩យប់ កាលពីថ្ងៃទី៧ ខែមករា។
ទាក់ទិនរឿងនេះ អគ្គស្នងការនគរបាលជាតិលោក ស ថេត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែមករា ថា ភាគីកម្ពុជាមិនទាន់កំណត់ពេលជាក់លាក់ ដើម្បីបញ្ជូនជនសង្ស័យជនជាតិថៃត្រឡប់ទៅប្រទេសថៃវិញនោះទេ ចំណែកឯជនសង្ស័យទី២ ដែលជាជនជាតិខ្មែរ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ខាងសមត្ថកិច្ចកម្ពុជា ក៏មិនទាន់ស្រាវជ្រាវចាប់បាននៅឡើយ។
លោក ស ថេត៖ «ខាងណាបញ្ជាក់ខាងណានោះ គឺជារឿងមួយផ្សេង យើងមិនទាន់ដឹងច្បាស់ថា ពាក់ព័ន្ធនឹងបុគ្គលណាច្បាស់លាស់នោះទេ។ ធម្មតាពេលកើតហេតុនៅកន្លែងណាមួយ គឺតែងតែប្រមែប្រមូលភស្តុតាង ប៉ុន្តែ ភស្តុតាងនោះមិនទាន់ថា ត្រឹមត្រូវ ១០០ភាគរយ ឬយ៉ាងណានោះ យើងមិនទាន់ដឹងដែរ។ អ៊ីចឹង មិនមែនគ្រាន់តែការផ្សាយអ៊ីចេះអ៊ីចុះ ចំណុចត្រង់នោះ គឺជាការពិតនោះទេ»។
ក្រុមស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ រកឃើញថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺមានការរៀបចំជាប្រព័ន្ធ ដោយខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ (Aekkalak Paenoi) ជាអ្នកស៊ីឈ្នួល ដោយមានអ្នកបញ្ជាពីទឹកដីកម្ពុជា។ តាមសម្មតិកម្មរបស់អាជ្ញាធរថៃ បានអះអាងថា ខ្មាន់កាំភ្លើងបានទទួលប្រាក់ឈ្នួលលើកទី១ ចំនួនជិត ១ពាន់ដុល្លារ ដែលមានអ្នកផ្ញើមកពីប្រទេសកម្ពុជា ហើយក្រោយមកខ្មាន់កាំភ្លើងបានដកប្រាក់ចំនួនជាង ៦រយដុល្លារ ទៅលស់យកកាំភ្លើង ដែលខ្លួនបានយកទៅបញ្ចាំពីមន្ត្រីប៉ូលិសម្នាក់ ដើម្បីទៅធ្វើសកម្មភាពបាញ់សម្លាប់លើជនរងគ្រោះ។
សមត្ថកិច្ចថៃដាក់ការសង្ស័យថា ករណីឃាតកម្មឆ្លងដែននេះ មានការរៀបចំគម្រោងការទុកជាមុន ដោយមានអ្នកបញ្ជា ឬសមគំនិត អ្នកផ្ញើហិរញ្ញប្បទាន អ្នកតាមដាន និងចង្អុលបង្ហាញពីអត្តសញ្ញាណជនរងគ្រោះ ដែលគេសង្ស័យថា គឺជាលោក ពេជ្រ គឹមស្រ៊ិន និងមួយដំណាក់កាលទៀត គឺមានអ្នកចាំរំដោះខ្មាន់កាំភ្លើងចេញពីទឹកដីថៃ អ្នកនាំឆ្លងព្រំដែនកម្ពុជាតាមច្រករបៀងដោយខុសច្បាប់ និងអ្នកនាំគេចខ្លួនទៅខេត្តបាត់ដំបង។
ជុំវិញរឿងនេះ អ្នកសិក្សាផ្នែកច្បាប់ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើកឡើងថា តាមនីតិវិធីច្បាប់របស់កម្ពុជា ការបញ្ជូនជនសង្ស័យទី២ ដែលជាពលរដ្ឋខ្មែរ ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា ទៅឱ្យថៃ អាចធ្វើទៅបាន លុះត្រាតែអាជ្ញាធរថៃផ្ដល់ភស្តុតាងគ្រប់គ្រាន់ និងមានការឯកភាពពីរដ្ឋាភិបាលកម្ពុជា។
លោក វ៉ន ចាន់ឡូត៖ «សរុបមកករណីដែលអាជ្ញាធរថៃបានចេញដីកា ក៏ដូចជាបង្ហាញពីអ្នកពាក់ព័ន្ធផ្សេងទៀត ដែលមានសញ្ជាតខ្មែរ ទោះបីជាមិនអាចធ្វើបត្យាប័នទៅកាន់ប្រទេសថៃដោយឧបសគ្គនៃសញ្ជាតក៏ដោយ ប៉ុន្តែបុគ្គលនេះ មិនអាចរួចខ្លួនចេញពីសំណាញ់ច្បាប់ នៃការប្រព្រឹត្តអំពើឃាតកម្មលើអ្នកនយោបាយបក្សប្រឆាំងបានទេ។ ដូច្នេះគឺត្រូវតែទទួលទោសទៅតាមច្បាប់កម្ពុជា»។
ទាក់ទិននឹងករណីឃាតកម្មលើលោក លិម គិមយ៉ា នេះដែរ បន្ទាប់ពីការស្លាប់របស់ប្ដី នៅថ្ងៃទី៩ ខែមករា ប្រពន្ធរបស់លោក លិម គិមយ៉ា ដែលជាជនជាតិបារាំង និងបងប្រុសរបស់លោក បានមកជួបមន្ត្រីសមត្ថកិច្ចថៃ ដើម្បីធ្វើកំណត់ហេតុ និងរៀបចំឯកសារ ដើម្បីទទួលសាកសពប្ដី ដោយតម្រូវឱ្យមានឯកសារបញ្ជាក់ពីស្ថានទូតកម្ពុជា និងស្ថានទូតបារាំង។ ក្នុងពេលដំណាលគ្នានោះ ប្រពន្ធរបស់លោក លិម គិមយ៉ា បានទៅមើលសាកសពប្ដី ដែលរក្សាទុកនៅមន្ទីរពេទ្យវិជ្ជរ៉ា (Vajira) ក្នុងទីក្រុងបាងកក ប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។