ព្រះមហាក្សត្រ​​​​​​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​​​គោរព​ និង​ការពារ​រដ្ឋធម្មនុញ្ញ

ដោយ សេក បណ្ឌិត
2024.09.25
ព្រះមហាក្សត្រ​​​​​​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​​​គោរព​ និង​ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​​​​ សម្ដេច ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី និង​មន្ត្រី​ជាន់ខ្ពស់ ក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៤ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ព្រះមហាក្សត្រ​​​​ សម្ដេច ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី អំពាវ​នាវ​​ដល់​ពលរដ្ឋ​ខ្មែរ​​ឱ្យ​គោរព​ និង​ការពារ​រដ្ឋធម្មនុញ្ញ​ ដើម្បី​​បន្ត​រក្សា​នូវ​​​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​ធានា​បាន​ភាព​រឹងមាំ​នៃ​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​យ៉ាង​ណាក្ដី​​​ អ្នក​ជំនាញ​ច្បាប់​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​ ត្រូវ​បាន​កែ​ប្រែ​ជា​ច្រើន​ដង​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​​ត្រកូល «ហ៊ុន»។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា បាន​​យាង​ជា​ព្រះ រាជាធិបតី​​ភាព​​​ក្នុង​ព្រះ​រាជពិធី​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ​ក្នុង​គម្រប់​​ខួប​​ ៣១ឆ្នាំ ​នៃ​​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ។

ក្រៅ​ពី​នោះ ​ក៏​មាន​ការ​ចូល​រួម​ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ លោក អ៊ឹម ឈុនលឹម អគ្គរាជទូត​​ ព្រមទាំង​ព្រះសង្ឃ មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​​​នាក់​ផង​ដែរ​។ វិមាន​រដ្ឋធម្មនុញ្ញ​ ដែល​​បាន​ចំណាយ​ថវិកា​សាង​សង់​ជាង​ ២​ (,)លាន​ដុល្លារ​​ មាន​កម្ពស់​ពី​ទ្រនាប់​ខ្សាច់​ដល់​កំពូល​ត្រីសូល៍​​ជាង ២៣​ម៉ែត្រ​ (២៣ម៉ែត្រ ៤តឹក)។

វិមាន​រដ្ឋធម្មនុញ្ញ​​សាង​សង់​ដោយ​បាន​​ធ្វើ​សំយោគ​បញ្ចូល​ក្នុង​សិល្បៈ​ស្ថាបត្យកម្ម​ ញ៉ាំង​ឱ្យ​គ្រប់​ផ្នែក​នៃ​សំណង់​នេះ​ផ្សារ​ភ្ជាប់​ដោយ​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​សណ្ឋាន​ជា​រូបភាព​សំយោគ​រវាង​ស្ថាបត្យកម្ម​ក្រិក​រ៉ូម៉ាំង​ និង​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​។

ព្រះករុណា​ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី​ មាន​ព្រះ​រាជបន្ទូល​ក្នុង​ពិធី​នេះ​ថា អាស្រ័យ ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បាន​នាំ​មក​នូវ​​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ ធានា​បាន​ភាព​រឹងមាំ​នៃ​រដ្ឋធម្មនុញ្ញ ដូច្នេះ​ជា​ពេល​វេលា​សម​ស្រប​ដែល​ត្រូវ​មាន​ វិមាន​រដ្ឋធម្មនុញ្ញ​ សម្រាប់​ឱ្យ​ខេមរជន​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ត​ទៅ​អនាគត​ដឹង​នូវ​គុណ​បំណាច់​របស់​​ឥស្សរជន​ស្នេហាជាតិ ជា​​អ្នក​បង្កើត​​ច្បាប់​កំពូល​មួយ​នេះ​ និង​សូម​គោរព​ចងចាំ ​អំពី​ក្រម​សីលធម៌​ និង​ច្បាប់​នានា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះបាទសម្ដេច ​នរោត្តម ​សីហមុនី«សមិទ្ធផល​ធម្មនុញ្ញ​ដ៏​ត្រចះត្រចង់​សម្រេច​បាន​យ៉ាង​ដូច្នេះ​ ខ្ញុំ​ ព្រះករុណា ខ្ញុំ សំណូមពរ​សូម​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ តាំង​ចិត្ត​ក្នុង​សម្មាទិដ្ឋិ​ ប្រកាន់​យក​ជានិច្ច​និរន្តរ៍​ នូវ​ស្មារតី​ យើង​ប្រជារាស្ត្រ​ខ្មែរ រួបរួម​គ្នា​ថែរក្សា ការពារ គោរព​ខ្ជាប់​ខ្ជួន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ ជា​និមិត្តរូប​នៃ​គុណ​តម្លៃ​ទំនើប​រួមផ្សំ​បុរាណ ជា​ការ​សន្យា​ ចំពោះ​អនាគត​​រុងរឿង​ នៃ​ប្រជាជាតិ​យើង»

ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ឹម ឈុនលឹម​ លើក​ឡើង​ថា មូលហេតុ​ដែល​សាងសង់​កសាង​វិមាន​រដ្ឋធម្មនុញ្ញ​គឺ​ រដ្ឋធម្មនុញ្ញ​ដែល ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ នរោត្តម សីហនុ ទ្រង់​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​នៅ​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ១៩៩៣​ ក្លាយ​ជា​​ជា​រដ្ឋធម្មនុញ្ញ​ដែល​មាន​អត្ថិភាព​ និង​ស្ថិរភាព​យូរ​អង្វែង​ជាង​គេ ក្នុង​ប្រវត្តិ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ ហើយ​ក្នុង​អំឡុង​ពេល​នេះ​ប្រទេស​កម្ពុជា​បាន​​ បោះ​ជំហាន​ទៅ​មុខ សម្រេច​បាន​សមិទ្ធផល​ធម្មនុញ្ញ​គួរ​កត់​សម្គាល់។

លោក អ៊ឹម ឈុនលឹម៖ «ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ ពេញ​បរិបូណ៌ មាន​ឯកភាព​ជាតិ ឯកភាព​ទឹកដី ក្រោម​រដ្ឋធម្មនុញ្ញ​តែ​មួយ ព្រះមហាក្សត្រ​តែ​មួយ​ព្រះអង្គ រាជរដ្ឋាភិបាល​តែ​មួយ​ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​និង​កំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​សង្គម នយោបាយ​របស់​កម្ពុជា»

គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃ​ដដែល​នេះ ក៏​បាន​ចេញ​លិខិត​​​អបអរសាទរ​ដោយ​បាន​​​ចាត់​ទុក​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ១៩៩៣ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ដែល​នាំ​ឱ្យ​ប្រទេស​កម្ពុជា​ មាន​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​ និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នាំ​មក​នូវ​ការ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​ និង​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ​តែ​មួយ ។ គណបក្ស​​កម្លាំង​ជាតិ​​ក៏​​ស្នើ​ដល់​រាជរដ្ឋាភិបាល​​ បើក​លំហ​ប្រជាធិបតេយ្យ​​ ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេញលេញ​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​  អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ លោក ព្រហ្ម វិចិត្រអក្ខរា​ អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៤ កញ្ញា។

ទោះ​ជា​យ៉ាង​ណា ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ រដ្ឋធម្មនុញ្ញ​​​​ត្រូវ​បាន​​កែ​ប្រែ​​​​ចំនួន ១០​ដង​ទៅ​លើ​​មាត្រា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​​ប្រាស​ចាក​​ពី​ខ្លឹម​សារ​​ដើម​​ និង​មាន​ទំនោរ​​ទៅ​តាម​អ្នក​នយោបាយ​​មួយ​ចំនួន​ទៅ​វិញ។ លោក​ថា​​មូលហេតុ​ដែល​អ្នក​តាក់​តែង​រដ្ឋធម្មនុញ្ញ​​​​​​​​មិន​ចង់​ឱ្យ​មាន​ការ​កែប្រែ​គឺ​ដោយ​សារ​តែ​​​រដ្ឋធម្មនុញ្ញ​​គឺ​​ជា​ច្បាប់​កំពូល​ និង​​​​ជា​អ្នក​ធានា​នូវ​ផល​ប្រយោជន៍​ជាតិ។

លោក​មេធាវី សុក សំអឿន«ក្នុង​រដ្ឋធម្មនុញ្ញ​​មាត្រា​​១៥០​ក៏​​ចែង​ដែរ​ថា រដ្ឋធម្មនុញ្ញ​​ជា​ច្បាប់​កំពូល​ ហេតុ​ដូច្នេះ​​ប្រសិន​បើ​រដ្ឋធម្មនុញ្ញ​​កែ​ច្រើន​ដង​ពេក វា​ទៅ​ជា​​អ្នក​នយោបាយ​កំពូល​ជាង​រដ្ឋធម្មនុញ្ញ​ បើ​យើង​និយាយ​ជា​ការ​ប្រៀបធៀប​ បើ​យើង​កែ​ច្រើន​ដង​ពេក​ទៅ​ជា​រដ្ឋធម្មនុញ្ញ​​មិន​សូវ​ជា​រឹង​មាំ​ប៉ុន្មាន​ទេ​ ទៅ​ជា​រដ្ឋធម្មនុញ្ញ​​មួយ​ដែល​ទន់​ជ្រាយ​ងាយ​កែ»

អ្នក​ជំនាញ​​ច្បាប់​​ និង​ពលរដ្ឋ​​ លើក​ឡើង​ថា ការ​​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លង​មក​នេះ​ធ្វើ​ឡើង​​ដោយ​​​គណបក្ស​ប្រជាជន​កម្ពុជា​​ដើម្បី​ផល​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ពិសេស​ក្រុម​គ្រួសារ​ត្រកូល​​វ«ហ៊ុន»។ ជាក់​ស្ដែង​​ អតីត​នាយករដ្ឋមន្ត្រី លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​វិសោធនកម្ម​លើក​ទី​៩ នៃ​រដ្ឋធម្មនុញ្ញ​​ ដោយ​ហាម​ប្រាម​ប្រធាន​រដ្ឋសភា និង​ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោយ មិន​អាច​មាន​សញ្ជាតិ​ពីរ។ វិសោធនកម្ម​លើក​ទី​៩​ កើត​ឡើង​ពី​គំនុំ​របស់​លោក​ ហ៊ុន សែន​ ទៅ​លើ​ ប្រធាន​បក្ស​ប្រឆាំង​លោកសម រង្ស៊ី ​ដែល​បាន​ដកស្រង់​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ឌឹ ហ្គាឌៀន (The Guardian) របស់​អង់គ្លេស​ ដែល​ចោទ​​ថា លោក ហ៊ុន សែន បាន​ទិញ​លិខិត​​​ឆ្លង​ដែន​ និង​បាន​ទទួល​សញ្ជាតិ​ពី​ប្រទេស​ស៊ីប (Cyprus) ដែល​ជា​ប្រទេស​ដី​កោះ​មួយ​នៅ​ទ្វីប​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។