យុវជននិង​​សង្គមស៊ីវិល​រិះគន់​​លោក ហ៊ុន សែន ​ដែល​​គំរាមកំហែង​និង​​តាម​​ចាប់​ខ្លួន​​អ្នក​វិភាគ​​នយោបាយ

ដោយ ម៉ៅ សុធានី
2021-09-19
Share
យុវជននិង​​សង្គមស៊ីវិល​រិះគន់​​លោក ហ៊ុន សែន ​ដែល​​គំរាមកំហែង​និង​​តាម​​ចាប់​ខ្លួន​​អ្នក​វិភាគ​​នយោបាយ (ឆ្វេង) លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​បណ្ឌិត សេង សារី អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា។
រូប៖ RFA

ក្រុមយុវជន​និង​​មន្ត្រីសង្គមស៊ីវិលរិះគន់​​មេដឹកនាំរបបក្រុងភ្នំពេញ ​ដែល​​ប្រកាស​តាមចាប់ខ្លួន​​អ្នកវិភាគ​នយោបាយ​បណ្ឌិត ​សេង សារី ​និង​​គំរាមកំហែង​​បណ្ឌិត​ មាស នី។ ពួកគាត់​ចាត់​ទុក​ថា ​ការ​បញ្ចេញ​​ទស្សនៈ​របស់​​អ្នកវិភាគ​​ទាំងពីរ​រូប​​នៅក្នុង​​សង្គម​​ប្រជាធិបតេយ្យ​មិន​មែន​​ជា​​បទល្មើស​នោះទេ។ ទន្ទឹម​គ្នានេះ​​បណ្ឌិត ​សេង សារី ​អះអាង​ថា ​លោក​នៅ​​តែ​​បន្ត​កិច្ចការងារ​​របស់​​លោក​​ដដែល​ ទោះបីជា​លោក​​រង​នូវ​ការ​​គំរាម​កំហែង​​រហូត​ដល់​​អាយុ​ជីវិត​​ក៏ដោយ។

ក្រុមយុវជន​និង​​មន្ត្រីសង្គមស៊ីវិល​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បញ្ឈប់​ការ​គំរាមកំហែងលើ​អ្នកវិភាគ​នយោបាយ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​លើ​បណ្ឌិត​សេង សារី។

មន្ត្រីសម្របសម្រួល​គម្រោង​នៃ​​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) លោក ​អូត ឡាទីន ​ថ្លែងថា​ ក្នុងនាម​ជាយុវជន​មួយរូប​លោកសោកស្តាយ​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​តែងតែ​ព្រមាន​ទៅលើ​បញ្ញវន្ត​មិនឲ្យ​បញ្ចេញមតិ​យោបល់​ដោយ​សន្តិវិធី ​ដើម្បី​ចូលរួម​ចំណែក​កែលម្អ​នូវ​ចំណុច​ខ្វះខាត​នៃការ​ដឹកនាំ​ប្រទេស។លោកមើល​ឃើញ​ថា​ ការបញ្ចេញ​ទស្សនៈ​របស់​អ្នកវិភាគ​នយោបាយ​ទាំង​បណ្ឌិត ​មាស នី និង​បណ្ឌិត ​សេង សារី ​គឺជា​រឿងល្អ​នៅក្នុង​សង្គមប្រជាធិបតេយ្យ ​ហើយ​គួរ​តែ​​ទទួលបាន​​ការ​​លើកទឹកចិត្ត​ មិន​មែន​ជាការគំរាមកំហែង ​ឬ​ដាក់​ទោសទណ្ឌ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា ​នៅក្នុង​សង្គមប្រជាធិបតេយ្យ ​ការបញ្ចេញ​មតិ​យោបល់​រិះគន់​ក្នុង​ន័យ​ស្ថាបនា ​គួរតែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ហើយ​វាជា​រឿង​ដែល​អាម៉ាស់​មួយ​ដែល​នាយករដ្ឋមន្ត្រី​កាន់​កិច្ចការងារ​រាប់សិប​ឆ្នាំ​ហើយ​ បែរ​ជា​គាត់​មិន​អាច​ទទួល​យក​ពាក្យសម្តី​ដែល​ប្រជាពលរដ្ឋ​រិះគន់​ក្នុងន័យ​ស្ថាបនា​។ ចំណុចនេះ ​ខ្ញុំគិត​ថា ​វាជា​ការរឹតត្បិត​សិទ្ធិសេរី​ភាព​បញ្ចេញមតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»

មន្ត្រីសង្គមស៊ីវិលរូបនេះ​យល់ថា ​ទោះបីជា​រដ្ឋាភិបាលព្យាយាម​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​បែបណាក្តី ​ក៏​នៅតែ​មានប្រជាពលរដ្ឋ ​និស្សិត ​និងបញ្ញវន្តមួយចំនួន​បន្ត​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យស្ថាបនា​ដដែល ​ប្រសិន​បើបញ្ហា​​ក្នុង​សង្គម​នៅតែ​កើត​មាន​ ហើយ​គ្មាន​ដំណោះ​ស្រាយ​សមរម្យ៖ «ការប្រើ​ភាសា​គំរាមកំហែង​របៀបនេះ​តទៀត​ គួរតែ​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ ជាពិសេស​យុវជន​ និស្សិត​ បញ្ញវន្ត​ឲ្យ​គាត់​ក្លាហាន​ក្នុងការ​បញ្ចេញមតិ​យោបល់​ហើយ​ក្នុងនាម​អ្នកជា​ដឹកនាំរដ្ឋ​ គួរ​ទទួល​យក​នូវ​ពហុយោបល់​ ពហុគំនិត​​ពី​អ្នក​ដែល​ធ្វើការ​រិះគន់នេះ​។ ខ្ញុំ​ជឿ​ថា​ ភាសា​គំរាមកំហែង​របស់​គាត់​លើកនេះ​ វា​មិន​រាំង​ស្ទះ​ដល់​ដំណើការ​បញ្ចេញមតិ​យោបល់​របស់​និស្សិត​បញ្ញវន្ត​ដែល​គាត់​កំពុង​ធ្វើការងារ​ហ្នឹង​បានទេ។ ដរាបណា​បញ្ហាសង្គម​នៅតែ​កើតមាន ​ការបញ្ចេញមតិយោបល់​រិះគន់​ក្នុងន័យ​ស្ថាបនា​នៅតែ​មានដែរ»។

ស្រដៀងគ្នានេះ ​ព្រះសង្ឃ​មួយ​អង្គ​ដែល​តែង​ឈឺ​ឆ្អាល​បញ្ហា​សង្គម ​នយោបាយ​ និង​ធនធាន​ធម្មជាតិ ​គឺ​ព្រះតេជ​ព្រះគុណ​ បូរ បេត ​មាន​ថេរ​ដីកា​ថា ​ព្រះអង្គ​មិនចម្លែក​ទេ ដែល​លោក​ ហ៊ុន សែន ​ជេរប្រមាថ​ និង​គំរាមកំហែង​បញ្ញវន្ត​មិនឲ្យ​បញ្ចេញមតិ​​រិះគន់​របប​លោក​​បែបនេះ​ ព្រោះលោក​ ហ៊ុន សែន ​មាន​ចរិតជា​​មេដឹកនាំ​ផ្តាច់ការ។ ព្រះអង្គ​យល់ថា មូលហេតុ​ដែល​លោក​ ហ៊ុន សែន ​បន្តធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​បញ្ញវន្ត​បែបនេះ ​ព្រោះ​គាត់ ​កំពុង​មាន​ជំងឺភ័យ​ខ្លាចបាត់បង់​អំណាច ​ដោយ​សារ​ប្រជាប្រិយភាព​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង៖ «អាត្មា​គិត​ថា ​លោក ហ៊ុន សែន ​ជា​មេដឹកនាំ​អគុណធម៌។ លោក ហ៊ុន សែន ​អត់​ដែល​យក​ធម៌ ​យក​ទស្សនៈ​របស់​បញ្ញវន្ត​ របស់​យុវជន​មកដាក់​ក្នុង​ខ្លួន​គាត់​ដើម្បី​កែលម្អ​ការដឹកនាំ​របស់​គាត់​ទេ។ បើសិនជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មាន​គំនិត​ចង់កែ​ចរិត​របស់​គាត់ ​ចង់កែ​អ្វី​ដែល​គាត់​ដឹកនាំ​ គឺ​អាតា្ម​គិត​ថា ​សង្គមយើង​ នឹង​មានការ​ផ្លាស់ប្តូរ​ ហើយ​មាន​ការ​រីកចម្រើន​ បើសិនជា​លោក​យក​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ បញ្ញវន្ត​ ឬ​បណ្ឌិត​នានា​ដែល​បាន​វិភាគ​ប្រាប់​គាត់»

ក្រៅពីនេះ​ មាន​ប្រជាពលរដ្ឋ ​យុវជន ​និង​មន្ត្រីសង្គមស៊ីវិល​ជាច្រើន​ផ្សេង​ទៀត​ បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​(Facebook)ដើម្បី​គាំទ្រ​បណ្ឌិត​ មាស នី ​និង​បណ្ឌិត​ សេង សារី ​​ដែល​បាន​លះបង់​ពេលវេលា​ និង​កម្លាំងកាយ​ចិត្ត​ចែករំលែក​ចំណេះដឹង​ និង​ផ្តល់​ការវិភាគ​អំពី​បញ្ហា​សង្គម​ និង​នយោបាយ​​​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ ដោយ​មិន​ទទួល​បាន​កម្រៃអ្វី​ឡើយ​។ យុវជន​ខ្លះ​​បាន​បង្ហោះ​រូបថត​បណ្ឌិត​ សេង សារី ​និង​ភ្ជាប់​ជាមួយ​សារ​ថា ​សេរី​ភាព​បញ្ចេញមតិ​នៅក្នុង​សង្គមប្រជាធិបតេយ្យ​មិនមែន​ជា​បទឧក្រិដ្ឋ​នោះទេ។ ពលរដ្ឋខ្លះ​ទៀតលើកឡើងថា ​លោក ហ៊ុន សែន ​មិន​ត្រូវ​តាំង​ខ្លួន​ជាម្ចាស់​ប្រទេស​ផ្តាច់​មុខ​តែម្នាក់ឯង​នោះទេ ពោលគឺត្រូវ​តែ​បើក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលជា​ម្ចាស់​ប្រទេស​ដែរ​នោះ ​​មានសិទ្ធិ​បញ្ចេញមតិ​ស្រប​តាម​ច្បាប់ជាតិ ​និង​អន្តរជាតិ ​ដើម្បី​ជា​ប្រយោជន៍​ប្រទេសជាតិ​ទាំងអស់​គ្នា។

ប្រតិកម្ម​របស់​សង្គមស៊ីវិល និងសាធារណជនបែបនេះ កើតមាន​ឡើងបន្ទាប់ពី​មេដឹកនាំ​របបក្រុងភ្នំពេញ​លោក ហ៊ុន សែន ​កាល​ពី​ថ្ងៃទី​១៧​ ខែកញ្ញា ​បាន​ឆ្លៀតប្រើ​ប្រាស់កម្មវិធីចាក់វ៉ាក់សាំងឱ្យ​កុមារ ដើម្បី​ប្រើភាសា​ជេរប្រមាថ​ និង​គំរាម​កំហែង​អ្នកវិភាគ​នយោបាយ​ពីររូប​គឺ​បណ្ឌិត មាស នី ​និង​បណ្ឌិត សេង សារី។ មេដឹក​នាំ​​ក្រាញ​អំណាច​រូប​នេះ ​បានប្រកាស​​តាម​​ចាប់​ខ្លួន​បណ្ឌិត សេង សារី​ ដោយ​សារ​អ្នក​វិភាគ​រូប​នេះ​បាន​បង្ហោះ​ទស្សនៈ​វិភាគ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​​(Facebook)​​អំពី​​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋា​ភិ​បាល​បង្រួប​បង្រួម​ជាតិ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី៖ «ខ្ញុំ​បាន​ជា​បង្ហើប​ទៅ​ហើយអា​ហ្នឹង​មាន​ដីកា​ចាប់​ខ្លួន មើល​យក​វា​មក​សួរ​មើល។ អា៦ចំណុច​ជា​លក្ខខណ្ឌសម្រាប់​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​ ហ្អែង​លើក​ទឹក​ចិត្ត​បង្កើតហ្អែង​បង្កើត ហ្អែង​គុកមិន​មែន​ត្រឹម​តែ​គុក​ទេ ដែល​ហៅ​ថា ចលនា​ឧទ្ទាមគេ​បាញ់​ផងគេ​ឃើញ គេ​បាញ់មិន​មែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ សូម​បញ្ជាក់​ឱ្យ​ហើយ​ អា​រឿង​ក្របខ័ណ្ឌ​នយោបាយ​ផ្សេង អា​ចលនា​ប្រដាប់​អាវុធ​ផ្សឹង ព្រោះ​គេ​ធ្វើ​តាម​បែប​ភូមា»។

ទោះជាមានការគំរាម​កំហែងដល់អាយុជីវិត និងការ​ប្រកាស​តាម​ចាប់ខ្លួន​ពីសំណាក់លោក ហ៊ុន សែន បែបនេះក្តី អ្ន​កវិភាគនយោបាយ និង​សង្គមបណ្ឌិត ​សេង សារី​ អះអាងថា លោកមិនតក់ស្លុតនឹងរឿងនេះទេ។​ ​លោកបាន​ផ្ញើសារ​អរគុណ​ដល់​អ្នកគាំទ្រ​រូបលោក​ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ត្រូវមាន​ភាព​ក្លាហាន​បន្តនិយាយ​​អំពី​បញ្ហា​សង្គមជាតិ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ ដើរ​នៅ​លើ​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ៖ «ទោះបីជា​មានការ​គំរាមកំហែង​ ក៏ខ្ញុំ​នៅតែ​បន្ត​កិច្ចការ​ងារ​​ហ្នឹង​​ដដែល​ តែ​ខ្ញុំ​ដកឃ្លា​បន្តិចបន្តូច​ដើម្បី​រក្សា​ស្ថានភាព។ ខ្ញុំ​ចង់​ជម្រាបជូន​ថា ​ខ្ញុំ​បាន​ដឹង​រួច​ជាស្រេច​ទៅ​ហើយថា ​ផ្លូវ​ដែល​ខ្ញុំ​ដើរនេះ ​នឹង​ជួប​នឹង​ការគំរាមកំហែង​រហូត​ដល់អាយុជីវិត​ជាដើម​ ក៏ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ ​ខ្ញុំ​មិន​បោះបង់​ការងារ​ដែល​ខ្ញុំ​ស្រលាញ់​ចូលចិត្ត​ទេ​ហើយ​ជាពិសេស​ខ្ញុំ​គិត​ថា ​កើត​មក​នៅក្នុង​ប្រទេស​មួយ​ដែល​ខ្ញុំ​ស្រលាញ់​ជា​ប្រទេស​កំណើត ​គឺ​ខ្ញុំ​គួរតែ​ធ្វើអ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម។ សម្រាប់​ខ្ញុំ​ជាបញ្ញវន្ត​មិនមាន​អ្វី​ក្រៅពីការ​វិភាគ​ចំណេះដឹងនេះ​ចូលរួម​នៅក្នុង​សង្គម​កម្ពុជា​យើង​ទេ»

ជុំវិញរឿងនេះ ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ​(Licadho) លោក អំ សំអាត ​មាន​ប្រសាសន៍​ថា ​នៅក្នុង​សង្គមប្រជាធិបតេយ្យ​ គឺ​ប្រជាពលរដ្ឋ​តែង​​តែ​មាន​គំនិត ​ឬ​​មតិយោបល់​ខុស​ៗ​គ្នា​ ដូច្នេះ​សិទ្ធិសេរីភាព​ជាមូលដ្ឋានរបស់​ពួកគាត់​នេះ មិនគួរ​ត្រូវបាន​ជ្រៀត​ជ្រែក​នោះទេ៖ «បើ​យើង​មើល​នៅក្នុង​សង្គមលទ្ធិប្រជាធិបតេយ្យ​ យើង​ឃើញ​ថា ​សេរីភាពបញ្ចេញមតិ ​សេរីភាពរិះគន់​ក្នុងការ​ស្ថាបនា​ជាដើមនេះ ​គឺជា​រឿង​មួយ​ដែល​ចូលរួម​ក្នុងការ​អភិវឌ្ឍសង្គម​ជាតិ​ដែរ ​ព្រោះ​មតិ ​ឬការលើកឡើង​ដែល​ផ្ទុយ​ វា​មិនមែន​សុទ្ធតែ​ប្រឆាំង​ទាំងអស់ទេ​ ដូច្នេះ​វា​មាន​លក្ខណៈខ្លះ​ជាការ​លើកឡើង​ដើម្បី​ឲ្យ​មានការ​ត្រឹះរិះ​ ការពិចារណា​ទៅ​រកភាព​រីកចម្រើន​ផងដែរ»។

បណ្ឌិត​ មាស នី ​និង​បណ្ឌិត​ សេង សារី ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាត់ទុកថា​ ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ដែល​លេចធ្លោ​ បន្ទាប់ពី​បណ្ឌិត កែម ឡី ​ដែល​ត្រូវបានឃាតក​បាញ់សម្លាប់​កាលពី​ឆ្នាំ២០១៦។

ក្រុមអង្គការជាតិ ​និង​អន្តរជាតិ​ តែងតែ​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ឲ្យ​បញ្ឈប់​ការបង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ​និង​សិទ្ធិជាមូលដ្ឋាន​ផ្សេង​ទៀត​របស់​ប្រជាពលរដ្ឋ​ ពីព្រោះ​នេះ​ជា​ទង្វើ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​សិទ្ធិមនុស្សអន្តរជាតិ​ ជាពិសេស ​វាអាច​ធ្វើឲ្យ​ក្រុមប្រទេសប្រជាធិបតេយ្យ ​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើកម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល