ប្រេសិត​​ពិសេស អ.ស.ប ទទួល​បន្ទុក​​កិច្ចការ​ភូមារំឮក​​លោក ហ៊ុន សែន ឱ្យ​​ដោះស្រាយ​​វិបត្តិ​ភូមា​​ស្រប​តាម​ឆន្ទៈ​ពលរដ្ឋ​​នៃ​​ប្រទេស​នេះ​

ដោយ មាន ឫទ្ធិ
2022-01-13
Share
ប្រេសិត​​ពិសេស អ.ស.ប ទទួល​បន្ទុក​​កិច្ចការ​ភូមារំឮក​​លោក ហ៊ុន សែន ឱ្យ​​ដោះស្រាយ​​វិបត្តិ​ភូមា​​ស្រប​តាម​ឆន្ទៈ​ពលរដ្ឋ​​នៃ​​ប្រទេស​នេះ​ លោក ហ៊ុន សែន ជួបប្រជុំតាមអនឡាញ (Online) ជាមួយអ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP

ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) រំឮក​លោក ហ៊ុន សែន ឱ្យ​ដោះស្រាយ​វិបត្តិភូមា​ស្របតាម​ឆន្ទៈ និង​ការចង់បាន​របស់​ពលរដ្ឋ​នៃ​ប្រទេសនេះ។

ថ្លែងក្នុង​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ប្រធាន​ថ្មីប្តូរវេន​របស់​អាស៊ាន គឺ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមករា ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ភូមា​ គូសបញ្ជាក់ថា ដំណោះស្រាយ​ចំពោះ​វិបត្តិភូមា ចាំបាច់​ត្រូវតែ​កើតចេញ​ពី​កិច្ចពិគ្រោះយោបល់​ដោយផ្ទាល់ និង​ការស្តាប់​ដោយ​យក​ចិត្តទុកដាក់​ចំពោះ​គ្រប់ភាគី​ដែល​រងគ្រោះ​ដោយសារ​វិបត្តិនេះ។ អ្នកស្រី ក៏បាន​សង្កត់ធ្ងន់​អំពីសារសំខាន់​នៃ​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ការអនុវត្ត «កិច្ចព្រមព្រៀង​រួម ៥ ចំណុច» ដែល​អាស៊ាន​បាន​ព្រមព្រៀងគ្នា​កាលពីពេល​កន្លងមក ក្នុងនោះ​ក៏រួមមាន​ការបញ្ឈប់​​ជាបន្ទាន់​នូវ​អំពើហិង្សា និង​ការតម្រូវ​ឱ្យ​គ្រប់ភាគី​ក្នុង​ជម្លោះ​នៅ​ភូមា​ត្រូវ​អត់ធ្មត់​ជាទីបំផុត។ អ្នកស្រី ណូលីន ហេយហ្សឺ ប្រាប់​លោក ហ៊ុន សែន ថា ដំណើរការ​ដោះស្រាយ​បញ្ហាភូមា​ដែល​ធ្វើឡើង​ស្របតាម​ឆន្ទៈ​របស់​ពលរដ្ឋ​ភូមា ដើម្បី​ទទួលបាន​នូវ​សន្តិភាព ប្រជាធិបតេយ្យ និង​អនាគត​ដែល​មាន​គ្រប់ភាគី​ពាក់ព័ន្ធ ចាំបាច់​ត្រូវតែ​មាន​ការគាំទ្រ​ដោយ​វិធីសាស្ត្រ​ដោះស្រាយ​ជាអន្តរជាតិ​ផ្អែកតាម​ស្មារតី​នៃ​ការឯកភាពគ្នា​ក្នុងតំបន់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក (Facebook) ​របស់​លោក​ក្រោយ​ជំនួប​នេះ​ដោយបញ្ជាក់​ជាថ្មីថា គោលដៅ​សំខាន់​របស់​កម្ពុជា គឺចង់​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ភាពហិង្សា និង​បទឈប់បាញ់​នៅ​ភូមា និង​ធ្វើយ៉ាងណា​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេសនេះ។ លោក ហ៊ុន សែន ថ្លែងការពារ​ដំណើរទស្សនកិច្ច​របស់លោក​ថា អាស៊ាន​មិនអាច​នៅជាប់​គាំង​បែបនេះ​នោះទេ ដូច្នេះ​ចាំបាច់​ត្រូវ​ចាប់យក​ឱកាស​ក្នុងការ​ចរចា។

យ៉ាងណាក៏ដោយ ការថ្លែង​រំឮក​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រាប់​ទៅ​ប្រធានថ្មី​ទើបនឹង​ចូលកាន់តំណែង​របស់​អាស៊ាន​បែបនេះ ទំនងជា​ចង់សម្តៅ​ទៅដល់​វិធីសាស្ត្រ​ការទូត​ដែល​កម្ពុជា​បាន​ព្យាយាម​ដោះស្រាយ​បញ្ហាភូមា​ទៅជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ជា​ឯកតោភាគី ដោយ​គ្មានការ​យល់ព្រមជាមុន​ពី​រដ្ឋសមាជិក​របស់​អាស៊ាន។ ដំណើរទស្សនកិច្ច និង​ការព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមាអាច​វិលមក​ចូលរួម​កិច្ចប្រជុំ​របស់​អាស៊ាន​ឡើងវិញ​បាន​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ រងនូវការរិះគន់ និង​ថ្កោលទោស​យ៉ាងខ្លាំង​ពី​ពលរដ្ឋភូមា និង​សហគមន៍​អន្តរជាតិ។ ពួកគេថា ទង្វើនេះ គឺជា​ការប្រមាថ​ដល់​ពលរដ្ឋភូមា និង​ធ្វើឱ្យ​សមាគម​អាស៊ាន​បែកបាក់។

ភ្លាមៗ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅភូមា កម្ពុជា​បាន​បរាជ័យ​មិនអាច​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅថ្ងៃទី១៨ ដល់ថ្ងៃ​ទី១៩ ខែមករា ខាងមុខនេះ​បាន ដោយ​ត្រូវ​សម្រេច​លើកពេល​កិច្ចប្រជុំ​ដោយគ្មាន​កាលកំណត់។ កម្ពុជា​អះអាងថា ការសម្រេច​លើកពេល​កិច្ចប្រជុំ​នេះ គឺដោយសារ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ភាគច្រើន​ «លំបាក» ក្នុងការ​ធ្វើដំណើរ​មកចូលរួម​កិច្ចប្រជុំ​ដោយផ្ទាល់។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើល​ថា នេះគឺជា​សញ្ញា​ណ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការមិនពេញ​ចិត្ត​ក្នុងចំណោម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចំពោះ​ការព្យាយាម​ដោះស្រាយ​បញ្ហា​នៅ​ភូមា​របស់​កម្ពុជា៕ 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល