រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា អំពី​ការ​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់

ដោយ យ៉ង ចាន់តារា
2024.06.04
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា អំពី​ការ​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ (ឆ្វេង) លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក និង​លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក្នុង​ជំនួប​នៅ​រាជ​ធានី​ភ្នំពេញ ពេល​ដែល​លោក​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក​លោក ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​លើក​ឡើង​ថា ទន្ទឹម​នឹង​ការ​បង្ហាញ​ជំហរ​វិជ្ជមាន​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​ស្ដារ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​កម្ពុជា អាមេរិក​គួរតែ​ចាត់​វិធានការ​បន្ថែម​ទៀត​ តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​បុគ្គល​កម្ពុជា​រូប​ណា ដែល​បាន​រួម​ចំណែក​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ពង្រីក​ឥទ្ធិពល​កាន់តែ​ជ្រៅ​លើ​ទឹកដី​របស់​ខ្លួន ដែល​ជា​ហេតុ​បង្ក​ភាព​តានតឹង និង​បាន​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។

ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក ឡយ អូស្ទីន (Lloyd Austin) ជាមួយ​ក្រុម​មេ​ដឹកនាំ​កំពូលៗ ដូចជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ភាគី​អាមេរិក​បាន​លើក​ឡើង​អំពី​ការ​រក្សា​ស្ថិរភាព​ក្នុង​តំបន់ ខណៈ​កម្ពុជា​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិ​យោធា​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត​កាន់តែ​ខ្លាំង។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ឡយ អូស្ទីន (Lloyd Austin) បាន​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​អ៊ិក្ស (X) របស់​លោក​ថា ក្នុង​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​អំពី​ចំណង​មិត្តភាព​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប្រមុខ​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​អាមេរិក​រូប​នេះ បាន​ប្រាប់​លោក ហ៊ុន សែន ថា រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ស្វែងរក​ឱកាស​ក្នុង​ការ​ពង្រឹង​វិស័យ​យោធា​ជាមួយ​គ្នា។

ដោយឡែក ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា លោក ឡយ អូស្ទីន (Lloyd Austin) ក៏​បាន​ពិភាក្សា​អំពី​របៀប​នយោបាយ​ការ​ទូត នៃ​ទំនាក់ទំនង​កម្ពុជា​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​​ជាតិ​ទ្វេភាគី គាំទ្រ​ដល់​ការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

ជា​ការ​ឆ្លើយតប លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេកប៊ុក (Facebook) របស់​ខ្លួន​ថា លោក​ឯកភាព​ ចំពោះ​អាមេរិក​ស្វែងរក​ឱកាស​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​រួមគ្នា។ លោក ហ៊ុន សែន ស្នើ​ដល់​រដ្ឋាភិបាល​អាមេរិក និង​ប្រទេស​មហាអំណាច កុំ​ឱ្យ​ដាក់​កម្ពុជា​នៅ​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​កុំ​យក​កម្ពុជា​ធ្វើ​ជា​ទី​កន្លែង​ប្រយុទ្ធ។ លោក ហ៊ុន សែន អះអាង​ប្រាប់​ភាគី​អាមេរិក​ថា កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ឯករាជ្យ​ស្រប​តាម​ច្បាប់ និង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​សម្រាប់​កិច្ច​សហប្រតិបត្តិការ។

ដោយឡែក លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិញ លោក​ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​នឹង​ផ្ដល់​ឱកាស​សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ក្នុង​នោះ​រួម​មាន ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​គ្រឿងញៀន ជាដើម។ លោក ហ៊ុន ម៉ាណែត ក៏​បាន​ពិភាក្សា​ជាមួយ​ភាគី​អាមេរិក​ក្នុង​ការ​ចូល​រួម​កសាង​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ និង​អន្តរជាតិ និង​ការ​រៀបចំ​កិច្ច​សហប្រតិបត្តិការ​ឡើងវិញ​លើ​វិស័យ​មួយ​ចំនួន ដូចជា​ការ ផ្លាស់ប្ដូរ​និស្សិត​ផ្នែក​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ និង ការ​ធ្វើ​សម​យុទ្ធ​រួមគ្នា​រវាង​កងទ័ព​កម្ពុជា-សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៤ ខែមិថុនា បន្ទាប់​ពី​លោក​បាន​បញ្ចប់​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី២១ ឬ​ហៅ​ថា កិច្ចសន្ទនា​សាំងហ្រ្គីឡា (Shangri-La Dialogue) នៅ​ប្រទេស​សិង្ហបុរី (Singapore) និង​ក្រោយ​ពី​សម​យុទ្ធ «នាគមាស» រវាង​កម្ពុជា និង​ចិន ទើប​តែ​បាន​បិទ​បញ្ចប់។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​មក​កម្ពុជា​នា​ពេល​នេះ ឆ្លុះ​បញ្ចាំង​អំពី​សារៈសំខាន់​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ការ​គិតគូរ​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​ឥទ្ធិពល​ចិន​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន រួម​មាន កម្ពុជា ដែល​រង​ឥទ្ធិពល និង​ដឹកនាំ​ប្រទេស​រណប​ចិន។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​មក​កម្ពុជា​នា​ពេល​នេះ ឆ្លុះបញ្ចាំង​ពី​សារសំខាន់​របស់​សហរដ្ឋអាមេរិក​ចំពោះ​ការ​គិតគូរ​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​ឥទ្ធិពល​ចិន​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​រួម​មាន​កម្ពុជា ដែល​រង​ឥទ្ធិពល និង​ដឹកនាំ​ប្រទេស​រណប​ចិន។

បណ្ឌិត រ៉ូ វណ្ណៈ៖ «សហរដ្ឋ​អាមរិក​គួរ​ចាត់​វិធានការ​លើ​បុគ្គល​ដទៃ​ទៀត ដែល​គំរាមកំហែង​ដល់​ផល​ប្រយោជន៍​សន្តិសុខ​ក្នុង​តំបន់ និង​ការ​រំលោភ​បំពាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ថែម​ទណ្ឌកម្ម​លើ​បុគ្គល​មួយ​ចំនួន​ហើយ។ ប៉ុន្តែ យ៉ាង​ណា​ក្ដី​ទណ្ឌកម្ម​តែ​មួយ​មុខ​វា​អត់​គ្រប់គ្រាន់​ទេ អ៊ីចឹង​សហរដ្ឋអាមេរិក​គួរតែ​ចេះ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​កម្ពុជា​តាមរយៈ​ការ​លើក​កម្ពស់ ឬ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទៀត​នូវ​ការ​ផ្ដល់​ឱកាស​អាហារូបករណ៍​ការ​អប់រំ ឬ​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន។ អ្វី​ដែល​គួរ​ផ្ដោត​សំខាន់​ទៀត គឺ​ឱកាស​ក្នុង​ការ​ហ្វឹកហ្វឺន ហាត់ ផ្ដល់​ឱ្យ​វិស័យ​ស៊ីវិល និង​វិស័យ​យោធា ដើម្បី​អាច​ទាក់ទាញ​សន្ដាន​ចិត្ត​ពលរដ្ឋ ហើយ​អាច​ទាក់ទាញ​សន្ដានចិត្ត​កងទ័ព​កម្ពុជា ឱ្យ​ក្លាយ​ជា​កងទ័ព​ដែល​មាន​វិជ្ជាជីវៈ​ឱ្យ​បម្រើ​ជាតិ ជាជាង​បម្រើ​ក្រុម​បក្ខ​ពួក ឬ​បុគ្គល»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែមិថុនា។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បើ​ទោះបី​ភាគី​អាមេរិក​បង្ហាញ សញ្ញា​វិជ្ជមាន​ក្នុង​ការ​ស្ដារ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​កម្ពុជា ក៏​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ប្រព្រឹត្ត​ទៅ​បាន អាស្រ័យ​លើ​ជំហរ និង​ការ​វាយ​តម្លៃ​របស់​អាមេរិក​ខ្លួន​ឯង​ក្នុង​ការ​ស្ទាបស្ទង់​ជំហរ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក សេង វណ្ណលី៖ «បើ​រដ្ឋាភិបាល​បច្ចុប្បន្ន​មើល​ឃើញ​ថា នៅតែ​ប្រកាន់​ភ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ ការ​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធ​មនុស្ស ដូចជា​ការ​បើក​លំហ​កាន់តែ​ខ្លាំង​ដែល​ប៉ះពាល់​របប​នយោបាយ​របស់​ខ្លួន រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ប្រហែល​ជា​អាច​ជា​មិន​សហការ​ទេ។ ថ្វី​ត្បិត​តែ​មាន​កិច្ច​សហការ​ណា​មួយ​សម្របសម្រួល​ណា​មួយ​ពី​ភាគី​អាមេរិក ឬ​ភាគី​កម្ពុជា ទំនាក់ទំនង​កម្ពុជា និង​ចិន​នៅ​តែ​មាន​ភាព​ស្អិតល្មួត ដោយសារ​តែ​ជំនួយ និង​កិច្ច​សហប្រតិបត្តិការ​ជិតដិត​របស់​កម្ពុជា និង​ចិន ជា​កត្តា​ដែល​ធ្វើ​ឱ្យ​របប​បច្ចុប្បន្ន​អាច​រស់​រាន​មាន​ជីវិត​បាន»

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ចាកចេញ​ពី​កម្ពុជា​ នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែឧសភា ដោយ​លោក​អះអាង​ថា ការ​ចំណាយ​ពេល​ជួប​ក្រុម​មេដឹកនាំ​កំពូលៗ កម្ពុជា ទទួល​បាន​លទ្ធផល។ លោក ឡយ អូស្ទីន លើក​ឡើង​ថា មធ្យោបាយ​នៃ​ការ​ចរចា​សំខាន់ៗ មាន​ច្រើន សម្រាប់​ពង្រឹង​ទំនាក់ទំនង​ការពារ​ជាតិ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ហើយ​លោក​កំពុង​ទន្ទឹង​រង់ចាំ​ថា នឹង​មាន​ការ​ចរចា​លើ​ការ​សម្របសម្រួល នៃ​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ទៀត នា​ថ្ងៃ​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ថា ពួក​គាត់​រង​ការ​គំរាមកំហែង និង​បង្ខំ​ឱ្យ​ចុះចូល​បក្ស​​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។