អាជ្ញាធរ​ដោះលែង​គ្រួសារ​លោក កង សារ៉ន និង​អ្នក​ជិត​ខាង​សរុប ៤​នាក់

ដោយ ថា ថៃ
2023.12.06
អាជ្ញាធរ​ដោះលែង​គ្រួសារ​លោក កង សារ៉ន និង​អ្នក​ជិត​ខាង​សរុប ៤​នាក់ (ពីឆ្វេង) លោក កង សារ៉ន ភរិយារបស់លោកគឺលោកស្រី ហង្ស ត្រឹប និងកូនស្រី កាលពីបុណ្យម្ដាយបង្កើត​លោកស្រី ហង្ស ត្រឹប។
រូប៖ ហ្វេសប៊ុក ហង្ស​ ត្រឹប

អាជ្ញាធរ​បាន​បញ្ជូន​គ្រួសារ និង​អ្នក​ជិតខាង​របស់​លោក កង សារ៉ន ដែល​មាន​គ្នា​សរុប ៤​នាក់ ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ កាល​ពី​ល្ងាច​ថ្ងៃទី៦ ខែ​ធ្នូ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកសម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន។

លោក ភុន ឈិន ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​បន្ថែម​ថា ប៉ូលិស​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​លោក​កាលពី​ល្ងាច​ថ្ងៃទី៦ ធ្នូ ថា សមត្ថកិច្ច​មិនបាន​ចាប់​ខ្លួន​អ្នក​ទាំង​៤​នាក់​នេះ​ទេ ដោយ​គ្រាន់តែ​ហៅ​ពួកគាត់​ទៅ​យក​អំណោយ​ប៉ុណ្ណោះ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ចាត់ទុក​ការ​បកស្រាយ​របស់​សមត្ថកិច្ច​បែប​នេះ​ថា មិន​សម​ទំនង​ឡើយ។

កាល​ពី​រសៀល​ថ្ងៃទី៦ ខែ​ធ្នូ មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចំនួន ៦​នាក់ បាន​ចូល​ទៅ​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន ៤​នាក់ រួម​មាន​អ្នកស្រី ហង្ស ត្រឹប ជា​ភរិយា​លោក កង សារ៉ន កញ្ញា សេង ចន្ថា ជា​កូនស្រី​របស់​លោក កង សារ៉ន និង​អ្នកជិតខាង​ពីរ​នាក់​ផ្សេងទៀត នៅក្នុង​ការិយាល័យ​អង្គការ​លីកាដូ ខេត្ត​បន្ទាយមានជ័យ។ អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ឱ្យ​ដឹង​ថា នគរបាល​ចាប់ខ្លួន​ពលរដ្ឋ​ទាំង​៤​នាក់​នេះ ក្នុង​ពេល​ពួកគាត់​កំពុង​ទទួល​ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ ទាក់ទង​នឹង​ករណី លោក កង សារ៉ន ដែល​កំពុង​ជាប់​ពន្ធនាគារ ដោយសារ​ការ​បញ្ចេញមតិ​។ អង្គការ​លីកាដូ បញ្ជាក់​ទៀត​ថា អ្នក​ទាំង​បួន ត្រូវ​បាន​ចាប់ខ្លួន ១០​នាទី ក្រោយ​ពេល​ចូល​ទៅ​ដល់​ការិយាល័យ​របស់​អង្គការ​លីកាដូ បន្ទាប់ពី​អ្នក​ទាំង​នោះ បាន​ទៅ​សួរសុខទុក្ខ​លោក កង សារ៉ន នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ពេល​ព្រឹក។

នៅ​ពេល​ក្រុម​អាជ្ញាធរ​ចូល​ការិយាល័យ​អង្គការ​លីកាដូ​ដោយ​គ្មាន​ការ​អញ្ជើញ​បែប​នោះ បុគ្គលិក​អង្គការ​បាន​ស្នើ​សុំ​ពួកគេ​ឱ្យ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ ឬ​ដីកា​តុលាការ ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងនោះ​មិន​មាន​អ្វី​បង្ហាញ​ឡើយ ប៉ុន្តែ​បែរជា​និយាយ​ថា ពួកគេ “​ធ្វើតាម​បទបញ្ជា​” ទៅវិញ ។ មន្ត្រី​នគរបាល​ទាំងនោះ ក៏បាន​បញ្ជា​ឱ្យ​បុគ្គលិក​លីកាដូ លុបចោល​រូបភាព ដែល​ពួកគេ​ថត​បាន​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​ការិយាល័យ ដោយ​មិន​មាន​លិខិតស្នាម។ តាម​ច្បាប់​កម្ពុជា ការ​ចូល​ទៅ​ទីតាំង​ឯកជន​ដោយ​គ្មាន​ដីកា​បែប​នេះ​របស់​អាជ្ញាធរ គឺជា​ទង្វើ​រំលោភបំពាន​សិទ្ធិ​ឯកជន​របស់​ម្ចាស់ទ្រព្យ​សម្បត្តិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។